អតីតបក្សប្រឆាំងបដិសេធ​ថា​ ថ្នាក់​ដឹកនាំ​របស់​​ខ្លួ​ន​​​ជាប់​​ពាក់ព័ន្ធ​នឹង​​គណបក្ស​​ដែល​​ទើប​បង្កើត​ថ្មី​

លោក​ កឹម​ សុខា​ និង​លោក​ សម​ រង្ស៊ី​ ចូលរួម​ជាមួយ​អ្នកគាំទ្ររាប់ម៉ឺននាក់ ​តវ៉ា​ចំពោះ​លទ្ធផល​បោះឆ្នោត​ នៅ​ទីលាន​ប្រជាធិបតេយ្យ​ កាលពី​ខែកញ្ញា​ ឆ្នាំ២០១៣។​ (រូបភាព​៖ ស្រី​ សុ​ភ័ក្រ្ត)

អតីត​គណបក្ស​សង្គ្រោះ​ជាតិបាន​ចេញ​សេចក្តីប្រកាស​បដិសេធ​ថា ថ្នាក់ដឹកនាំ​របស់​ខ្លួន​មាន​ការ​ជាប់​ពាក់ព័ន្ធ​ជាមួយ​នឹង​គណបក្ស​នយោបាយ​ដែល​ទើប​បង្កើត​ថ្មី​នោះទេ។

ការបដិសេធ​នេះ មិនបាន​បញ្ជាក់​ឱ្យចំ​ឈ្មោះ​គណបក្ស​នយោបាយ​ណា​មួយ​ឬ​ថ្នាក់​ដឹកនាំ​ណា​ម្នាក់​ទេ។ ប៉ុន្តែ​កន្លង​មក មាន​ការ​ផ្សព្វផ្សាយ​ព័ត៌មាន​នៅ​លើ​បណ្តាញ​សង្គម​ហ្វេសប៊ុក​ថា លោក សម រង្ស៊ី និង​ថ្នាក់ដឹកនាំ​អតីត​គណបក្ស​សង្គ្រោះជាតិ​មួយ​ចំនួន​ទៀត​ ស្ថិត​នៅ​ពីក្រោយ​នៃការ​បង្កើត​គណបក្ស​ «បេះដូងជាតិ» ​របស់​លោក​ សៀម ភ្លុក​ ដែល​ក្រសួង​មហាផ្ទៃបាន​ប្រកាស​ទទួល​ស្គាល់​កាល​ពីពេល​ថ្មីៗ​នេះ។

សេចក្តីប្រកាស​បដិសេធ​នេះ​បាន​សរសេរ​យ៉ាង​ដូច្នេះ​ថា៖​ «គណបក្ស​សង្គ្រោះជាតិ​ សូម​ធ្វើការ​បដិសេធ ចំពោះ​ពាក្យ​ចចាមអារាម​ ដែល​ថា ​មាន​ថ្នាក់​ដឹកនាំ​គណបក្ស​សង្គ្រោះជាតិ​ខ្លះ មាន​ការ​ពាក់ព័ន្ធ​ជាមួយ​គណបក្ស​នយោបាយ​ថ្មីខ្លះ ដែល​បាន​ចាប់​ផ្តើម​ ឬ​គ្រោង​ធ្វើសកម្មភាព​នយោបាយ​នៅក្នុង​ប្រទេស​កម្ពុជា»។

កាលពី​សប្តាហ៍​មុន មេធាវី​ការពារក្តី​លោក កឹម សុខា ​គឺ​លោក ចាន់ ចេន​ ក៏បាន​ចេញ​មកប្រកាស​បដិសេធ​ដែរ​ថា លោក កឹម សុខា មិន​ពាក់ព័ន្ធ ​មិនគាំទ្រ ​និង​មិន​នៅ​ពីក្រោយ​នៃ​ការបង្កើត​គណបក្ស​នយោបាយ​ថ្មីៗ ដោយ​បុគ្គល ​ឬ ក្រុមណា​មួយ​នោះ​ទេ។

សូមបញ្ជាក់​ថា ចាប់តាំង​ពីការរំលាយ​គណបក្ស​សង្គ្រោះជាតិ​ដោយ​តុលាការ​កំពូល​នៅ​ខែវិច្ឆិកា​ ឆ្នាំ២០១៧មក មាន​អតីត​មន្ត្រីជាន់ខ្ពស់​គណបក្ស​សង្គ្រោះជាតិ​មួយចំនួន​ បាន​សុំសិទ្ធិធ្វើ​នយោបាយ និង​ចេញទៅ​បង្កើត​គណបក្ស​នយោបាយ​យ៉ាងហោច​ចំនួន ៦​ ដែល​ក្នុង​នោះរួមមាន​ គណបក្ស​ឆន្ទៈខ្មែរ​របស់​លោក គង់ មុនីកា កូន​ប្រុស​របស់​លោក គង់ គាំ គណបក្ស​ខ្មែរស្រលាញ់ជាតិ របស់​លោក ជីវ កត្តា និង​លោក កង គឹមហាក់ គណបក្ស​ខ្មែរ​អភិរក្ស​និយម របស់​លោក រៀល ខេមរិន្ទ គណបក្ស​កែទម្រង់​កម្ពុជា​ របស់​លោក អ៊ូ ច័ន្ទរ័ត្ន និង​លោក ប៉ុល ហំម គណបក្ស​កម្ពុជា​និយម​ របស់​លោក យ៉ែម បុញ្ញឬទ្ធិ និង​គណបក្ស​បេះដូងជាតិ របស់​លោក សៀម ភ្លុក ជាដើម។ អតីតមន្ត្រី​ទាំងនេះ​បាន​អះអាង​ថា ការចេញ​ទៅបង្កើត​គណបក្ស​នយោបាយ​ថ្មី គឺ​ដើម្បី​ត្រៀម​ចូលរួម​បោះឆ្នោត​ឃុំសង្កាត់​នៅ​ឆ្នាំ២០២២​ និង​ការ​បោះឆ្នោត​ជាតិ​នៅ​ឆ្នាំ​២០២៣​ ខណៈ​លោក​ សម រង្ស៊ី ​និង​លោក កឹម សុខា ​នៅ​រក្សាគោល​ជំហរ​ដើម​ដដែល៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ