នាយករដ្ឋមន្ត្រី​ណែនាំ​ឱ្យ​ក្រសួងអប់រំពិនិត្យ​មើល​លទ្ធភាព​បើកសាលារៀនឡើងវិញ

សកម្មកាពសិស្សក្នុងអំឡុងសិក្សានៅសាលាបឋមសិក្សាកំពង់ព្រះ ស្ថិតនៅភូមឆ្នុកទ្រ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២០។ (ហ៊ី ឆាយ)

តាមរយៈសារសំឡេងពិសេស​នៅថ្ងៃទី៣១ ខែសីហានេះ ប្រមុខរដ្ឋាភិបាល លោក ហ៊ុន សែន បាន​កត់​សម្គាល់​ថា ស្ថានភាពឆ្លងជំងឺកូវីដ-១៩ នៅរាជធានីភ្នំពេញ និងខេត្ត-ក្រុង​មួយ​ចំនួនបាន​ធ្លាក់​ចុះ​ជា​បន្ត​បន្ទាប់។ លោកថា ករណីនេះ ​ជាចំណុចវិជ្ជមានមួយក្នុងការ​ត្រៀម​បើក​ឡើងវិញ​នូវដំណើរការ​​សាលារៀន​ផងដែរ។ 

​លោកនាយករដ្ឋមន្ត្រីបន្ត​ថា ការបើកសាលារៀនឡើងវិញ គួរចាប់ផ្តើមពីតំបន់ជនបទចាប់ពីកម្រិត​បឋមសិក្សារហូតដល់កម្រិតមធ្យម​សិក្សា នៅតាមទីតាំងដែលមិនមានការឆ្លង​ជំងឺ​កូវីដ-១៩ ឬ​ការឆ្លងដែលមាន​កម្រិត​ទាប។ ប៉ុន្តែទោះជាយ៉ាងនេះក្តី លោកថា ការបើកសាលារៀនឡើងវិញ ត្រូវធ្វើឡើងដោយគោរពតាមវិធានការសុខាភិបាល និងការរក្សានូវគម្លាតសុវត្ថិភាពសង្គម។

បើតាមលោកនាយករដ្ឋមន្ត្រី​ ហ៊ុន សែន ការបន្តបិទសាលារៀននៅក្នុងក្របខណ្ឌទូទាំងប្រទេស នឹងបង្កផលវិបាកដល់កុមារនៅតាមជនបទត្រូវបោះបង់ចោលការសិក្សា ឬភ្លេចអក្សរជាដើម។

លោកថា៖ «ដោយសង្កេតឃើញថា នៅតាមសាលាជនបទរបស់យើងដែលពុំមានការឆ្លង យើងមានលទ្ធភាពបើកនូវសាលារៀននោះ ដោយមិនរង់ចាំថាទូទាំងប្រទេសត្រូវតែបើក ឬក៏ខេត្តមួយត្រូវតែបើក ឬស្រុកមួយត្រូវតែបើកទាំងអស់នោះទេ។ យើងគួរជ្រើសរើសនៅតាមភូមិ តាមឃុំដែលពុំមានការកើតនូវជំងឺឆ្លងនេះ ហើយកុមារា-កុមារីរបស់យើងបានចូលសិក្សា ដោយរក្សា​នូវគម្លាតសុវត្ថិភាព រក្សានូវវិធានការសុខាភិបាលចាំបាច់នានា ដើម្បីឱ្យ​កុមារា-កុមារីរបស់យើងបានចូលរៀន»។

លោក អ៊ុង គឹមអូន ពលរដ្ឋរស់នៅតាមបណ្ដោយផ្លូវរថភ្លើង រាជធានីភ្នំពេញ បានសាទរចំពោះ​​រដ្ឋាភិបាលដែល​គិតគូររឿង​បើកសាលារៀនវិញ។ លោកថា តាំងពីមានវិបត្តិ​កូវីដ-១៩មក កូនរបស់លោករៀនពុំសូវបានដិតដល់​ទេ ដោយសារតែខ្វះថវិកាក្នុងការបញ្ចូលលុយ​ទូរសព្ទ ដើម្បីរៀន​តាមប្រព័ន្ធអនឡាញ ខណៈ​កូនរបស់លោកក៏តែងតែ​រអ៊ូថារៀនមិនយល់ ហើយ​ចំពោះលោកក៏​មិនយល់ដូចគ្នា ដោយសារបច្ចេកវិទ្យារៀនតាមអនឡាញជារឿងថ្មីសម្រាប់លោកនិងកូនៗ។

ខណៈកូនមិនទាន់គ្រប់អាយុសម្រាប់ចាក់វ៉ាក់សាំងនៅឡើយ ពេលសួរថា តើលោក​បារ​ម្ភទេ នៅពេល​កូនចូលរៀននៅសាលាឡើងវិញនោះ? លោកឆ្លើយថា មិនសូវបារម្ភទេ ដោយ​សារ​ខាងក្រសួង​ចេះ​រៀប​ចំនិង​ដោះស្រា​យបញ្ហានេះហើយ។ ​

លោក អ៊ុង គឹមអូន និយាយ​ថា៖ «ខ្ញុំគិតថា វាមិនអីទេ ព្រោះសាលាគេចេះរៀបចំហើយ ថាត្រូវធ្វើម៉េចឱ្យ​អាចសិក្សាបាន ដោយមិនឱ្យ​មានបញ្ហាប្រឈមខ្ពស់។ ខាងក្រសួង ខាងអាជ្ញាធរ គេចេះរៀបចំហើយ»។ 

ចំណែកកសិករនៅខេត្តសៀមរាប អ្នកស្រី ប៊ុន កិមឡា លើកឡើងថា កូនរបស់អ្នកស្រីអាយុ១០ឆ្នាំ​​ កំពុងរៀនថ្នាក់ទី៥ នៅ​មិនទាន់បានចាក់វ៉ាក់សាំងនៅឡើយ។ យ៉ាងណា អ្នកស្រីនៅតែចង់ឱ្យ​​កូនទៅរៀន​ក្នុង​ថ្នាក់ ប្រសិនបើ​សាលាបើកដំណើរការឡើងវិញប្រាកដមែន។

អ្នកស្រីថា៖ «បើបានទៅរៀនកាន់តែល្អ ហើយអារឿងភ័យមិនភ័យ យើងការពារខ្លួនយើង ពាក់ម៉ាស កាន់អាល់កុលឱ្យ​ជាប់ទៅ។ បើគេអ្នកផ្សេងៗ គេបានចាក់ [វ៉ាក់សាំង] ហើយ មិនបញ្ហាទេ។ អ្នកមិនចាក់តិចតួចទេ ព្រោះអ្នកចាក់ច្រើនហើយ អត់អីទេ ព្រោះយើងការពារខ្លួនយើងដែរ»។

លោក ស សុផល គ្រូបង្រៀនថ្នាក់ទី៩ នៃអនុវិទ្យាល័យចំបក់ ខេត្តស្វាយរៀង លើកឡើង​តាម​រយៈ​បណ្តាញ​សង្គមហ្វេសប៊ុក​ថា ការបើក​សាលារៀន​វិញជារឿងល្អ ព្រោះ​សិស្សបានខកខានការរៀនសូត្រ​ជាយូរខែ​មកហើយ ម្យ៉ាងការរៀនផ្ទាល់មាន​ភាពងាយស្រួលសម្រាប់សិស្សនៅជនបទផងដែរ។

លោកបន្តថា៖ «នៅជនបទ ការរៀនអនឡាញបានខ្លះដែរ តែមិនបានគ្រប់ជ្រុងជ្រោយទេ ទី១ មិន​មាន​ទូរសព្ទ និងទោះមានទូរសព្ទ ក៏មិនមានលុយបញ្ចូលទូរសព្ទ។ ហើយឪពុកម្តាយចេញរក​ស៊ី មិនបានមើលថែកូនទេ ពោលគឺកូនចង់រៀនក៏រៀនទៅ មិនចង់រៀនក៏អត់ទៅ»។

ប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ អ្នកស្រី អ៊ុក ឆាយ៉ាវី គាំទ្រ​ចំពោះការ​បើក​សាលា​រៀន​​ឡើង​​វិញ។ ប៉ុន្តែអ្នកស្រីថា ក្រសួងសុខាភិបាលដែលជាស្ថាប័ន​ជំនាញ គួរជាអ្នកចេញសេចក្តីប្រកាសពីលទ្ធភាពនៃការបើកសាលាទាំងអស់ និងសហការជាមួយ​ស្ថាប័នពាក់ព័ន្ធ ​ជាជាង​ឱ្យ​​ក្រសួងអប់រំជាអ្នកធ្វើការងារនេះតែម្នាក់ឯង។

អ្នកស្រីបន្តថា៖ «ការបង្រៀនផ្ទាល់ជារឿងល្អប្រសើរហើយ ប៉ុន្តែបារម្ភបំផុតខ្លាចបើកបិទៗដូចរាល់ដង ចូលរៀនបានតែប៉ុន្មាន បិទដោយសារតែកូវីដ-១៩ឆ្លងអ៊ីចឹង។ អ៊ីចឹងចង់ឱ្យ​​ក្រសួងសុខាភិបាលហ្នឹងចេញសេចក្តីប្រកាសតែម្តងថា លែងមានហើយ​កូវីដ-១៩! អ៊ីចឹងយើង​អាចទៅសិក្សា មាន​គ្រូហើយ​និង​សិស្ស​ផ្ទាល់ អ៊ីចឹងយើងមិនបារម្ភអីទៀតទេ»។

ភ្លាមៗ ក្រោយការថ្លែងសាររបស់នាយករដ្ឋមន្ត្រី ក្រសួងអប់រំ យុវជន និងកីឡា បានចេញសេចក្តី​ណែនាំមួ​យស្តីពីគោលការណ៍សំខាន់ៗ​ដែលស្ថាប័ន​ពាក់ព័ន្ធ​នឹង​វិស័យ​អប់រំ ការ​បង្រៀន និងរៀន នៅភូមិសាស្ត្រដែលមានហានិភ័យទាបចំនួន៥ចំណុច។

ក្រសួងបានណែនាំដល់​​អាជ្ញាធររាជធានី-ខេត្ត ត្រូវធ្វើការវាយតម្លៃស្ថានភាពជាក់ស្តែង និងការអនុវត្តនូវគម្លាតសុវត្ថិភាព និងវិធានការសុខាភិបាលចាំបាច់នានា ដើម្បីឈានទៅដល់​ការ​​​បើកដំណើរការឡើងវិញនូវ​គ្រឹះ​ស្ថាន​សិក្សា​ចំណេះ​ទូទៅ​គ្រប់កម្រិត នៅ​តាម​ក្រុង ស្រុក ខណ្ឌ ដែល​មាន​ហានិភ័យទាប។ ក្រសួងបន្តថា ការបន្តរៀនតាមបណ្តុំដែលមានសិស្ស​ចំនួនតិចជាង១៥នាក់ និងឆ្លាស់វេន ឬការរៀនតាមបែបចម្រុះ​ចំពោះតំបន់ប្រជុំជននិងទីក្រុងដែលមានការឆ្លងតិច និងមានការចាក់វ៉ាក់សាំងរួចហើយ។

បន្ថែមពីនេះ ក្រសួងក៏បានណែនាំ​គ្រឹះស្ថានសិក្សា ត្រូវរក្សាការបង្រៀននិងរៀនពីចម្ងាយតាមអន​ឡាញ​ចំពោះ​ភូមិសាស្ត្រដែលមានហានិភ័យខ្ពស់ និង​ត្រូ​វ​ពង្រឹងវិធានការការពារ​សុខភាពបុគ្គលិក​អប់រំ ជាពិសេសគ្រូបង្រៀនដែលមានអាយុ​លើសពី៥០ឆ្នាំឡើងទៅ ព្រមទាំង​​ត្រូវបង្កើត​គណៈក​ម្មកា​រគ្រប់គ្រង​សាលា ដោយមានការចូលរួមពីមាតាបិតានិងអាជ្ញាធរ​មូល​ដ្ឋាន ដើម្បីសម្រេចនៅកម្រិតសាលារៀន ក្នុងការ​បើកឬផ្អាកដំណើរការសាលារៀន។

ក្រសួង​អប់រំ យុវជន និង​កីឡា បាន​ប្រកាស​បិទ​សាលារៀន​ទាំង​រដ្ឋនិង​ឯកជន​គ្រប់​កម្រិតចាប់​តាំង​ពី​ពាក់​កណ្តាល​ខែ​មីនា រហូតមកដល់​ចុងខែសីហានេះ ដោយ​មិន​កំណត់​ពេលវេលា​នោះ​ឡើយ​ ​ក្រោមហេតុផលថា ​ដើម្បី​បង្ការនិង​ទប់ស្កាត់​ការ​រីក​រាលដាល​ជំងឺ​កូវីដ-១៩។

បើតាមលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ការពិនិត្យលើលទ្ធភាពក្នុងការបើកសាលារៀនឡើងវិញនេះ ស្របពេល​កុមារកម្ពុជាដែលមានអាយុចាប់ពី១២ឆ្នាំ ដល់១៥ឆ្នាំ ប្រមាណ​១លាន៥សែននាក់ ក្នុងចំណោមកុមារជាង២លាននាក់ បានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩រួចហើយ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ