កសិករ​ប្រមាណ​៣​ពាន់​​គ្រួសារ​បោះបង់​របរ​ចិញ្ចឹម​​​សត្វ​ ​ព្រោះ​​តែ​​មិន​​អាច​​​​ប្រជែង​​តម្លៃ​​ទីផ្សារ​​ជាមួយ​​ផលិត​​ផល​​នាំ​​ចូល

កសិដ្ឋានចិញ្ចឹមជ្រូករបស់អ្នកភូមិម្នាក់ ស្ថិតនៅក្នុងឃុំក្រាំងយ៉ូវ ស្រុកស្អាង ខេត្តកណ្ដាល។ រូបភាព៖ ហួត វុទ្ធី

សមាគម​ចិញ្ចឹមសត្វកម្ពុជា ឱ្យដឹងថា កសិករប្រមាណ៣ ០០០គ្រួសារ​​បាន​សម្រេច​ចិត្តបោះ​បង់​របរ​ចិញ្ចឹម​សត្វ​ ដោយ​​សារ​តែការខាតបង់ច្រើន​ក្នុងអំឡុងវិបត្តិជំងឺកូវីដ​-១៩ និងមិនអាចប្រកួតប្រជែងតម្លៃ​ក្នុងទីផ្សារ​ជាមួយផលិតផលនាំចូលពីប្រទេសជិតខាងបាន។

ប្រធានសមាគមចិញ្ចឹមសត្វកម្ពុជា លោក ស៊្រុន ពៅ មានប្រសាសន៍ថា សមាគម​នេះមាន​សមាជិក​ដែល​ជាកសិករ​ចិញ្ចឹម​​​​សត្វ​ជ្រូក គោ មាន់ និង​ទា ជាដើម ប្រហែលជាជាង​១០ ០០០គ្រួសារ ក្នុ​ងនោះ តាមការ​ស្រង់ស្ថិតិ​ គឺ​​​​មានកសិករ​ប្រមាណ៣ ០០០គ្រួសារ​​ហើយដែ​ល​សម្រេច​​ចិត្ត​បោះបង់​ការចិញ្ចឹមសត្វក្នុងអំឡុងវិបត្តិកូវីដ​-១៩នេះ។

លោកបន្តថា ក្នុ​ង​បរិបទកូវីដ-១៩នេះ អត្រាចិញ្ចឹមសត្វ​របស់​កសិករមានការ​កើន​ឡើង​​ជាង​មុន ប៉ុន្តែតម្រូវ​ការ​ក្នុងទីផ្សារ​មានការថយចុះ ដោយសារ​ពុំមាន​អតិថិជន​ទិញ​ច្រើន​ដូចមុន​​ ខណៈ​ការនាំចូល​សត្វពីក្រៅប្រទេសក៏មានច្រើន ដែលធ្វើឱ្យ​មានការ​ប្រកួត​ប្រជែង​តម្លៃ​ក្នុង​ទីផ្សារ​ខ្លាំង​រវាង​ផលិតផលក្នុងស្រុកនិងផលិត​ផល​នាំចូល។ លោកថា ករ​ណី​នេះក៏​បាន​ធ្វើ​ឱ្យ​​កសិករ​​កាន់តែលំបាក ហើយ​ឈាន​ទៅរកការបោះបង់​មុខ​របរចិញ្ចឹមសត្វនេះ។

លោកបាន​អំពាវនាវថា៖ «គយ​នៅតាមព្រំដែនសូមជួយ​ពង្រឹងកុំឱ្យ​​មាន​ការ​នាំចូល​សត្វ​អត់​ច្បាប់​ពី​​បរទេស មាន​ទាំង​ជំងឺនិងប៉ះពាល់ដល់សុខភាពអ្នកហូប រឹតបន្តឹង​កុំឱ្យ​​នាំចូល​ខុសច្បាប់​ ជាកត្តាសំខាន់ដើម្បីកសិករ ដើម្បីជាតិ។ បើគាត់មិនជួយទេ វាប៉ះពាល់ដល់ការចិញ្ចឹម​សត្វនៅក្នុងស្រុក»។

បើតាមលោក ស៊្រុន ពៅ ការ​ជួយ​ដល់កសិករ​ប្រកបរបរចិញ្ចឹមសត្វ នឹងជួយ​ដល់​កសិករ​អាច​រក​​ចំណូល​​បាន និង​ផ្តល់​ការងារ​ធ្វើ​ដល់​កសិករ​ផ្សេង​ទៀត​ដែលដាំ​ដំណាំកសិកម្មសម្រាប់​ផ្គត់​ផ្គង់​ចំណី​​ដល់​ការចិញ្ចឹមសត្វ ហើយ​ក៏ជួយកាត់​បន្ថយ​ការ​ចំណាកស្រុករបស់ពលរដ្ឋផង​ដែរ។​

អ្នកស្រី ម៉ក់ សុជាតិ អតីតអ្នកចិញ្ចឹមសត្វ​ជ្រូកនៅស្រុកកៀនស្វាយ ខេត្តកណ្តាល បានឱ្យ​ដឹង​ថា គ្រួសារគាត់​បាន​បោះបង់អាជីពជាអ្នកចិញ្ចឹមជ្រូកនេះកាលពីចុងឆ្នាំ២០១៩ ក្រោយ​ចិញ្ចឹមអស់​រយៈពេល​ជិត២០ឆ្នាំ។ អ្នកស្រី​បន្តថា ការ​បោះបង់​របរនេះ ​ដោយ​សារ​ការ​ចិញ្ចឹម​ចុង​ក្រោយ​នេះមានការខាតបង់ច្រើនអស់​ប្រមាណជិត១០ម៉ឺនដុល្លារ។

ស្ត្រីដែលធ្លាប់ចិញ្ចឹម​មេជ្រូក​ចំនួន១០០ក្បាលរូបនេះ និយាយថា៖ «ពេលយើងមិនទាន់បានផល វាបានថ្លៃ! ស្រាប់តែដល់ពេលយើងបានផល ត្រូវលក់ វា[តម្លៃ]ចុះថោក ព្រោះមានជ្រូកនាំចូលពីនេះពីនោះអ៊ីចឹង។ ខាតមិនដឹងប៉ុន្មានសារហើយ ថោកថ្លៃៗនៅហ្នឹង! ឡើងថ្លៃ វាបានរយៈពេលខ្លី តែពេលបានផល វាថោករយៈពេលយូរ យើងទប់ជាមួយចំណីមិនរួចទេ។ អ៊ីចឹងដូចបាក់ទឹកចិត្ត ដូចលែងមានទំនុកចិត្តនឹងចិញ្ចឹម»។

ចំណែកលោក ជៀម លុយ ម្ចាស់កសិដ្ឋានចិញ្ចឹមមាន់យកពង នៅស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ បាន​លើក​ឡើង​ថា កសិករមួយចំនួនបានសម្រេចចិត្តបោះបង់ការចិញ្ចឹមមាន់ ដោយ​សារមាន​ការ​​នាំ​ចូល​​ពង​មាន់​ពីប្រទេស​វៀតណាមច្រើន ហើយតម្លៃទាបជាងពងមាន់ចិញ្ចឹមក្នុងស្រុក។

លោកថា៖ «រយៈកាលមុន កសិករយើងចិញ្ចឹមមាន់ខាត កសិករខ្លះបោះបង់ ដោយសារមាន​ការនាំចូល​ពងមាន់​ពីវៀតណាមច្រើនពេក ធ្វើឱ្យ​ពងមាន់ក្នុងស្រុកលក់បានតម្លៃទាបតាមដែរ។ កាលណាគាត់នាំចូលមក គាត់ទម្លាក់តម្លៃចុះទាប។ ចំណែកការផលិតរបស់យើងត្រូវការដើមទុនច្រើន តែត្រូវលក់ថោកដូចផលិតផលនាំចូលរបស់គាត់ដែរ នេះជាបញ្ហា។ តាមពិត បើរដ្ឋចង់នាំចូលក៏បានដែរ តែចូលមកបំពេញតម្រូវការបានហើយ កុំឱ្យ​លើសតម្រូវការពេក»។

ប្រធាននាយកដ្ឋានរដ្ឋបាល ផែនការ គណនេយ្យ និងសហប្រតិបត្តិការ អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក ហុង ប៉ុណ្ណាកា មាន​ប្រសាសន៍ថា ចាប់ពី​ពាក់កណ្តាលឆ្នាំ២០១៩មក ការចិញ្ចឹមសត្វ​មាន​ការ​កើន​ឡើង​គួរ​ឱ្យ​កត់សម្គាល់ ជាពិសេសការស្នើសុំបង្កើតកសិដ្ឋានជាលក្ខណៈពាណិជ្ជកម្ម។

លោកថា រហូតមកដល់ពេលនេះ កសិដ្ឋានស្របច្បាប់មានចំនួន១ ៣០៣កន្លែង ក្នុងនោះ កសិ​ដ្ឋាន​ចិញ្ចឹមគោនិងក្របីចំនួន៥៧កន្លែង កសិដ្ឋានចិញ្ចឹមជ្រូក ៥៣៩​កន្លែង និងកសិដ្ឋានចិញ្ចឹមមាន់ ៧០៧​កន្លែង។

លោក ហុង ប៉ុណ្ណាកា បន្តថា៖ «សម្រាប់រយៈពេល៧ខែឆ្នាំ២០២១នេះ ការនាំចូលសាច់បង្កកមានការកើនឡើង១០% បើធៀបនឹងឆ្នាំ២០២០។ ប៉ុន្តែការនាំចូលសត្វរស់ មានការថយចុះយ៉ាងខ្លាំង ដូចជា ជ្រូកសាច់រស់ ថយចុះ៥១,៦% ពីឆ្នាំ២០២០ មាន់សាច់រស់ ថយចុះ៤០,៧% ពីឆ្នាំ២០២០ និងទាសាច់រស់ ថយចុះ៣២% ពីឆ្នាំ២០២០ផងដែរ។ ការនាំចូលសត្វដើម្បីបំពេញតម្រូវ​ការក្នុងស្រុក គឺធ្វើឱ្យ​មានស្ថិរភាពទីផ្សារសាច់សត្វ»។ 

ជាមួយគ្នា​នេះដែរ លោក​ថា ក្រសួង​បាន​និងកំពុងជំរុញការចិញ្ចឹមសត្វក្នុងស្រុក ហើយកាត់បន្ថយ​ជា​បណ្តើរៗ​នូវ​ការនាំចូលពីក្រៅប្រទេស ខណៈក្រសួង​ក៏បាន​អនុវត្តដោយ​ជោគជ័យនូវការ​​ធ្វើឱ្យ​​មានស្ថិរភាពតម្លៃសាច់ជ្រូករស់លើទីផ្សារ ដែលធ្វើឱ្យអ្នកចិញ្ចឹមសត្វបានពង្រីកកសិដ្ឋានបន្ថែម ហើយអ្នកមានធនធានបានបោះទុនវិនិយោគបន្ថែម​លើវិស័យចិញ្ចឹមសត្វផងដែរ។

ក្រៅពីនោះ លោកថា ក្រសួង​បាននិង​កំពុងជជែកពិភាក្សាជាមួយស្ថាប័នពាក់ព័ន្ធ និងសមាគមចិញ្ចឹមសត្វកម្ពុជា ដើម្បីរិះរកយុទ្ធសាស្ត្រកាត់បន្ថយថ្លៃដើម​ផលិត​ចំណី​សត្វ ក្នុងការ​ប្រកួតប្រជែង​នឹង​ប្រទេសជិតខាងផងដែរ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ