កម្ពុជា​ទម្លាក់​ការ​ព្យាករ​កំណើន​សេដ្ឋកិច្ច​​ឆ្នាំ​២​០២១​ពី៤%​មក​នៅ​ត្រឹម​ជាង២%

កុមារ ២​នាក់​ដើរ​នៅ​តាម​មាត់​ទន្លេ​ នាខណ្ឌជ្រោយចង្វារ ទល់​មុខ​តំបន់​អភិវឌ្ឍន៍​កោះ​ពេជ្រ​ កាលពី​ថ្ងៃ​ទី​៨ ខែ​មេសា ឆ្នាំ​២០២០។ (បញ្ញា ឆពណ្ណ)

ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានទម្លាក់ការព្យាករ​កំណើនសេដ្ឋកិច្ចឆ្នាំ២​០២១ពី ៤% មកនៅ​ត្រឹម ២,៤% វិញ បន្ទាប់ពីការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩​នៅក្នុងសហគមន៍បាន​និងកំពុង​បន្ទច់​បង្អាក់​យ៉ាងខ្លាំងដល់​សកម្មភាពសេដ្ឋកិច្ចនិងពាណិជ្ជកម្ម។

កាលពីដើមឆ្នាំ​២០២១ ក្រសួងសេដ្ឋកិច្ចបានព្យាករថា កំណើនសេដ្ឋកិច្ចកម្ពុជានៅឆ្នាំ២០២១ ត្រូវបានរំពឹងថា អាចនឹងមានកំណើនក្នុងអត្រា ៤% ដោយសារ​ការ​ទ្រទ្រង់ដែល​ងើប​ឡើង​វិញនៃ​សកម្មភាព​ពាណិជ្ជកម្ម-ធុរកិច្ចក្នុងស្រុក និងកំណើនវិជ្ជមាន​នៃសេដ្ឋកិច្ច​សកល និង​ការកើនឡើងនូវតម្រូវការខាងក្រៅ ជាពិសេសការប្រើប្រាស់និងការវិនិយោគឯកជន ដែលជាលទ្ធផលនៃការដាក់ចេញគោលនយោបាយគាំទ្រនៅតាមបណ្តាប្រទេសនានា។

ប៉ុន្តែនៅក្នុងសិក្ខាសាលាស្តីពី «ការឈ្វេងយល់អំពីការកសាងក្របខណ្ឌគោលនយោបាយ​ម៉ាក្រូសេដ្ឋកិច្ច និងគោលនយោបាយហិរញ្ញវត្ថុសាធារណៈ សម្រាប់ការរៀបចំសេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២២» កាលពីថ្ងៃទី១៧ ខែសីហា​ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោក អូន ព័ន្ធមុនីរ័ត្ន បានថ្លែងថា ព្រឹត្តិការណ៍សហគមន៍២០​កុម្ភៈ បានធ្វើឱ្យសេដ្ឋកិច្ចកម្ពុជាអាចនឹងសម្រេចបានអត្រាកំណើនត្រឹមតែ ២,៤​% ប៉ុណ្ណោះនៅ​ក្នុងឆ្នាំ២០២១​នេះ។

លោកបន្តថា ការព្យាករកំណើនសេដ្ឋកិច្ចលើកនេះ ពោលគឺទាបជាងការព្យាករកាលពី​ដើមឆ្នាំ ដោយ​សារតែការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩នៅក្នុងសហគមន៍បាននិងកំពុងបន្ទច់បង្អាក់យ៉ាងខ្លាំងដល់សកម្មភាពពាណិជ្ជកម្ម ដែលធ្វើឱ្យវិស័យទេសចរណ៍ វិស័យលក់ដុំ-លក់រាយ ដែលជាសកម្មភាពប្រើប្រាស់ក្នុងស្រុក វិស័យសំណង់ និងអចលនទ្រព្យ បន្តធ្លាក់ចុះយ៉ាងគំហុក។

តែទោះជាយ៉ាងនេះក្តី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រំពឹងថា សម្រាប់​ឆ្នាំ២០២២ សេដ្ឋកិច្ចកម្ពុជា​ត្រូវបានរំពឹងថា នឹងសម្រេចបានក្នុងអត្រា ៤,៨% វិញ ហើយ​​​មូលហេតុនោះ​ គឺដោយ​សារ​ការ​សម្រប​ខ្លួន​បាន​ទៅ​នឹង​ប្រក្រតី​ភាព​ថ្មី (New Normal) ព្រមទាំងភាពធូរស្រាលនៃការរីករាលដាលនៃជំងឺកូវីដ-១៩ បន្ទាប់ពីការចាក់វ៉ាក់សាំងត្រូវបានអនុវត្តនៅទូទាំងប្រទេស។

លោក សាក់ វាសនា ដែលអះអាងថាជាកម្មករសំណង់ធ្វើការ​នៅ​បុរីមួយ​កន្លែងក្នុងរាជធានីភ្នំពេញ លើកឡើងនៅថ្ងៃព្រហស្បតិ៍នេះ​ថា អំឡុង​ពេលជួបវិបត្តិកូវីដ-១៩ ធ្វើឱ្យគ្រួសារលោក​​ជួបបញ្ហាប្រឈម​ច្រើន​ក្នុងជីវភាព ដោយសារគ្មានការងារធ្វើ។

លោកបាន​ស្នើទៅរដ្ឋាភិបាលជួយបណ្តុះបណ្តាលវិជ្ជាជីវៈ ឬបង្កើតការងារឱ្យប្រជាពលរដ្ឋ ជាពិសេស​យុវជន​ដែលកំពុងពេញកម្លាំង ដើម្បីឱ្យ​ពួកគេអាច​រកប្រាក់ទ្រទ្រង់​ជីវភាពគ្រួសារ បើពុំដូច្នេះទេ ពួកគេនឹងជួបបញ្ហាប្រឈមសេដ្ឋកិច្ចគ្រួសារកាន់តែខ្លាំង។

លោក​ថា៖ «ខ្ញុំសំណូមពរដល់​រដ្ឋាភិបាលទប់ស្កាត់ជំងឺកូវីដ-១៩ឱ្យបានល្អ។ ហើយមួយទៀត ជួយ​បង្កើតការងារដល់យុវជន កម្មករ-កម្មការិនី។ ឧទាហរណ៍ដូចខ្ញុំ ចេះជំ​នាញ ​”ក” ឬ​ជំនាញ​ “ខ” ដើម្បីឱ្យគាត់បង្កើតឱ្យមានការងារធ្វើ។ បើអត់មានការងារធ្វើ ដូចខ្ញុំដាច់បាយហើយ ការងារក៏អត់ ផ្ទះជួលក៏បង់ប្រចាំខែ ថ្លៃទឹកថ្លៃភ្លើងទៀត»។

អ្នកស្រាវជ្រាវសេដ្ឋកិច្ចកម្ពុជា លោក ចាន់ សុផល មានប្រសាសន៍ថា ដើម្បីទប់ស្កាត់កុំឱ្យសេដ្ឋកិច្ចកម្ពុជាធ្លាប់ចុះបន្តទៀត ជំហានដំបូង រដ្ឋាភិបាលនិងប្រជាពលរដ្ឋត្រូវរួមគ្នាកាត់ផ្តាច់​ការ​ឆ្លងជំ​ងឺកូវីដ-១៩ ហើយរដ្ឋត្រូវសម្រួលផ្នែកធុរកិច្ចដល់វិនិយោគិនថ្មីដែលមានបំណង​មកបណ្តាក់​ទុននៅកម្ពុជា រួមទាំងបណ្តុះបណ្តាលវិជ្ជាជីវៈពលរដ្ឋ​ដែលគ្មានការងារធ្វើ ទើបទទួលបានផលវិជ្ជមាន។

លោកមានប្រសាសន៍ថា៖ «ធ្វើយ៉ាងម៉េចឱ្យសកម្មភាពសេដ្ឋកិច្ចនៅកម្ពុជាកុំរាំងស្ទះខ្លាំង ដូចអ្វីដែលយើងអាចសម្រួលបាន ឧទាហរណ៍ ដូចថ្លៃស្ថាប័ន រៀបចំបញ្ជីស្នាមនាំចេញ-នាំចូល ​ជាដើម។ ហើយអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធបន្ថែម ដើម្បីសម្រួលចរន្តសេដ្ឋកិច្ច ហើយនិង​បន្ថយថ្លៃដើម​វិស័យ​អគ្គិសនីដែលប៉ះពាល់ខ្លាំងដល់ឧស្សាហកម្ម ដល់ការវិនិយោគផ្សេងៗ»។

កាលពីឆ្នាំ២០២០ កំណើនសេដ្ឋកិច្ចកម្ពុជាបានធ្លាក់ចុះដល់ -៣,១% បន្ទាប់ពីបានស្គាល់កំណើន​ខ្ពស់បំផុតក្នុងរង្វង់ ៧ % អស់រយៈពេលជិត១០ឆ្នាំ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ