WFP​ ផ្តល់​ស្បៀង​អាហារ​ជូន​​​ដល់​​ពលរដ្ឋ​​ខ្មែរ​​៣​ម៉ឺន​​គ្រួសារ​​ក្នុង​​ខេត្ត​​ចំនួន​​៥

​ក្រុម​គ្រួសារងាយរងគ្រោះដែលមានបណ្ណ​គ្រួសារក្រីក្រ និងមានកូន​​ចុះឈ្មោះចូលរៀននៅសាលាដែលមានការ​គាំទ្រ​ពីកម្មវិធី​ផ្ដល់ស្បៀង​អាហារ​តាម​សាលារៀន ទទួលជំនួយជាស្បៀងអាហារផ្ដល់ដោយកម្មវិធីស្បៀងអាហារពិភពលោក (WFP)។​ (ហ្វេសប៊ុក៖ United Nations in Cambodia)

កម្មវិធី​ស្បៀង​អាហារ​ពិភព​លោក (WFP) សហការ​ជាមួយ​ក្រសួង​អប់រំ យុវជន និង​កីឡា បាន​ចែក​ស្បៀង​អាហារ​ជូន​ដល់​ក្រុម​គ្រួសារ​ងាយ​រង​គ្រោះចំ​នួន៣០ ០០០​គ្រួសារ ឬ​ប្រហែល១៥០ ០០០នាក់ ស្ថិត​នៅក្នុង​ខេត្ត​ចំនួន​៥ រួម​មាន ខេត្តសៀម​រាប ឧត្ដរមាន​ជ័យ កំពង់ធំ កំពង់ឆ្នាំង និងខេត្តពោធិ៍សាត់។

ជំនួយនេះផ្តល់​ជូន​ដល់​ក្រុម​គ្រួសារ​ដែល​អាជ្ញាធរ​កំណត់​ថា ជាគ្រួសារងាយរងគ្រោះ មានអត្តសញ្ញាណបណ្ណគ្រួសារក្រីក្រ (ID Poor) និងមានកូនចុះឈ្មោះចូលរៀននៅតាមសាលាដែលមានការគាំទ្រពីកម្មវិធីផ្ដល់ស្បៀងអាហារតាមសាលារៀន របស់កម្មវិធីស្បៀងអាហារពិភពលោក និងក្រសួងអប់រំ ចាប់តាំងពីថ្ងៃទី៣០ ខែសីហា ដល់ថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២១។

បើតាមសេចក្តីប្រកាសព័ត៌មានរបស់កម្មវិធីស្បៀងអាហារពិភពលោក នេះគឺជាការចែកស្បៀង​ជុំទី៥ហើយដែលកើតឡើងស្របពេលរាជរដ្ឋាភិបាលកម្ពុជាបានបញ្ជាក់​ពី​​ការប្តេជ្ញា​​ចិត្ត​​របស់​​ខ្លួនចំពោះ​សម្ព័ន្ធ​ភាព​រដ្ឋ អនុវត្តកម្មវិធីស្បៀងអាហារតាមសាលារៀនដែលបើក​ដំណើរការ ជាផ្នែកមួយនៃកិច្ចប្រជុំកំពូលប្រព័ន្ធស្បៀងអាហារ​សកល​ នៅ​ខែកញ្ញា ឆ្នាំ​២០២១។

សេចក្តីប្រកាសព័ត៌មានដដែលបន្តថា សម្ព័ន្ធនេះមាន​ការ​ចូល​រួម​ពី​រដ្ឋាភិបាល អង្គ​ការ​សហ​​ប្រជា​​ជាតិ សង្គមស៊ីវិល គ្រឹះស្ថានអប់រំ អង្គការមនុស្សធម៌ និងវិស័យឯកជនទាំងអស់ ដែល​​ទទួល​ស្គាល់​ថា អាហារនៅតាមសាលាមានសារៈសំខាន់ណាស់ក្នុងការផ្លាស់ប្តូរប្រព័ន្ធអាហារ និង​អាច​ជួយឱ្យ​ប្រទេស​នីមួយៗអាច​ងើប​ពី​វិបត្តិ​សេដ្ឋកិច្ច-សង្គមដែលបណ្តាល​មក​ពី​ជំងឺ​កូវីដ​-១៩ និង​សម្រេច​បាន​នូវ​គោល​ដៅអភិវឌ្ឍន៍​ប្រកប​ដោយ​ចីរភាព។

ប្រទេសកម្ពុជា គឺជាប្រទេសមួយក្នុងចំណោម​ប្រទេស​ចំនួន៤០​ដំបូង​គេ​បង្អស់ដែល​បានចុះ​ឈ្មោះ​ចូល​រួម​ក្នុង​សម្ព័ន្ធ​ភាព​ជា​ប្រវត្តិសាស្ត្រ​មួយ​នេះ ដែល​អាច​ជួយ​ការ​ពារ​កុមារ​ងាយ​រង​គ្រោះ​បំផុត​ពី​ភាព​អត់​ឃ្លាននិង​កង្វះ​អាហា​រូបត្ថម្ភ​នានា។

លោក ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានមាន​ប្រសាសន៍​ថា អាហារ​សុខ​ភាព​ដែល​មាន​ជីវ​ជាតិ​នៅ​តាម​សាលា អាច​ជួយ​បង្កើន​ការ​ផ្តោត​អារម្មណ៍​របស់សិស្ស និងធ្វើឱ្យ​​លទ្ធផល​សិក្សា​របស់​គាត់​កាន់​តែ​ល្អ​ប្រសើរ​ឡើង។

លោករដ្ឋមន្ត្រីបន្តថា៖ «វាក៏ជួយសម្រាលបន្ទុកសេដ្ឋកិច្ចរបស់ក្រុមគ្រួសារសិស្សផងដែរ។ នេះហើយជាមូលហេតុដែលយើងចុះឈ្មោះចូលរួមជាមួយសម្ព័ន្ធភាពមួយនេះ ដើម្បីបង្ហាញ​ពីការ​ប្តេជ្ញា​ចិត្ត​របស់​រាជរដ្ឋាភិបាល​យើង ក្នុងការធានាឱ្យបានថា គ្មានកុមារណាម្នាក់ត្រូវ​បាន​ទុក​ចោល​ឡើយ»។

អស់រយៈពេល២០ឆ្នាំមកហើយដែលកម្មវិធីផ្ដល់ស្បៀងអាហារ​តាម​សាលារៀន​របស់​កម្មវិធី​ស្បៀង​អាហារ​ពិភព​លោក បានផ្តល់អាហារបំប៉ន​សម្បូរជីវជាតិ​ដល់​កុមារ​នៅ​សាលាបឋម​សិក្សានៅតំបន់ក្រីក្របំផុត​មួយ​ចំនួន​នៃ​ប្រទេស​កម្ពុជា។ មុនពេលមានជំងឺកូវីដ-១៩ កម្មវិធីនេះបានផ្ដល់នូវអាហារសុខភាពនិងមានជីវជាតិដល់កុមារចំនួន២២៣ ០០០នាក់នៅតាមសាលាគោលដៅចំនួន៩០៨ នៅក្នុងខេត្តចំនួន៥។

ប៉ុន្តែចាប់តាំងពីមានការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងការផ្អាកដំណើរការសាលារៀនមក សិស្សានុសិស្សមិនបានទទួលទានអាហារពេលព្រឹកដែលមានជីវជាតិទៀតទេ។ បញ្ហានេះបានជះឥទ្ធិពល ជាពិសេសដល់កុមារមក​ពីគ្រួសារ​ក្រីក្របំផុត ដែល​ភាគ​ច្រើន​រង​ការលំបាកដោយ​សារ​ការបាត់បង់ចំណូលនិងការងារ។

តំណាងកម្មវិធីស្បៀងអាហារពិភពលោកប្រចាំនៅកម្ពុជា លោកស្រី គ្លែរ កូណាន់ មានប្រសាសន៍​ថា កម្មវិធីស្បៀងអាហារពិភពលោកដឹងច្បាស់ថា អាហារូបត្ថម្ភល្អមាន​សារៈសំខាន់​ណាស់​​សម្រាប់​ការ​អភិវឌ្ឍ​របស់​កុមារ។ នេះហើយ​ជាមូលហេតុ​ដែល​ក្រុម​ការ​ងាររបស់​​​លោកស្រី ខិត​ខំ​ប្រឹង​ប្រែង ដើម្បីឱ្យ​ប្រាកដ​ថា កញ្ចប់​អាហារ​ទាំង​នេះ​ទៅ​ដល់​ដៃ​ក្រុមគ្រួសារ​ងាយ​រង​គ្រោះ​​ ដើម្បីធានា​ថា កុមារ​នឹង​មាន​អាហារ​ទទួល​ទាន​ក្នុង​អំឡុង​ពេល​វិបត្តិ​កូវីដ​មួយ​នេះ។

លោកស្រីមានប្រសាសន៍ថា៖ «គ្រួសារជាច្រើនបាន​រងផលប៉ះពាល់ផ្នែកសេដ្ឋកិច្ច​យ៉ាងធ្ងន់​ធ្ងរ​ដោយ​សារ​ជំងឺ​រាត​ត្បាត​នេះ។ ជំនួយ​ស្បៀង​នេះត្រូវបាន​រៀបចំ​ឡើង​ដើម្បីរួម​ចំណែកបំពេញ​បន្ថែមដល់ជំនួយគាំពារសង្គមផ្សេងៗទៀតរបស់រាជរដ្ឋាភិបាលកម្ពុជា»។

នេះ​គឺ​ជាកា​រចែកស្បៀង​អាហារ​ជុំទី៥ ក្នុងគោលបំណងកាត់បន្ថយផលប៉ះពាល់របស់​ជំងឺ​កូវីដ​-១៩ ទៅ​លើ​សេដ្ឋកិច្ច​គ្រួសារ​ងាយ​រង​គ្រោះ។ ការចែកស្បៀងត្រូវបានធ្វើឡើងតាម​រយៈ​បណ្តាញ​សាលារៀន ដោយមានការគាំទ្រពីមន្ទីរអប់រំ យុវជន និងកីឡា រដ្ឋបាលសាលារៀន អាជ្ញាធរភូមិឃុំ និងដៃគូអង្គការមិនមែនរដ្ឋាភិបាល។ របបស្បៀងអហារទាំង​នេះ រួមមាន អង្ករ​២៥គីឡូ​ក្រាម ត្រីខកំប៉ុង និងប្រេងឆា។ ក្រៅពីនេះ កម្មវិធីស្បៀងអាហារពិភពលោក កំពុងធ្វើការយ៉ាងជិតស្និទ្ធជាមួយក្រសួង​អប់រំ យុវជន និងកីឡា និងដៃគូដទៃទៀត ដើម្បី​កែលម្អហេដ្ឋារចនា​សម្ព័ន្ធ​សាលារៀននិងអគារ​សិក្សា ដែល​ជា​វិធាន​ការ​ត្រៀម​សម្រាប់​ការចូល​រៀន​វិញ​ប្រកប​ដោយ​សុវត្ថិ​ភាព៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ