តុលាការ​ខ្មែរ​ក្រហម​បន្ត​បើក​សវនាការ​លើ​បណ្តឹង​សាទុក្ខ​របស់​លោក​ ខៀវ សំផន

លោក នួន ជា (រូបខាងឆ្វេង) និងលោក ខៀវ សំផន (រូបខាងស្ដាំ) ក្នុងសាវនាការសាលាដំបូងនៃសាលាក្តីខ្មែរក្រហម ក្នុងសំណុំរឿង០០២ ផ្នែកទី២ នាព្រឹកថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៨។ (រូបភាព៖ ជន ចាន់រ៉ែន)

អង្គជំនុំជម្រះតុលាការកំពូលនៃអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា បានបន្ត​បើក​សវនាការនៅ​ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២១ សម្រាប់ថ្ងៃទី៣ នៃសវនាការលើបណ្តឹងសាទុក្ខក្នុង​សំណុំ​រឿង ​០០២/០២ ប្រឆាំង​នឹង​ជន​ជាប់​ចោទ លោក​ ខៀវ សំផន។

ប្រធានផ្នែកកិច្ចការសាធារណៈ និងជាអ្នកនាំពាក្យសាលាក្តីខ្មែរក្រហម បានឱ្យដឹង​ថា សវនាការ​របស់​អង្គជំនុំ​ជម្រះតុលាការកំពូល នៅថ្ងៃនេះ បាន​ផ្ដោតជាសំខាន់​ទៅលើប្រធានបទស្តីពី «ទឡ្ហីករណ៍នៃបណ្ដឹងសាទុក្ខពាក់ព័ន្ធនឹង​ការ​ទទួល​ខុសត្រូវផ្នែក​ព្រហ្មទណ្ឌជាលក្ខណៈ​បុគ្គល​របស់​ ខៀវ សំផន» និង «ទឡ្ហីករណ៍នៃបណ្ដឹងសាទុក្ខពាក់ព័ន្ធទៅនឹងការប្រកាសទោស»

សាលាក្តីខ្មែរក្រហម គ្រោងបើកសវនាការលើបណ្តឹងសាទុក្ខរបស់លោក ខៀវ សំផន នេះ រយៈ​ពេល​៤ថ្ងៃ ចាប់​ពី​ថ្ងៃចន្ទ ទី១៦ ខែ​សីហា ដល់ថ្ងៃព្រហស្បតិ៍ ទី​១៩ ខែ​សីហា និង​ត្រៀមបម្រុង​មួយ​ថ្ងៃ​ទៀត គឺនៅថ្ងៃសុក្រ។

សវនាការនេះធ្វើឡើងតាមបណ្តឹងសាទុក្ខរបស់លោក ខៀវ សំផន អតីតប្រធានគណៈប្រធានរដ្ឋនៃរបបខ្មែរក្រហម ដើម្បីប្រឆាំងនឹងសាលក្រមរបស់អង្គជំនុំជម្រះសាលាដំបូងនៃអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា ដែលបានកាត់ទោស​លោក និង​លោក នួន ជា បងធំទី២ ឱ្យជាប់​ពន្ធនាគារអស់​មួយ​ជីវិត កាលពីថ្ងៃទី​១៦ ខែ​វិច្ឆិកា ឆ្នាំ​២០១៨។ ប៉ុន្តែ​សំណុំរឿងរបស់​លោក នួន ជា បានផុត​រលត់ក្រោយពីលោក នួន ជា បានទទួលមរណភាពនៅថ្ងៃទី៤ ខែសីហា ឆ្នាំ២០១៩។

លោក ខៀវ សំផន ដែលបច្ចុប្បន្នមានអាយុ៩១ឆ្នាំ គឺ​ជា​អតីត​មេដឹកនាំខ្មែរក្រហមតែម្នាក់គត់​ដែល​នៅរ​ស់រានមានជីវិត​ ក្នុងចំណោមអតីតមេដឹកនាំជាន់ខ្ពស់៤រូប រួម​មាន លោក អៀង សារី លោកស្រី អៀង ធីរិទ្ធ និងលោក នួន ជា ដែលសុទ្ធតែបានទទួលមរណភាពជាបន្ត​បន្ទាប់ នៅក្នុងអំឡុងពេលដំណើរការកាត់ទោសពីឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ ឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិ និងឧក្រិដ្ឋកម្មសង្គ្រាម នៅចន្លោះពីឆ្នាំ១៩៧៥ ដល់ថ្ងៃទី៦ ខែមករា ឆ្នាំ​១៩៧៩៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ