តុលាការ​ផ្តន្ទា​ទោស​​​លោក​ រ៉ុង​ ឈុន​ ឱ្យ​​​ជាប់​ពន្ធនាគារ​២​ឆ្នាំ និង​បង់​ពិន័យ​​និង​​សំណង​ជា​ច្រើន​លាន​រៀល

រថយន្ដដឹកអ្នកជាប់ឃុំជាច្រើនរូបមកដល់សាលាដំបូងរាជធានីភ្នំពេញ ក្នុងថ្ងៃសវនាការលោក រ៉ុង ឈុន នាព្រឹកថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២១។ (Danielle Keeton-Olsen)

តុលាការ​សាលាដំបូងរាជធានីភ្នំពេញ បានសម្រេចផ្តន្ទាទោសលោក រ៉ុង ឈុន​ ឱ្យជាប់​ពន្ធនា​គារ២​ឆ្នាំ ខណៈអ្នកគាំទ្រ២នាក់ទៀតត្រូវជាប់ពន្ធនាគារម្នាក់ៗចំនួន២០ខែ និងបង្គាប់ឱ្យ​ពួក​​​គាត់​ទាំង៣នាក់សងការខូចខាតទៅ​​គណៈកម្មការព្រំដែនចំនួន៤០០លានរៀល។

លោក រ៉ុង ឈុន សមាជិកក្រុមប្រឹក្សាឃ្លាំ​មើលកម្ពុជា និង​ប្រធានសហភាពសហជីពកម្ពុជា ត្រូវបានសមត្ថ​កិច្ចចាប់ខ្លួន កាលពីថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២០ និងត្រូវ​តុលាការចោទប្រកាន់ពីបទ «ញុះញង់ឱ្យមានភាពវឹកវរដល់សន្តិសុខសង្គម» បន្ទាប់ពីលោកចេញ​សេចក្ដីថ្លែងការណ៍​មួយ​ស្ដីពី​ជម្លោះដីធ្លី​របស់​ប្រជាពលរដ្ឋ​ខ្មែរ​ចំនួន១០៦គ្រួសារ ស្ថិតនៅ​ឃុំ​ត្រពាំងផ្លុង ស្រុក​ពញា​ក្រែក ខេត្ត​ត្បូងឃ្មុំ ដែលជារឿងពាក់ព័ន្ធបញ្ហាព្រំដែនកម្ពុជា-វៀតណាម។

ចំណែកកញ្ញា សរ កណិកា និងលោក តុន និមល ដែលជាអ្នកគាំទ្រលោក រ៉ុង ឈុន នោះ ក៏ត្រូវបានតុលាការចាប់ខ្លួននិងចោទប្រកាន់ពីបទ«ញុះញង់»ដូចគ្នាដែរ។ 

ចៅក្រមសាលាដំបូងរាជធានីភ្នំពេញ លោក លិ សុខា  នៅព្រឹកថ្ងៃពុធនេះ បានប្រកាសសាលក្រមដោយ​ផ្ដន្ទាទោសលោក រ៉ុងឈុន ឱ្យជាប់ពន្ធនាគារ២ឆ្នាំ និងបង់ពិន័យចូលរដ្ឋ២លានរៀល។ ដោយឡែក អ្នកគាំទ្រ កញ្ញា សរ កណិកា និងលោក តុន និមល ជាប់ពន្ធនាគារចំនួន២០ខែ ពិន័យប្រាក់ចូលរដ្ឋក្នុងម្នាក់ៗ២​លានរៀល ក្រោមបទចោទ «ញុះញង់ឱ្យមានភាពវឹកវរដល់សន្តិសុខសង្គម»

ក្រៅពីជាប់ពន្ធនាគារនិងបង់ពិន័យចូលរដ្ឋហើយ ចៅក្រមជំនុំជម្ រះលោក លិ សុខា ក៏បានបង្គាប់ឱ្យលោក រ៉ុងឈុន កញ្ញា សរ កណិកា និងលោក តុន និមល សងការខូចខាតទៅគណៈកម្មាធិការព្រំដែនកម្ពុជា ចំនួន៤០០លានរៀល ឬប្រមាណ១០​ម៉ឺនដុល្លារទៀតផង។

ថ្លែងក្នុងបន្ទប់សវនាការ លោក រ៉ុង ឈុន ចាត់ទុកសេចក្ដីសម្រេចរបស់ចៅក្រមនៅថ្ងៃនេះថា ជារឿងអយុត្តិធម៌ និងជាការអនុវត្តផែនការរបស់អ្នកមានអំណាច​ និងក្រោមរូបភាពនយោបាយ។ 

លោក រ៉ុង ឈុន បាននិយាយនៅក្នុងបន្ទប់សវនាការថា៖ «វាអយុត្តិធម៌! វាត្រូវបានអនុវត្តដោយផ្អែកលើ​ផែនការ និងបញ្ជាពីអ្នកគ្រប់គ្រង។ តុលាការ​ស្ថិតក្រោមឥទ្ធិពលអ្នកនយោបាយ ដូច្នេះតុលាការមិនអាចរកយុត្តិធម៌ជូនខ្ញុំបានទេ»។

ចំណែក​កញ្ញា សរ កណិកា និងលោក តុន និមល ក៏បានស្រែកនៅចំពោះមុខចៅក្រមនិង​មុខស្ថានទូតនានាដែលឃ្លាំមើលសវនាការនេះដែរថា ការសម្រេចសេចក្ដីរបស់តុលាការ​ជារឿងអយុត្តិធម៌សម្រាប់ពួកគេដែរ។

តែយ៉ាងណា​ មេធាវីការពារក្ដីឱ្យរដ្ឋាភិបាល ​លោក គូន សារឿន មានប្រសាសន៍ថា ការសម្រេចរបស់តុលាការ​បាន​ផ្ដល់យុត្តិធម៌និងកិត្តិយសដល់គណៈកម្មការព្រំដែន។

លោកថ្លែងថា៖ «ក្នុងនាមមេធាវីរដ្ឋាភិបាល តំណាងគណៈកម្មការ​យើងទទួលបានកិត្តិយសយើងឡើង​មកវិញ​។ តាមរយៈហ្នឹង[សេចក្ដីសម្រេចរបស់តុលាការ] គឺយើងអាចទទួលយកបាន»។

អ្នកស្រី ជឹម សុផល ដែលត្រូវជាម្ដាយរបស់កញ្ញា សរ កណិកា លើកឡើងថា អ្នកស្រីមិនអាចទទួលយកបានទេ ដែលតុលាការកាត់ទោសឱ្យកូនស្រីជាប់ពន្ធនាគារ ហើយបង្គាប់ឱ្យបង់ប្រាក់ច្រើនបែបនេះ ទាំងដែលកូនស្រីរបស់គាត់មិនបានធ្វើអ្វីខុសនោះឡើយ​។ 

អ្នកស្រីបន្តថា កន្លងមក អ្នកដែលធ្វើការ​ងារ​សង្គម​តែង​តែ​ត្រូវ​បាន​ចាប់​ខ្លួននិង​ចោទ​ប្រកាន់​បទល្មើស​ធ្ងន់ៗ ហើយបញ្ជូនទៅ​ឃុំខ្លួននៅពន្ធនាគារ​ភ្លាមៗ ខណៈ​អ្នកកាប់ព្រៃឈើនិងអ្នកយកដី​ប្រជាពលរដ្ឋ​មិនដែលឃើញជាប់ពន្ធនាគារឡើយ។ អ្នកស្រីអំពាវនាវ​ទៅអង្គការជាតិនិងអន្តរជាតិ​ជួយអន្តរាគមន៍ទៅរដ្ឋាភិបាលឱ្យ​ដោះលែងកូនស្រី រួមទាំងអ្នកផ្សេងទៀតឱ្យមានសេរីភាពវិញ។

អ្នកស្រីថា៖ «កូនខ្ញុំមានកំហុសអី? គ្រាន់តែឱ្យមកទិញអីវ៉ាន់មកលក់ដូរ ហើយមកចាប់គ្នានៅកន្លែងភោជនីយដ្ឋានទន្លេបាសាក់​​ក្បាលថ្នល់។ តាមដានគ្នា ទៅតាមចាប់គ្នា បើគ្នាទៅកាប់សម្លាប់គេទៅមិនថាទេ ​ព្រោះគ្នាគ្រាន់តែឈឺឆ្អាលរឿងសង្គម​ វាហួសហេតុពេក​»។

មេធាវីការពារក្ដីឱ្យលោក រ៉ុង ឈុន និងអ្នកគាំទ្រពីរនាក់ទៀតនោះ លោក ​ជូង ជូងី បង្ហាញ​ការ​ខកចិត្តចំពោះការសម្រេចរបស់​ចៅក្រម ដោយ​​ថា កូនក្ដីរបស់លោកមិន​បាន​ប្រព្រឹត្ត​បទ​ល្មើសដូច​​ការចោទប្រកាន់ឡើយ​។

លោកថា៖ «ខ្ញុំយល់ថា​ គាត់មិនបានប្រព្រឹត្តបទ”ញុះញង់”ទេ​ អត់មានភស្តុតាងជាក់លាក់ថាកូនក្ដីខ្ញុំប្រព្រឹត្ត​បទ”ញុះញង់”ផង។ ខ្ញុំនឹងជួបកូនក្ដី ពិភាក្សាគ្នាពីការប្រើសិទ្ធិប្ដឹងឧទ្ធរណ៍»។

នាយក​រង​ទទួល​បន្ទុក​ផ្នែក​ឃ្លាំមើល​សិទ្ធិ​មនុស្សនៃអង្គការលីកាដូ លោក អំ សំអាត សង្កេតឃើញ​ថា តុលាការហាក់មិនបានបន្ធូរបន្ថយចំពោះ​ការផ្ដន្ទាទោសទៅ​លើអ្នកទាំង៣រូប​​នេះឡើយ ខណៈ​​ការ​បង់ប្រាក់ពិន័យនិងបង្គាប់ឱ្យបង់សងសំណង​ក៏មានចំនួនច្រើន​​​ ដែល​ពួកគាត់​​ជាប្រជាពលរដ្ឋអាចនឹង​គ្មាន​លទ្ធភាពបង់ឡើយ។

លោកបន្តថា៖ «ទាំងអង្គការជាតិនិងអន្តរជាតិបានលើកឡើងថា អ្វីដែលធ្វើការចាប់ ការឃុំខ្លួនកន្លងមក ហាក់មានពាក់ព័ន្ធនឹងសកម្មភាពនយោបាយច្រើនជាងការអនុវត្តច្បាប់។ ខ្ញុំគិតថា សាលក្រមមួយនេះ ក៏វាជាសារមួយដែលធ្វើឱ្យអ្នកដែលមាន​ចិត្តចង់ចូលរួមការងារសង្គម ការងារសិទ្ធិមនុស្សហ្នឹង មានអារម្មណ៍ភ័យខ្លាចក្នុងការចូលរួម​»។

ពាក់ព័ន្ធរឿងនេះដែរ កាលពីខែកុម្ភៈ ឆ្នាំ២០២១ ប្រធានគណបក្សខ្មែរឈ្នះ លោក សួង សុភ័ណ្ឌ ក៏ត្រូវបានចៅក្រមសាលាដំបូងរាជធានីភ្នំពេញ ផ្តន្ទាទោសដាក់ពន្ធនាគារ២០ខែ និងបង្គាប់ឱ្យបង់ប្រាក់២ ០០០​លានរៀល ឬប្រហែល៥០​ម៉ឺនដុល្លារដល់គណៈកម្មការព្រំដែនដែរ បន្ទាប់​ពីលោកតវ៉ា​ជិត​សាលាដំបូងរាជធានីភ្នំពេញ ដោយគាំទ្រចំពោះការលើកឡើងរបស់លោក រ៉ុង ឈុន។

ក្រោយពីតុលាការ​សម្រេច​បែបនេះ ឯកអគ្គរដ្ឋទូត​សហ​រដ្ឋ​អាមេរិក​​ប្រចាំ​នៅកម្ពុជា លោក W. Patrick Murphy បានលើកឡើងនៅលើបណ្ដាញសង្គមថា ការផ្ដន្ទាទោសលោក រ៉ុង ឈុន នៅថ្ងៃនេះ បាន​​ធ្វើឱ្យ​មានការ​ចោទសួរ​យ៉ាងខ្លាំងទៅលើ​សេរីភាពក្នុង​ការបញ្ចេញមតិដែលត្រូវបានការពារនៅក្នុងរដ្ឋធម្មនុញ្ញ និងសារៈសំខាន់​នៃដំណើរការលទ្ធិប្រជាធិបតេយ្យ។ 

លោកបាន​លើកឡើងបន្ត​ថា៖ «ប្រព័ន្ធតុលាការ​មិនគួរត្រូវបានរំលោភបំពាន ដើម្បីបំបិទមាត់សកម្មជនដោយសន្តិវិធីឡើយ» ។

ក្រៅពីឯកអគ្គរដ្ឋទូត​សហ​រដ្ឋ​អាមេរិក​ប្រចាំនៅកម្ពុជា នៅថ្ងៃនេះដែរ ស្ថានទូតអង់គ្លេសក៏បានបង្ហាញការព្រួយបារម្ភចំពោះការសម្រេចផ្ដន្ទាទោសលើសំណុំរឿងលោក រ៉ុង ឈុន ផងដែរ។ 

នៅក្នុងបន្ទប់សវនាការនៅព្រឹកមិញនេះដែរ លោក រ៉ុង ឈុន និងអ្នកជាប់ឃុំផ្សេងទៀតក៏បាន​បង្ហាញការ​​ព្រួយបារម្ភពីការឆ្លងជំងឺកូវីដ-១៩បំប្លែងថ្មី ប្រភេទ “ដែលតា​” ដោយ​សារ​​ក្នុងពន្ធនាគារមានភាពចង្អៀតណែន។ លោក​បន្តថា កន្លងមក មាន​អ្នកជាប់ឃុំមន​សិការ​ចំនួន៣២​នាក់ហើយបានឆ្លងជំងឺកូវីដ-១៩នៅក្នុង​ពន្ធនាគារ។ ករណីនេះ លោកស្នើទៅសហគមន៍ជាតិ និងស្ថានទូត ជួយអន្តរាគមន៍និងតាមឃ្លាំមើលចំពោះសុវត្ថិភាពអ្នកជាប់ឃុំនៅពន្ធនាគារឱ្យបានដិតដល់៕ 

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ