អ្នក​នាំ​ពាក្យ​ថា​ លោក​ ស ខេង​ មិន​មាន​ជំនួប​ក្រៅ​ផ្លូវការ​ជាមួយ​អតីត​បក្ស​ប្រឆាំង​នៅ​បារាំង​ឡើយ

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង ធ្វើមាតុភូមិនិវត្តន៍ បន្ទាប់ពីបានទៅបំពេញទស្សនកិច្ច និងចូលរួមសន្និសីទស្តីពីការជួញដូរសត្វព្រៃខុសច្បាប់លើកទី៤ នៅទីក្រុងឡុងដ៍ ចក្រភពអង់គ្លេស កាលពីថ្ងៃទី១១ – ១២ ខែតុលា ឆ្នាំ២០១៨ ដែលមានប្រទេសចូលរួមជាង៨០ប្រទេស (ថ្នាក់ប្រធានាធិបតី នាយករដ្ឋមន្រ្តី រដ្ឋមន្ត្រី និងមន្ត្រីជាន់ខ្ពស់ សង្គមស៊ីវិល និងវិស័យឯកជនជាង១ ០០០នាក់) ដែលបានចូលរួម។ (ហ្វេសប៊ុកលោក ស ខេង)

អ្នកនាំពាក្យក្រសួងមហាផ្ទៃ លោក ខៀវ សុភ័គ បានអះអាងថា លោក ស ខេង នឹងមិនមានជំនួបក្រៅផ្លូវការណាមួយជាមួយមន្ត្រីអតីតគណបក្សប្រឆាំងនៅក្នុងអំឡុងពេលធ្វើដំណើរទៅកាន់ប្រទេសបារាំងឡើយ។

ការបដិសេធនេះបានធ្វើឡើងបន្ទាប់ពីសារព័ត៌មាន វីអូឌី បានចុះផ្សាយអត្ថបទមួយកាលពីថ្ងៃទី២៣ ខែសីហា ក្រោមចំណងជើងថា «មន្ត្រីអតីតបក្សប្រឆាំងថា ខ្លួនមានគម្រោងជួបពិគ្រោះយោបល់ក្រៅផ្លូវការជាមួយលោក ស ខេង នៅបារាំង»។ ប៉ុន្តែលោក ខៀវ សុភ័គ បានគូសបញ្ជាក់ថា ការធ្វើដំណើរទៅកាន់ប្រទេសបារាំងរបស់លោកឧបនាយករដ្ឋមន្ត្រី ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ គឺដោយសារធុរៈផ្ទាល់ខ្លួន ហើយមិនមានកម្មវិធីផ្សេងក្រៅពីនេះឡើយ។

ខុទ្ទកាល័យរបស់លោកឧបនាយករដ្ឋមន្ត្រី ស ខេង បាន​ចេញសេចក្តីប្រកាសព័ត៌មានមួយ​កាល​ពីថ្ងៃទី​២២ ខែ​សីហា​ ថា លោក ​ស ខេង បានចាក​ចេញ​​ពី​កម្ពុជាទៅកាន់សាធារណរដ្ឋបារាំង រយៈពេល២សប្តាហ៍ ចាប់ពីថ្ងៃទី២២ ខែសីហា ដល់ថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២១នេះ ដោយ​សារមានធុរៈផ្ទាល់ខ្លួន។ បើតាមសេចក្តីប្រកាសព័ត៌មាននេះ ការចាកចេញរបស់លោក ស ខេង ទៅកាន់ប្រទេសបារាំង គឺដោយមានការយល់ព្រមពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ផងដែរ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ