តៃវ៉ាន់​បាន​ចាប់​ផ្តើម​អនុវត្ត​លទ្ធិ​ប្រជា​ធិបតេយ្យ​តាម​បែប​ឌីជីថល​​ក្នុង​ការ​ទប់ស្កាត់​​ជំងឺ​រាតត្បាត

ប្រធានាធិបតីតៃវ៉ាន់ លោកស្រី Tsai Ing-wen ក្នុងថ្ងៃលោកស្រីមកទទួលការចាក់វ៉ាក់សាំង ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២១។ (ហ្វេសប៊ុក៖ 蔡英文 Tsai Ing-wen)

រដ្ឋាភិបាលតៃវ៉ាន់ បានចាប់ផ្តើមអនុវត្តនូវអ្វីដែលស្គាល់ថាជា «លទ្ធិប្រជាធិបតេយ្យតាមបែបឌីជីថល (Digital Democracy)» តាមរយៈការចេញផ្សាយទិន្នន័យរបស់ខ្លួន ជាពិសេសទាក់ទងនឹងស្ថាន​ភាពជំងឺរាតត្បាតនិងសុខភាពនៅក្នុងប្រទេស បន្ថែមពីលើការបង្ហាញនូវកំណត់ត្រានិងខ្លឹមសារនៃសន្និសីទដល់ប្រជាពលរដ្ឋ។

សាស្រ្តាចារ្យមួយចំនួនបានលើកឡើងថា វិធីសាស្រ្តរបស់រដ្ឋាភិបាលក្នុងការអនុវត្តគោលការណ៍នៃការដាក់បង្ហាញនេះ ឆ្លុះបញ្ចាំងពីភាពរីករាយនៃលទ្ធិប្រជាធិបតេយ្យនិងតម្លាភាពជាមួយប្រជាពលរដ្ឋរបស់ខ្លួន ដែលខុសទៅនឹងប្រទេសជិតខាង ដូចជាប្រទេសចិនដែលដើរតាមវិធីសាស្រ្តលាក់​បាំង​ព័ត៌មាន​ពី​ប្រជាពលរដ្ឋរបស់ខ្លួន។

លើសពីនេះទៅទៀត ផែនការសភា (Parliament Plan) បើកចំហ ដែលបង្ហាញដោយ​សមាជិកសភា​​តៃវ៉ាន់ លោក​ Freddy Lim ក៏ដូចជាបច្ចេកវិទ្យាឌីជីថលដែលស្គាល់ថាជា Civic Tech ណែនាំដោយរដ្ឋមន្រ្តីឌីជីថលតៃវ៉ាន់ លោក Audrey Tang ចូលក្នុងប្រព័ន្ធរដ្ឋាភិបាលនោះទៀតសោត មិនត្រឹម​តែស្វែងរកភាពបើកចំហនិងតម្លាភាពប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងមានបំណងចង់ឱ្យ​​ប្រជាពល​រដ្ឋ​របស់​ខ្លួនចូលរួមក្នុងការកសាងអនាគតរបស់តៃវ៉ាន់ផងដែរ។

ពួកគេក៏បានលើកឡើងដែរថា បច្ចេកវិទ្យានេះគឺជាឧបករណ៍ដ៏មានប្រសិទ្ធភាពមួយក្នុងការជួយទប់ទល់នឹងការផ្ទុះឡើងនៃជំងឺរាតត្បាតកូវីដ-១៩ ខណៈដែលវាអាចឱ្យអ្នកជំនាញនានាតាមដានទំនាក់ទំនងរបស់ប្រជាពលរដ្ឋដែលឆ្លងមេរោគកូរ៉ូណា ហើយបន្ទាប់មក បង្កើតជាបញ្ជី​មួយដែលអនុញ្ញាតឱ្យរដ្ឋាភិបាលដោះស្រាយបានយ៉ាងឆាប់រហ័សនិងត្រឹមត្រូវក្នុងគ្រាអាសន្ន ធ្វើតេស្តបន្ថែមទៀត និងការដាក់អ្នកពាក់ព័ន្ធទាំងឡាយឱ្យ​នៅដាច់ដោយឡែក ជាដើម។

នៅក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មាន A24 News លោកស្រី Lai ជាវេជ្ជបណ្ឌិតផ្នែកជីវគីមីវិទ្យាថ្លែងថា៖ «តៃវ៉ាន់មានលក្ខណៈខុសគ្នាដាច់ស្រឡះពីចិន។ តៃវ៉ាន់ជាប្រទេសសេរី និងប្រជាធិបតេយ្យ ខណៈដែលចិនជាប្រទេសផ្តាច់ការ។ នៅតៃវ៉ាន់កាលពីពេលថ្មីៗនេះ សមាជិកសភា​តៃវ៉ាន់ លោក​ Freddy Lim បានស្នើច្បាប់អំពីតម្លាភាពសភា [Congress Transparency] ដើម្បីឱ្យ​​កំណត់ត្រានិងខ្លឹមសារនៃសន្និសីទអាចត្រូវបានបង្ហាញនៅលើវេទិកាសាធារណៈសម្រាប់ប្រជាជនតៃវ៉ាន់។ នៅលើទូរទស្សន៍ យើងអាចរកឃើញបុស្តិ៍ទូរទស្សន៍ដែលមានឈ្មោះថា Congress Chanel។ ដូច្នេះហើយ ប្រជាជនអាចដឹងព័ត៌មានថ្មីភ្លាមៗ ប្រភពដើម និងសន្និសីទនៃច្បាប់ដែលមានចែងនៅក្នុងច្បាប់ Legislative Yuan»។

បុគ្គលិកមន្ទីរពេទ្យមួយរូប លោក Ha Ruo Ze បានឱ្យ​​ដឹងផងដែរថា៖ «ខ្ញុំយល់ឃើញថា គោលនយោបាយពីរដ្ឋាភិបាលនេះគឺមានអត្ថប្រយោជន៍ ខណៈដែលប្រវត្តិនៃទីតាំងរបស់មនុស្សគ្រប់គ្នាដែលធ្លាប់ទៅទិញអីវ៉ាន់ គឺអាចតាមដានបាន។ ដូច្នេះហើយ រាល់អ្នកដែលធ្លាប់មានទំនាក់ទំនងជាមួយករណីវិជ្ជមានកូវីដ-១៩ អាចត្រូវបានតាមដាន ដើម្បីធ្វើតេស្ត និងដាក់ពួកគេឱ្យ​នៅដាច់ដោយឡែកពីអ្នកដទៃ»៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ