ជនជាតិ​អាហ្វហ្គា​នីស្ថាន​សម្រុក​ទៅ​​សណ្ឋាគារ​ដែល​អ្នក​​ការទូត​ស្នាក់​​នៅ​​ដើម្បី​​សុំ​​ឯកសារ​ជម្លៀស​ចេញ

ពលរដ្ឋអាហ្វហ្គានីស្ថានម្នាក់ថ្លែងប្រាប់អ្នកសារព័ត៌មាននៅពីមុខសណ្ឋាគារ Serena Kabul Hotel នាក្រុងកាប៊ុល ពាក់ព័ន្ធនឹងការសុំសិទ្ធិភៀសខ្លួនក្រោយក្រុមតាលីបង់កាន់កាប់អំណាច។ (A24 News)

បើទោះបីជាមានសីតុណ្ហភាពក្ដៅខ្លាំងនិងបញ្ហានៅតាមដងផ្លូវក្នុងរដ្ឋធានីកាប៊ុលយ៉ាងណាក៏​ដោយ ប្រជាពលរដ្ឋអាហ្វហ្គានីស្ថានរាប់រយនាក់​ដែលមានបំណងចាកចេញ​ពី​ប្រទេស​នៅ​ក្នុងតំបន់ Green Zone នៅកណ្តាលទីក្រុង បានប្រញាប់ប្រញាល់ដាក់ឯកសារផ្លូវការរបស់ខ្លួន​ទៅកាន់អ្នកការ​ទូតនិងបុគ្គលិកជំនួយបរទេសនានានៅឯសណ្ឋាគារ Serena Kabul Hotel ដែលត្រូវបានការ​ពារ​ដោយ​កង​កម្លាំង​អាមេរិក។

នៅក្នុងបទសម្ភាសជាមួយសារព័ត៌មាន A24 News ប្រជាពលរដ្ឋអាហ្វហ្គានីស្ថានមួយរូប លោក Turyali Ahmadi ថ្លែងថា៖ «វាមានរយៈពេលមួយសប្តាហ៍មកហើយ។ ដំបូងឡើយ ពួកគេប្រាប់ឱ្យ​យើងទៅកាន់ព្រលានយន្តហោះ ពេលដែលយើងទៅដល់ព្រលានយន្តហោះ គេប្រាប់យើងឱ្យ​ទៅសណ្ឋាគារ Kabul Sirina។ ខ្ញុំមិនដឹងថាត្រូវធ្វើអ្វីទៀតនោះទេ។ បញ្ហារបស់ខ្ញុំគឺថាសុពលភាពលិខិតឆ្លងដែនរបស់ខ្ញុំជិតផុតកំណត់ក្នុងពេលឆាប់ៗនេះហើយ កូនៗនិងប្រពន្ធរបស់ខ្ញុំក៏នៅទីនេះដែរ។ យើងត្រូវការការគាំទ្រនិងជំនួយ។ សូមមេត្តាជួយដល់យើងផង»។

ប្រជាពលរដ្ឋមួយរូបទៀត លោកស្រី Mursal HassainZai បានឱ្យ​ដឹង​ដែរថា៖ «អាកាសធាតុក្តៅខ្លាំង យើង​ជួប​ប្រទះ​បញ្ហា​ជាច្រើន​នៅ​ទី​នេះ ប៉ុន្តែគ្មាននរណាម្នាក់ដឹងនោះទេ។ ទ្វារត្រូវបានបិទ ខណៈដែលមនុស្សជាច្រើនបានមកប្រមូលផ្ដុំនៅទីនេះ។ យើងប្រឈមមុខនឹងបញ្ហាជាច្រើន​ យើងមិនដឹងថាគួរតែធ្វើអ្វី និងកន្លែងណាដែលយើងគួរទៅនោះទេ»។

លោកស្រីបន្តថា៖ «សហរដ្ឋអាមេរិកក៏បានប្រាប់ដល់ប្រជាជនអាហ្វហ្គានីស្ថានថា ប្រសិនបើយើងមានឯកសារត្រឹមត្រូវ ពួក​គេ​នឹង​ទាក់​ទង​តាម​រយៈ​ទូរសព្ទនិងផ្ញើអ៊ីម៉ែលមកកាន់យើង។ ជាក់ស្ដែង យើងទទួលបានអ៊ីម៉ែល និងមានការទាក់ទងតាមទូរសព្ទពីសហរដ្ឋអាមេរិក ប៉ុន្តែយើងនៅតែមិនអាចធ្វើអ្វីបាន។ វាពិតជាមិនសមហេតុផលទាល់តែសោះ»៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ