រយៈ​ពេល​៨​ខែ​ឆ្នាំ​នេះ​ បទ​ល្មើស​​ព្រហ្មទណ្ឌ​នៅ​បន្ទាយ​មាន​ជ័យ​មានការ​កើន​ឡើង​​១៨%

កងកម្លាំងនគរបាលនៃអធិការដ្ឋាននគរបាលស្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យ តៀមចេញប្រតិបត្តិការព្រឹកថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២១។ (ហ្វេសប៊ុក៖ ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ- BMC Province Commissariat Of Police)

របាយការណ៍ស្នងការដ្ឋាននគរបាល​ខេត្តបន្ទាយមានជ័យ ឱ្យដឹងថា រយៈពេល​៨ខែមកនេះ ការ​បង្ក្រាប​​​បទ​ល្មើស​​ព្រហ្មទណ្ឌក្នុងខេត្តនេះបាន​កើនឡើងចំនួន១៨​​ភាគរយ បើ​ធៀប​នឹងរយៈ​ពេល​ដូច​គ្នា​​កាល​​ពី​​ឆ្នាំ​មុន។

យោងតាម​របាយការណ៍​បូកសរុប​ការងាររបស់​​​​ស្នងការដ្ឋាននគរបាល​ខេត្តបន្ទាយមានជ័យ ដែល​ត្រូវ​បាន​សារព័ត៌មាន​ក្នុងស្រុក​មួយយកមកចុះផ្សាយ​ បានឱ្យដឹងថា សភាពការណ៍​បទល្មើស​ព្រហ្មទណ្ឌកើតឡើង៧៣​លើក លើ៦២​លើក ដែលចំនួន​​កើនឡើង១១លើក ស្មើនឹង ១៨% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ក្នុងនោះ បទល្មើសឧក្រិដ្ឋ កើតឡើង១៩លើក លើ១៧លើក កើនឡើង១២% និងបទមជ្ឈិម កើតឡើង៥៤លើក លើ៤៥លើក កើនឡើង២០%។

ស្នងការនគរបាលខេត្តបន្ទាយមានជ័យ លោក​ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ បានប្រាប់​ វីអូឌី ​នៅថ្ងៃទី០២ ខែកញ្ញា​ ថាបទល្មើសកើត​ឡើង​ភាគ​ច្រើន ​សុទ្ធតែជា​បទល្មើស​​​មជ្ឈិម​។ ករណី​នេះ​ លោកចាត់ទុក​ថា ​បញ្ហាទាំងនេះ​ជា​រឿង​ធម្មតា​ដែលកើតឡើងនៅពេលនេះ។

លោកបញ្ជាក់​ថា៖ «បទល្មើស​ហ្នឹងគឺអត់មានចរិតលក្ខណៈធ្ងន់ធ្ងរអីទេ! ហើយ​ប្អូនក៏បានដឹងហើយណាថា កូវីដ ដែលបង​ប្អូន​មួយចំនួនមានការបិទខ្ទប់​ បិទអីអ៊ីចឹងទៅ​! ខ្លះទៅ​គាត់មិន​សូវ​សប្បាយចិត្ត អ៊ីចឹង​គាត់គ្រប់​គ្រងអារម្មណ៍មិនបាន​ គាត់ហូបចុក ហើយ​បានវាយតប់​​នៅ​ខាងក្រៅ​ខ្លះអីខ្លះ​ ​​វាជា​រឿង​ធម្មតានៅក្នុង​សង្គមរបស់​យើង»។

អ្នកសម្របសម្រួលនៃសមាគមអាដហុកប្រចាំខេត្តបន្ទាយមានជ័យ លោក ស៊ុំ​ ចាន់គា បង្ហាញ​ការ​ព្រួយ​​បារម្ភ​ចំពោះ​ការកើនឡើងនៃចំនួនបទល្មើស​នេះ។ ករណីនេះ លោក​បាន​ស្នើ​ដល់​​សមត្ថ​កិច្ចជួយ​ពង្រឹង​​វិធានការ​​ទប់ស្កាត់​និង​បង្រ្កាបបទល្មើសទាំងនោះបន្ថែមទៀត ដើម្បី​ការពា​រ​សន្តិសុខ​សណ្តាប់​​ធ្នាប់និងសុវត្ថិភាពជូន​ប្រជាពលរដ្ឋ​​ឱ្យ​មានប្រសិទ្ធភាព។

លោក​បន្ត​ថា៖ «តួនាទីដែលជាភ្នាក់ងាររបស់មន្រ្តីនគរបាលយុត្តិធម៌ ត្រូវធ្វើការស៊ើបអង្កេតស្វែងរកមុខសញ្ញាទៅលើជនទាំងអស់នោះ​ ដើម្បីទប់ស្កាត់ ដើម្បីបង្ក្រាបឱ្យអស់លទ្ធភាព មុននឹងចាប់បញ្ជូនមកតុលាការ មានន័យថា ការទប់ស្កាត់​បង្រ្កាបហ្នឹងកើតឡើង ព្រោះបញ្ហាហ្នឹងឈានដល់ការបង្ករបួសស្នាម ឈានដល់ការប្រព្រឹត្តបទល្មើសផ្សេងៗ»៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ