មន្ត្រី​ក្រសួង​កសិកម្ម​ប្រាប់​ក្រុមហ៊ុន​ដែល​ចង់​ស្នើ​ដេញ​ថ្លៃ​នាំ​ចូល​ជ្រូក​ បង្វែរ​មក​វិនិយោគ​​ការ​ចិញ្ចឹម​ក្នុង​ស្រុក​វិញ  ​​

កសិដ្ឋានចិញ្ចឹមជ្រូករបស់អ្នកភូមិម្នាក់ ស្ថិតនៅក្នុងឃុំក្រាំងយ៉ូវ ស្រុកស្អាង ខេត្តកណ្ដាល។ រូបភាព៖ ហួត វុទ្ធី

មន្ត្រីជាន់ខ្ពស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានជំរុញក្រុមហ៊ុន​ដែលមានបំណងចង់ឱ្យក្រសួងដាក់​​ដេញថ្លៃការនាំសត្វ​ជ្រូក​ចូល​ពី​ក្រៅ​ប្រទេស ឱ្យពួកគេបង្វែរទៅជាការវិនិយោគលើការចិញ្ចឹមសត្វ​​ជ្រូក​ក្នុងស្រុក​ដើម្បីផ្គត់ផ្គង់​ទីផ្សារ​ជំនួស​វិញ។

ការជំរុញនេះធ្វើឡើងក្រោយមានក្រុមហ៊ុនឯកជនក្នុងស្រុកចំនួន៤ កាលពីថ្ងៃទី​១២ ខែសីហា ឆ្នាំ​២០២១ បាន​ចេញលិខិត​មួយដោយ​ចោទ​ក្រសួង​កសិកម្ម​ថា អនុញ្ញាតឱ្យក្រុមហ៊ុន​នាំជ្រូក​ចូល​ពី​ក្រៅ​ប្រទេសដោយ​​ប្រកាន់បក្ខពួក ដែលធ្វើឱ្យ​ឈ្មួញ​នាំចូល​ជ្រូក​ផ្តាច់មុខនោះដំឡើងថ្លៃ​​ខ្ពស់ស្រេច​តែ​ចិត្ត។

ពួកគេ​បន្តថា ក្រុមហ៊ុនដទៃទៀតមិនមានឱកាសដើម្បីទទួលបានសិទ្ធិនាំចូលដើម្បីប្រកួតប្រជែងលក្ខណៈទីផ្សារសេរីបាននោះទេ ដែលកត្តានេះធ្វើឱ្យ​​ប៉ះពាល់ដល់ផលប្រយោជន៍និងសិទ្ធិធ្វើពាណិជ្ជកម្ម​ដោយ​សេរីរបស់​ក្រុម​ហ៊ុន​ស្របច្បាប់នានា ដែលបានចុះបញ្ជីពាណិជ្ជកម្មនៅកម្ពុជាយ៉ាងខ្លាំង។ លើសពីនេះទៀតនោះ ធ្វើឱ្យ​ប៉ះពាល់ដល់ជីវភាពរស់នៅប្រចាំថ្ងៃរបស់ពលរដ្ឋយ៉ាងខ្លាំងផងដែរ។

បញ្ហា​នេះ ពួកគេស្នើទៅក្រសួងកសិកម្មកំណត់​គោលការណ៍​ដាក់ដេញថ្លៃ ដើម្បីនាំចូលសត្វជ្រូករស់យកមកផ្គត់ផ្គង់ទីផ្សារ​នៅកម្ពុជាតែម្តង។

ជាការឆ្លើយតបករណីនេះ អគ្គលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក ស្រី វុឌ្ឍី មាន​ប្រសាសន៍​នៅថ្ងៃទី​១៨ ខែ​សីហា ​ថាក្រុមហ៊ុនទាំងនោះគួរតែវិនិយោគលើការចិញ្ចឹម ប្រសើរជាងការនាំចូលពីក្រៅប្រទេស ​និងដើម្បីកាត់បន្ថយការរីករាលដាលនៃជំងឺផង។

លោកថា៖ «[ក្រសួង] គាំទ្រឱ្យ​មានការចិញ្ចឹមក្នុងស្រុក។ ពួកគាត់ [ក្រុម​ហ៊ុន​ឯកជន​] គួរតែវិនិយោគលើការចិញ្ចឹម ប្រសើរជាងការនាំចូលពីក្រៅប្រទេស។ ការនាំចូលសត្វ សាច់ ត្រូវអនុលោមតាមវិធានអនាម័យ និងភូតគាមអនាម័យ និងច្បាប់ស្តីពីសុខភាពសត្វ​​និងផលិតកម្មសត្វ សំដៅជួយទប់ស្កាត់ការរីករាលដាលជំងឺឆ្លង»។

ចំណែក​ប្រធានសមាគមចិញ្ចឹមសត្វកម្ពុជា លោក ស្រ៊ុន ពៅ បញ្ជាក់ថា បើក្រសួងពាក់ព័ន្ធអនុញ្ញាតឱ្យ​​ក្រុមហ៊ុនទាំង៤ដេញថ្លៃនាំចូលជ្រូកវិញនោះ នឹងអាចប៉ះពាល់ដល់កសិករ មិនតែប៉ុណ្ណោះការនាំចូល​សត្វរស់អាច​ជាកត្តានាំជំងឺមកផងដែរ។ លោកថា បើមានទុន ពួកគេគួរបង្វែរមកវិនិយោគលើការចិញ្ចឹមសត្វក្នុងស្រុកវិញប្រសើរជាង។

លោក ស្រ៊ុន ពៅ បញ្ជាក់ថា៖ «ក្រុមហ៊ុនដែលស្នើសុំនាំចូលជ្រូកពីប្រទេសជិតខាង មកសុំដេញថ្លៃនោះ ខ្ញុំថាមិនអាចទេ។ កសិករកំពុងចិញ្ចឹម បើមានការអនុញ្ញាតឱ្យ​មានការដេញថ្លៃនាំចូលវិញតាមអំពើចិត្ត នោះគឺបង្កផលប៉ះពាល់ដល់កសិករក្នុងស្រុក។ លើកនេះ បើមានការនាំចូលមកទៀត កសិករអាចនឹងដួលរលំ ហើយលែងជឿជាក់លើរដ្ឋាភិបាល។ អ្នកទាំងអស់ដែលមានលុយកាក់នាំជ្រូកចូល គួរបង្វែរមកជួយអ្នកចិញ្ចឹមជ្រូកក្នុងស្រុក វាល្អជាង»។

ប្រធានសមាគមសម្ព័ន្ធសហគមន៍កសិករកម្ពុជា លោក ថេង សាវឿន មានប្រសាសន៍​ថា ការរឹតបន្តឹងការ​នាំចូលជ្រូកពីបរទេសជាការផ្តល់ឱកាសនិងជួយ​លើក​កម្ពស់​ដល់​ជីវភាព​​​​កសិករ​​ដែល​ចិញ្ចឹមជ្រូក​​​ក្នុង​ស្រុក​។

លោកថា៖ «ក្រសួងគាត់ត្រូវតែគិតគូរទៅលើយន្តការនៃការគាំទ្របន្ថែម រួមជាមួយនឹងលើកទឹកចិត្តឱ្យ​មានការចិញ្ចឹមសម្រាប់ការផ្គត់ផ្គង់។ យើងកុំពឹងផ្អែកតែផលិតផលខាងក្រៅពេក វានាំឱ្យ​យើងមានបញ្ហាច្រើនទៅថ្ងៃក្រោយ ហើយយើងខាតបង់ទាំងសេដ្ឋកិច្ច។ អ៊ីចឹងបើមានការរឹតបន្តឹងការនាំចូល [ជ្រូករស់] ពីប្រទេសជិតខាង វាគឺជាចំណុចដែលនាំឱ្យ​មានការលើកកម្ពស់ផលិតផលសាច់ជ្រូកក្នុងស្រុក។ ប៉ុន្តែដើម្បីធានាថា ការផ្គត់ផ្គង់ត្រឹមត្រូវនិងផ្តល់ផលចំណេញដល់ប្រជាពលរដ្ឋ ក្រសួងត្រូវរៀបចំយុទ្ធសាស្ត្រជាដំណាក់កាលៗបន្ថែមទៀតក្នុងការគាំទ្រការចិញ្ចឹមជ្រូករបស់កសិករក្នុងស្រុក»។

អ្នកជំនាញផ្នែកកសិកម្ម និងជាទីប្រក្សាអង្គការសេដាក លោកបណ្ឌិត យ៉ង សាំងកុមារ បានសរសេរនៅលើទំព័រហ្វេសប៊ុកផ្ទាល់ខ្លួននៅថ្ងៃទី១៨ ខែសីហា​ ដោយគាំទ្រការមិនឱ្យ​នាំចូលជ្រូក១លានក្បាលក្នុងមួយឆ្នាំមក​កម្ពុជា។ លោក​បន្តថា ក្រសួងកសិកម្ម ត្រូវមានគោលនយោបាយនិងយុទ្ធសាស្រ្តគាំទ្រដល់ការចិញ្ចឹមជ្រូក​ក្នុង​ស្រុក ដោយផ្សារភ្ជាប់ជាមួយនឹងការបែងចែកធនធានមនុស្សនិងធនធានថវិកាជាក់លាក់លើការងារនេះ ជាពិសេសការផលិតកូនជ្រូក ការផលិតចំណី និងសេវាពេទ្យសត្វ។

កាលពីថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២១ រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក វេង សាខុន បានលើកឡើងតាម​បណ្តាញសង្គមហ្វេសប៊ុកផ្លូវការរបស់លោក ដោយទាមទារឱ្យសារព័ត៌មាន​មួយ​ដែល​កំពុងពេញ​និយម​នៅកម្ពុជា ប៉ុន្តែលោកមិនចេញឈ្មោះឡើយ ថាត្រូវបញ្ឈប់សកម្មភាពជាបន្ទាន់នូវការគប់គិតបំភ្លៃការពិតជាមួយឈ្មួញមានបំណងនាំចូលសត្វពីបរទេស មកបំផ្លាញការចិញ្ចឹមសត្វនៅកម្ពុជាដែលកំពុងមានវឌ្ឍភាពល្អ។

លោកសរសេរបន្ត​ថា៖ «​អំពើគប់គិតនេះ រួមជាមួយការបំភ្លៃការពិតរបស់ក្រុមព័ត៌មាននោះ គឺបានបញ្ជាក់ឱ្យ​ឃើញថា កំពុងធ្វើសកម្មភាពផ្ទុយទៅនឹងគោលនយោបាយរបស់រាជរដ្ឋាភិបាល»។

កាលពីថ្ងៃទី១៦ ខែកក្កដា ឆ្នាំ​២០២០ ក្រសួងកសិកម្ម​បានចេញលិខិតមួយបញ្ជាក់ពីការកាត់បន្ថយការនាំជ្រូកចូលពីបរទេសពីចំនួន២០ ៤០០ក្បាលក្នុងមួយថ្ងៃ នៅខែមករា ឆ្នាំ២០២០ មកនៅត្រឹម៦ ៧០០ក្បាលក្នុងមួយថ្ងៃ ត្រឹមថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២០។ ក្រសួងបញ្ជាក់ពេលនោះថា ការ​​អនុញ្ញាតឱ្យ​​នាំចូលតែជាង៦ ០០០ក្បាលនោះ ​ក្នុងន័យបង្កើនផលិតកម្មសត្វជ្រូកក្នុងស្រុក និងរកទីផ្សារជូនកសិករ ក្រុមហ៊ុនចិញ្ចឹមជ្រូក និងសមា​គម​អ្នកចិញ្ចឹមសត្វកម្ពុជា ដើម្បីបំពេញនូវកង្វះខាតប្រមាណ ១៨%​ ទៀត៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ