UNICEF​ រក​ឃើញ​ថា​ កុមារ​កម្ពុជា​ជា​ក្រុម​ងាយ​រង​គ្រោះ​ដោយ​ការ​ប្រែប្រួល​អាកាស​ធាតុ

ស្ត្រីម្នាក់ជាមួយនឹងកូនប្រុស អុំទូកទៅប្រកបរបរប្រចាំថ្ងៃ ស្ថិតនៅភូមឆ្នុកទ្រ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២០។ (ហ៊ី ឆាយ)

អង្គការយូនីសេហ្វ (UNICEF) បានរកឃើញថា កុមារដែលរស់នៅក្នុងប្រទេសកម្ពុជា ស្ថិតនៅក្នុងចំណោមក្រុមមនុស្សដែលប្រឈមនឹងហានិភ័យខ្ពស់ពី​ការប្រែប្រួលអាកាសធាតុ ហើយពួកគេក៏ត្រូវប្រឈម​បញ្ហាខ្វះទឹកប្រើប្រាស់ គ្រោះទឹកជំនន់តាមដងទន្លេ និងជំងឺឆ្លងផ្សេងៗ។  

អ្នកធ្វើការផ្នែកបរិស្ថានបញ្ជាក់ថា កុមារងាយនឹងរងផលប៉ះពាល់ធ្ងន់ធ្ងរពីការប្រែប្រួលអាកាសធាតុ ដោយសារកុមារមិនទាន់មានវិធីសាស្ត្រនៅក្នុងការបន្សាំខ្លួនឱ្យដូចមនុស្សធំនៅឡើយ។ បញ្ហានេះ ពួកគេថា រដ្ឋគួរបញ្ជ្រាបការអប់រំពីការប្រែប្រួលអាកាសធាតុនិងបរិស្ថានបន្ថែមទៀត ចូលទៅក្នុងកម្មវិធីសិក្សាឱ្យបានយ៉ាងហោចមួយថ្ងៃមួយម៉ោង តាំងពីថ្នាក់បឋមសិក្សារហូតដល់ថ្នាក់ទី១២។

សេចក្តីប្រកាសព័ត៌មានរបស់យូនីសេហ្វកាលពីថ្ងៃចន្ទ អះអាងថា កុមារ​កម្ពុជាស្ថិតនៅក្នុងចំណោមក្រុមដែលប្រឈមនឹងហានិភ័យខ្ពស់ពីផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុ ដែលបង្កការគំរាមកំហែងដល់សុខភាព ការអប់រំ និងការទទួលបានកិច្ចគាំពារ។ ​

យូនីសេហ្វបន្ថែមថា ប្រទេសកម្ពុជាស្ថិតក្នុងចំណាត់ថ្នាក់ទី៤៦ ក្នុងចំណោម១៦៣ប្រទេស ធ្វើឱ្យកម្ពុជាស្ថិតក្នុងចំណោមប្រទេស ១ភាគ៣ នៅផ្នែកខាងលើគេដែល​ប្រឈមហានិភ័យខ្ពស់ទៅនឹងការប្រែប្រួលអាកាសធាតុ។ សេចក្តីប្រកាសព័ត៌មាននេះ ក៏បានលើកឡើងនូវរបាយការណ៍មួយក្រោមចំណងជើងថា «វិបត្តិអាកាសធាតុ គឺជាវិបត្តិនៃសិទ្ធិកុមារ៖ សន្ទស្សន៍ហានិភ័យអាកាសធាតុរបស់កុមារ» ។

ទោះជាយ៉ាងនេះក្តី ការវិនិយោគលើសេវាសង្គម ជាពិសេសលើការបង្កើនលទ្ធភាពទទួលបានទឹកស្អាតនិងអនាម័យ សេវាសុខភាពនិងអាហារូបត្ថម្ភ ការអប់រំនិងសេវាគាំពារសង្គម អាចនាំមកនូវការប្រែប្រួលគួរឱ្យកត់សម្គាល់ក្នុងការការពារអនាគតកុមារទាំងនេះពីផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុ។

នាយិកាយូនីសេហ្វប្រចាំកម្ពុជា លោកស្រី ហ្វ័រូហ្គ ហ្វយូហ្សិថ ​មានប្រសាសន៍ក្នុងសេចក្តីប្រកាសព័ត៌មាននោះថា វិបត្តិអាកាសធាតុ គឺជាវិបត្តិសិទ្ធិកុមារ ព្រោះថា វិបត្តិនេះបង្កការគំរាមកំហែងដល់គ្រប់ទិដ្ឋភាពទាំងអស់នៃសុខភាពនិងសុខុមាលភាពរបស់កុមារ ក្នុងកម្រិតដែលមនុស្សជាតិ​ពុំធ្លាប់ជួបប្រទះកន្លងមក។ បម្រែបម្រួលអាកាសធាតុធ្វើឱ្យពិភពលោកក្លាយជាកន្លែងកាន់តែមានហានិភ័យសម្រាប់ការរស់នៅនិងការលូតលាស់ធំធាត់របស់កុមារ ប៉ុន្តែយើងអាចទប់ស្កាត់បញ្ហានេះមិនឱ្យក្លាយជាបញ្ហាកាន់តែធ្ងន់ធ្ងរបាន ប្រសិនបើយើងចាប់ផ្តើមចាត់វិធានការពីអំណឹះតទៅ។

អ្នកស្រីបន្តថា៖ «យើងចាំបាច់ត្រូវធ្វើកាវិនិយោគលើសេវាដែលកុមារពឹងអាស្រ័យ ដើម្បីរស់រាននិងអភិវឌ្ឍន៍ ដូចជា ហេដ្ឋារចនាសម្ព័ន្ធ និងសេវាទឹកស្អាត សេវាថែទាំសុខភាព និងអប់រំ ជាដើម! ក៏ដូចជាធ្វើយ៉ាងណាឱ្យហេដ្ឋារចនាសម្ព័ន្ធ និងសេវាទាំងនេះកាន់តែមានភាពធន់។ ប្រព័ន្ធនិងសេវាដែលរឹងមាំនឹងជួយការពារអនាគតកុមារពីផលប៉ះពាល់ដែលបង្កឡើងដោយសារការប្រែប្រួលអាកាសធាតុនិងការរេចរឹលបរិស្ថាន»។

រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន លោក នេត្រ ភក្ត្រា ប្រាប់ វីអូឌី តាមប្រព័ន្ធតេឡេក្រាមកាលពីម្សិលមិញថា កម្ពុជាមិនមែនជាប្រទេសដែលបង្កឱ្យមានការប្រែប្រួលអាកាសធាតុទេ តែជាអ្នកទទួលរងនូវផលប៉ះពាល់ពីការប្រែប្រួលអាកាសធាតុ។

លោកបញ្ជាក់ថា៖ «ក្នុងការទប់ស្កាត់ផលប៉ះពាល់ដោយការប្រែប្រួលអាកាសធាតុដល់កុមារ ក្រសួងបរិស្ថានបានចូលរួមក្នុងការបញ្ជ្រាបចំណេះដឹងអំពីការប្រែប្រួលអាកាសធាតុទៅក្នុងគោលនយោបាយជាតិ លើកកម្ពស់ការយល់ដឹងក្នុងចំណោមប្រជាពលរដ្ឋ។ ក្រសួងបរិស្ថាន បានសហការជាមួយក្រសួងអប់រំ យុវជន និងកីឡា បញ្ចូលមេរៀនទាក់ទងនឹងមេត្រីភាពបរិស្ថាន និងការបន្សាំនឹងការប្រែប្រួលអាកាសធាតុ ដល់សិស្សបឋមសិក្សា ដើម្បីឱ្យពួកគេមានចំណេះដឹងនិងយល់ដឹងពីវិធានការការពារខ្លួនពីការប្រែប្រួលអាកាសធាតុ ដូចជា ពេលទឹកជំនន់ រាំងស្ងួត និងបញ្ហាផ្សេងៗទៀត»។ 

លោក នេត្រ ភក្ត្រា បន្ថែមថា​ ចំពោះមុខ បញ្ហាប្រឈមនេះ រដ្ឋាភិបាល​បានបង្កើនថវិកា​រហូតដល់ទៅ៤ដង រយៈពេល៨ឆ្នាំចុងក្រោយ​ ដើម្បីឆ្លើយតបទៅនឹងបញ្ហាដែលបណ្តាលមកពីការប្រែប្រួលអាកាសធាតុ។ លោកថា ថវិកា​ជាង៩០០លានដុល្លារដែលបានមកពីការវិនិយោគរបស់រាជរដ្ឋាភិបាល​ពីដៃគូអភិវឌ្ឍន៍នានា គ្រោងនឹងចំណាយនៅក្នុងគម្រោងរយៈពេល៥ឆ្នាំ ហើយការឆ្លើយតបទៅនឹងបម្រែបម្រួលអាកាសធាតុនេះ ត្រូវ​ធ្វើឡើងរួមគ្នាជាមួយ​ស្ថាប័ននិងក្រសួងចំនួន១៤ផ្សេងទៀត។

ប្រធានកម្មវិធីអនុផលព្រៃឈើនៃអង្គការ NTFP លោក ស៊ឹម ប៊ុនធឿន មានប្រសាសន៍ថា កុមារងាយនឹងរងផលប៉ះពាល់ធ្ងន់ធ្ងរពីការប្រែប្រួលអាកាសធាតុខ្លាំងជាងមនុស្សធំ ដោយសារកុមារមិនទាន់មានវិធីសាស្ត្រ​ក្នុងការបន្សាំខ្លួនឱ្យដូចមនុស្សធំនៅឡើយទេ។

លោកថា ដូចជាការស្លៀកពាក់ដើម្បីទប់កម្តៅថ្ងៃជាដើម ក្មេងៗនៅតាមជនបទមិនសូវចេះទប់ស្កាត់ទេ ហើយគួបផ្សំទៅនឹងចំណេះដឹងរបស់មាតាបិតាឬអាណាព្យាបាលរបស់ពួកគេនៅមានកម្រិតទៀតនោះ ​បណ្តាលឱ្យមានផលប៉ះពាល់ទៅលើកុមារអាចកាន់តែធ្ងន់ធ្ងរ។

លោក ស៊ឹម ប៊ុនធឿន ថា៖ «ទី១ វាអាចខ្វះសារជាតិទឹកនៅក្នុងខ្លួន ដោយសារគាត់លេងនៅក្រោមកម្តៅថ្ងៃ អ៊ីចឹងវាចេញញើសចេញអីច្រើន ហើយវាអាចដុតសារជាតិនៅក្នុងខ្លួនហ្នឹង ធ្វើឱ្យកុមារបាត់បង់ជាតិទឹក។ ទី២ ស្បែកកុមារខ្ចី អ៊ីចឹងកាលណាវាប្រែប្រួលអាកាសធាតុ វាងាយរងផលប៉ះពាល់ទៅនឹងជំងឺស្បែកផ្សេងៗទៅលើខ្លួនកុមារ។ ហើយកន្លងមកនេះ យើងមិនដឹងថា ពន្លឺព្រះអាទិត្យអ៊ុលត្រាយូវី [UV] ដែលកើតឡើងមក វាជះផលប៉ះពាល់អាក្រក់ទៅលើកុមារកម្រិតណាទេ បើសិនកុមារមិនទទួលបានការអប់រំដូចកុមារនៅទីក្រុង។ ទី៣ កាលណាមានការប្រែប្រួលអាកាសធាតុនៅក្នុងមូលដ្ឋាន[ឬ]តំបន់ណាដែលគាត់ពឹងលើដំណាំកសិផល ប៉ុន្តែបើខ្វះទឹកឬទឹកជំនន់ខ្លាំងពេក ដែលវាធ្វើឱ្យកសិផលរបស់គាត់ត្រូវបានបាត់បង់ មានន័យថា អាហារូបត្ថម្ភរបស់កុមារកាន់តែខ្វះ ធ្វើឱ្យកុមារមានជំងឺខ្វះជីវជាតិអាហារ ដូចជា ខ្វះជាតិស្ករក្នុងខ្លួនកុមារ ជាដើម។ […] និងបើទឹកជំនន់ខ្លាំង កុមារអាចមានផលប៉ះពាល់ពាក់ព័ន្ធការទទួលទានទឹកមិនល្អបរិសុទ្ធ ទឹកមិនបានដាំពុះ មានជំងឺរាករូសដោយសារបញ្ហាទឹកមិនស្អាត មានបញ្ហាសុខភាព ដែលជាហេតុអាចធ្វើឱ្យប៉ះពាល់ដល់ការអប់រំ»។

លោក ស៊ឹម ប៊ុនធឿន ថាជាដំណោះស្រាយ បើសិនក្រសួងអប់រំបញ្ជ្រាបម៉ោងអប់រំពីការប្រែប្រួលអាកាសធាតុនិងបរិស្ថានបន្ថែមទៀតចូលទៅក្នុងកម្មវិធីសិក្សាឱ្យបានមួយថ្ងៃមួយម៉ោងៗ តាំងពីថ្នាក់ទី៣ រហូតដល់ថ្នាក់ទី១២ នោះក្មេងៗ ព្រមទាំងយុវជនជំនាន់ក្រោយ នឹងស្រឡាញ់ធនធានធម្មជាតិបន្ថែមទៀត។ ​

នាយកប្រតិបត្តិវេទិកានៃអង្គការមិនមែនរដ្ឋាភិបាលស្ដីពីកម្ពុជា NGO-Forum លោក តឹក វណ្ណារ៉ា លើកឡើងស្រដៀងគ្នាថា ជាកិច្ចការចាំបាច់ដែលភាគីពាក់ព័ន្ធទាំងអស់ត្រូវខំប្រឹងប្រែងបន្ថែមទៀត ក្នុងការបញ្ជា្របចំណេះដឹងតាមប្រព័ន្ធអប់រំទៅដល់កុមារ​ ជុំវិញផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុ។ បន្ថែមពីនេះ លោកថា ប្រព័ន្ធផ្សព្វផ្សាយក៏រួមចំណែកយ៉ាងសំខាន់លើបញ្ហានេះផងដែរ។ ​

លោកបន្តថា៖ «យើងឃើញថា របាយការណ៍ហ្នឹង [របស់យូនីសេហ្វ] បានឆ្លើយតបទៅនឹងទិដ្ឋភាពជាក់ស្តែង ដោយសារតែកុមារនិងយុវជនមានការយល់ដឹងពីបម្រែបម្រួលអាកាសធាតុអាចនៅមានកម្រិត។ ក្មេងៗដែលគាត់មិនទាន់បានយល់ដឹងពីបម្រែបម្រួលអាកាសធាតុ និងវិធីបន្សាំ ក៏ដូចជាការការពារខ្លួននៅឡើយ ពោលគឺការយល់ដឹងនៅមានកម្រិត។ ស្ថាប័នពាក់ព័ន្ធគួរធ្វើជាសារដែលសំខាន់ៗ ដូចជា រូបភាព ជីវចល ផ្ទាំងគំនូរ និងវីដេអូណែនាំ ឯកសារដែលងាយឱ្យកុមារចាប់បាន អាចយល់ និងអាចការពារខ្លួនពីការប្រែប្រួលអាកាសធាតុហ្នឹង»។

យូនីសេហ្វ បានលើកឡើងពីសន្ទស្សន៍ហានិភ័យអាកាសធាតុរបស់កុមារ (CCRI) បង្ហាញថា ​កុមារ២៤0លាននាក់ ប្រឈម​បញ្ហាគ្រោះទឹកជំនន់នៅតាមតំបន់ឆ្នេរ ហើយកុមារ៣៣0លាននាក់ប្រឈមបញ្ហា​គ្រោះទឹកជំនន់នៅតាមមាត់ទន្លេ។ លើសពីនេះ កុមារ៤០0លាននាក់ប្រឈមបញ្ហាខ្យល់ព្យុះស៊ីក្លូន ហើយកុមារ៦០0លាននាក់ប្រឈមបញ្ហាជំងឺដែលឆ្លងផ្សេងៗ។ រីឯកុមារ៨១៥លាននាក់ប្រឈមបញ្ហាបំពុលបរិយាកាសដោយសារធាតុសំណ ហើយកុមារ៨២០លាននាក់ ប្រឈម​រលកកម្តៅ និងកុមារ៩២០លាននាក់ប្រឈម​បញ្ហាខ្វះទឹក។ ដោយឡែក កុមារ១ពាន់លាននាក់ទៀតត្រូវប្រឈមបញ្ហា​បំពុលខ្យល់ដែលឡើងកម្រិតខ្ពស់ហួសប្រមាណ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ