ម្ដាយ​កសិករ​ម្នាក់​ស្នើ​​​រដ្ឋា​ភិបាល​ដោះ​លែង​កូន​ ដោយថា​សាររិះគន់​អាជ្ញាធរ​​​មិន​ទិញ​​ផ្លែ​មៀន​​​​ជា​រឿង​ពិត​

យុវជន ងួន លី ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនកាលពីថ្ងៃទី២៤ខែសីហា​ ឆ្នាំ២០២១ដោយចោទពីបទ ញុះញង់ និង ជេរប្រមាថ លើបណ្តាញសង្គមហ្វេសប៊ុក។ (រូបភាព៖ ហ្វេសប៊ុកស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង)

ម្ដាយកសិករម្នាក់នៅខេត្តបាត់ដំបងដែលត្រូវបានតុលាការកាត់ទោសឱ្យជាប់ពន្ធនាគារ១០ខែ​ ក្រោយរិះគន់អាជ្ញាធររឿងឱ្យបេះផ្លែមៀនហើយមិនយកវិញនោះ ទទូចទៅរដ្ឋាភិបាលនិងតុលាការឱ្យ​ដោះលែង​កូន​ប្រុស​គា​ត់​ ដោយថា សារ​ដែល​កូន​របស់គាត់​បានបង្ហោះ​លើបណ្តាញ​សង្គម​នោះ គឺ​ជារឿ​ង​ពិត។

ការទទូចសុំនេះ ធ្វើឡើងបន្ទាប់ពីសាលាដំបូងខេត្តបាត់ដំបង កាលពីថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២១ បានសម្រេចកាត់ទោសលោក ងួន លី ជាកសិករ ឱ្យជាប់ពន្ធនាគារ​១០ខែ ដោយ​ចោទប្រកាន់​ពី​បទ «ញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍» ​ក្រោយពីរូបលោកបាន​បង្ហោះ​សារ​លើបណ្ដាញ​សង្គម​ថា រដ្ឋាភិបាលបានឱ្យពួកគាត់កាច់ផ្លែមៀន​ពីចម្ការ ហើយបែរជា​មិន​យក​ផ្លែមៀន​របស់​ពួក​គាត់​វិញ។

អ្នកស្រី គឹម ប៊ុល​ ដែលត្រូវជាម្ដាយរបស់លោក ងួន លី បានរៀបរាប់ប្រាប់ វីអូឌី នៅថ្ងៃទី២ ខែកញ្ញា​នេះ​ថា បើសិនជាកូនរបស់គាត់បង្ហោះសារដោយប្រើពាក្យមិនសមរម្យមែន រដ្ឋាភិបាល​គួរ​​ធ្វើ​ការ​អប់រំនិងណែនាំ ដោយ​មិន​គួរ​ចាប់​ខ្លួនហើយ​ចោទ​ប្រកាន់ពីបទ «ញុះញង់» បែបនេះឡើយ។ អ្នកស្រីបន្តថា សារដែលកូនប្រុសគាត់បានបង្ហោះលើបណ្ដាញសង្គម​នោះជារឿងពិត ដោយ​ថា​ អាជ្ញាធរ​ស្រុក​បាន​ឱ្យក​សិករ​កាច់​ផ្លែមៀន​ពី​ចម្ការ ហើយ​មិន​ទិញ​ពី​កសិករ​ប្រាកដ​មែន។  

អ្នកស្រីថា៖ «​​[អាជ្ញាធរ]ស្រុកក៏ធ្វើខុសដែរ សម្ដេចមិនទាន់ចេញយក ឱ្យគេបេះ! បើសិនជាខ្ញុំអ្នកដឹកនាំវិញ ឱ្យគេបេះហើយ ចេញយកហើយ ម្នាក់ប៉ុន្មានលាន​ ឱ្យប្រជាជនឱ្យផុតទៅ​។ ឱ្យគេបេះហួសកំណត់ សម្ដេចមិនទាន់ចេញ ឱ្យគេបេះ ដល់គេបេះ ចាប់តាំងធ្វើទោសអូសដំណើរ ​អត់ដឹងថាខ្លួនឯងខុសប៉ុនណាទេ។ បើខ្ញុំអ្នកដឹក​នាំ ខ្ញុំអត់ធ្វើអ៊ីចឹងទេ ​កុំឱ្យប្រជាជនថ្កោលទោស ព្រោះយើងជាម៉ែឪ​គេ។ ​យើងនិយាយអីឱ្យ​ពិតប្រាកដខ្លួនយើង នេះសង្កត់គេ ដំឡើងខ្លួនឯង ​ហើយ​សុទ្ធ​តែ​ថា​កូន​ខ្ញុំ​គណបក្ស​ប្រឆាំង ហើយ​ណាមួយ​មិនមក​សួរ​មេភូមិ​មើល៍»។

ស្ត្រីមេម៉ាយវ័យ៦៦​ឆ្នាំ​រូបនេះ បន្តថា ការ​ដែល​កូន​របស់​គាត់​និយាយ​ដោយ​ខឹង​បែប​នេះ បន្ទាប់ពី​គួ្រសារ​គាត់​បាន​រង​គ្រោះ ​ដោយធ្លាក់ចូលក្នុងអន្ទាក់បំណុល​ រហូតដល់លក់ដីច្រើនចម្ការ​អស់ ដោយ​សារ​កសិផលដែលប្រមូលបាននោះមានតម្លៃថោកនិងគ្មានទីផ្សារ ខណៈប្រាក់ដែលពួកគាត់យកមកធ្វើស្រែចម្ការនោះជាប្រាក់ខ្ចីពីគេ។

អ្នកស្រី​ស្នើទៅរដ្ឋាភិបាលនិង​តុលាការឱ្យដោះលែង​កូន​ប្រុស​របស់​គាត់​វិញ ដោយ​ថា កូនរបស់​គាត់​មិន​បានញុះញង់បំពុល​សង្គម​ដូចការចោទប្រកាន់ឡើយ ហើយអ្វីដែលកូន​គាត់បង្ហោះវាជារឿងពិតមែន។ លើសពីនេះ អ្នកស្រីបញ្ជាក់ថា កូនរបស់គាត់ក៏មិនជាប់ពាក់ព័ន្ធនឹងរឿងនយោបាយដែរ ។

អ្នកស្រីថា៖ «ខ្ញុំគិតថា កូនខ្ញុំមិនខុសទេ ​ផ្សព្វផ្សាយហ្នឹងមិនខុសទេ! ​គ្រាន់តែឱ្យរាជរដ្ឋាភិបាលជួយទិញ កុំឱ្យថោកពេក!​ ហើយកុំឱ្យថាយកទៅហើយបែរជាមិនយកវិញ ​​ព្រោះដឹកទៅ គ្នាអស់ទឹកចិត្ត​។ រាជរដ្ឋាភិបាលគួរអធ្យាស្រ័យ មិនគួរចោទខុសសំណួរ មិនគួរថាគ្នាបំពុលសង្គម។ បើមិនជឿ រាជរដ្ឋាភិបាលចុះមកសួរតាមភូមិ ​តើមនុស្សហ្នឹងវាយ៉ាងម៉េច! ​ហើយសំណូមពរតែប៉ុណ្ណឹង សូមឱ្យកសាងណែនាំទៅ។ ​ អ៊ីចឹងសូមឱ្យរាជរដ្ឋាភិបាលជួយលើកលែងទោសឱ្យផង»។

អ្នកនាំពាក្យរដ្ឋបាល​ខេត្តបាត់ដំបង លោក សឿម ប៊ុនរិទ្ធ សុំមិនធ្វើអត្ថាធិប្បាយ ដោយបង្វែររឿងនេះឱ្យទៅសួរ​ស្នងការនគរបាលខេត្តបាត់ដំបង លោក សាត គឹមសាន វិញ។ ប៉ុន្តែលោក សាត គឹមសាន សុំមិនឆ្លើយតបចំពោះរឿងនេះ ដោយឱ្យសួរទៅខាងតុលាការវិញ។

លោកថា៖ «សួរទៅតុលាការទៅ ​ព្រោះសំណុំរឿងនៅអយ្យការ។ អ៊ីចឹងតុលាការគេបានដំណើរការកាត់ក្ដីហើយ។ ​បាទ!សួរទៅនោះទៅ ព្រោះខ្ញុំមិនបំភ្លឺកើតទៀតទេ ព្រោះរឿងហ្នឹងឈានដល់តុលាការគេកាត់ក្ដីហើយ»។​​

​អ្នកនាំពាក្យអយ្យការអមសាលាដំបូងខេត្តបាត់ដំបង លោក ដួង សារ៉ន មានប្រសាសន៍ថា តុលាការបានសម្រេចរួចហើយ ចំពោះរឿងនេះ ប៉ុន្តែប្រសិនបើគ្រួសារមិនសុខចិត្ត អាចប្ដឹងជំទាស់បាន។

លោកថា៖ «គាត់ធ្វើតាមនីតិវិធីតុលាការទៅ បើគាត់មិនសុខចិត្តនឹងសាលក្រមហ្នឹង អាចប្ដឹងឧទ្ធរណ៍​ទៅ បើគាត់មិនសុខចិត្តនោះ»។

អ្នក​សម្រប​សម្រួល​​សមា​គម​ការ​ពារ​សិទ្ធ​ិមនុស្ស​​អាដហុក​ប្រ​ចាំ​ខេត្ត​​បាត់​ដំ​បង លោក​ យ៉ិន ម៉េង​លី ចាត់ទុកការចាប់ខ្លួននិងចោទប្រកាន់លោក ងួន លី ដោយគ្រាន់តែ​បញ្ចេញមតិពីបញ្ហា​កសិផល​របស់​ពួកគាត់​ថា មិនបានចំណេញអ្វីដល់រដ្ឋាភិបាលឡើយ។ ករណីនេះ លោកស្នើឱ្យរដ្ឋាភិបាល ក៏ដូចជាតុលាការដោះលែងលោក ងួន លី ឱ្យមានសេរីភាពវិញ។

លោកថា៖ «ការចាប់ខ្លួនកសិករនេះ មិនមានផលចំណេញអ្វីនោះទេដល់រដ្ឋាភិបាល វារឹតធ្វើឱ្យប៉ះពាល់ដល់រដ្ឋាភិបាលវិញ ព្រោះរឿងរបស់លោក ងួន លី ជារឿងពិត អ្វីដែលកសិករលើកឡើងជារឿងពិត។ ហើយអាជ្ញាធរមិនបានធ្វើការស្រាវជ្រាវថាតើរឿងហ្នឹងពិតឬមិនពិត គឺអត់ទេ! បែរជានាំគ្នាធ្វើការបង្រ្កាបទៅលើការនិយាយទៅវិញ។ ដូច្នេះធ្វើឱ្យមានការរិះគន់ទៅលើសមត្ថកិច្ចឬរដ្ឋាភិបាលទៅនឹងការបំបិទសិទ្ធិសេរីភាពរបស់កសិករ ហើយធ្វើឱ្យលំហូរសិទ្ធិសេរីភាពបញ្ចេញមតិ ហើយធ្វើឱ្យលំហូរលទ្ធិប្រជាធិបតេយ្យរួមតូចទៅៗ»។

លោក ងួន លី ​រស់នៅភូមិដីក្រហម ឃុំតាសែន ស្រុកកំរៀង ខេត្តបាត់ដំបង ត្រូវបានសមត្ថកិច្ចចាប់ខ្លួននៅម៉ោង៨យប់ អំឡុងថ្ងៃទី២២ ខែសីហា ឆ្នាំ២០២១ បន្ទាប់ពីលោកបង្ហោះសារលើបណ្ដាញ​សង្គមហ្វេសប៊ុករបស់ខ្លួនកាលពីថ្ងៃទី២១ ខែសីហា​ថា លោកនាយករដ្ឋមន្ត្រីបានជួយទិញមៀន​ពីកសិករ ដោយឱ្យខាងស្រុកនិងឃុំចុះមកជួយកត់ត្រា ថាមៀនរបស់ពួកគេមានចំនួនប៉ុន្មាន​តោន ហើយឱ្យប្រជាពលរដ្ឋកាច់និងច្រកដាក់ថង់ ប៉ុន្តែនៅពេលច្រក​ដាក់ថង់រួច អាជ្ញាធរប្រាប់ថាមិនយក ដោយប្រែឱ្យដាក់ឡាំងជំនួសវិញ៕  ​


អត្ថបទដោយ ខាន់ លក្ខិណា និង​ ឆន រស្មី

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ