NGO​ ៦០ ទទូចឱ្យរដ្ឋា​ភិបាល​ស្ដារ​​ស្ថាន​ភាព​​សិទ្ធិ​​មនុស្ស​​មុន​​ពេល​​បង្កើត​​ស្ថា​ប័ន​​សិទ្ធិ​​មនុស្ស​​ជាតិ

ក្រុម​មនុស្ស​ប្រមាណ២០នាក់​ដែល​ភាគច្រើន​ជា​គ្រូបង្រៀន បាន​ប្រមូល​ផ្តុំគ្នា​ស្រែក​ទាមទារ​ឱ្យ​ដោះលែង​និង​ទម្លាក់​បទចោទប្រកាន់​លើ​លោក រ៉ុង ឈុន នៅមុខ​តុលាការ​កំពូល ក្នុង​ថ្ងៃ​សវនាការ​លើ​ករណី​លោក រ៉ុង ឈុន ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២០។ (ជន ចាន់​រ៉ែ​ន)

អង្គការ​សង្គម​ស៊ីវិល​ សហជីព សមាគម និងសហគមន៍ប្រមាណ​៦០ បានចេញសេចក្តីថ្លែងការណ៍រួមគ្នាកាលពីល្ងាចថ្ងៃទី២៤ ខែសីហា ដោយទទូចឱ្យរដ្ឋាភិបាលកម្ពុជាស្តារស្ថានភាពសិទ្ធិមនុស្សឡើងវិញ នៅមុនពេលបង្កើតស្ថាប័នសិទ្ធិមនុស្សជាតិ។

តាមរយៈសេចក្តីថ្លែងការណ៍នេះ ក្រុមអង្គការសង្គមស៊ីវិលទាំង៦០បានសម្ដែងការ​ព្រួយបារម្ភ​យ៉ាង​ខ្លាំង​ចំពោះបំណង​របស់​​រដ្ឋាភិបាល​ក្នុងការ​​បង្កើតស្ថាប័ន​សិទ្ធិ​មនុស្ស​ជាតិ ខណៈដែល​ស្ថាន​ភាព​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​នៅតែប្រឈម​ជាបន្តបន្ទាប់។ សេចក្តីថ្លែងការណ៍បន្តថា ទោះ​បី​ជាស្ថាប័ន​សិទ្ធិ​មនុស្ស​ជាតិ​មាន​ភាព​ចាំបាច់​​ខ្លាំង​នៅប្រទេស​​កម្ពុជាយ៉ាង​ណា​ក្តី​​ ក៏ប៉ុន្តែ​បើការ​បង្កើតស្ថាប័ន​នេះធ្វើឡើង​នៅ​​ក្នុង​បរិយាកាសបែប​​នេះ ​នឹង​បង្កើន​ការ​ព្រួយ​បារម្ភយ៉ាង​ខ្លាំងជុំវិញ​​ប្រសិទ្ធភាព និង​ទំនុក​ចិត្ត​នៃ​ស្ថាប័ន​នេះ​។

សេចក្តីថ្លែងការណ៍បានសរសេរថា៖ «យើង​ខ្ញុំ​ស្នើ​ឱ្យ​រដ្ឋាភិបាល​ផ្តល់​អាទិភាព​លើ​ការ​ស្តារ​​ស្ថាន​ភាព​សិទ្ធិ​មនុស្ស​នៅ​​កម្ពុជាឡើងវិញ​​ជាមុន​សិន​ មុនពេល​ដែល​​បង្កើត​ស្ថា​ប័ន​នេះឡើង​​ ដើម្បី​ធានា​ថា ការ​បង្កើត​​ស្ថាប័ន​នេះនឹង​ផ្តល់​អត្ថប្រយោជន៍​ពិត​ប្រាកដ​ក្នុងការ​លើក​កម្ពស់​និង​ការពារ​សិទ្ធិ​មនុស្ស​ ជាជាង​​ការ​បង្កើត​ឡើង​ដើម្បី​គ្រាន់តែ​បំពេញទៅ​តាម​​ការអះអាង​ប្តេជ្ញាចិត្ត​ផ្នែក​សិទ្ធិមនុស្ស​​របស់​រដ្ឋាភិបាល​​នាពេល​កន្លងមកប៉ុណ្ណោះ»​។

នាយិកាមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា លោកស្រី ចក់ សុភាព មានប្រសាសន៍ថា ជារឿយៗ ស្ថាប័នសិទ្ធិមនុស្សរដ្ឋាភិបាលតែងតែច្រានចោលការលើកឡើងពាក់ព័ន្ធការរំលោភសិទ្ធិមនុស្សនៅកម្ពុជា​។

លោកស្រីបញ្ជាក់ថា ក្នុងកាលៈទេសៈនេះ រដ្ឋាភិបាលត្រូវតែស្តារស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជាឱ្យបានល្អប្រសើរ មុននឹងបង្កើតស្ថាប័នសិទ្ធិមនុស្សជាតិ បើពុំដូច្នេះទេ សង្គមស៊ីវិលជាតិនិងសហគមន៍អន្តរជាតិនៅតែរិះគន់រដ្ឋាភិបាលជុំវិញបញ្ហារំលោភសិទ្ធិនៅកម្ពុជាដដែល។

លោកស្រីបញ្ជាក់ដូច្នេះថា៖ «រដ្ឋាភិបាលគួរតែព្យាយាមស្តារនូវស្ថានភាពសិទ្ធិមនុស្ស ដូចដែលសហគមន៍អន្តរជាតិ តួយ៉ាងដូចសហភាពអឺរ៉ុប ដែលឈានដល់ការដកហូតនូវប្រព័ន្ធនុគ្រោះពន្ធមួយផ្នែក ហើយការលើកឡើងរបស់អ្នករាយការណ៍ពិសេស [អង្គការសហប្រជាជាតិ] ជាដើម» ។

លោកស្រីបន្ថែមថា៖ «[រដ្ឋាភិបាល] គួរតែធ្វើលើកិច្ចការហ្នឹង ហើយត្រូវបង្កនូវបរិយាកាសអំណោយផលសង្គមស៊ីវិលចូលរួមបានពេញលេញ ហើយត្រូវពិនិត្យទៅលើច្បាប់ដែលមានលក្ខណៈកៀបសង្កត់នោះដែលវាកើតឡើងរួចហើយ។ ហើយរដ្ឋាភិបាលគួរតែពិនិត្យមើលឡើងវិញ ជាជាងព្យាយាមបង្កើតនូវអ្វីដែលថ្មី ហើយវាអាចបង្កនូវហានិភ័យបន្ថែមទៀត»។

ឆ្លើយតបនឹងសេចក្តីថ្លែងការណ៍នេះ អនុប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា លោក ជិន ម៉ាលីន បានចាត់ទុកថា ជាសេចក្តីថ្លែងការណ៍ដែលបង្ហាញពីចរិតនយោបាយ និងភាពគ្មានទំនួលខុសត្រូវ។ លោក ជិន ម៉ាលីន បានលើកឡើងថា ក្រុមអង្គការសង្គមស៊ីវិល មិនគួរព្រួយបារម្ភពេកអំពីកូនដែលមិនទាន់កើតមកផងនោះទេ។ តែផ្ទុយទៅវិញ គួរតែបើកចិត្តឱ្យទូលាយចូលរួមសហការនិងជួយជ្រោមជ្រែងឱ្យការបង្កើតស្ថាប័ននេះសម្រេចបានជោគជ័យ និងឆ្លើយតបបានទៅនឹងសេចក្តីត្រូវការពិតប្រាកដរបស់គ្រប់ភាគីពាក់ព័ន្ធ ទើបមានប្រយោជន៍សម្រាប់សង្គមជាតិ។

ប្រធានវិទ្យាស្ថានប្រជាធិបតេយ្យកម្ពុជា លោក ប៉ា ចន្ទរឿន មានប្រសាសន៍ថា ដំណាក់កាលនេះ រដ្ឋាភិបាលមិនគួរបង្កើតស្ថាប័នសិទ្ធិមនុស្សជាតិឡើយ ដោយថា មិនធ្វើឱ្យរដ្ឋាភិបាលចំណេញនោះទេ ត្បិតក្រុមសង្គមស៊ីវិលជាតិ អន្តរជាតិ និងសហគមន៍អន្តរជាតិ នៅតែមើលឃើញស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា​បន្តរងការគំរាមកំហែង។

លោកមានប្រសាសន៍បន្ថែមថា បើរដ្ឋាភិបាលបង្កើតស្ថាប័នសិទ្ធិមនុស្សជាតិក្នុងស្ថានភាពនយោបាយនៅកម្ពុជាអំណោយផលល្អ ទើបទទួលបានផលវិជ្ជមានច្រើន និងមានការគាំទ្រពីមតិជាតិនិងសហគមន៍អន្តរជាតិ ជាដើម។

លោកមានប្រសាសន៍ថា៖ «បើស្ថាប័ននេះបង្កើតឡើងចំស្ថានភាពនយោបាយយើងមានអំណោយផល មានន័យថា ស្ថានភាពនិងសិទ្ធិសេរីភាពជាមូលដ្ឋាន សិទ្ធិស៊ីវិល សិទ្ធិនយោបាយ ត្រូវបានគោរពយ៉ាងខ្ជាប់ខ្ជួន ស្ថាប័ននេះនឹងដើរតួនាទីបំពេញការងារបន្ថែមទៀត ដើម្បីលើកកម្ពស់ការគោរពសិទ្ធិមនុស្ស និងដំណើរការលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា»។

គណៈកម្មាធិការ​សិទ្ធិ​មនុស្ស​កម្ពុជា បាន​ប្រកាស​ពី​ការ​បញ្ចប់​ការ​ធ្វើ​សេចក្ដី​ព្រាង​ច្បាប់​ដំបូង ស្ដីពី «ការ​បង្កើត​ស្ថាប័ន​សិទ្ធិ​មនុស្ស​ជាតិ» កាល​ពី​ខែមិថុនា​ និងកំពុងដាក់ឱ្យភាគីពាក់ព័ន្ធចូលរួមផ្តល់ធាតុចូល។ សាធារណជន​ទូទៅក៏​អាច​ផ្ដល់​យោបល់​ផង​ដែរ តាមរយៈ​បណ្ដាញ​សង្គម​ហ៊្វេសប៊ុក (Facebook Page) ឬ តេឡេក្រាម (Telegram) របស់​គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា។ សេចក្ដី​ព្រាង​ច្បាប់​នេះមាន៨ជំពូក និង៣២មាត្រា។

កាលពីថ្ងៃ២៤ ខែសីហា ម្សិលមិញ ក្រុមអ្នកជំនាញសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ ​បានលើកឡើងក្នុងសេចក្តីប្រកាសព័ត៌មានមួយថា កម្ពុជាខ្លួនឯងធ្លាប់បានប្តេជ្ញាចិត្តនា​សម័យប្រជុំពិនិត្យរបាយការណ៍ជាសកលតាមការកំណត់កាលពីឆ្នាំ២០១៩ ដើម្បីបញ្ចប់ការយាយី ការរំខាន និងការចាប់ខ្លួនអ្នកការពារសិទ្ធិមនុស្សដោយបំពាន និងបង្កើតលក្ខខណ្ឌចាំបាច់ឱ្យបុគ្គលទាំងនោះទទួលបានសិទ្ធិជាមូលដ្ឋាន ជាពិសេសសេរីភាពក្នុងការបញ្ចេញមតិ សិទ្ធិចូលរួមជាសមាគម និងសិទ្ធិជួបប្រជុំដោយសន្តិវិធី ជាដើម។

យ៉ាងណា ក្រុមអ្នកជំនាញសិទ្ធិមនុស្សទាំងនេះអះអាងថា ពួកគេនឹងជំរុញទៅរដ្ឋាភិបាលកម្ពុជា​​អនុវត្តឱ្យបានល្អដូចការសន្យារបស់ខ្លួនកន្លងមក៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ