កម្ពុជា​ប្រកាស​អនុវត្ត​ «គោល​នយោបាយ​ចាក់​វ៉ាក់សាំង​កូវីដ-១៩​ ដូស​ជំរុញ» លើ​ប្រជាជន​ទូទៅ​

ពលរដ្ឋជាច្រើនមកទទួលការចាក់វ៉ាក់សាំងប្រភេទ អាស្ត្រាហ្សេណិកា នៅមន្ទីរពេទ្យបង្អែករាជធានីភ្នំពេញ ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២១។ (ជន ចាន់រ៉ែន)

រដ្ឋាភិបាលកម្ពុជាបានប្រកាសដាក់ឱ្យអនុវត្ត «គោលនយោបាយចាក់វ៉ាក់សាំងកូវីដ-១៩ ដូសជំរុញ» ដល់ប្រជាជនទូទៅដែលមានអាយុចាប់ពី១២ឆ្នាំឡើងទៅ ដោយអនុវត្តចាប់ពីខែសីហានេះ រហូតដល់ពាក់កណ្តាលឆ្នាំ២០២២។

យោងតាមសេចក្តីប្រកាសរបស់រដ្ឋាភិបាលកម្ពុជានៅថ្ងៃនេះ បានបញ្ជាក់ថា ការចាក់វ៉ាក់សាំងកូវីដ-១៩ដូសជំរុញនេះ គឺត្រូវអនុវត្តតាមគោលការណ៍ស្ម័គ្រចិត្តនិងដោយឥតគិតថ្លៃ។ ក៏ប៉ុន្តែទន្ទឹមគ្នានេះ រដ្ឋាភិបាលក៏បានលើកទឹកចិត្តនិងអំពាវនាវដល់ប្រជាជនដែលមានលទ្ធភាពគ្រប់គ្រាន់ ឱ្យទៅទទួលយកការចាក់វ៉ាក់សាំងដូសជំរុញនេះនៅតាមគ្រឹះស្ថានសុខាភិបាលឯកជនដែលទទួលបានការអនុញ្ញាតឱ្យផ្តល់សេវាចាក់វ៉ាក់សាំងកូវីដ-១៩នេះផងដែរ។

ក្រសួងថា ដោយឡែក បណ្តារោងចក្រ-សហគ្រាស និងម្ចាស់អាជីវកម្មទាំងអស់ក៏ត្រូវបានលើកទឹកចិត្តឱ្យចូលរួមចំណែកចែករំលែកបន្ទុកចំណាយរបស់រដ្ឋាភិបាលក្នុងការផ្តល់ការចាក់វ៉ាក់សាំងដូសជំរុញនេះដល់បុគ្គលិកនិងកម្មករ-និយោជិតរបស់ខ្លួនឱ្យបានគ្រប់គ្នា ដើម្បីចូលរួមបង្ការនិងទប់ស្កាត់ការចម្លងជំងឺកូវីដ-១៩នេះ។

រដ្ឋាភិបាលកម្ពុជាបានចាត់ទុកគោលនយោបាយចាក់វ៉ាក់សាំងកូវីដ-១៩ គឺជាយុទ្ធសាស្ត្រគន្លឹះដ៏សំខាន់មួយ និងជាខ្សែក្រវាត់ការពារទី១ ដើម្បីការពារអាយុជីវិតប្រជាជន ក៏ដូចជាដើម្បីបង្កើតឱ្យមាននូវភាពស៊ាំក្នុងសហគមន៍ សំដៅឈានឆ្ពោះទៅបើកដំណើរការប្រទេសជាតិពេញលេញឡើងវិញលើគ្រប់វិស័យ។

គិតត្រឹមខែសីហា ឆ្នាំ២០២១នេះ កម្ពុជាសម្រេចបានការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ដល់ប្រជាពលរដ្ឋដែលមានអាយុចាប់ពី១៨ឆ្នាំឡើងទៅ ចំនួន ៨៨% ធៀបនឹងចំនួនប្រជាពលរដ្ឋគោលដៅចំនួន១០លាននាក់ និង ៥៦% លើកុមារនិងយុវជនដែលមានអាយុចាប់ពី១២ឆ្នាំដល់ក្រោម១៨ឆ្នាំ ធៀបនឹងគោលដៅចំនួនប្រមាណ​២លាននាក់។ រដ្ឋាភិបាលកម្ពុជារំពឹងថា ការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជុំទី១ នឹងត្រូវបញ្ចប់នៅចុងខែតុលាឬដើមខែវិច្ឆិកា ឆ្នាំ២០២១នេះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ