សហគមន៍ជនជាតិដើមភាគតិចនៅខេត្តព្រះវិហារ បានរកឃើញបទល្មើសព្រៃឈើជាង១០០ករណីនៅក្នុងដែនជម្រកសត្វព្រៃព្រះរការ ក្រោយពួកគេចុះល្បាតព្រៃក្នុងតំបន់ការពារមួយនេះត្រឹមតែ២យប់៣ថ្ងៃប៉ុណ្ណោះ។
សហគមន៍ជនជាតិដើមភាគតិចកួយ នៅភូមិប្រមេរ ឃុំប្រមេរ ស្រុកត្បែងមានជ័យ បានចេញសេចក្តីប្រកាសព័ត៌មាននៅថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២១នេះថា ពួកគេបានចុះល្បាតព្រៃក្នុងដែនជម្រកសត្វព្រៃព្រះរការ រយៈពេល២យប់៣ថ្ងៃ ចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី១៩ ខែសីហា បានរកឃើញបទល្មើសចំនួន១០១ករណី និងមានសកម្មភាពដឹកជញ្ជូនឈើយ៉ាងសកម្ម ដោយជនល្មើសមិនខ្លាចវិធានការច្បាប់ឡើយ។ លើសពីនេះ សហគមន៍ក៏រកឃើញបន្ទះក្តារដែលបានគរទុកក្នុងព្រៃជាច្រើនសន្លឹកផងដែរ។
សេចក្តីប្រកាសព័ត៌មានដដែលបញ្ជាក់ថា ចំណុចដែលមានការកាប់បំផ្លាញខ្លាំងបច្ចុប្បន្ន គឺចំណុចវាលខ្លុង ស្ថិតនៅទីតាំងនៃស្រុកជាំក្សាន្ដ ឆ្ពោះទៅតំបន់ខ្សាច់ស ដែលជាតំបន់ព្រៃស្រោង និងពាក់កណ្ដាលស្រោង។
ជនជាតិដើមភាគតិចទាំងនោះបន្ថែមថា បទល្មើសចំនួន១០១ករណីដែលរកឃើញនោះ រួមមាន ប្រភេទឈើទាល ពពេល ស្ទៀង ផ្តៀក គគីរ កកោះ ត្រសេក ដួងចែម និងផ្ចឹកឧត្តម ដែលមានមុខកាត់ចាប់ពី៤០សង់ទីម៉ែត្រ ដល់២៩៥សង់ទីម៉ែត្រ។
ជនជាតិដើមភាពតិច ឱ្យដឹងទៀតថា ក្នុងអំឡុងពេលចុះល្បាតនោះដែរ ពួកគេក៏បានជួបប្រទះគោយន្តដឹកឈើចំនួន១៥គ្រឿង ចេញពីតំបន់អភិរក្សព្រៃព្រះរការ និងឃើញសិប្បកម្មកែច្នៃឈើចំនួន១២កន្លែង នៅក្នុងភូមិសាស្ត្រឃុំប្រមេរ បើកដំណើរដោយគ្មានការទប់ស្កាត់ពីអាជ្ញាធរពាក់ព័ន្ធឡើយ។
សហគមន៍ជនជាតិដើមភាគតិច បានបង្ហាញការសោកស្តាយចំពោះបទល្មើសព្រៃឈើដែលនៅតែបន្តកើតមាននៅក្នុងតំបន់ដែនជម្រកសត្វព្រៃមួយនេះ ហើយពួកគេបានស្នើដល់ក្រសួងបរិស្ថានបើកចំហឱ្យសហគមន៍មូលដ្ឋាន យុវជន អង្គការសង្គមស៊ីវិល រួមទាំងសាធារណជន បានចូលរួមការអភិរក្សព្រៃតំបន់ការពារឡើងវិញ។
ប្រធានសហគមន៍ជនជាតិដើមភាគតិចកួយ ភូមិប្រមេរ លោក ស៊ុត សាវន ដែលចុះសង្កេតផ្ទាល់ បារម្ភពីការបាត់បង់ព្រៃព្រះរការយ៉ាងឆាប់រហ័ស ប្រសិនបើអាជ្ញាធរពាក់ព័ន្ធមិនពង្រឹងការទប់ស្កាត់ឱ្យមានប្រសិទ្ធភាព។ លោកថា ការបាត់បង់ព្រៃព្រះរការ នឹងធ្វើឱ្យប៉ះពាល់ជម្រកសត្វព្រៃនិងមុខរបរបស់ជនជាតិដើមភាគតិច ដូចជា រកជ័រ ផ្សិត ផ្លៃឈើព្រៃ និងបន្លែបង្ការផ្សេងទៀតផងដែរ។
ប្រធានសហគមន៍រូបនេះបន្តថា លោកសង្កេតឃើញមន្ត្រីឧទ្យានុរក្សចុះល្បាតដែរ ប៉ុន្តែសកម្មភាពបទល្មើសនិងការដឹកជញ្ជូនឈើចេញពីព្រៃព្រះរការនៅតែបន្តកើតមានស្ទើររាល់ថ្ងៃ ជាពិសេសអំឡុងផ្ទុះជំងឺកូវីដ-១៩នេះ។
លោកបន្ថែមថា៖ «ក្នុងសម័យកូវីដ-១៩នេះ យើងសង្កេតមានការកាប់បំផ្លាញព្រៃឈើច្រើនមែនទែន គ្រាន់តែយើងចុះអង្កេតរយៈពេល២យប់៣ថ្ងៃសោះ យើងរកឃើញ១០១ករណីទៅហើយ ចុះទម្រាំកន្លែងផ្សេង? បើយើងចុះមើល មិនដឹងមានច្រើនយ៉ាងណាទេ! ខ្ញុំឃើញមន្ត្រីបរិស្ថានគាត់មើលតាមផ្លូវដែរ ប៉ុន្តែដូចជាមិនឃើញមានវិធានការណាមួយទប់ស្កាត់ឱ្យមានប្រសិទ្ធភាពទេ»។
វីអូឌី មិនអាចសុំការឆ្លើយតបពីអ្នកនាំពាក្យក្រសួងបរិស្ថាន លោក នេត្រ ភក្ត្រា បានទេ ដោយលោកប្រាប់ថា ជាប់រវល់។ ចំណែកប្រធានមន្ទីរបរិស្ថានខេត្តព្រះវិហារ លោក សុង ច័ន្ទសុជាតិ សុំមិនឆ្លើយពាក់ព័ន្ធករណីនេះឡើយ។
មន្ត្រីព័ត៌មាន និងគម្រោងព្រៃឈើ របស់សមាគមបណ្តាញយុវជនកម្ពុជា (CYN) លោក ម៉ា ចិត្រា មានប្រសាសន៍ថា ករណីបទល្មើសព្រៃឈើនៅតែបន្តកើតមាននៅកម្ពុជា ដោយសារជាប់ពាក់ព័ន្ធអំពើពុករលួយរវាងជនល្មើសនិងអាជ្ញាធរ។ មួយទៀតនោះ លោកថា ឥទ្ធិពលរបស់អ្នកមានលុយមានអំណាចដែលបានគប់គិតជាមួយអាជ្ញាធរពាក់ព័ន្ធ និងជួលពលរដ្ឋឱ្យទៅកាប់ឈើក្នុងតំបន់ការពារយកមកលក់ឱ្យពួកគេ ក៏ជាមូលហេតុដែលធ្វើឱ្យបទល្មើសនៅតែកើតមានដែរ។
លោកបន្តថា ប្រសិនបើរដ្ឋាភិបាលមិនចាត់វិធានការនិងពង្រឹងការទប់ស្កាត់ទេ ព្រៃឈើក្នុងតំបន់ការពារនឹងវិនាសហិនហោចក្នុងរយៈពេលដ៏ខ្លីខាងមុខនេះ។
លោកបន្ថែមថា៖ «រដ្ឋាភិបាលត្រូវតែចាត់វិធានការទប់ស្កាត់ក្នុងវិស័យធនធានធម្មជាតិនេះឱ្យបាន។ ហើយមួយទៀត ត្រូវបើកទូលាយឱ្យសាធារណជន ក៏ដូចជាសហគមន៍មូលដ្ឋានទៅល្បាត ជួយចាប់ជនល្មើសយកទៅផ្តន្ទាទោសតាមច្បាប់។ ហើយមួយទៀត ត្រូវស៊ើបអង្កេតរកអ្នកដែលគប់គិតទិញឈើ ឬក៏អ្នកផ្តល់លុយឱ្យអ្នកទៅកាប់ឈើហ្នឹង យកមកដាក់ទោសទណ្ឌតាមផ្លូវច្បាប់ឱ្យខានតែបាន។ អាហ្នឹងទើបអាចទប់ស្កាត់បទល្មើសព្រៃឈើក្នុងប្រទេសកម្ពុជាបាន»។
ព្រៃព្រះរការ មានទំហំជិត១០ម៉ឺនហិកតា លាតសន្ធឹងជាប់ស្រុកចំនួនបីក្នុងខេត្តព្រះវិហារ រួមមាន ស្រុកជាំក្សាន្ត ស្រុកត្បែងមានជ័យ និងស្រុកឆែប។ តំបន់ព្រៃអភិរក្សមួយនេះត្រូវបានរដ្ឋាភិបាលចេញអនុក្រឹត្យកំណត់ជាដែនជម្រកសត្វព្រៃព្រះរការ កាលពីខែឧសភា ឆ្នាំ២០១៦។
អ្នកនាំពាក្យក្រសួងបរិស្ថាន លោក នេត្រ ភក្ត្រា ប្រាប់ វីអូឌី កាលពីខែកក្កដា ថារយៈពេល៦ខែដើមឆ្នាំ២០២១ មន្ត្រីឧទ្យានុរក្សបានបង្ក្រាបបទល្មើសធនធានធម្មជាតិចំនួនជាង៤ ០០០ករណី (៤ ២៣៨ករណី) ។
លោកបន្តថា ក្នុងចំណោមបទល្មើសជាង៤ ០០០ករណីនោះ មានបទល្មើសចំនួន៥១១ករណី ត្រូវបានពិន័យអន្តរការណ៍ និងសំណុំរឿងចំនួន៥១៥ករណី ត្រូវបានបញ្ជូនទៅតុលាការ ដែលភាគច្រើនទាក់ទងនឹងការទន្ទ្រានកាន់កាប់ដីព្រៃរបស់រដ្ឋក្នុងតំបន់អភិរក្សដោយខុសច្បាប់ ការកាប់បំផ្លាញឈើ និងការបរបាញ់សត្វ។ លោកថា ទិន្នន័យបទល្មើសដែលមន្ត្រីឧទ្យានុរក្សបង្រ្កាបបានក្នុងរយៈពេល៦ខែនេះ បើប្រៀបធៀបរយៈពេលដូចគ្នានៅឆ្នាំ២០២០ គឺមានចំនួនប្រហាក់ប្រហែលគ្នា៕