អាជ្ញាធរ​រាជ​ធានី​ភ្នំពេញ​បន្ត​ដាក់​វិធានការ​រដ្ឋបាល​រយៈពេល​១៤​ថ្ងៃ​ទៀត​ដើម្បី​ទប់ស្កាត់​ការ​ឆ្លង​ជំងឺ​កូវីដ-១៩

អាជ្ញាធរមូលដ្ឋានចុះអប់រំណែនាំដល់ពលរដ្ឋដែលជួបជុំគ្នាផឹកស៊ីល្មើសបម្រាមសុខាភិបាល ស្ថិតនៅសង្កាត់គោកឃ្លាង ខណ្ឌសែនសុខ នៅយប់ថ្ងៃទី២០ ខែសីហា ឆ្នាំ២០២១។ (ហង់ សុខហុង)

អាជ្ញាធររាជធានីភ្នំពេញបានបន្តដាក់ចេញវិធានការរដ្ឋបាលរយៈពេល១៤ថ្ងៃទៀត ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ដោយគិតចាប់ពីពាក់កណ្តាលយប់ថ្ងៃទី២៧ ខែសីហា រហូតដល់ថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២១។

សេចក្តីសម្រេចនេះបានធ្វើឡើងកាលពីល្ងាចថ្ងៃទី២៥ ខែសីហា ដោយនៅក្នុងអំឡុងពេលនៃការដាក់ចេញវិធានការរដ្ឋបាលនេះត្រូវផ្អាកជាបណ្តោះអាសន្នចំពោះសកម្មភាពការងារ មុខរបរ ឬអាជីវកម្មដែលមានហានិភ័យខ្ពស់នៃការឆ្លងរាលដាលជំងឺកូវីដ-១៩មួយចំនួន រួមមាន សាលារៀន អាជីវកម្មក្លឹបកម្សាន្តគ្រប់ប្រភេទ រមណីយដ្ឋាន សារមន្ទីរ សួនកុមារ និងសួនកម្សាន្តនានា អាជីវកម្មម៉ាស្សា សូណា និងស្ទីមគ្រប់ប្រភេទ ហាងលក់និងសេពគ្រឿងស្រវឹងនានា រួមទាំងរោងភាពយន្ត រោងសម្តែងសិល្បៈ ក្លឹបហាត់ប្រាណ និងមជ្ឈមណ្ឌលកីឡាគ្រប់ប្រភេទ។ ចំណែកសកម្មភាពជួបជុំ ឬ ការប្រមូលផ្តុំមនុស្សជាលក្ខណៈឯកជនដែលមានមនុស្សចូលរួមលើសពី១៥នាក់ ក៏ត្រូវបានហាមឃាត់ផងដែរ លើកលែងតែករណីចាំបាច់មួយចំនួនប៉ុណ្ណោះ។

យ៉ាងណាក្តី សេចក្តីសម្រេចនេះមិនបានបញ្ជាក់ពីការដាក់វិធានការបម្រាមគោចរថ្មីនោះទេ។ បម្រាមគោចរនៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញបានផុតកំណត់កាលពីថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២១។

យោងតាមរបាយការណ៍របស់គណៈកម្មការអន្តរក្រសួងដើម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩ ស្តីពី «លទ្ធផលនៃការអនុវត្តវិធានការច្បាប់ចំពោះបុគ្គលដែលល្មើសនឹងវិធានការសុខាភិបាល និងវិធានការរដ្ឋបាល» កាលពីយប់ថ្ងៃទី២៥ ខែសីហា អាជ្ញាធរបានអនុវត្តវិធានការច្បាប់បានចំនួន១០២ករណី ដោយបានឃាត់ខ្លួនមនុស្សអប់រំនិងពិន័យចំនួន២៩៧នាក់ ឃាត់រថយន្ត១១គ្រឿង ម៉ូតូ៥៧គ្រឿង និងពិន័យជាប្រាក់បាន១ ៤០០ ០០០រៀល៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ