បទ​វិភាគ៖​ វាសនា​ទន្លេ​មេគង្គ​កម្ពុជា​ទៅ​ថ្ងៃ​អនាគត

វារីអគ្គិសនីសេសានក្រោម២ ស្ថិតនៅខេត្តស្ទឹងត្រែង។ (ហ្វេសប៊ុក៖ Ministry of Mines and Energy Cambodia)

ទន្លេមេគង្គ ជាទន្លេមួយ​ដែលស្ថិតនៅក្នុងចំណោមទន្លេធំៗនិងវែងជាងគេនៅលើពិភពលោក និងមានជីវចម្រុះសម្បូរបែបជាងគេក្នុងលោកផងដែរ។ 

បើយោងតាមគណៈកម្មាធិការទន្លេមេគង្គ (MCR) បានឱ្យដឹងថា អាងទន្លេនេះត្រូវបានលាតសន្ធឹងលើដែនដីយ៉ាងធំធេងដែលមានក្រឡាផ្ទៃ ៧៩៥ ០០០ គីឡូម៉ែត្រការ៉េ គិតចាប់ពីខ្ពង់រាបទីបេប្រទេសចិន រហូតដល់ដែនដីសណ្ដទន្លេមេគង្គប្រទេសវៀតណាម។ ទន្លេមេគង្គមានប្រវែងប្រមាណ ៥ ០០០ គីឡូម៉ែត្រ ហើយហូរកាត់ប្រទេសចំនួន៦ រួមមាន ​ប្រទេស​ចិន មីយ៉ាន់ម៉ា ថៃ ឡាវ កម្ពុជា និង​វៀតណាម។ 

ប្រភពដដែលនិយាយថា អាងទន្លេមេគង្គក្រោម ដែលស្ថិតនៅក្នុងប្រទេសឡាវ ថៃ កម្ពុជា និងវៀតណាម គឺជាលំនៅឋានសម្រាប់ប្រជាជនច្រើនជាង៦៥​​លាន​នាក់។ អាងទន្លេនេះបានផ្តល់​​លទ្ធភាព​សម្រាប់ការធ្វើពាណិជ្ជកម្ម ការដឹកជញ្ជូន សន្តិសុខស្បៀង និងការរកប្រាក់ចំណូល ហើយក៏ជាដែននេសាទទឹកសាបធំជាងគេនៅលើពិភពលោកផងដែរ ដោយផ្តល់ផលត្រីនិង​វារីសត្វដទៃទៀតច្រើនជាង៤លានតោន​ក្នុងមួយឆ្នាំៗ។ 

យ៉ាងណា នៅពេលតំបន់នេះរីកចម្រើនយ៉ាងឆាប់រហ័ស តម្រូវការថាមពលនិងកកើតឡើងវិញដែលបានមកពីថាមពលវារីអគ្គិសនីក៏កើនឡើង ដើម្បីឆ្លើយតបទៅនឹងកំណើនប្រជាជន។ 

MCR ឱ្យដឹងទៀតថា បច្ចុប្បន្ន បញ្ហាប្រឈមចម្បងៗនៃ​ទន្លេមេគង្គ គឺផលប៉ះពាល់បរិស្ថានដែលបណ្តាលមកពីឥទ្ធិពលនៃទំនប់វារីអគ្គិសនីនិងគម្រោងអភិវឌ្ឍន៍ដទៃទៀត ផលប៉ះពាល់ជលផល និងកំណកកករ ការប្រែប្រួលអាកាសធាតុ និងភាពក្រីក្រ​។ លើសពីនេះ ប្រព័ន្ធស្រោចស្រពកសិកម្មប្រពលវប្បកម្ម កំណើនប្រជាជន របបអាកាសធាតុដែលពិបាកព្យាករនាំឱ្យមានទឹកជំនន់ឬ​ភាពរាំងស្ងួតជាញឹកញាប់ ​ធ្វើឱ្យប៉ះពាល់ដល់ធនធាននានានៃទន្លេមេគង្គ។ បន្ថែមពីនេះ ការគ្រប់គ្រងអាងទន្លេឆ្លងកាត់ព្រំដែន បានក្លាយជាបញ្ហាប្រឈមដ៏ធំមួយសម្រាប់បណ្តាប្រទេសតាមដងទន្លេមេគង្គ ព្រមទាំងការប្រកួតប្រជែងឥទ្ធិពលនយោបាយគ្នារវាងមហាអំណាចចិននិងអាមេរិកជាដើម។

មិនខុសគ្នាទៅនឹងការរៀបរាប់ជារួមនៃបញ្ហាប្រឈមរបស់អាងទន្លេមេគង្គ សម្រាប់នៅកម្ពុជា អាងទន្លេដែលហូរកាត់កម្ពុជាមានប្រវែងប្រមាណ៥០០គីឡូម៉ែត្រ ក៏ត្រូវបានគេមើលឃើញថា កំពុងរងការគំរាមកំហែងជាបន្តបន្ទាប់ ទាំងកត្តាប្រែប្រួលអាកាសធាតុ ​និងទាំងកត្តាមនុស្ស​ ដែលនឹងធ្វើឱ្យប៉ះពាល់ជាខ្លាំងដល់ប្រព័ន្ធអេកូឡូស៊ី និងជីវភាពរស់នៅរបស់មនុស្សរាប់លាននាក់។

ពលរដ្ឋនិងប្រជានេសាទនៅឃុំកំពង់ភ្លុក មកពិនិត្យមើលនិងនេសាទត្រីនៅផ្នែកមួយតាមដងទន្លេមេគង្គ ស្ថិតនៅឃុំកំពង់ភ្លុក ស្រុកបាគង ខេត្តសៀមរាប ថ្ងៃទី១០ ខែមករា ឆ្នាំ២០២១។

កាលពីខែតុលា ឆ្នាំ២០២០ ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក លោក Patrick Murphy បានលើកឡើងក្នុងវេទិកាមួយដោយនិយាយថា ជាការពិតណាស់ ​ទន្លេមេគង្គកំពុងតែមានបញ្ហា ដូចជា ការសាងសង់ទំនប់វារីអគ្គិសនីនៅខ្សែទឹកខាងលើ ការបូមខ្សាច់ ការបំពុល ការអភិវឌ្ឍដែលមិនធានានិរន្តរភាព និងការប្រែប្រួលអាកាសធាតុ ជាដើម។

បើទន្លេមេគង្គនៅកម្ពុជាកំពុងជួបបញ្ហាប្រឈមជាច្រើនបែបនេះ តើវាសនាទន្លេមួយនេះនឹងទៅជាយ៉ាងណា?   

យ៉ាងណា លោក Patrick Murphy អះអាងថា ទន្លេមេគង្គនៅតែជាប្រភពដ៏សំខាន់ និងគ្មានអ្វីមកជំនួសបានឡើយក្នុងការផ្តល់មុខរបរចិញ្ចឹមជីវិត អាហារូបត្ថម្ភ ត្រី ការដឹកជញ្ជូន ធារាសាស្រ្ត និងថាមពល។ ហើយនៅប្រទេសកម្ពុជា ទន្លេមេគង្គហូរចូលទៅបឹងទន្លេសាប ហើយមនុស្សរាប់លាននាក់រស់​ពឹងអាស្រ័យលើវា​។ ​

ជាអ្នកប្រឹក្សាយោបល់ឯករាជ្យផ្នែកធនធានធម្មជាតិ លោក ហែម ឧត្តម មានប្រសាសន៍ថា​ លោកមិនអាចទស្សន៍ទាយបានទាំងស្រុងអំពីអនាគតទន្លេមេគង្គកម្ពុជា​ឡើយ ត្បិត​អនាគតរបស់អាងទន្លេមួយនេះនឹងប្រែក្លាយទៅជាបែបណានោះ ក៏វាអាស្រ័យទៅលើឆន្ទៈរបស់រដ្ឋាភិបាលផងដែរ។ 

លោកមានប្រសាសន៍ថា៖ «​ដូចខ្ញុំថាអ៊ីចឹង យើងពិបាកក្នុងការទស្សន៍ទាយ ប៉ុន្តែវាអាស្រ័យទី១ ទៅលើឆន្ទៈនយោបាយរបស់អ្នកដឹកនាំ។ ទី២ ការចូលរួមរបស់ប្រជាពលរដ្ឋ របស់សាធារណជន របស់អ្នកសារព័ត៌មាន របស់អង្គការសង្គមស៊ីវិល របស់អ្នកស្រាវជ្រាវការអភិវឌ្ឍទាំងអស់ហ្នឹង [ថា]តើយើងសកម្មក្នុងការជជែក ក្នុងការបង្វែរទិសដៅនៃគម្រោងអភិវឌ្ឍន៍ថាមពលរបស់ប្រទេសយើងបានប៉ុនណា។»

បើតាមគម្រោង រដ្ឋាភិបាលគ្រោងសាងសង់ទំនប់វារីអគ្គិសនីមួយចំនួនទៀតនៅទន្លេមេគង្គផ្នែកខាងលើ រួមមាន នៅស្រុកសំបូរ ក្នុងខេត្តក្រចេះ និងនៅទន្លេស្រែពក ក្នុងខេត្តស្ទឹងត្រែង ជាដើម។ 

​លោក ហែម ឧត្តម និយាយថា ប្រសិនបើគម្រោងនេះដំណើរការ ហើយបញ្ហាប្រឈមជាច្រើន​ទៀត​នៃទន្លេមេគង្គមិនត្រូវបានដោះស្រាយទេ ទន្លេមេគង្គនាថ្ងៃអនាគតនឹងត្រូវខូចទ្រង់ទ្រាយឬ​លែងក្លាយជាទន្លេ ហើយពលរដ្ឋរាប់លាននាក់ដែលធ្លាប់រស់ពឹងអាស្រ័យលើទន្លេនឹងប្រឈម​ជីវភាពរស់នៅឬត្រូវសម្របខ្លួនរស់នៅក្នុងស្ថានភាពថ្មីវិញ ហើយ​លើសពីនេះ បញ្ហាចំណាកស្រុកកើតមានកាន់តែច្រើនទៀតផង។ 

លោកមានប្រសាសន៍បន្ថែមថា៖ «ទៅថ្ងៃខាងមុខ ជាធម្មជាតិនៃទន្លេ ជាធម្មជាតិនៃអេកូឡូស៊ីហ្នឹង ប្រែប្រួល! វានឹងប៉ះពាល់ វាធ្វើឱ្យបញ្ហាសង្គមសេដ្ឋកិច្ច វប្បធម៌ សង្គមហ្នឹងវាប្រែប្រួលដែរ ដោយ​សារ​មនុស្សយើងអាស្រ័យទៅលើទន្លេធម្មជាតិហ្នឹង»។  

ស្រដៀងគ្នានេះ ប្រធានអង្គការទន្លេបី លោក លាភ ប៊ុនលាង បានបង្ហាញពីក្តីបារម្ភចំពោះគម្រោងសាងសង់ទំនប់វារីអគ្គិសនី​នៅផ្នែកខាងលើនៃទន្លេមេគង្គនិងដៃទន្លេ ត្បិតលោកថា វានឹងផ្តល់ជាគ្រោះមហន្តរាយ​ដល់ស្ថានភាពទន្លេ ជីវចម្រុះ និងប៉ះពាល់ដល់ជីវភាពរបស់នៅរបស់ពលរដ្ឋ​។ 

លោកបន្តថា សម្រាប់អនាគតទន្លេដ៏ធំមួយនេះនឹងមានការប្រែប្រួលខ្លាំង ពិសេសចរន្តទឹកហូរនឹងលែងស្របទៅតាមដំណើរធម្មជាតិទៀតឡើយ។  

លោកមានប្រសាសន៍ថា៖ «កាលណាយើងមានសង់ទំនប់មានសង់អី អ៊ីចឹងទៅ គឺវាធ្វើឱ្យទិសដៅលំហូរទន្លេហ្នឹង វាប្រែប្រួល! ប្រែប្រួល ព្រោះពេលយើងបញ្ចេញទឹកពីទំនប់ឬពីអាងស្តុកទឹកមក គឺវាមានទឹកខ្លាំង។ អ៊ីចឹងកម្លាំងទឹកដែលចេញទៅហ្នឹង គឺវាធ្វើឱ្យទឹកកន្លែងខាងក្រោមៗដែលធ្លាប់តែហូរតាមរបៀបណាមួយនោះ វាទៅប្រែប្រួលពីហូរ ហើយកម្រិតទឹករាក់និងទឹកជ្រៅហ្នឹង ក៏វាធ្វើឱ្យប្រែប្រួលដែរ»។ 

​យោង​តាម​ការ​ស្រាវជ្រាវ​របស់​អង្គការ International Rivers ឱ្យដឹងថា គិតត្រឹម​ឆ្នាំ២០២០ ទំនប់វារី​អគ្គិសនី​ខ្នាតយក្ស​ចំនួន១១ ត្រូវបាន​សាងសង់​ឡើង​នៅលើ​ដង​ទន្លេ​មេគង្គ​ដោយ​ចិន និង​ទំនប់​ប្រមាណ១២០ទៀតត្រូវបាន​សង់និង​គ្រោង​សាងសង់​លើ​ដៃ​ទន្លេ​មេគង្គ​រហូត​ដល់​ឆ្នាំ២០៤០។ 

ប្រភពដដែលថា បើ​គម្រោង​សាងសង់​ទំនប់​ទាំងអស់​នេះ​នឹង​កើត​ឡើង​មែន នោះ​លំហូរ​ដីល្បាប់ដែល​មាន​ជីវជាតិ​ដល់​ដំណាំ​កសិកម្ម​សម្រាប់​ប្រទេស​ទន្លេ​មេគង្គ​ក្រោម នឹង​ធ្លាក់ចុះ​ដល់​ទៅ ៩៧% , ទិន្នផល​ត្រី​ប្រចាំ​ឆ្នាំនឹង​ធ្លាក់​ចុះ​ពី ៤០% ទៅ ៨០% ក្នុង​នោះ​ ប្រទេស​ថៃធ្លាក់ចុះ ៥៥% , ឡាវ ៥០% , កម្ពុជា ៣៥% និង​វៀតណាម ៣០%។

ក្នុងបទសម្ភាសមួយជាមួយវិទ្យុសំឡេងសហរដ្ឋអាមេរិក កាលពីដើមឆ្នាំ២០២១ នាយិកាប្រតិបត្តិរង​ នៃវិទ្យាស្ថាន​ខ្មែរ​សម្រាប់​សហ​ប្រតិបត្តិការ ​និង​សន្តិភាព​ និងជាអ្នកសរសេរអត្ថបទមួយស្តីអំពី «អនាគតនៃទន្លេមេគង្គ ក្រោមកិច្ចសហប្រតិបត្តិការ​អនុតំបន់មេគង្គ» ក្នុងសៀវភៅ «កម្ពុជាឆ្នាំ២០៤០»«Cambodia 2040»  កញ្ញា ពេជ្រ ចារ៉ាឌីន លើកឡើងថា​ ទន្លេមេគង្គទៅថ្ងៃអនាគតមិនមែនជាទន្លេធម្មតាទៀតឡើយ ប៉ុន្តែវាបានក្លាយទៅជាទីលានមួយដ៏សកម្មនៃការប្រកួតប្រជែងផ្នែកឥទ្ធិពលអំណាចក្នុងតំបន់។ បញ្ហានេះ កញ្ញាថា ​នឹងគ្រោះថ្នាក់ ប្រសិនបើ​បណ្តោយ​ឱ្យការប្រកួតប្រជែងនេះកើតឡើងកាន់តែខ្លាំងបន្តទៀត។ 

ជាយន្តការដោះស្រាយ កញ្ញាថា កម្ពុជាអាចប្រើតួនាទីរបស់ខ្លួនក្នុងការសម្របសម្រួលលើបញ្ហានេះ នៅពេលក្លាយជាប្រធានអាស៊ាននៅឆ្នាំ២០២២។ លើសពីនេះ កញ្ញាថា ប្រសិនបើបញ្ហាប្រឈមនានា​នៅតំបន់ទន្លេមេគង្គត្រូវបានដោះស្រាយ ដូចជា ការទាញយកថាមពលប្រើប្រាស់ពីពន្លឺព្រះអាទិត្យខ្នាតធំ ជំនួសការទាញយកថាមពលពីទំនប់វារីអគ្គិសនី នោះស្ថានភាពទន្លេមេគង្គនឹងវិលទៅរកប្រក្រតីភាពឡើងវិញ ហើយជីវភាពប្រជាជនរាប់លាននាក់នឹងត្រឡប់មកភាពសម្បូរសប្បាយមិនខាន។

សម្រាប់ផ្នែកសេដ្ឋកិច្ចជាតិវិញ កញ្ញាថា ក្នុងរយៈពេលវែង​ ការទាញយកប្រភពចំណូលពីថាម​ពល​​វារីអគ្គិសនីសម្រាប់ប្រទេសអនុតំបន់ទន្លេមេគង្គ នឹងលែងជារឿងចាំបាច់ ដោយគេអាចប្រើយន្តការផ្សេងដើម្បីរកចំណូលពីទន្លេមេគង្គសម្រាប់ជាតិ ដូចជា បង្កើតទៅជាតំបន់អេកូទេស​ចរណ៍ធម្មជាតិសម្រាប់ជាប្រយោជន៍រួមផងដែរ៕  

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ