សហភាព​អឺរ៉ុប​មាន​​ក្តី​កង្វល់​ជុំវិញ​ការ​កាត់​ទោស​លោក​ រ៉ុង​ ឈុន​ និង​សកម្ម​ជន​២​នាក់​ទៀត​

ក្រុម​ស្ត្រីជា​សាច់ញាតិ​អតីតមន្ត្រី​បក្ស​សង្គ្រោះ​ជាតិ ប្រមូលផ្ដុំ​គ្នា​ដាក់​ញត្តិ​ទៅ​ព្រះបរមរាជវាំង ស្នើសុំ​ព្រះរាជ​អន្តរាគមន៍​ពី​អង្គ​ព្រះមហាក្សត្រ ដើម្បី​ឱ្យ​ជួយ​ដោះស្រាយ​ករណី​អតីតមន្ត្រី​បក្ស​សង្គ្រោះ​ជាតិ​ត្រូវ​បាន​តុលាការ​ចោទប្រកាន់​និង​ឃុំខ្លួន ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២០។ (ហ៊ី ឆាយ​)

សហភាពអឺរ៉ុប ចាត់ទុក​សាលក្រមកាត់ទោសប្រឆាំងនឹងលោក រ៉ុង ឈុន និងសកម្មជនពីរនាក់ផ្សេងទៀត ថា​ជាក្តីកង្វល់របស់ខ្លួន និងបានអំពាវនាវឱ្យរដ្ឋាភិបាលកម្ពុជាបើក​លំហសេរីភាព​នៃការបញ្ចេញមតិនិងការជួបប្រជុំឡើងវិញ។

តាមរយៈតំណាងរបស់ខ្លួនប្រចាំនៅកម្ពុជា សហភាពអឺរ៉ុបបានចេញសេចក្តីថ្លែងការណ៍ខ្លីមួយនៅថ្ងៃទី១៩ ខែសីហា​នេះ ដោយបានចាត់ទុកថា សាលក្រមកាត់ទោសប្រឆាំងនឹងលោក រ៉ុង ឈុន និងសកម្មជនពីរនាក់ផ្សេងទៀត បានធ្វើឱ្យប៉ះពាល់ដល់ការបញ្ចេញមតិជាសាធារណៈនៃការមិនយល់ស្របឬការរិះគន់ផ្នែកនយោបាយ និងចោទជាសំណួរអំពីឯករាជ្យភាពនៃប្រព័ន្ធតុលាការកម្ពុជា។

សេចក្តីថ្លែងការណ៍បន្តថា ប្រជាពលរដ្ឋកម្ពុជា ដោយមិនគិតពីនិន្នាការស្ថាប័នរបស់ខ្លួន ត្រូវធានា​នូវ​សេរីភាព​ក្នុងការបញ្ចេញមតិនិងសេរីភាពនៃការជួបជុំដោយសន្តិវិធី ស្របតាមកតិកាសញ្ញាអន្តរជាតិស្តីពីសិទ្ធិពលរដ្ឋនិងសិទ្ធិនយោបាយ និងសិទ្ធិដែលមានចែងក្នុងរដ្ឋធម្មនុញ្ញកម្ពុជា។ សេចក្តីថ្លែងការណ៍ដដែលបន្តថា សេរីភាពក្នុងការបញ្ចេញមតិ គឺជាផ្នែកមួយដ៏សំខាន់នៃលទ្ធិប្រជាធិបតេយ្យដែលដំណើរការដូចតុលាការឯករាជ្យ ដោយមិនគួរត្រូវបានប្រើប្រាស់ដើម្បីបំបិទមាត់សកម្មជនតវ៉ាដោយសន្តិវិធីនោះទេ។

សហភាពអឺរ៉ុប ក៏បានរម្លឹកឡើងវិញនូវការអំពាវនាវរបស់ខ្លួន​ដល់​ប្រទេស​កម្ពុជា ដើម្បីអនុ​ញ្ញាត​ឱ្យ​មាន​សេរីភាព​ក្នុង​ការ​បញ្ចេញ​មតិនិងការជួបប្រជុំស្របតាមការប្តេជ្ញាចិត្តជាអន្តរជាតិ​របស់​ខ្លួន។

គួរជម្រាបជូន​ថា តុលាការ​ក្រុង​ភ្នំពេញ កាលពី​ថ្ងៃ​ទី​​១៨ ខែ​សីហា បាន​សម្រេច​​កាត់​​ទោស​លោក រ៉ុង ឈុន សកម្មជន​ការងារ និង​ជា​អ្នកឃ្លាំមើលព្រំដែន ឱ្យ​ជាប់​ពន្ធនាគារ​រយៈ​ពេល​២ឆ្នាំ ពី​បទ «ញុះញង់​ឱ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម»។ តុលាការ​ក៏​បាន​កាត់​ទោស​សកម្មជន​ពីរ​នាក់​ទៀត រួមមាន ​កញ្ញា សរ កណិកា និង​លោក តុន និមល ឱ្យ​ជាប់​ពន្ធនាគារម្នាក់២០​ខែក្រោម​បទ​ចោទ​ដូច​​​គ្នា និងបានបង្គាប់ឱ្យអ្នកទាំង៣ រួមគ្នាសងជំងឺចិត្តទៅគណៈកម្មការព្រំដែនកម្ពុជាចំនួន៤០០​លានរៀល ឬ​១០ម៉ឺនដុល្លារអាមេរិក និងបង់ប្រាក់បង្គាប់ក្តីម្នាក់២​លានរៀលទៅតុលាការផងដែរ។

ក្រៅពីសហភាពអឺរ៉ុប ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា និងស្ថានទូតប្រទេសស៊ុយអ៊ែតប្រចាំនៅកម្ពុជា ក៏បានបញ្ចេញប្រតិកម្មចំពោះការកាត់ទោសលោក រ៉ុង ឈុន និងសកម្មជនពីរនាក់ផ្សេងទៀតនេះផងដែរ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ