កម្ពុជា​ត្រៀម​បើក​សាលា​រៀន​ឡើង​វិញ​ដោយ​ផ្តើម​ចេញ​ពី​តំបន់​ជនបទ​

បុរសម្នាក់ជិះម៉ូតូកាត់ពីមុខសាលាបឋមសិក្សា​ស្រែ​ក្លេង ក្នុង​ភូមិ​ឡាំ​មេះ ឃុំ​ប៊ូស្រា ស្រុក​ពេជ្រ​ដា ខេត្តមណ្ឌលគិរី ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២០។ (អ៊ុយ សុធា)

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានស្នើឱ្យរដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ពិនិត្យមើលលទ្ធភាពក្នុងការបើកសាលារៀនឡើងវិញ ដោយចាប់ផ្តើមពីតំបន់ជនបទឬ​ទីតាំងដែល​មិនមានការឆ្លងជំងឺកូវីដ-១៩។

តាមរយៈសារសំឡេងពិសេសនៅថ្ងៃទី៣១ ខែសីហានេះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជាបាន​កត់សម្គាល់​ថា ស្ថាន​ភាព​ឆ្លង​ជំងឺ​កូវីដ-១៩ នៅរាជធានីភ្នំពេញ និងខេត្តក្រុងមួយចំនួនបាន​ធ្លាក់ចុះ​ជា​បន្តបន្ទាប់ ដែលនេះគឺជាចំណុច​វិជ្ជមាន​មួយ​ក្នុង​ការ​ត្រៀម​បើក​ឡើង​វិញ​នូវ​សង្គមសេដ្ឋ​កិច្ច​កម្ពុជា ហើយ​ក្នុងនោះក៏មានការបើកសាលារៀនឡើងវិញផងដែរ។

បើតាមលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ការបើកសាលារៀនឡើងវិញ គួរចាប់ផ្តើមពីតំបន់​ជនបទ ចាប់ពីកម្រិតបឋមសិក្សារហូតដល់កម្រិតមធ្យមសិក្សា នៅតាមទីតាំងដែលមិនមានការឆ្លងជំងឺកូវីដ-១៩ ឬការឆ្លងដែលមានកម្រិតទាប។

ប៉ុន្តែទោះជាយ៉ាងនេះក្តី លោកថា ​ការបើកសាលារៀនឡើងវិញ ត្រូវធ្វើឡើងដោយគោរពតាម​វិធាន​ការ​សុខាភិបាល និងការរក្សានូវគម្លាតសុវត្ថិភាពសង្គម។ លោកនាយករដ្ឋមន្ត្រីបាន​បន្ថែម​ថា ការបន្ត​បិទ​សាលារៀន​នៅ​ក្នុង​ក្រប​ខណ្ឌ​ទូទាំង​ប្រទេស នឹង​បង្ក​ផល​វិបាកដល់កុមារនៅតាមជនបទដែលអាចនឹងត្រូវបោះបង់ចោលការសិក្សាឬភ្លេចអក្សរជាដើម។

ក្រសួង​អប់រំ យុវជន និង​កីឡា បាន​ប្រកាស​បិទ​សាលារៀន​​ទាំ​ង​រដ្ឋនិង​ឯកជ​ន​​គ្រប់​កម្រិត ចាប់​តាំង​ពី​ពាក់​កណ្តាល​ខែ​មីនា រហូតមកដល់​ចុងខែសីហានេះ ដោយ​មិន​​កំណត់​ពេលវេលា​នោះ​ឡើយ​។ ក្រសួង​អះអាង​ថា វិធានការ​នេះ គឺ​ដើម្បី​បង្ការនិង​ទប់ស្កាត់​​ការ​​រីក​​រាលដាល​​ជំងឺ​​កូវីដ-១៩។

បើតាមលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ការ​ពិនិត្យ​លើលទ្ធ​ភាព​ក្នុង​ការ​បើក​សាលា​រៀនឡើង​វិញ​នេះ ស្របពេល​ដែល​កុមារ​កម្ពុជា​ដែល​មាន​អាយុ​ចាប់​ពី​១២ឆ្នាំ ដល់១៥​ឆ្នាំ ប្រមាណ​​ជា១លាន​៥សែន​នាក់ ក្នុង​ចំណោម​​កុមារ​ជាង​២លាននាក់ បាន​ចាក់វ៉ាក់​សាំងបង្ការ​ជំងឺ​កូវីដ-​១៩​រួច​ហើយ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ