មន្ត្រី​កម្ពុ​ជា​ស្នើភាគីថៃជួយ​​ទប់​ស្កាត់​ការ​វាយ​ប្រហារ​រដ្ឋាភិបាល​កម្ពុជាតាមបណ្តាញសង្គម

មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលកម្ពុជា បានស្នើសុំឱ្យភាគីថៃជួយទប់ស្កាត់កុំឱ្យសកម្មជនអតីតបក្ស​ប្រឆាំង​​ ប្រើប្រាស់​ទឹកដី​ថៃ​ធ្វើជា​មូលដ្ឋាន​វាយប្រហារមកលើរដ្ឋាភិបាលកម្ពុជា តាមរយៈបណ្តាញសង្គម ខណៈអ្នកតាមដានសង្គមថា ការ​បញ្ចេញ​មតិ​គឺ​ជា​សិទ្ធិសេរីភាព​របស់​ពលរដ្ឋដែលធានាដោយរដ្ឋធម្មនុញ្ញ។

ការស្នើសុំនេះ បានធ្វើឡើងនៅក្នុងជំនួបមួយរវាង លោក សុខ សុក្រឹត្យា រដ្ឋលេខាធិការក្រសួង​ទេសចរណ៍ និងជា​ទីប្រឹក្សា​របស់​លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន ជាមួយលោក Chaiwut Thanakanusorn រដ្ឋមន្ត្រី​ក្រសួងសេដ្ឋកិច្ចឌីជីថល និងសង្គមថៃ នៅ​រាជធានីបាងកក ប្រទេស​​ថៃ កាលពីថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២១។

នៅក្នុងជំនួបនោះ លោក សុខ សុក្រឹត្យា​ បានលើកសំណើ៣ចំណុច ជា​ពិសេសស្នើឱ្យភាគីថៃជួយទប់ស្កាត់ក្រុមប្រឆាំង ឬ​សកម្មជនប្រឆាំង ប្រើប្រាស់បណ្តាញសង្គមចេញពីប្រទេសថៃ វាយប្រហារថ្នាក់ដឹកនាំជាន់ខ្ពស់ និងរដ្ឋាភិបាលកម្ពុជា។

ក្រៅពីនេះ លោកក៏បានស្នើឱ្យភាគីថៃជួយទប់ស្កាត់ព័ត៌មានក្លែងក្លាយ ដែលអាចធ្វើឱ្យប៉ះពាល់ដល់​ទំនាក់ទំនង​មិត្តភាព​រវាងប្រទេស និងប្រជាជននៃប្រទេសទាំងពីរ និងការផ្លាស់ប្តូរ​ព័ត៌​មាន និងបទពិសោធន៍លើការបង្រ្កាបឧក្រិដ្ឋកម្មក្នុងប្រព័ន្ធ Cyber ដូចជា ការ​បង្ក្រាប​ល្បែង​អនឡាញ ការបង្ក្រាបការឆូតកាតហិរញ្ញវត្ថុ និងកិច្ចសហការបណ្តុះបណ្តាលធនធានមនុស្ស​​ផ្នែកឌីជីថល​ជូន​មន្ត្រី​រាជការ​កម្ពុជា​ផងដែរ។

អ្នកវិភាគ និងជាអ្នកតាមដានសង្គមកម្ពុជា លោកបណ្ឌិត ប៉ា ចន្ទរឿន បានចាត់ទុកថា បើការ​ស្នើសុំនេះ​ដូចអ្វីដែល​ប្រព័ន្ធផ្សព្វផ្សាយ​បានចុះ​ផ្សាយ​មែននោះ វាគឺជាទម្រង់បន្ថែមទៀត​​នៃការធ្វើទុក្ខបុកម្នេញ និងការរឹតត្បិតសិទ្ធិសេរីភាពរបស់អ្នកនយោបាយ ឬសកម្មជន​នយោបាយ​មួយ​ចំនួន​ដែលកំពុងគេចខ្លួន ឬលាក់ខ្លួននៅក្នុងប្រទេសថៃ។

ទោះជាយ៉ាងនេះក្តី លោក​ថា ការបញ្ចេញមតិ គឺជាសិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋ ដែលត្រូវ​បាន​ធានា​ការពារ​ដោយ​រដ្ឋធម្មនុញ្ញកម្ពុជា។

លោកមានប្រសាសន៍ថា៖ «ខ្ញុំមិនបានដឹងថាតើមានប្រជាពលរដ្ឋខ្មែរប៉ុន្មាននាក់ទេដែលនៅស្រុកថៃសព្វថ្ងៃនេះ ដែលប្រើប្រាស់​បណ្តាញ​ផ្សព្វផ្សាយសង្គម ក្នុងការវាយប្រហាររដ្ឋាភិបាល​ហ្នឹង ក៏ប៉ុន្តែប្រសិនបើមន្ត្រីរដ្ឋាភិបាលហ្នឹង អាចរៀបចំជា​យុទ្ធនាការដើម្បី​លើកកម្ពស់​ការប្រើប្រាស់ប្រព័ន្ធអ៊ីនធឺណិត ដូចជា បណ្តាញផ្សព្វផ្សាយសង្គមហ្វេសប៊ុកហ្នឹង ឱ្យ​​ប្រជាពល​រដ្ឋ​យល់​ដឹងអំពីអ្វីដែលគួរធ្វើអ្វីដែលមិនគួរធ្វើ ឱ្យ​​បាន​ជ្រោតជ្រៀប​សិន​ទៅមុនហ្នឹង​ចាត់វិធាន​ការ​រដ្ឋបាល ព្រោះប្រជាពលរដ្ឋយើងមួយចំនួនធំ តាមការសង្កេតបរស់ខ្ញុំហ្នឹង គឺគាត់​មិនសូវយកចិត្តទុកដាក់និងយល់ដឹងប៉ុន្មានទេ អ្វីដែលគួរធ្វើអ្វីដែលមិនគួរធ្វើតាមបណ្តាញសង្គមដូចជាហ្វេសប៊ុកអីជាដើមហ្នឹង»។

វីអូឌី មិនអាច​ស្វែងរកប្រភពដើម្បីសុំការឆ្លើយតបពីអតីតសកម្មជនគណបក្សប្រឆាំងដែលកំពុង​លាក់ខ្លួននៅក្នុងប្រទេសថៃ ទៅនឹង​ការស្នើសុំរបស់ភាគីកម្ពុជាបាននៅឡើយទេ។

ចាប់តាំងពីមានការបង្ក្រាប និងការរំលាយអតីត​គណបក្សសង្គ្រោះជាតិនៅខែវិច្ឆិកា ឆ្នាំ២០១៧មក សកម្មជនអតីត​គណបក្ស​ប្រឆាំង​មួយចំនួនធំ បានទៅរស់នៅក្នុងប្រទេសថៃ ដើម្បីគេចចេញពីការធ្វើទុក្ខបុកម្នេញនានា៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ