លោក ខៀវ​ សំផន៖​ ខ្ញុំ​ស្លាប់​ទៅ​ចង​ចាំ​ជានិច្ច​ថា​ ខ្ញុំ​តែ​ម្នាក់​ឯង​ត្រូវ​គេ​កាត់​ទោស​ជា​និមិត្តរូប

លោក ខៀវ សំផន អតីតមេដឹកនាំជាន់ខ្ពស់នារបបខ្មែរក្រហម ស្ថិតក្នុងសវនាការ​លើ​បណ្តឹង​សាទុក្ខ ឬបណ្តឹងតវ៉ារបស់លោក​ ក្នុងសំណុំរឿង ០០២/០២ ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២១។ (ហ្វេសប៊ុក៖ Khmer Rouge Tribunal (ECCC))

អតីតមេដឹកនាំខ្មែរក្រហមមួយរូបបានផ្ញើសារចុងក្រោយ​ថា លោក​ស្លាប់​ទៅ​នឹង​នៅ​ច​ងចាំថា មាន​តែលោក​ម្នាក់​ប៉ុណ្ណោះត្រូវបានគេកាត់ទោសជានិមិត្តរូបឱ្យ​ទទួលខុសត្រូវពី​បទឧក្រិដ្ឋផ្សេងៗក្នុងរបប​ខ្មែរ​ក្រហម។

ការថ្លែងរបស់​លោក ខៀវ សំផន ធ្វើឡើងនៅក្នុង​ថ្ងៃចុងក្រោយ​នៃសវនាការ​លើ​បណ្តឹង​សាទុក្ខ ឬបណ្តឹងតវ៉ារបស់លោក​ ក្នុងសំណុំរឿង ០០២/០២។ សាលាក្តីខ្មែរក្រហម បាន​​បើកសវនាការលើបណ្តឹងសាទុក្ខរបស់លោ​ក ខៀវ សំផន នេះ រយៈ​ពេល​៤ថ្ងៃ ចាប់​ពីថ្ងៃចន្ទ ទី១៦ ខែសីហា ដល់ថ្ងៃព្រហស្បតិ៍​ ទី១៩ ខែសីហានេះ។

នៅនាទីចុងក្រោយនៃសវនាការ លោក ខៀវ សំផន បានប្រកាសច្រានចោលយ៉ាងដាច់អ​ហង្ការ​ជាថ្មី​ទៀតចំពោះ​ការ​ចោទប្រកាន់​នានាពីសំណាក់តុលាការនៃសាលាក្តីខ្មែរក្រ​ហ​ម ដែលកាត់ទោស​លោកឱ្យ​ជាប់ពន្ធនាគារ​អស់​មួយ​ជីវិត។

តែយ៉ាងណា ជនជាប់រូបនេះនិយាយ​ថា ទោះបីតុលាការ​ជាន់​ខ្ពស់​មួយ​នេះសម្រេច​យ៉ាងណា​ក៏​ដោយ ក៏គាត់​ដឹងថា ខ្លួន​នឹង​ត្រូវស្លាប់នៅក្នុងពន្ធនាគារ​ដដែល។

លោកបន្តថា៖ «ពេលខ្ញុំស្លាប់ទៅ ខ្ញុំចងចាំជានិច្ច ទុក្ខ​សោកវេទនារបស់ប្រជាជនកម្ពុជា។ ខ្ញុំស្លាប់ទៅ សង្កេតឃើញថា ខ្ញុំម្នាក់ឯងចំពោះអស់លោក ត្រូវ​បាន​គេកា​ត់ទោសធ្វើជានិមិត្តរូបជាជាងការប្រព្រឹត្តរបស់ខ្ញុំក្នុងឋានៈជាបុគ្គលនោះទេ»។

លោក នង ចាន់ផល អតីតជនរងគ្រោះនៅ​មន្ទីរសន្តិសុខ ​ស២១ ឬ​គុក​ទួល​ស្លែង ចាត់​ទុក​ការ​លើក​ឡើងរបស់​លោក ខៀវ សំផន គ្រាន់តែជាការដោះសារមួយប៉ុណ្ណោះ ប៉ុន្តែលោកនៅតែមិនអាចបំភ្លេចរាល់ការឈឺចាប់​ដែលកើតក្នុងសម័យខ្មែរក្រហមនោះបានឡើយ។

លោកថា៖ «សម័យហ្នឹង ពូជាកុមារម្នាក់​មានការអាម៉ាស់មែនទែន ដោយសារជាតិឯងសម្លាប់ជាតិ​ឯង។​ ដូចជាពូអ៊ីចឹង​ ជាកុមារអត់មានកំហុសអីសោះ បែរ​ជា​សម្លាប់​ទាំងគ្រួសារ​ ដែលបានបាត់បង់ក្នុងសារមន្ទីរទួលស្លែង​ ហៅ ស២១ ក៏ដូចពលរដ្ឋខ្មែរនៅទូទាំងប្រទេស មានការឈឺចាប់មែនទែន មិនអាចបំភ្លេចបានអស់មួយ​ជីវិត»។

សាស្ត្រាចារ្យប្រវត្តិសាស្ត្រ លោកបណ្ឌិត វង់ សុធារ៉ា ចាត់ទុកការថ្លែងសារចុងក្រោយរបស់លោក ខៀវ សំផន នេះថាគ្រាន់តែលេសមួយដើម្បីគេចចេញពីការទទួលខុសត្រូវចំពោះមុខប្រវត្តិសាស្ត្រតែប៉ុណ្ណោះ។

តែយ៉ាងណា ​លោកយល់ថា ​ការកាត់ទោស​ជានិមិត្តរូប វានៅតែល្អជាងរបបខ្មែរក្រហមដែលកាត់ទោសមនុស្សតាមរយៈការធ្វើទារុណកម្មយ៉ាងព្រៃផ្សៃ។

លោកថា៖ «ប្រហែលជាដូចគាត់ថាមែន បើតាមខ្ញុំមើល វាគ្រាន់តែជានិមិត្តរូប ព្រោះអត់បានធ្វើឱ្យសាហាវដូចជំនាន់គាត់»។

លោក ​ខៀវ សំផន បច្ចុប្បន្ន​មានអាយុ៩១ឆ្នាំ ជាអតីតមេដឹកនាំជាន់ខ្ពស់សម័យខ្មែរក្រហម​តែម្នាក់គត់ដែលនៅរស់រានមានជីវិត ក្នុងចំណោមអតីតមេដឹកនាំជាន់ខ្ពស់៤រូប​ រួម​មាន លោក អៀង សារី លោកស្រី អៀង ធីរិទ្ធ និងលោក នួន ជា ដែលសុទ្ធតែបានទទួលមរណភាពជាបន្តបន្ទាប់ នៅក្នុងអំឡុងពេលដំណើរការកាត់ទោសពីឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ ឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិ និងឧក្រិដ្ឋកម្មសង្គ្រាម ដែលប្រព្រឹត្តនៅចន្លោះពីឆ្នាំ១៩៧៥ ដល់ថ្ងៃទី៦ ខែមករា ឆ្នាំ១៩៧៩។

លោក ខៀវ សំផន ត្រូវបានអង្គជំនុំជម្រះសាលាដំបូងនៃសាលាក្តីខ្មែរក្រហម កាត់ទោសកាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៨ ឱ្យជាប់ពន្ធនាគារអស់មួយជីវិត ប៉ុន្តែលោក ខៀវ សំផន បានប្តឹងទាស់នឹងសាលដីកានេះ។

ទោះយ៉ាងណា ប្រធានក្រុម​ប្រឹក្សាជំនុំជម្រះតុលាការកំពូលនៃសាលាក្តីខ្មែរក្រហម នៅមិនទាន់មាន​ការ​សម្រេចយ៉ាងណា​នៅឡើយទេទៅលើសំណុំរឿងនេះ ដោយគ្រាន់តែបញ្ជាក់នឹងប្រកាសសាលដីកា​​នៅ​ពេល​​ក្រោយ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ