សមត្ថ​កិច្ច​ស្វែង​រក​ចាប់​ខ្លួន​​អ្នក​​ដែល​បង្ហោះ​​សារ​មិន​ពិត​ពាក់ព័ន្ធ​​ដំណើរ​ទៅ​បារាំង​របស់​លោក​ ស ខេង

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង ធ្វើមាតុភូមិនិវត្តន៍ បន្ទាប់ពីបានទៅបំពេញទស្សនកិច្ច និងចូលរួមសន្និសីទស្តីពីការជួញដូរសត្វព្រៃខុសច្បាប់លើកទី៤ នៅទីក្រុងឡុងដ៍ ចក្រភពអង់គ្លេស កាលពីថ្ងៃទី១១ – ១២ ខែតុលា ឆ្នាំ២០១៨ ដែលមានប្រទេសចូលរួមជាង៨០ប្រទេស (ថ្នាក់ប្រធានាធិបតី នាយករដ្ឋមន្រ្តី រដ្ឋមន្ត្រី និងមន្ត្រីជាន់ខ្ពស់ សង្គមស៊ីវិល និងវិស័យឯកជនជាង១ ០០០នាក់) ដែលបានចូលរួម។ (ហ្វេសប៊ុកលោក ស ខេង)

មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលថា សមត្ថកិច្ចកំពុងស្រាវជ្រាវចាប់ខ្លួនម្ចាស់គណនីហ្វេសប៊ុកឈ្មោះ Tharith Bun ដែលបង្ហោះសារលើបណ្តាញសង្គម​ថា លោក ស ខេង មានជំនួបជាថ្មីជាមួយលោក សម រង្ស៊ី នៅប្រទេសបារាំង ដើម្បីបង្កើតរដ្ឋាភិបាលបណ្តោះអាសន្នមួយ ដោយថាជាព័ត៌មានមិនពិតនិងមានចរិតញុះញង់ផងដែរ។

កាលពីថ្ងៃទី​២៥ ខែសីហា ២០២១ ​គណនីហ្វេសប៊ុកឈ្មោះ Tharith Bun បានបង្ហោះ​រូបភាពជំនួបអតីតកាលរវាងលោក ស ខេង រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ និងលោក សម រង្ស៊ី មេដឹកនាំអតីតបក្សប្រឆាំង​ នៅក្នុងរដ្ឋសភា កាលពីខែកញ្ញា ឆ្នាំ២០១៥ មកផ្សព្វផ្សាយជាថ្មី​ អមដោយ​ខ្លឹមសារថា «សម្តេច ស ខេង បានទៅជួប សម រង្ស៊ី ស្ងាត់ៗនៅប្រទេសបារាំង»

អ្នកនាំពាក្យអគ្គស្នងការនគរបាលជាតិ លោកឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន ប្រាប់ វីអូឌី នៅថ្ងៃទី៣០ ខែ​សីហា​នេះ​ថា ការបង្ហោះសាររបស់បុគ្គលឈ្មោះ Tharith Bun ជាបទល្មើសជាក់ស្តែង និង​​បានបង្កឱ្យ​​ប៉ះពាល់ធ្ងន់ធ្ងរ​​ដល់កិច្ចការផ្ទៃក្នុងរបស់រដ្ឋមួយ ព្រមទាំងជាសារដែល​​​បំពុលសង្គម ដែលចាំបាច់សមត្ថកិច្ចត្រូវតែចាត់​វិធានការតាមច្បាប់ឱ្យខាន​តែបាន។

លោក​ថា៖ «អាហ្នឹងវាជាបទល្មើសមួយ ហើយជាបទល្មើសជាក់ស្តែងទៀត។ ការធ្វើយ៉ាងនេះ វាធ្វើឱ្យ​ប៉ះពាល់ធ្ងន់ណាស់ដល់កិច្ចការផ្ទៃក្នុង​របស់រដ្ឋមួយ ហើយធ្វើឱ្យ​បំពុលសង្គម។ វាជាការបំបែកបំបាក់ផ្ទៃក្នុងថ្នាក់ដឹកនាំទៀត។ ហើយវាគ្រោះថ្នាក់ដល់ប្រទេសជាតិ ពាក់ព័ន្ធសន្តិសុខប្រទេសជាតិ ធ្វើឱ្យ​មានការយល់ច្រឡំច្រើនណាស់។ អ៊ីចឹងចាំបាច់សមត្ថកិច្ចត្រូវតែចាត់នូវវិធានការដើម្បីស្រាវជ្រាវ»។

ដោយឡែក អ្នកនាំពាក្យក្រសួងមហាផ្ទៃ លោក ខៀវ សុភ័គ ប្រាប់សារព័ត៌មានក្នុងស្រុកកាលពីម្សិលមិញថា ក្រសួងមហាផ្ទៃកំពុងស្រាវជ្រាវចាប់ខ្លួនម្ចាស់គណនីហ្វេសប៊ុកមួយឈ្មោះ Tharith Bun ​ត្បិតបានបង្ហោះបែបរូបភាពនិងសំណេរ ដែលមានចេតនាញុះញង់បង្កចលាចល។ លោកថា ពេលនេះសមត្ថកិច្ចកំពុងស្រាវជ្រាវរកបុគ្គលរូបនោះ ដើម្បីចាត់វិធានការតាមច្បាប់។ ជាមួយគ្នានេះ លោកស្នើឱ្យសាធារណជនកុំចាប់អារម្មណ៍ និងកុំចែកចាយព័ត៌មានបែប​ញុះញង់នេះបន្តទៀត​ ដើម្បីកុំឱ្យមានការភ័ន្តច្រឡំ។

ទោះបីជាយ៉ាងណា លោក ប៊ុន ថារិទ្ធ ដែលអះអាងថាជាម្ចាស់គណនីហ្វេសប៊ុក Tharith Bun បានប្រាប់ វីអូឌី តាម​បណ្តាញប្រព័ន្ធសារ​ Messenger ឬ​ឆាត នៅថ្ងៃទី៣០ ​ខែសីហានេះថា ការដែលអាជ្ញាធរស្រាវជ្រាវតាមចាប់លោកនេះ វាមិនមែនជារឿងចម្លែកទេសម្រាប់លោក​​។ បុរសដែលមានអាសយដ្ឋាននៅក្រៅប្រទេសរូបនេះ បន្ថែមថា លោកនឹង​ទទួលខុសត្រូវចំពោះមុខច្បាប់ ប្រសិនបើអ្វីដែលលោកបង្ហោះនោះជារឿង​ខុសច្បាប់មែន។

ម្ចាស់គណនីហ្វេសប៊ុក Tharith Bun និយាយ​ថា៖ «គ្មានអីចម្លែកទេ របបផ្តាច់ការតែងតែប្រើពាក្យចាប់ចង គំរាមកំហែង សម្លុតសម្លាប់​ ដើម្បីបំបិទសិទ្ធិប្រជាពលរដ្ឋ។ តែសម្រាប់ខ្ញុំ ដូចវាស៊ាំទៅហើយ គេតាមចាប់មិនដឹងជាប៉ុន្មានដងហើយទេ គ្រាន់តែគេចាប់មិនបាន។ តាមខ្ញុំ​ចាំ គេប្រកាសផ្លូវការ ដូចជាពីរដងហើយ អារឿងតាមចាប់ខ្ញុំហ្នឹង»។

នាយកប្រតិបត្តិអង្គការអភិវឌ្ឍន៍ផ្នត់គំនិត លោក សេក សុជាតិ មានប្រសាសន៍ថា ក្នុងករណីណាក៏ដោយ បើសិនជាការ​ផ្សាយព័ត៌មានមិនពិត ទោះព័ត៌មាននោះតូចឬធំក្តី គឺពាក់ព័ន្ធជាមួយផ្លូវច្បាប់។ ​លោកថា បើសិនមានអ្នកបំពានលើច្បាប់ អាជ្ញាធរមានសិទ្ធិ​នៅក្នុងការអនុវត្តតាមការដែលច្បាប់បានរៀបចំ។

ទោះយ៉ាងណា លោកមិនគាំទ្រឡើយចំពោះការចែកចាយព័ត៌មានមិនពិត​ ហើយគាំទ្រចំពោះការអនុវត្តច្បាប់​ផងដែរ។ ​

លោក សេក សុជាតិ បន្តថា៖ «ខ្ញុំនៅតែគាំទ្រនៅលើផ្នែកច្បាប់ដដែល ព្រោះខ្ញុំមិនគាំទ្រនូវការចែកចាយព័ត៌មានមិនពិត​ដោយបំពានច្បាប់នោះទេ។ បើព័ត៌មានមិនពិតនោះមិនមានច្បាប់ ក៏ខ្ញុំនៅតែមិនគាំទ្រដែរ ក៏ប៉ុន្តែខ្ញុំក៏មិនគាំទ្រជាមួយនឹងអាជ្ញាធរដែលទៅអនុវត្តទៅលើបុគ្គលដែលផ្សព្វផ្សាយព័ត៌មានមិនពិត ដោយមិនមានច្បាប់នោះដែរ»។

លោក សម រង្ស៊ី ប្រធាន​អតីត​គណបក្ស​សង្គ្រោះ​ជាតិ នៅថ្ងៃទី​២៩ ខែសីហា ឆ្នាំ២០២១កន្លងនេះ បានបង្ហោះរូបថតចាស់មួយសន្លឹកដែលបង្ហាញពីការចាប់ដៃរវាងរូបលោកនិងលោកនាយករដ្ឋមន្ត្រី​ ហ៊ុន សែន ព្រមជាមួយលោក ស ខេង ឈរនៅកណ្តាល។ ក្នុងនោះ លោក សម រង្ស៊ី បង្ហោះសារបន្ត​ថា «លោក ស ខេង ជាមនុស្សកណ្តាល»

លោក អេង ឆៃអ៊ាង អនុប្រធាន​អតីត​គណបក្ស​សង្គ្រោះ​ជាតិ បានបង្ហោះសារនៅថ្ងៃអាទិត្យនេះ ដោយថា ការបង្កើត​រដ្ឋាភិបាលបង្រួបបង្រួមជាតិដែលមានវត្តមានលោក ស ខេង ចូលរួមដែរ គឺជារឿងល្អ។ ​

លោកថា៖ «ការបង្កើតរដ្ឋាភិបាលបង្រួបបង្រួមជាតិដែលមានលោក ស ខេង ចូលរួមផងដែរ គឺជាគំនិតមួយដ៏ត្រឹមត្រូវ»។

ទោះបីជាយ៉ាងនេះក្តី កូនប្រុសបង្កើតរបស់​លោក ស ខេង និងបច្ចុប្បន្នជារដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា គឺ​លោក ស សុខា បានបញ្ជាក់នៅលើទំព័រហ្វេសប៊ុកផ្លូវការ​នៅព្រឹកថ្ងៃចន្ទនេះ​ថា ការដែលឪពុករបស់​លោកទៅប្រទេសបារាំងនោះ គឺជាការ​ធ្វើដំណើរទៅពិនិត្យសុខភាពសុទ្ធសាធ ពុំមាន​ការជួបជាមួយអ្នកនយោបាយណាម្នាក់ឡើយ។

លោក ស សុខា បានសរសេរបន្តថា៖ «វត្តមានសម្តេចក្រឡាហោម ស ខេង ទៅប្រទេសបារាំង រយៈពេល២សប្តាហ៍ ចាប់ពីថ្ងៃទី២២ ខែសីហា ដល់ថ្ងៃទី៥ ខែកញ្ញា គឺជាការអញ្ជើញទៅពិនិត្យសុខភាពសុទ្ធសាធ ពុំមានការជួបជាមួយអ្នកនយោបាយណាម្នាក់ដូចការលើកឡើងរបស់អ្នកវិភាគ ក៏ដូចជាអ្នកនយោបាយមួយចំនួនតូចនៃអតីតគណបក្សសង្គ្រោះជាតិនោះឡើយ»។

លោក​បន្ថែមថា ការលើកឡើងរបស់អ្នកនយោបាយមួយចំនួនតូចនៃអតីតគណបក្សសង្គ្រោះជាតិ គ្រាន់តែជាការប្រតិដ្ឋឡើងដើម្បីបំភ័ន្តមតិជាតិនិងអន្តរជាតិ សំដៅកេងចំណេញ​នយោបាយរបស់ខ្លួននិងបក្ខពួកប៉ុណ្ណោះ។

​ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង បានធ្វើដំណើរទៅកាន់ប្រទេសបារាំងរយៈពេល២សប្តាហ៍ គឺចាប់ពីថ្ងៃទី២២ ខែសីហា ដល់ថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២១នេះ ដោយខុទ្ទកាល័យរបស់លោកបញ្ជាក់ថាជាដំណើរដែលមានធុរៈផ្ទាល់ខ្លួនប៉ុណ្ណោះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ