បទ​វិភាគ៖​ តើ​ការ​បណ្តោយ​ឱ្យ​មាន​អំពើ​ពុក​រលួយ​កាន់​តែ​ធ្ងន់ធ្ងរ​នឹង​ជះ​ឥទ្ធិពល​អាក្រក់​បែប​ណា​ដល់​ការ​ដឹក​នាំ​? ​​

ទីស្ដីការគណៈរដ្ឋមន្ត្រី ថ្ងៃទី១០ ខែមីនា ឆ្នាំ២០២១។ (ជន ចាន់រ៉ែន)

​ក្រុមអ្នកតាមដានសង្គម លើកឡើងថា ​អំពើពុករលួយ ប្រសិនបើកើតមានឡើងនៅក្នុងសង្គមជាតិមួយ​នឹងធ្វើឱ្យ​សង្គមនោះចៀសមិនរួចពីការ​របែងចែកវណ្ណៈ ការរើសអើង ការប្រកាន់​បក្ខពួកនិយម ​និងធ្វើឱ្យការអភិវឌ្ឍជាតិពិតប្រាកដនឹងមិនអាចកើតមានឡើង ហើយភាពអយុត្តិធម៌នានាក៏កើតមានដោយចៀស​​មិនរួច។

លើសពីនេះ អំពើពុករលួយនឹងធ្វើឱ្យសេវាសាធារណៈ​ស្ពឹកស្រពន់ឬ​យឺតយ៉ាវ ការផ្តល់សេវាទៅកាន់ពលរដ្ឋមានភាពលម្អៀង។ មិនតែប៉ុណ្ណោះ អំពើពុករលួយក៏បានបំផ្លាញការអប់រំរបស់ពលរដ្ឋ ខឿនសេដ្ឋកិច្ចជាតិ ប្រព័ន្ធ​យុត្តិធម៌​សង្គម ធនធានធម្មជាតិ និង​ទ្រព្យសម្បត្តិជាតិ ហើយអំពើពុករលួយក៏អាចបំផ្លាញសុខុមាលភាពពលរដ្ឋ ជាដើម។

សម្រាប់កម្ពុជា អំពើពុករលួយនៅតែត្រូវបានអង្គការអន្តរជាតិផ្តល់ចំណាត់ថ្នាក់ជាប្រទេសដែលមានអំពើពុករលួយខ្លាំងនៅលើពិភពលោក និង​មានអំពើពុករលួយអាក្រក់ជាងគេនៅក្នុងតំបន់ទៀតផង។

ជាក់ស្តែង អង្គការតម្លាភាពអន្តរជាតិ កាលពីខែមករា ឆ្នាំ២០២​១ បានចេញផ្សាយរបាយការណ៍ស្តីពីសន្ទស្សន៍អំពើពុករលួយនៅកម្ពុជាសម្រាប់ឆ្នាំ២០២០ ដោយបញ្ជាក់ថា កម្ពុជាស្ថិតនៅលេខរៀងទី​១៦០ ក្នុងចំណោម​១៨០​ប្រទេសនិងដែនដីដែលត្រូវបានដាក់បញ្ចូលក្នុងការវាយតម្លៃ។ លទ្ធផលនេះបង្ហាញថា ស្ថានភាពអំពើពុករលួយនៅកម្ពុជានៅតែស្ថិតនៅក្នុងស្ថានភាពអាក្រក់នៅ​ឡើយ និងជាប្រទេសដែលមានអំពើពុករលួយអាក្រក់ជាងគេនៅក្នុងតំបន់អាស៊ានថែមទៀតផង។

ទោះបីជារបាយការណ៍ជាតិនិងអន្តរជាតិបានបង្ហាញពីចំណាត់ថ្នាក់អាក្រក់ជុំវិញអំពើពុករលួយនេះ​ជាបន្តបន្ទាប់​យ៉ាងណាក៏ដោយ ប៉ុន្តែសម្រាប់រដ្ឋាភិបាលតែងចេញមុខច្រានចោលជារឿយៗនិងការពារមុខមាត់របស់ខ្លួនជានិច្ច។

សំណួរត្រង់ថា តើការ​បណ្តោយឱ្យមានអំពើពុករលួយនៅក្នុងសង្គមជាតិមួយកាន់តែធ្ងន់ធ្ងរ វាជាសញ្ញាណល្អឬ​អាក្រក់ក្នុងការដឹកនាំប្រទេស​ទៅថ្ងៃអនាគត?

នាយកប្រតិបត្តិអង្គការតម្លាភាពកម្ពុជា លោក ប៉ិច ពិសី មានប្រសាសន៍ថា ទម្រង់នៃអំពើពុករលួយមានច្រើន​ប្រភេទទៅតាមការកំណត់របស់ប្រទេសនីមួយៗ ដូចជា ការស៊ីសំណូកសូកប៉ាន់ដោយប្រើតួនាទីឬឋានៈ បក្ខពួក​ឬ​គ្រួសារនិយម ការរំលោភអំណាច ​​បញ្ហាអំពើពុករលួយនៅក្នុងរូបភាពនយោ​បាយ និងការ​កេង​បន្លំ​ឯកសារ ជាដើម។ ​ប៉ុន្តែលោកថា សម្រាប់កម្ពុជា ការកំណត់និយមន័យ​«ពុករលួយ»នៅមានកម្រិត ដូចជា បញ្ហាបក្ខពួកនិយមឬ​គ្រួសារនិយមនោះមិនត្រូវបានចាត់ទុកជាអំពើពុករលួយទេ។

យ៉ាងណា លោក​ថា ស្ថានភាពអំពើពុករលួយនៅកម្ពុជានៅតែស្ថិតក្នុងលេខរៀងអាក្រក់គួរឱ្យបារម្ភ​ដដែល ដោយ​មិនទាន់មានវិធានការទប់ស្កាត់ឬ​កាត់បន្ថយឱ្យមានប្រសិទ្ធភាពនៅឡើយ។ លោកថា អំពើពុករលួយនៅក្នុង​សង្គម​មួយ​ប្រៀបបានទៅនឹងជំងឺមហារីក ហើយវានឹងបំផ្លាញគ្រប់វិស័យនៅក្នុងសង្គមនោះផងដែរ​។

លោក ប៉ិច ពិសី មានប្រសាសន៍ថា៖ «អ៊ីចឹងកាលណាយើងមានអំពើពុករលួយ មានន័យថា ដូចយើងមានជំងឺប្រចាំកាយអ៊ីចឹង។ កាលណាយើងមានជំងឺប្រចាំកាយ វិស័យផ្សេងៗប៉ះពាល់ទាំងអស់។ អ៊ីចឹងនិយាយជារួមមក អំពើពុករលួយគឺជាឫសគល់ស្នូលនៃបញ្ហានៅក្នុងប្រទេសកម្ពុជា​យើង​ហ្នឹង ហើយមានផលប៉ះពាល់ធំធេងណាស់នៅគ្រប់វិស័យ។ បើយើងនិយាយពីវិស័យសេដ្ឋកិច្ច គឺប៉ះពាល់ដល់ការរីកចម្រើនលូតលាស់ផ្នែកសេដ្ឋកិច្ច។ បើយើងនិយាយពីការគ្រប់គ្រងហិរញ្ញវត្ថុ មានន័យថា យើងអាច​​​បាត់បង់ថវិកាជាតិរបស់យើង ឬយើងប្រមូលថវិកាជាតិរបស់យើងមិនគ្រប់ ធ្វើឱ្យយើងមានកម្សោយភាពផ្នែកហិរញ្ញវត្ថុ ហើយមិនមានលទ្ធភាពពង្រឹងឯករាជ្យភាពផ្នែកហិរញ្ញវត្ថុបានទេ។ បើយើងនិយាយវិស័យយោធា មានន័យថា អំពើពុករលួយអាចជាឧបសគ្គ​ប៉ះពាល់ដល់សន្តិសុខជាតិរបស់យើង»។

អ្នកឃ្លាំមើលរូបនេះថា អំពើពុករលួយនាំឱ្យសង្គមជាតិមួយនឹងបាត់បង់ស្ថិរភាពផ្នែកសេដ្ឋកិច្ចនិងនយោបាយ ដែល​ជំរុញឱ្យការដឹកនាំមួយកាន់តែវឹកវរ និងចុងក្រោយ​ធ្វើឱ្យការដឹកនាំក្នុងសង្គមនោះឈានទៅដួលរលំថែមទៀតផង។

ជាក់ស្តែង ក្នុងព្រឹត្តិការណ៍ធ្វើរដ្ឋប្រហារ​ពីសំណាក់«ក្រុម​តាលីបង់»ទៅលើរដ្ឋាភិបាលអាហ្វហ្គានីស្ថានក្នុងសប្តាហ៍នេះ ​ដែលធ្វើឱ្យក្រុមផ្តាច់ខ្លួន​អាចចូលទៅកាន់កាប់វិមានរដ្ឋាភិបាលបានយ៉ាងងាយស្រួល បន្ទាប់ពីអាមេរិកសម្រេចដកកងទ័ពរបស់ខ្លួនចេញមិនបានប៉ុន្មានថ្ងៃផង​ គឺមួយផ្នែក​ពាក់ព័ន្ធនឹងអំពើពុករលួយដល់ឆ្អឹងនោះឯង។  

សារព័ត៌មានអន្តរជាតិមួយចំនួនបានលើកឡើងថា ក្រសួងមហាផ្ទៃ និងក្រសួងការពារជាតិអាហ្វហ្គានីស្ថាន មានអំពើពុករលួយធ្ងន់ធ្ងរ ហើយថ្នាក់ដឹកនាំក្រសួងទាំងនេះគិតតែផលប្រយោជន៍ផ្ទាល់ខ្លួននិងក្រុមគ្រួសារតែប៉ុណ្ណោះ។ អ្នកប្រយុទ្ធនៅសមរភូមិឬ​កងទ័ពជួរមុខមិនទទួលបានប្រាក់ខែជាច្រើនខែ គ្មានទឹក និងអាហារ គ្មានគ្រាប់កាំភ្លើងនិងអាវុធ​។ ការបំប៉ោងតួលេខ​ទាហានខ្មោចកាន់តែច្រើន ធ្វើឱ្យការចំណាយកាន់តែច្រើន ប៉ុន្តែជាក់ស្តែង ទ័ពគ្មាន​ស្បៀងអាហារគ្រប់គ្រាន់ឡើយ។ ​

ការដួលរលំរបស់រដ្ឋាភិបាលអាហ្វហ្គានីស្ថានដែលដឹកនាំដោយលោកប្រធានាធិបតី Ashraf Ghani យ៉ាងឆាប់រហ័ស​នេះ ធ្វើឱ្យគេនឹកឃើញដល់ព្រឹត្តិការណ៍នៃការការដួលរលំរបស់រដ្ឋាភិបាលដឹកនាំដោយសេនាប្រមុខ លន់ ណុល កាលពីឆ្នាំ១៩៧០ ដល់ឆ្នាំ១៩៧៥។ 

ក្នុងចំណោមហេតុផលជាច្រើន បញ្ហាអំពើពុករលួយក៏ជាមូលហេតុនាំឱ្យរបប លន់ ណុល ដួលរលំកាលនោះផងដែរ។ ក្នុងសៀវភៅប្រវត្តិសាស្ត្រមួយចំនួនបានលើកឡើងថា អំឡុងពេលនៃការដឹកនាំរបស់​សេនាប្រមុខ លន់ ណុល ប្រមាណ៥ឆ្នាំនោះ អំពើពុករលួយកើតមានស្ទើរគ្រប់កន្លែងនិងគ្រប់វិស័យ ពិសេសវិស័យយោធា ដូចជា ការកឹបកេងទ្រព្យសម្បត្តិជាតិ ការកេងប្រវ័ញ្ចជំនួយបរទេស​ មានឈ្មោះទាហានខ្មោចក្នុងជួរទ័ព មានការកឹបកេងប្រាក់ខែកងទ័ព និង​ការលួចយកអាវុធដែលជាជំនួយបរទេស​យកទៅលក់ឱ្យក្រុមខ្មែរក្រហម ជាដើម។

បញ្ហាពុករលួយទាំងនេះក៏ជាហេតុផលសមរម្យមួយដែលនាំឱ្យរបប លន់ ណុល ត្រូវដួលរលំទៅវិញដោយចៀសមិនរួចដែរ។

យ៉ាងណាក៏ដោយ សម្រាប់នាយកប្រតិបត្តិអង្គការអភិវឌ្ឍន៍ផ្នត់គំនិត លោកបណ្ឌិត សេក សុជាតិ មានប្រសាសន៍ថា អំពើពុករលួយ​អាចធ្វើឱ្យអំណាចរបស់បុគ្គលដែលជាអ្នកដឹកនាំនៅក្នុងសង្គមមួយដួលរលំបាន ប៉ុន្តែវាក៏អាចជាឧបករណ៍​ការពារអំណាច​របស់បុគ្គលជាអ្នកដឹកនាំនោះ​ផងដែរ​។

លោកមានប្រសាសន៍ថា៖ «ការគ្រប់គ្រងអំណាចបានតាមរយៈអំពើពុករលួយ ការប្រមូលធនធាន ទ្រព្យ ឬរបស់របរបានមកពីអំពើពុករលួយ ដើម្បីយកទៅការពារអំណាចរបស់ខ្លួន ដើម្បីឱ្យនៅបានគង់វង្សឬយូរអង្វែង អាហ្នឹងទីមួយ! ទីពីរ យើងមើលថា នៅពេលមេដឹកនាំមួយដែលគាត់មានឆន្ទៈនៅក្នុងការប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ គាត់[អំណាច]អាចរឹងមាំដូចគ្នា ដោយសារអី? ដោយសារគាត់បានបំផ្លាញ​​នូវប្រព័ន្ធពុករលួយនៅក្នុងសង្គម ហើយទទួលបានការគាំទ្រពីមហាជន»។

បណ្ឌិត សេក សុជាតិ សង្កេតឃើញថា នៅក្នុងសង្គមណាក៏ដោយ អំពើពុករលួយតែងតែកើតមាន ហើយអាចរីកធំធាត់ទៅបាន គឺទាល់តែមានការជួយជ្រោមជ្រែងពីអ្នកដឹកនាំឬ​អ្នកមានឥទ្ធិពលនៅក្នុងសង្គមនោះ។ យ៉ាង​ណា ការបណ្តោយឱ្យមានអំពើពុករលួយកាន់តែធ្ងន់ធ្ងរ លោកថា នឹងធ្វើឱ្យរាស្ត្រកាន់តែឈឺចាប់ ហើយការឈឺចាប់ដល់កម្រិតក៏អាចជាហានិភ័យក្នុងការដឹកនាំផងដែរ។

លោកបន្តថា៖ «ប៉ុន្តែនៅពេលចំនួននៃជនរងគ្រោះហ្នឹងមានកាន់តែច្រើនទៅ ហើយការឈឺចាប់ហ្នឹងកាន់តែខ្លាំង វិលទៅជុំវិញ មនុស្សក្នុងសង្គមហ្នឹងកាន់តែឈឺចាប់ទៅ ពេលនោះហើយ ទៅធ្វើឱ្យមានការប្រែប្រួលឬក៏មានការទាមទារជាលក្ខណៈទ្រង់ទ្រាយណាមួយ ដើម្បីចង់បានយុត្តិធម៌ឬចង់ឱ្យមេដឹកនាំហ្នឹងផ្តល់យុត្តិធម៌ឱ្យខ្លួនឡើងវិញ»។  

​សម្រាប់លោក ប៉ិច ពិសី មើលឃើញថា កាលណាប្រទេសមួយមានអំពើពុករលួយកាន់តែធ្ងន់ធ្ងរ នឹងធ្វើឱ្យអំណាចនៃការដឹកនាំរបស់ប្រទេសនោះគ្មានស្ថិរភាពយូរអង្វែងឡើយ ​។

បញ្ហានេះ លោកផ្តល់ជាអនុសាសន៍បែបនេះថា៖ «មានន័យថា ជាឡូហ្សិក [ការពិត] តែម្តង ជាវិទ្យាសាស្ត្រតែម្តង គឺថាអំពើពុករលួយហ្នឹងនឹងធ្វើឱ្យការដឹកនាំហ្នឹងគ្មានស្ថិរភាពទេ។ អ៊ីចឹងយើងអាចធ្វើអ៊ីចឹងបាន អាចគ្រប់គ្រងបន្តក្នុងរូបភាពបែបហ្នឹង ប៉ុន្តែនឹងមិនយូរអង្វែងទេ។ ខ្ញុំសូមលើកទឹកចិត្តឱ្យថ្នាក់ដឹកនាំទាំងអស់គិតគូរក្នុងការកាត់បន្ថយអំពើពុករលួយហ្នឹងឱ្យដល់កម្រិតមួយដែលអាចធានានិរន្តរភាពសង្គម ធានាយុត្តិធម៌សង្គម ការចូលរួមរបស់ពលរដ្ឋហ្នឹង។ កាលណាពលរដ្ឋគាត់សប្បាយចិត្ត គាត់ពេញចិត្ត គាត់នឹងចូលរួមក្នុងកិច្ចការសង្គមបាន ដោយមិនមានការរឹតត្បិតអីជាដើម។ ហើយកាលណាពលរដ្ឋអាចរស់នៅក្នុងសេដ្ឋកិច្ចមួយរីកចម្រើន គាត់រស់នៅក្នុងភាពថ្លៃថ្នូរ គាត់មិនសូវបង្កបញ្ហាទេ។ ហើយបើសិនយើងអាចកាត់បន្ថយអំពើពុករលួយបាន អាចធ្វើឱ្យពលរដ្ឋសប្បាយចិត្ត។ អ៊ីចឹងការដឹកនាំនឹងមានស្ថិរភាពជាងហ្នឹង។ បើមិនអ៊ីចឹងទេ យើងអាចដឹកនាំដោយប្រើអំណាចជាបណ្តោះអាសន្នសិន ប៉ុន្តែទៅមុខទៀត យើងមិនធានានិរន្តរភាពទេ»៕  

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ