មន្ត្រី​កម្ពុជា​​គ្រោង​ទៅ​ពិនិត្យ​ប្រាសាទ​មួយ​​នៅ​​ថៃ​ដែល​សង់​​ស្រដៀង​​ប្រាសាទ​អង្គរ​វត្ត​ពេល​​​កូវីដ​-១៩​​​ធូរ​​ស្រាល ​

ប្រាសាទ «ប្រាសាទសីហនគរ» បាន​ប្រារព្ធពិធីបុកគ្រឹះលើកដំបូងរបស់ខ្លួននៅថ្ងៃទី៥ ខែមេសា ឆ្នាំ២០២១ ក្នុងបរិវេណវត្តភូម៉ានហ្វា ផាយ៉ាឆាងរ៉ង ភូមិបានណងបួរ៉ាយ ឃុំបានសិង្គ ស្រុកនាងរ៉ង ខេត្តបុរីរម្យ ប្រទេសថៃ។ (ហ្វេសប៊ុក៖ Fuse Thinnaput)

មន្ត្រីក្រសួងវប្បធម៌ និងវិចិត្រ​សិល្បៈកម្ពុជា ឱ្យ​ដឹងថា ក្រសួង​គ្រោងបញ្ជូនក្រុមអ្នកជំនាញចុះពិនិត្យមើលទីតាំង​សាងសង់ប្រាសាទមួយកន្លែងនៅប្រទេសថៃដែលមានរចនាប័ទ្ម​ស្រដៀងប្រាសាទអង្គរវត្តកម្ពុជា​តាមលទ្ធភាពជាក់ស្តែង ក្រោយ​ពេល​ជំងឺ​កូវីដ-១៩មានសភាពធូរស្បើយ។

ការ​​លើកឡើងរបស់​មន្ត្រីកម្ពុជា​នេះ ធ្វើឡើង​​ខណៈបញ្ហា​​សាងសង់ប្រាសាទមួយនៅប្រទេសថៃដែលមានប្លង់ស្រដៀងនឹងប្រាសាទអង្គរវត្តនៅតែជាប្រធានបទក្តៅសម្រាប់អ្នកប្រើប្រាស់បណ្តាញសង្គមកម្ពុជា ក្នុងនោះ អ្នកប្រើប្រាស់បណ្តាញសង្គម​បាន​រិះគន់ជាហូរហែ​ថា ក្រសួងវប្បធម៌កម្ពុជា​ហាក់​ស្ងប់ស្ងាត់​លើករណីនេះ និងលើកជាសំណួរទៅក្រសួងវប្បធម៌ ថាតើ​ក្រសួងបានចាត់វិធានការអ្វីបន្តដែរ​ឬយ៉ាងណា។

ឆ្លើយ​តបនឹង​ការរិះគន់នេះ លោក ហាប់ ទូច អគ្គនាយកបច្ចេកទេសវប្បធម៌ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈកម្ពុជា​ មានប្រសាសន៍​នៅថ្ងៃទី២៣ ខែសីហា ២០២១នេះថា ក្រសួងមានការ​យក​ចិត្តទុក​ដាក់​ខ្ពស់ និង​​មិនបាននៅស្ងៀមចំពោះ​ករណីនេះឡើយ។ លោកថា នៅពេលមានលទ្ធភាពចុះ​ទៅ​បាន ក្រសួង​​​នឹង​​រៀបចំ​​ក្រុម​ការងារចុះទៅពិនិត្យជាក់ស្តែងនិងតាមគ្រប់ម​ធ្យោបាយដែលអាចធ្វើទៅបាន។

លោកបានថ្លែងថា៖ «នៅក្នុងហ្វេសប៊ុកក្រសួងវប្បធម៌ មានបងប្អូនយើងច្រើនណាស់តែងសួរតែរឿងហ្នឹង [ករណីថៃសាងសង់ប្រាសាទដែលមានប្លង់ដូចប្រាសាទអង្គរវត្ត]។ យើងធ្វើគ្រប់មធ្យោបាយ រឿងនេះ ក្រសួងមិនបានស្ងាត់ស្ងៀមទេ​ យើងនឹងធ្វើការរឿងហ្នឹង! តែមិនមែនចេះតែឆ្លើយតបៗ យើងមានមូល​ដ្ឋានរបស់យើងក្នុងការធ្វើការ។ បើសិនជាកូវីដ-១៩ហ្នឹងវាស្បើយអី យើងបញ្ជូនក្រុមជំនាញចុះទៅហើយ អត់ទុកយូរទេ! ប៉ុន្តែឥលូវកាលៈទេសៈនេះ វាអត់ទាន់ទៅរួច ប៉ុន្តែទោះយ៉ាងណា យើងក៏នៅធ្វើការជាមួយអគ្គកុងស៊ុលនៅស្រះកែវ ជាមួយទូតយើងនៅបាងកក ដើម្បីឱ្យ​គាត់បន្តជួយសហការរឿងហ្នឹងដែរ»។

លោក ហាប់ ទូច បន្ថែមថា៖ «យើង [ក្រសួងវប្បធម៌] ​ដឹង! យើងយល់ពីការព្រួយបារម្ភ [របស់ប្រជាពល​រដ្ឋ] ប៉ុន្តែព័ត៌មាននៅលើបណ្តាញសង្គមខ្លះ យើងក៏តាមដានដែរ។ រឿងនេះជារឿងរបស់យើងទាំងអស់គ្នា យើងមិនបណ្តែតបណ្តោយឱ្យ​បាត់បង់តម្លៃជាតិរបស់ខ្លួនឡើយ»។

សិល្បករបុរាណខ្មែរមួយរូប លោក ឃួន ដារិទ្ធ លើកឡើងថា កន្លងមក ក្រសួងវប្បធម៌កម្ពុជាធ្លាប់​​បាន​បញ្ជាក់ហើយ​​​ថា ប្រាសាទដែលសាងសង់នៅថៃនោះមិន​មែន​​​ជា​​ការ​​លួច​​ចម្លង​​ប្លង់​​តាម​​ប្រាសាទ​អង្គរវត្តរបស់កម្ពុជា​​ឡើយ។ យ៉ាងណា លោកថា បើសិនជាមានករណីលួចចម្លង​នោះ ទាំងអ្នក​សិល្បៈវប្បធម៌និង​ពលរដ្ឋទូទៅសុទ្ធតែមានអារម្មណ៍ឈឺចាប់ដូចគ្នា ព្រោះប្រាសាទជាអត្តសញ្ញាណរបស់ជាតិ​ទាំងមូល។

លោកថា៖ «ឧទាហរណ៍ បើថាមានការប៉ះពាល់ [អត្តសញ្ញាណប្រាសាទ] របស់យើង នរណាក៏មានអារម្មណ៍ឈឺចាប់ដែរ ជាប្រទេសជាតិរបស់យើង។ វាប៉ះពាល់ដល់អរិយធម៌របស់ខ្មែរយើង ដែលដូនតាខំសាងមកទុកឱ្យ​យើង បើមានអ្នកឈ្លានពាន យើងប្រាកដជាមានអារម្មណ៍ឈឺចាប់ហើយ មិនថាអ្នកសិល្បៈវប្បធម៌ឬប្រជាជនទូទៅ ព្រោះវាជារបស់គាត់ដែរ»។

លោក ថាច់ វិសាលសម្បត្តិ និស្សិតផ្នែកច្បាប់នៅសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច បាននិយាយថា លោកនៅតែមានការបារម្ភ​ចំពោះបញ្ហានេះ បើទោះកន្លងមក ភាគីថៃធ្លាប់បដិសេធរឿងចម្លង​ប្លង់​តាម​ប្រាសាទអង្គរវត្តរបស់ខ្មែរ និងថាប្លង់ប្រាសាទដែលកំពុងសង់នោះជាគំនូស​ប្លង់​ដែល​ស្ថាបត្យ​ករ​​ថៃ​បង្កើត​​ឡើង​​​ដោយ​​ខ្លួន​ឯងក៏ដោយ។

លោកបានគូសបញ្ជាក់​ថា៖ «ព្រោះ​​ថា បើសិនជាថៃគាត់ធ្វើរួចរាល់បានស្អាតសឹងតែដូចប្រាសាទដើមរបស់យើង ហើយគាត់ធ្វើការផ្សព្វផ្សាយបានល្អជាងយើង អ៊ីចឹងខ្លាចថាថ្ងៃក្រោយ រយៈពេលវែងទៅ អាចថា ពិភពលោកយល់ច្រលំថាប្រាសាទហ្នឹងជារបស់គាត់ [ថៃ] អ៊ីចឹង ឬក៏មានការភ័ន្តច្រឡំរវាងវប្បធម៌ខ្មែរនិងវប្បធម៌ថៃ ព្រោះប្រទេសជាប់ខាងគ្នានេះគឺវប្បធម៌ប្រហាក់ប្រហែលគ្នាសឹងតែ៧០ភាគរយទៅហើយ»។

លោក​បន្ថែមថា៖ «ចំណុចមួយទៀត អាចពាក់ព័ន្ធជាមួយវិស័យទេសចរណ៍ ព្រោះបើសិនគាត់មានមួយ [ប្រាសាទ] ដែរ ហើយនៅខ្មែរមានមួយដែរ ធ្វើឱ្យ​ជម្រើសនៃការដើរកម្សាន្តរបស់ភ្ញៀវទេសចរមានការរារែក។ បើគេផ្សព្វផ្សាយបានល្អជាង អ៊ីចឹងយើងអាចខាតបង់លើចំណូលចូលរដ្ឋខ្លះដែរ»។

បណ្ឌិត និងជាសាស្ត្រាចារ្យប្រវត្តិសាស្ត្រនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ លោក វង្ស សុធារ៉ា សុំមិនធ្វើអត្ថាធិប្បាយជុំវិញ​ចំណាត់ការរបស់កម្ពុជាឡើយ។

យ៉ាងណា លោកថា៖ «មានតែនាំគ្នាផុលផុសធ្វើការសិក្សារឿងហ្នឹងឱ្យ​បានច្បាស់ ទី១ ទិដ្ឋភាពផ្លូវច្បាប់ ដូចជា ច្បាប់ Copyright [ច្បាប់លួចចម្លង] ឬច្បាប់បេតិកភណ្ឌអីហ្នឹង យើងត្រូវយល់ឱ្យ​ច្បាស់ទៅ យករឿងហ្នឹងមកជជែកគ្នានៅលើបណ្តាញសង្គមហ្វេសប៊ុកអ៊ីចឹងទៅ។ ជជែកវែកញែកពីបញ្ហាផ្លូវច្បាប់ហ្នឹងឱ្យ​បានទូលំទូលាយទៅ អាហ្នឹងវាលែងអីហើយ។ ហើយនិងប្រវត្តិសាស្ត្រ យកអាហ្នឹងមក comment [បញ្ចេញមតិ] ជជែកគ្នានៅលើ​បណ្តាញសង្គមទៅ។ ហើយបើសិនយើងគ្រាន់តែយកវាមក comment ជេរគ្នា អាហ្នឹងវាមិនមានប្រយោជន៍អីទេ»។

កាលពីថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២១ ក្រសួង​វប្បធម៌​​កម្ពុជាបាន​ប្រកាស​ជា​សាធារណៈ​ពី​ការ​អះអាង​របស់​ព្រះ​ចៅអធិការ​វត្ត​ដែល​សាងសង់​សំណង់​ប្រាសាទនោះនៅប្រទេសថៃ​​ ថា​មិន​មែន​​ជា​​ការ​​លួច​​ចម្លង​​ប្លង់​​តាម​​ប្រាសាទ​អង្គរវត្ត​ឡើយ ប៉ុន្តែ​វាជា​គំនូស​ប្លង់​ដែល​ស្ថាបត្យ​ករ​​ថៃ​​បង្កើត​​ឡើង​​ដោយ​​ខ្លួន​ឯង​។

ក្រសួង​​បន្តថា ប្រាសាទដែលភាគីថៃ​កំពុងសាងសង់នេះត្រូវបានគេឱ្យឈ្មោះថា «ប្រាសាទសីហនគរ» បាន​ប្រារព្ធពិធីបុកគ្រឹះលើកដំបូងរបស់ខ្លួននៅថ្ងៃទី៥ ខែមេសា ឆ្នាំ២០២១ ក្នុងបរិវេណវត្តភូម៉ានហ្វា ផាយ៉ាឆាងរ៉ង ភូមិបានណងបួរ៉ាយ ឃុំបានសិង្គ ស្រុកនាងរ៉ង ខេត្តបុរីរម្យ ដោយ​កំណត់ថា ​នឹងបញ្ចប់ការសាងសង់នៅរវាង​៧​ទៅ៨ឆ្នាំទៀត។

ប្រាសាទ​អង្គរវត្ត ដែលស្ថិតនៅក្នុងទឹកដីខេត្តសៀមរាប ប្រទេសកម្ពុជា ​​បាន​កសាង​ឡើង​ដោយ​ព្រះ​បាទ​សូរ្យវរ្ម័នទី២ នៅ​ដើម​សតវត្ស​រ៍ទី​១២ ហើយ​ត្រូវ​បាន​​​ដាក់​បញ្ចូល​ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក កាលពី​ថ្ងៃ​ទី​១៤ ខែ​ធ្នូ ឆ្នាំ​១៩៩២៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ