«ចំណូលរកមិនបាន គឺដឹងតែដាច់បាយហើយ រាល់ថ្ងៃនេះ»
ខាងលើនេះជាពាក្យពេចន៍ត្អូញត្អែររបស់ស្ដ្រីម្នាក់ដែលកំពុងអង្គុយលក់ពោតលីងនៅតាមចិញ្ចើមផ្លូវ ស្ថិតតាមបណ្តោយសួនច្បារមាត់ទន្លេ ម្ដុំសណ្ឋាគារសុខា រាជធានីភ្នំពេញ។
ស្ថិតនៅក្នុងសម្លៀកបំពាក់អាវពណ៌លឿង ខោពណ៌ខ្មៅ កំពុងអង្គុយនៅលើកៅអីក្បែររទេះលក់ពោត អ្នកស្រី ឈឿន តាំងហិ បានរៀបរាប់ប្រាប់ វីអូឌី ថាចំណូលរបស់អ្នកស្រីមានការធ្លាក់ចុះយ៉ាងខ្លាំង បន្ទាប់ពីមានការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ក្នុងដំណាក់កាលទី៣នេះ។ ទន្ទឹមនឹងការរកចំណូលមិនបាន អ្នកស្រីក៏ត្រូវចំណាយច្រើនក្នុងការរស់នៅថែមទៀត តួយ៉ាងដូចជា ថ្លៃឈ្នួលផ្ទះ ថ្លៃទឹក ថ្លៃអគ្គិសនី និងសងបំណុលគេថែមទៀតផង ខណៈពេលខ្លះ អ្នកស្រីរកប្រាក់សម្រាប់ទិញអាហារហូបចុកស្ទើរតែមិនបានផង។
អ្នកស្រីនិយាយថា៖ «ចំណូលធ្លាក់ ចង់[និយាយ]ថា រកតែប្រាក់ទិញជាអាហារហូបចុកមិនចង់បានផង គិតមើលទៅមើល! បើយើងនៅជនបទនៅចម្ការទៅ យើងអាចបេះបោចអីបានស្លហូប តែដល់ពេលយើងមកនៅនេះ [ភ្នំពេញ] យើងត្រូវការលុយតែរហូតហើយហ្នឹង! ផ្ទះជួលក៏លុយ និយាយរួម [ត្រូវចំណាយ] មួយចប់ហ្នឹង ចំណូលតែរកមិនបាន គឺដឹងតែដាច់បាយហើយនេះ»។
នៅលើផ្ទៃមុខដែលបាំងបិទដោយម៉ាស់ពណ៌សបែកព្រុយបន្តិច កែវភ្នែករំពៃមើលមនុស្សម្នាដែលកំពុងធ្វើដំណើរនៅលើដងវិថី ស្ដ្រីវ័យ៤៣ឆ្នាំរូបនេះនិយាយបន្តថា គាត់និងស្វាមីប្រកបរបរលក់ពោតនេះជិត២ឆ្នាំមកហើយ ដោយនៅក្នុងមួយថ្ងៃរកចំណូលបានជាង១០ម៉ឺនរៀល។ តែបន្ទាប់ពីមានការឆ្លងរីករាលដាលជំងឺកូវីដ-១៩នេះមក ក្នុងមួយថ្ងៃ អ្នកស្រីរកបានត្រឹមតែ៤ទៅ៥ម៉ឺនរៀល ហើយក្រោយពីដកថ្លៃដើមចេញ គឺចំណេញបានតែ២ម៉ឺនរៀលតែប៉ុណ្ណោះ។ អ្នកស្រីថា ចំណូលដែលរកបាននេះ គឺមិនអាចទប់ទល់ជាមួយនឹងការចាយវាយប្រចាំថ្ងៃ ក៏ដូចជាការសងបំណុលគេ និងផ្ញើទៅឪពុកម្ដាយចាស់ជរាដែលនៅខេត្តបាននោះឡើយ។
ជាអ្នកមានស្រុកកំណើតនៅស្រុកស្អាង ខេត្តកណ្ដាល អ្នកស្រី ឈឿន តាំងហិ រៀបរាប់ថា គាត់បានចាកចេញពីស្រុកកំណើតមកប្រកបរបរជាអ្នកលក់ពោតនេះ ដោយសារតែគាត់ជំពាក់បំណុលធនាគារ ក្រោយពីខ្ចីដើមទុនមកធ្វើចម្ការ ហើយទិន្នផលដែលបានមកមានតម្លៃទាប មិនអាចកាត់កងសងត្រឡប់ទៅកាន់ធនាគារវិញបាន។ អ្នកស្រីថា ប្រសិនបើជំងឺកូវីដ-១៩នៅតែបន្តឆ្លងរីករាលដាលបែបនេះទៀត គាត់គ្មានជម្រើសអ្វីក្រៅពីវិលត្រឡប់ទៅស្រុកកំណើតវិញនោះទេ។
អ្នកស្រីនិយាយថា៖ «បើនៅតែបែបហ្នឹង មានតែលែងលក់ដូរហើយ! ទៅនៅហូបអត់ហូបឃ្លានជាមួយគ្រួសារ ជុំជួបជាមួយម៉ែឪនៅឯស្រុកវិញហើយ»។
ស្ត្រីរូបនេះក៏បានបញ្ជាក់ដែរថា គ្រួសារគាត់មិនដែលទទួលបានជំនួយពីរដ្ឋាភិបាលនៅក្នុងអំឡុងពេលមានការរីករាលដាលជំងឺកូវីដ-១៩នេះទេ ដោយសារគាត់មិនមានបណ្ណក្រីក្រ និងមិនបានស្នាក់នៅរាជធានីភ្នំពេញ អំឡុងពេលដែលគេផ្ដល់ជំនួយ។
ស្រដៀងគ្នានេះដែរ អ្នកស្រី ចាន់ ស្រស់ ជាអាជីវករលក់ដូរភេសជ្ជៈតាមរទេះដែលអូសនៅលើខឿនសួនច្បារតាមដងទន្លេក្នុងរាជធានីភ្នំពេញដែរនោះ បានរៀបរាប់ថា ក្រោយពីមានការឆ្លងរីករាលដាលជំងឺកូវីដ-១៩មក ជីវភាពរបស់អ្នកស្រីមានការលំបាក ដោយសារការលក់ដូរមិនមានអតិថិជនទិញច្រើន។
អ្នកស្រីបន្តថា អ្នកស្រីមកចាប់អាជីពជាអ្នកលក់ភេសជ្ជៈតាមរទេះនេះ ទើបតែបានជាងមួយខែប៉ុណ្ណោះ ដោយកាលពីមុនអ្នកស្រីជាអ្នកលាងចានគុយទាវនៅតាមហាង។ ប៉ុន្តែដោយសារតែលក់មិនសូវដាច់ដូចមុន ទើបអ្នកស្រីមិនបាននៅលាងបន្តទៅទៀត។ បន្ទាប់ពីមានការយោគយល់ពីអ្នកជិតខាង អ្នកស្រីក៏បានបង់រម្លស់រទេះលក់ភេសជ្ជៈនេះក្នុងតម្លៃ៤០ម៉ឺនរៀល និងចំណាយដើមទុន២០ម៉ឺនរៀលក្នុងការទិញភេសជ្ជៈយកមកលក់ ដោយក្នុងមួយថ្ងៃ ត្រូវបង់ឱ្យម្ចាស់រទេះ១ម៉ឺនរៀល។

ស្ថិតនៅក្នុងសម្លៀកបំពាក់អាវពណ៌ផ្កាឈូកស្រស់ ស្ត្រីមកពីស្រុកទូកមាស ខេត្តកំពត រូបនេះ និយាយថា៖ «បើថ្ងៃណាយើងហេងទៅ យើងលក់បាន៥ម៉ឺនរៀល ៦ម៉ឺនរៀល ឬទៅ៧ម៉ឺនរៀល។ បើថាថ្ងៃណាមានគ្នាច្រើនទៅ [អ្នកលក់ដូចគ្នា] អស់ហើយបាន៤ម៉ឺនរៀល តាំងពីព្រឹកទល់ល្ងាច រុញពីហ្នឹងដល់សុខា [សណ្ឋាគារសុខា]។ ហើយថ្ងៃណាអត់ហេង រកតែ២ម៉ឺនរៀលដាក់ចូលហោប៉ៅមិនបានផង»។
អង្គុយឱបក្បាលជង្គង់ ភ្នែកមើលទៅកាន់កូនប្រុសដែលកំពុងតែគេងលក់នៅក្រោមម្លប់ដើមផ្កាចំប៉ី លើស្មៅទន់ល្មើយក្នុងសួនច្បារមាត់ទន្លេនៃត្រើយម្ខាង អ្នកស្រី ចាន់ ស្រស់ បានបន្តរៀបរាប់ទាំងទឹកមុខស្រងូតស្រងាត់ថា អ្នកស្រីជាស្ត្រីមេម៉ាយ ត្រូវចិញ្ចឹមកូនប្រុសម្នាក់អាយុ៧ឆ្នាំ ក្រោយពេលដែលឪពុករបស់គេបានចាកចេញទៅតាំងពីគាត់មានផ្ទៃពោះបានមួយខែមកម្ល៉េះ។ អ្នកស្រីត្រូវយកកូនទៅតាមរាល់ពេលដែលអ្នកស្រីចេញមកប្រកបរបររកស៊ីម្តងៗ។
អ្នកស្រីនិយាយរៀបរាប់ទាំងទឹកភ្នែករលីងរលោងថា ក្នុងអំឡុងពេលមានការឆ្លងរាតត្បាតជំងឺកូវីដ-១៩នេះ មានពេលខ្លះអ្នកស្រីដើរបេះត្រកួនលក់ឬបោកខោអាវតាមផ្ទះ ដើម្បីបានកម្រៃយកទៅផ្គត់ផ្គង់ជីវភាពនិងអាហារហូបចុកប្រចាំថ្ងៃ។ អ្នកស្រីបន្ថែមថា មានថ្ងៃមួយ ដោយសារអ្នកស្រីរកកម្រៃមិនបាន អ្នកស្រីក៏សម្រេចចិត្តទៅសុំអង្ករពីខាងសង្កាត់ជ្រោយចង្វារ យកមកដាំបាយឱ្យកូនបរិភោគជាមួយពងទា២គ្រាប់។

លោកស្រីនិយាយថា៖ «បើថ្ងៃណាយើងលក់អត់បានទេ យើងប្រាប់កូនទៅ! ថាកូនអើយ ថ្ងៃនេះម៉ែលក់អត់បានទេ! យើងហូបពងទាទៅណាកូនណា! ទៅដល់យើងចៀនពងទាឱ្យកូន ហើយដាក់ទឹកស៊ីអ៊ីវទៅ ក៏រួចដែរពីរនាក់ម៉ែកូន»។
អ្នកស្រី ចាន់ ស្រស់ ថារូបគាត់ធ្លាប់បានទទួលជំនួយពីរដ្ឋាភិបាលម្ដងគត់នូវទឹកប្រាក់ចំនួន២០ម៉ឺនរៀលក្នុងអំឡុងពេលនៃការឆ្លងរាតត្បាតជំងឺកូវីដ-១៩ ដំណាក់កាលទី២ ដែលមានការបិទខ្ទប់រាជធានីភ្នំពេញ។
ប្រហាក់ប្រហែលគ្នានេះដែរ លោក អៀក ភា វ័យ៣០ឆ្នាំ ដែលកំពុងអូសរទេះលក់ការ៉េមនៅក្រោមតំណក់ទឹកភ្លៀងរលឹមស្រិចៗតាមដងផ្លូវ បាននិយាយថា ក្នុងអំឡុងវិបត្តិកូវីដ-១៩នេះ លោកក៏ជួបការលំបាកក្នុងការរកទទួលទានផងដែរ ដោយសារទីក្រុងមានសភាពស្ងប់ស្ងាត់ជាងមុន។ ថ្ងៃខ្លះ លោកលក់បានជិត១០ម៉ឺនរៀល ឯថ្ងៃខ្លះ លក់បានតែ១ម៉ឺនទៅ២ម៉ឺនរៀលតែប៉ុណ្ណោះ ខណៈថ្លៃដើមត្រូវចំណាយដើមទុន១៧ម៉ឺនរៀលឯណោះ។
លោករៀបរាប់ថា ជារៀងរាល់ថ្ងៃ លោកត្រូវចេញពីផ្ទះនៅម៉ោង៨ព្រឹក ដោយធ្វើដំណើរទៅកាន់ផ្សារអូរឫស្សី ផ្សារដីហុយ ផ្សារក្រមួន ផ្សារត្រឡោកបែក និងត្រឡប់ទៅផ្សារទឹកថ្លាវិញ ហើយលក់នៅទីនោះរហូតដល់ម៉ោង៧យប់។
លោក អៀក ភា មានសមាជិកគ្រួសារនៅក្នុងបន្ទុកចំនួន៧នាក់ ក្នុងនោះ ក៏ត្រូវរ៉ាប់រងចិញ្ចឹមក្មួយម្នាក់ដែលជាក្មេងកំព្រា។ លោកថា កាលពីមុន ពេលលោកចេញទៅលក់ម្តងៗ តែងមានមនុស្សមករោមជុំជិត តែឥលូវគេមិនហ៊ានមកនោះទេ ដោយសារខ្លាចឆ្លងជំងឺដ៏កាចសាហាវមួយនេះ។

លោកនិយាយថា៖ «ទៅណាក៏គេខ្លាច ដូចថាមនុស្សខ្លាចមនុស្ស! ទោះបីគេទិញ ក៏ឈរឆ្ងាយអ៊ីចឹងទៅ! មិនដូចពីមុន គេមករោមជិតៗអស់»។
ទាក់ទងករណីនេះ ប្រធានសមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ លោក វន់ ពៅ មើលឃើញថា កាលមិនទាន់មានជំងឺកូវីដ-១៩រាតត្បាតនៅក្នុងសហគមន៍ ការលក់ដូររបស់ប្រជាជន ក៏ដូចជាអ្នកប្រកបរបរសេដ្ឋកិច្ចក្រៅប្រព័ន្ធ អាចមានប្រាក់ចំណូលសម្រាប់ផ្គត់ផ្គង់ជីវភាពគ្រួសារបាន និងអាចសល់ប្រាក់សម្រាប់សងទៅកាន់ធនាគារ។
តែពេលមានការឆ្លងរាតត្បាតនូវជំងឺដ៏កាចសាហាវនេះ លោកថា បានធ្វើឱ្យប្រាក់ចំណូលរបស់អ្នកប្រកបមុខរបរទាំងនោះ មានការធ្លាក់ចុះយ៉ាងខ្លាំងស្ទើរតែស្មើសូន្យ។

លោកមានប្រសាសន៍ថា៖ «តាំងពីមានកូវីដចូលមកកាន់ស្រុកខ្មែរ ប្រាក់ចំណូលគាត់ចាប់ផ្ដើមធ្លាក់ចុះ គឺតាំងពីដើមឆ្នាំ២០២០ ខែ៤មក។ ហើយអ្វីដែលធ្លាក់ចុះខ្លាំងហ្នឹង គឺពីខែ៤ ឆ្នាំ២០២១ គឺធ្លាក់ចុះមានកម្រិតស្ទើរតែសូន្យតែម្ដង»។
លោក វន់ ពៅ បន្តទៀតថា៖ «ជាពិសេសគឺស្ថានភាពរាល់ថ្ងៃហ្នឹង លក់ដូរ រត់រ៉ឺម៉ករាល់យប់ហ្នឹង គឺបានត្រឹមតែម៉ោង១០អ៊ីចឹងទៅទៀត គឺរឹតតែពិបាកទៀត»។
លោកមើលឃើញថា បញ្ហាពួកគាត់ត្រូវប្រឈមដែលបណ្ដាលមកពីការធ្លាក់ចុះនូវចំណូលមានដូចជា ការខ្វះខាតនូវការផ្គត់ផ្គង់អាហារហូបចុកប្រចាំថ្ងៃ ការជួលផ្ទះសម្រាប់រស់នៅ ថ្លៃទឹកថ្លៃភ្លើង ការឡើងថ្លៃទំនិញ ប្រេងសាំង និងការបង់ធនាគារផងដែរ ជាពិសេសនោះ ការការព្យាបាលសុខភាពតែម្ដង។
លោក វន់ ពៅ យល់ឃើញថា រដ្ឋាភិបាលគួរតែពិនិត្យមើលឡើងវិញនូវការផ្ដល់ជំនួយទៅកាន់ប្រជាពលរដ្ឋក្រីក្រ និងបង្កើតមុខរបរថ្មីៗបន្ថែមទៀត ដើម្បីធានាដល់ជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ។
លោកបន្តថា៖ «រដ្ឋក៏ត្រូវពិនិត្យមើលទៅលើទំនិញទីផ្សារផងដែរ កុំឱ្យហក់ឡើង! ព្រោះឥលូវ [ប្រជាជន] អត់លុយ អត់មានប្រាក់ចំណូលគ្រប់គ្រាន់ ហើយទំនិញហក់ឡើងខ្ពស់ទៀត»។
ប៉ុន្តែអ្នកនាំពាក្យក្រសួងសង្គមកិច្ច អតីតយុវជន និងយុវនីតិសម្បទា លោក តូច ចាន់នី លើកឡើងថា រដ្ឋាភិបាលនៅតែបន្តជួយដល់ប្រជាពលរដ្ឋក្រីក្រ ជាពិសេសស្ត្រីមានផ្ទៃពោះ ដោយមិនទាន់មានគម្រោងផ្អាកនូវជំនួយនោះឡើយ។
លោកបន្តថា៖ «ជួយមានបីដំណាក់កាល ជួយទី១ ជួយស្ត្រីដែលមានផ្ទៃពោះ ជួយទី២ ជួយដល់អ្នកក្រីក្រ ប៉ះពាល់ [ដោយសារកូវីដ-១៩] ហ្នឹង នៅជួយបន្ត។ ហើយជួយដល់ពេលណាឈប់? ហ្នឹងទាល់តែមានការសម្រេចពីរដ្ឋាភិបាល។ ហើយកាលពេលបិទខ្ទប់ អាហ្នឹងយើងជួយតែក្នុងរយៈពេលដែលបិទខ្ទប់ហ្នឹងទេ»។
លោកបន្តថា សម្រាប់អ្នកដែលមានផលប៉ះពាល់ថ្មី និងមិនទាន់ទទួលបានជំនួយ គឺអាចស្នើសុំទៅខាងឃុំ-សង្កាត់ ដើម្បីឱ្យមន្ត្រីមូលដ្ឋានចុះទៅធ្វើការវាយតម្លៃនិងផ្ដល់ជូននូវបណ្ណក្រីក្រ។
គិតចាប់តាំងពីខែមិថុនា ឆ្នាំ២០២០ ដល់ខែកក្កដា ឆ្នាំ២០២១ រដ្ឋាភិបាលកម្ពុជាបានបើកប្រាក់ឧបត្ថម្ភជូនដល់គ្រួសារក្រីក្របានចំនួន៥ជុំ និងចំនួន១៣លើករួចហើយ ក្នុងនោះមានគ្រួសារចំនួន៦៥៨ ៨៥៧គ្រួសារ ស្មើជាង២លាន៦សែននាក់ នៅទូទាំងប្រទេស ដោយបានចំណាយថវិកាគិតជាទឹកប្រាក់ជាង៣៨០លានដុល្លារអាមេរិក។
ជំងឺកូវីដ-១៩ មិនត្រឹមតែធ្វើឱ្យប៉ះពាល់ដល់អ្នកប្រកបរបររកស៊ីសេដ្ឋកិច្ចក្រៅប្រព័ន្ធនោះទេ តែវាក៏បានប៉ះពាល់ដល់អត្រាកំណើនសេដ្ឋកិច្ចកម្ពុជា ឆ្នាំ២០២១នេះដែរ។ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានទម្លាក់ការព្យាករកំណើនសេដ្ឋកិច្ចកម្ពុជាឆ្នាំ២០២១ពី ៤% ចុះមកនៅត្រឹម ២,៤% វិញ៕