ម្ដាយ​កញ្ញា​ ឈឿន​ ដារ៉ាវី៖​ ៣៦៥​ថ្ងៃ​ហើយ​ដែល​កូន​ស្រី​ខ្ញុំ​ត្រូវ​បាត់បង់​សេរីភាព

អ្នកស្រី ថាច់ ធីតា កាន់រូបថតកូនស្រីគឺកញ្ញា ឈឿន ដារ៉ាវី ដែលកំពុងជាប់ឃុំករណីតវ៉ាទាមទារដោះលែងលោក រ៉ុង ឈុន។ (ហ្វេសប៊ុកអ្នកស្រី ថាច់ ធីតា)

«អាណិតកូន មិនដឹងធ្វើយ៉ាងម៉េចជួយកូនបាន!» នេះគឺជាសម្ដីរបស់​ស្ដ្រីវ័យចំ​ណាស់ម្នាក់ដែល​បាន​បង្ហើរពាក្យពេចន៍តាមខ្សែទូរសព្ទមកកាន់សារព័ត៌មាន វីអូឌី នោះគឺអ្នកស្រី ថាច់ ធីតា។ អ្នកស្រីគឺជាម្ដាយបង្កើតរបស់​កញ្ញា ឈឿន ដារ៉ាវី សកម្មជនការពារសិទ្ធិមនុស្សដែលកំពុង​ជាប់​ពន្ធនាគារ​អស់រយៈពេលមួយឆ្នាំ​មក​ហើយ គិតត្រឹមថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២១ ទាំងដែលសំណុំរឿងរបស់កញ្ញា តុលាការនៅមិនទាន់បានកាត់សេចក្ដីយ៉ាងណានៅឡើយនោះ។

អ្នកស្រី ថាច់ ធីតា វ័យ៦៩ឆ្នាំ កំពុងរស់នៅឯខេត្តបាត់ដំបង ជាមួយនឹងស្វាមី​និងកូនប្រុសពីរ​នាក់​ទៀត។ កាលពីថ្ងៃសុក្រ ទី១៣ ខែសីហានេះ អ្នកស្រីបានបង្ហោះសារមួយនៅលើបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុក ដោយបានត្អូញត្អែរថា៖

«៣៦៥ថ្ងៃហើយ [១៣ សីហា ២០២០ – ១៣ សីហា ២០២១] ដែលកូនស្រីខ្ញុំត្រូវបាត់បង់សេរីភាព។ សូមតុលាការមេត្តាដោះលែងកូនស្រីខ្ញុំ នាងគ្មានកំហុសទេ»។

អ្នកស្រី ធីតា បាន​ថ្លែងប្រាប់ វីអូឌី ទាំង​​ខ្សឹកខ្សួលថា អ្នកស្រីមានការនឹករឭកដល់កូនស្រីជាខ្លាំង នៅពេលដែលអ្នកស្រីត្រូវឃ្លាតឆ្ងាយពីកូនស្រីអស់រយៈពេល១ឆ្នាំមកនេះ ស្របពេលដែលស្ថានភាពជំងឺកូវីដ-១៩កំពុងរាតត្បាតខ្លាំងទាំងនៅខាងក្រៅពន្ធនាគារនិងទាំងនៅខាងក្នុង​ពន្ធនាគារ។

អ្នកស្រីនិយាយថា៖ «ខ្ញុំនឹកកូនខ្លាំងណាស់! បារម្ភ ព្រោះថាឥលូវ [មានជំងឺ] កូវីដផង! ស្ថានភាពនៅក្នុងហ្នឹង [ពន្ធនាគារ] វាចង្អៀត អ៊ិចឹងទៅខ្ញុំចេះតែបារម្ភសព្វបែបយ៉ាង។ ការដែលឆ្ងាយពីកូនស្រី អាណិតកូនមិនដែលមានក្តីសុខទេ គេងក៏មិនដែលលក់ ដោយអារម្មណ៍គិតដល់កូនខ្លាំង»។

អ្នកស្រី ធីតា បន្ថែមថា អ្នកស្រីបានទៅជួបកូនស្រីម្តងនៅក្នុងពន្ធនាគារកាលពីថ្ងៃទី២៧ ខែកក្កដានេះ ដោយបាននិយាយតាមរយៈទូរសព្ទជាមួយនឹងកញ្ញា ឈឿន ដារ៉ាវី ប្រហែលជា៥នាទីប៉ុណ្ណោះ ចាប់តាំងពីពន្ធនាគារបានបិទការចូលសួរសុខទុក្ខ ដោយសារតែបារម្ភពីការឆ្លងជំងឺកូវីដ-១៩ក្នុងពន្ធនាគារមក។

ស្ត្រីវ័យ៦៩ឆ្នាំ សព្វថ្ងៃរស់នៅខេត្តបាត់ដំបង បន្តថា មកទល់នឹងថ្ងៃទី១៣ ខែសីហានេះ ជាគម្រប់ខួបមួយឆ្នាំដែលកូនរបស់អ្នកស្រីត្រូវបានតុលាការសាលា​ដំបូង​រាជ​ធានី​​ភ្នំពេញ​ចេញដីកា​ឃុំខ្លួន​បណ្តោះអាសន្ន​នៅពន្ធនាគារ​​ និង​មិនទាន់ទទួលបានការកាត់ក្ដីនៅឡើយ។

អ្នកស្រី ថាច់ ធីតា បន្តរៀបរាប់ថា កូនស្រីរបស់អ្នកស្រីគឺជាក្មេងដែលចូលចិត្តការងារសង្គម និងចូលចិត្តជួយអ្នកដទៃតាំងពីតូចមកម៉្លេះ ដូចជា សកម្មភាពការងារមនុស្សធម៌ (ចែកសម្ភារ និងបរិក្ខារ) ជាដើម ហើយអ្នកស្រីជាម្ដាយក៏មិនបានហាមឃាត់កូនអ្វីនោះដែរ គឺមានតែចូល​រួម​ជាមួយ​កូន។

ពេលវេលាចេះតែកន្លងផុតទៅ កញ្ញា ឈឿន ដារ៉ាវី ក៏បានបន្តចូលរួមក្នុងការងារសង្គម ដូចជា ការចូលរួមនៅក្នុងការការពារព្រៃឈើ បឹងបួ រហូតទៅដល់ការចូលរួមនៅក្នុងការទាម​ទារ​ឱ្យមានការ​គោរព​សិទ្ធិ​មនុស្ស​ថែម​ទៀត។ អ្នកស្រី​ថា កាលណោះ អ្នកស្រីមានការបារម្ភដែរចំពោះសកម្មភាពរបស់កូនស្រី ព្រោះគាត់គិតថា កូនរបស់គាត់នឹងត្រូវបានគេចាប់ខ្លួននៅថ្ងៃណាមួយជាក់ជាមិនខាន។

អ្នកស្រីនិយាយថា៖ «ដំបូង យើងហាមឃាត់គាត់ដែរ ចេះតែឃាត់ទៅ ព្រោះក្នុងនាមជាម្ដាយមើលឃើញថា កូនអាចប្រឈមនឹងបញ្ហាហើយ តែឆន្ទៈគាត់ៗគិតថា គាត់ធ្វើហ្នឹងមិនមានអីប៉ះពាល់ឬក៏ខុសច្បាប់ជាតិ អ៊ីចឹងក៏តាមដំណើរហ្នឹងទៅ»

អ្នកស្រីមានការសោកស្ដាយដែលតុលាការបានចោទប្រកាន់ធ្ងន់ធ្ងរ​ទៅលើកូនស្រីរបស់អ្នកស្រី ដោយគ្រាន់តែធ្វើសកម្មភាពទាមទារយុត្តិធម៌ឱ្យ​លោក រ៉ុង ឈុន តែប៉ុណ្ណោះ។

លោកស្រីបន្តថា៖ «កាលដែលគាត់ទៅតវ៉ាហ្នឹង ក្នុងលក្ខណៈសុំឱ្យ​តុលាការមានយុត្តិធម៌ សុំឱ្យ​តុលាការដោះលែងគាត់ [លោក រ៉ុង ឈុន] ខ្ញុំគិតថា វាមិ​នមានទោសអីដល់ថ្នាក់​ចាប់កូន​ខ្ញុំដាក់គុក​ទេ។ ហើយមួយឆ្នាំហើយ អត់ទាន់បានកាត់ទោសកាត់អីបន្តិច»

បើតាមមេធាវីការពារក្ដីឱ្យយុវជនខ្មែរថាវរៈ លោក សំ ចំរើន បានប្រាប់ វីអូឌី កាលពីថ្ងៃសុក្រ ថាបើគ្មានការប្រែប្រួលទេ តុលាការសាលាដំបូងរាជធានីភ្នំពេញនឹងបើកសវនាការកាត់ក្ដីកញ្ញា ឈឿន ដារ៉ាវី នៅថ្ងៃអង្គារ ទី៣១ ខែសីហា ខាងមុខនេះ។

កញ្ញា ឈឿន ដារ៉ាវី គឺជាកូនទី២ក្នុងចំណោមបងប្អូនប្រុសស្រី៣នាក់។ កញ្ញាគឺជាកូនស្រីតែម្នាក់គត់នៅក្នុងគ្រួសារដែលមានដើម​កំណើតជា​ខ្មែរកម្ពុជាក្រោម​ ដែល​បានមក​រស់នៅក្នុងខេត្តបាត់ដំបងតាំងពីយូរយារណាស់មកហើយ។

អ្នកស្រី ថាច់ ធីតា បានបន្ថែមថា ជីវភាពគ្រួសាររបស់អ្នកស្រីរាល់ថ្ងៃជួបការលំបាកខ្លាំង ព្រោះកូនប្រុសទាំងពីររបស់អ្នកស្រីដែលត្រូវជាបងនិងប្អូនប្រុស​របស់កញ្ញា ឈឿន ដារ៉ាវី បានបាត់បង់ចំណូលទាំងពីរនាក់ ខណៈស្វាមីរបស់អ្នកស្រីគឺជានិវត្តជនដែលមានប្រាក់ចូលនិវត្តន៍តែបន្តិចបន្ដួចប៉ុណ្ណោះសម្រាប់ការចំណាយនៅក្នុងផ្ទះ ក៏ដូចជាផ្ញើទៅកាន់កញ្ញា ដារ៉ាវី នៅឯពន្ធនាគារ និងសល់ខ្លះដើម្បីទុកបង់ធនាគារ។

អ្នកស្រី​សង្ឃឹមថា សវនាការ​ដែលធ្វើឡើងនៅចុងខែសីហានេះនឹងអាចប្រព្រឹត្តទៅ​បានដោយ​គ្មាន​ការលើកពេល​បន្ត​ទៅទៀត ព្រមទាំងអាចផ្ដល់យុត្តិធម៌និងដោះលែងកូនស្រីរបស់គាត់ឱ្យមានសេរីភាពវិញ។ អ្នកស្រីក៏​បានសំណូមពរឱ្យ​តុលាការកាត់ក្ដីកូនរបស់អ្នកស្រីប្រកប​ដោយភាពយុត្តិធម៌។

អ្នកស្រីបន្តថា៖ «ខ្ញុំគិតថា ការដែលគាត់ធ្វើនេះក៏ជាសិទ្ធិរបស់ប្រជាពលរដ្ឋនៅក្នុងប្រទេសប្រជាធិបតេយ្យ។ ហើយប្រទេសយើងក៏មានច្បាប់ ចង់ឱ្យ​កាត់ទោសអី​ទៅតា​មច្បាប់ទៅ ឱ្យ​មាន​យុត្តិធម៌​សម្រាប់​កូន​ខ្ញុំ»

ពាក់ព័ន្ធនឹងបញ្ហានេះ នាយករងទទួលបន្ទុក​កម្មវិធី​ឃ្លាំមើល​សិទ្ធិមនុស្សនៃអង្គការលីកាដូ លោក អំ សំអាត យល់ឃើញថា ការឃុំខ្លួនសកម្មជនការពារសិទ្ធិមនុស្សនិង​បរិស្ថាន​នៅក្នុងរយៈពេល​យូរ នឹងបណ្ដាលឱ្យ​ប៉ះពាល់ដល់សេរីភាពនិងសិទ្ធិអ្នកដែលត្រូវបានឃុំខ្លួនជាបណ្ដោះអាសន្ន។

លោកបន្តថា៖ «សវនាការត្រូវតែធ្វើឡើងឱ្យ​បានឆាប់បំផុតតាមដែលអាចធ្វើទៅបាន។ អ៊ីចឹង​ការឃុំខ្លួន​យូរ ​វាប៉ះពាល់ច្រើនណាស់សម្រាប់សិទ្ធិរបស់គាត់ ទោះបី​ជា​នីតិវិធី ការអនុញ្ញាតឱ្យ​ឃុំខ្លួន​ក៏ដោយ ក៏​ការ​ឃុំ​ខ្លួន​នោះ យើង​មិនមែនចេះតែឃុំ ហើយបន្តអូសបន្លាយ ដែលធ្វើឱ្យ​​ប៉ះពាល់​ដល់សិទ្ធិនិងសេរីភាពរបស់គេទេ»

លោកបន្ថែមថា៖ «ការចាប់ខ្លួននិងឃុំខ្លួនសកម្មជនកន្លងមក វាជាការបំពានទៅលើសេរីភាពមូលដ្ឋានរបស់ប្រជាពលរដ្ឋ ជាពិសេសសេរីភាពក្នុងការជួបជុំ ការប្រមូលផ្ដុំ និងការបញ្ចេញមតិ។ ហើយការចាប់ឃុំខ្លួននេះ គេមើលទៅវាជារឿងហេតុផលនយោបាយច្រើនជាងការអនុវត្តច្បាប់»

ប៉ុន្តែអ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក ជិន ម៉ាលីន លើកឡើងថា ការឃុំខ្លួនសកម្មជនទាំងអស់មិនមែនធ្វើខុសពីច្បាប់បញ្ញត្តិនោះទេ គឺធ្វើឡើងទៅតាមនីតិវិធីច្បាប់ ទៅតាមប្រភេទបទល្មើស និងមានរយៈពេលនៃការបញ្ជា។

លោកថ្លែងថា៖ «តុលាការគេដឹងច្បាប់ ហើយគេមិនទៅធ្វើឱ្យ​ខុស ឱ្យ​លើសពីច្បាប់បញ្ញត្តិនោះទេ ប៉ុន្តែអាចយូរឬឆាប់តែប៉ុណ្ណឹង។ ប៉ុន្តែបើថាខុសច្បាប់ វាមិនខុសទេ»

ឆ្លើយតបទៅនឹងការយល់ឃើញរបស់សង្គមស៊ីវិលវិញ លោក ជិន ម៉ាលីន លើកឡើងថា សង្គមស៊ីវិលគួរតែផ្លាស់ប្ដូររបៀបនៃការធ្វើការ ដោយកុំគិតថា វាជារឿងនយោបាយឬមិននយោបាយ ដោយឱ្យ​​សម្លឹងទៅមើលនៅលើផ្លូវច្បាប់ ដើម្បីរកភស្តុតាងមកធ្វើការដោះបន្ទុកវិញ។

គួររម្លឹកថា កាលពីរសៀលថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២០ មនុស្សចំនួន៦រូប ក្នុងនោះ មាន៥រូបជាក្រុមយុវជនខ្មែរថាវរៈ ត្រូវបានអាជ្ញាធររាជធានីភ្នំពេញចាប់ខ្លួន បន្ទាប់ពីអ្នកទាំងនោះចូលរួមក្នុងសកម្មភាពតវ៉ាទាមទារឱ្យមានការដោះលែងសមាជិកក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា លោ​ក រ៉ុង ឈុន។

តែយ៉ាងណា ពួកគេត្រូវបានសមត្ថកិច្ច​ដោះលែងវិញមួយថ្ងៃបន្ទាប់ ក្រោយ​ពីបានធ្វើកិច្ចសន្យា​បញ្ឈប់​សកម្មភាពប្រមូលផ្តុំតាមដង​ផ្លូវ លើកលែងតែយុវជនខ្មែរថាវរៈ ២នាក់ គឺលោក ហ៊ុន វណ្ណៈ និងកញ្ញា ឈឿ​ន ដារ៉ាវី។ អ្ន​កទាំងពីរត្រូវបានបញ្ជូន​ខ្លួនទៅតុលាការសាលាដំបូង​រាជ​ធានី​​ភ្នំពេញ និង​ត្រូវ​បានឃុំខ្លួនបណ្តោះអាសន្ននៅពន្ធនាគារ ក្រោមបទចោទថា «បានញុះញង់ឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុ​ខសង្គម»។

កាលពីថ្ងៃចន្ទ ទី១៦ ខែសីហា ឆ្នាំ២០២១នេះ ក្រុមអង្គការសង្គមស៊ីវិលមួយចំនួននៅកម្ពុជាបានធ្វើយុទ្ធនាការលើកទី២ ដើម្បីទាមទារឱ្យមានការដោះលែងយុវជន សកម្មជនបរិស្ថាន យុវជនខ្មែរថាវរៈ ប្រធានសហជីព និងសកម្មជនផ្សេងទៀត សរុបចំនួន៨នាក់ ក្នុងនោះក៏មានកញ្ញា ឈឿន ដារ៉ាវី ផងដែរ។

អង្គការសង្គមស៊ីវិលទាំងនោះបានកត់សម្គាល់ថា មួយ​រយៈ​ចុងក្រោយ​នេះ​ ​អាជ្ញាធរ​បាន​បង្កើន​​ការ​ចាប់ខ្លួន​ ​ចោទប្រកាន់​ ​និង​ចាប់​ដាក់​ពន្ធ​នាគា​រ​សកម្មជន​សង្គម​ជាច្រើន​នាក់​​ដែល​​តែង​​តវ៉ា​បែប​អហិង្សា​ ​ដោយ​លើកឡើង​ពី​បញ្ហា​សិទិ្ធ​មនុស្ស​នៅ​ក្នុង​ប្រទេស​ ​ដូចជា ​ការរំលោភ​សេរីភាព​នៃ​ការ​បញ្ចេញមតិ​ ​សេរីភាព​នៃ​ការ​ជួបជុំ​និង​ប្រមូលផ្តុំ​ ​រឿង​ព្រំដែន​ ​និង​ថ្មីៗ​នេះ​គឺ​បញ្ហា​បំណុល​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញវត្ថុ​របស់​ប្រជាពលរដ្ឋ​។​

ពួកគេបន្តថា សកម្មជន​សង្គម​ទាំងនេះ​បាន​តាំងចិត្ត​ខ្ពស់​ក្នុង​ការ​តស៊ូ​មតិ​ ​ដើម្បី​ជាប្រយោជន៍​​របស់​ប្រជាពលរដ្ឋ​ដែល​ងាយ​រងគ្រោះ​ជាច្រើន​។​ ប៉ុន្តែ​ជា​លទ្ធផល​ ​អាជ្ញាធរ​​​មិនបាន​​ចំណាយ​ពេល​ស្តាប់ការ​លើកឡើង​របស់​អ្នក​ទាំងនោះ​ទេ​ ​ប៉ុន្តែ​បែរជា​ចាប់ខ្លួន​អ្នក​ទាំងនោះ​ដាក់​ពន្ធ​នាគា​រ​ទៅវិញ​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ