ក្លិន​ស្អុយ​នៃ​ទឹក​កខ្វក់​ភាយ​ចេញ​ពី​ឆ្នេរ​ខ្សាច់​ក្នុង​ខេត្ត​កំពត ខណៈ​​ការ​​អភិវ​ឌ្ឍ​ហេដ្ឋា​រចនា​សម្ពន្ធ​ពន្យា​រ​ពេល

កាកសំណង់លាយឡំនឹងទឹកកខ្វក់ហូរចេញពីលូក្រោមហាងកាហ្វេក្បែរឆ្នេរមួយកន្លែងក្នុងក្រុងកំពត ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២១។ (Michael Dickison)

ទីក្រុងទេសចរណ៍ក្នុងខេត្តកំពត បានពង្រីកឆ្នេរខ្សាច់មួយនៅតាមមាត់ព្រែក​ដ៏​ស្ងប់​ស្ងាត់របស់​ខ្លួន ប៉ុន្តែបរិយាកាស​ត្រូវ​បាន​រំខាន​ដោយ​ក្លិន​មិន​ល្អពី​ទឹកស្អុយ​ដែលត្រូវ​បាន​បញ្ចេញនៅឆ្នេរ​ខ្សាច់។

នៅទីតាំងហាងកាហ្វេ River Park ជា​កន្លែងបង្ហូរទឹកកខ្វក់ត្រូវបានដាក់នៅខាងក្រោមកម្រាល​ឈើ ជិតកន្លែងអង្គុយខាងក្រៅ ដែលបង្កជាក្លិនមិនល្អនៅទីនោះ។

ម្ចាស់ទីតាំងហាងកាហ្វេ River Park បានបដិសេធមិនផ្ដល់កិច្ចសម្ភាសន៍ក្នុងអត្ថបទនេះ។

ទោះជាយ៉ាងណាក៏ដោយ លោកបានគាំទ្រការលើកឡើងរបស់បុគ្គលិកម្នាក់នៅហាងកាហ្វេរបស់លោកដែលបានប្រាប់អ្នកយកព័ត៌មាន វីអូឌី។

យោងតាមលោក ស៊ឹម ដារ៉ា អាយុ៣០ឆ្នាំ ជាបុគ្គលិកបម្រើការនៅទីតាំងហាងកាហ្វេ River Park បានលើកឡើងថា ទឹកកខ្វក់នេះហូរចេញពីផ្សារក្នុងទីក្រុង ហើយបន្ត​ហូរ​ចូលទៅក្នុង​ព្រែក​ ដោយមិន​បានឆ្លងកាត់ការធ្វើប្រព្រឹត្តកម្មនោះទេ។ ក្នុងរយៈពេលប្រមាណជា២ខែមុន ហាងកាហ្វេបានសាងសង់បំពង់បង្ហូរ​ទឹកកខ្វក់ផ្ទាល់ខ្លួន ដើម្បីបញ្ជូនទឹកស្អុយទៅកាន់កណ្តាលព្រែកឱ្យ​ឆ្ងាយពីភ្ញៀវទេសចរ។

បច្ចុប្បន្ន ទីក្រុងកំពុងស្ថិតនៅក្នុងការកែលម្អមាត់ព្រែក ក៏ដូចជាគម្រោងដែលផ្តល់មូលនិធិដោយធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ក្នុងទំហំទឹកប្រាក់៣៣លានដុល្លារអាមេរិក ដើម្បីសាង​សង់​ប្រព័ន្ធ​ប្រព្រឹត្ត​កម្មទឹក​កខ្វក់ និងប្រព័ន្ធបង្ហូរទឹកស្អុយ។

មន្រ្តីរដ្ឋបាលក្រុង​កំពតមួយរូបបានឱ្យ​​ដឹងថា ប្រព័ន្ធបំពង់បង្ហូរទឹកកខ្វក់របស់ហាងកាហ្វេត្រូវបានរុះ​រើ​ចេញ ដោយត្រូវជំនួសមកវិញនូវបំពង់​បេតុងថ្មី​សម្រាប់​ការកែលម្អនៅតាមមាត់ព្រែក ប៉ុន្តែបច្ចុប្បន្ន អាជ្ញាធរ​ខេត្ត​ត្រូវរង់ចាំការសម្រេចចិត្តពីធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ថាតើ​ត្រូវ​ពង្រីក​ការផ្តល់មូលនិធិពីកាលបរិច្ឆេទនៅថ្ងៃទី​៣០ ខែមិថុនា របស់ខ្លួនឬយ៉ាងណា។

ទោះយ៉ាងណា ADB បានលើកឡើងថា ការផ្តល់មូលនិធិនេះត្រូវបានពន្យារ​ដល់​ឆ្នាំ២០២៣ ខណៈដែលការអភិវឌ្ឍ​មាត់ព្រែក គឺជាកិច្ចការងាររបស់រដ្ឋ។

លោក ភា រុណ អាយុ៦០ឆ្នាំ អង្គុយនៅតាមមាត់ព្រែកដែលមានចម្ងាយប្រមាណជា១០០ម៉ែត្រពីហាងកាហ្វេ River Park ថ្លែងថា​៖ «ខ្ញុំទើបតែមកកាន់ទីនេះជាលើកដំបូង ហើយវាជាកន្លែងដ៏ល្អមួយនៅទីនេះ។ ប៉ុន្តែវាមានក្លិនមិនល្អបន្តិចបន្តួច ដែលខ្ញុំមិនដឹងថា ក្លិននេះមកពីណានោះទេ»។

លោកបន្តថា៖ «ខ្ញុំមកទីនេះក្នុងរយៈពេលខ្លីប៉ុណ្ណោះ ដូច្នេះហើយ វាមិនបង្កជាបញ្ហាសម្រាប់ខ្ញុំនោះទេ»។

ទាក់ទិននឹងករណីនេះ លោក ស៊ឹម ដារ៉ា ជាបុគ្គលិក​ហាងកាហ្វេ River Park បន្តថា ឧទ្យានមាត់ព្រែកកំពុងតែស្ថិតនៅក្នុងការកែលម្អ ដែលនឹងមានភាពប្រសើរឡើងសារជាថ្មីម្តងទៀត។

លោកថា៖ «អតិថិជនភាគច្រើនមកពីខេត្តផ្សេង ពួកគេចូលចិត្តទីតាំងហាងនេះ ប្រសិនបើពួកគេមិនធ្លាប់ចូលមកកាន់តំបន់នេះកាលពីពេលកន្លងទៅ។ ប៉ុន្តែនៅពេលពួកគេចូលមកទីនេះ ពួកគេនឹងឡើងទៅជាន់ខាងលើ ឬចាកចេញពីហាងតែម្ដង»។

លោក ស៊ឹម ដារ៉ា បន្ថែមថា លោកមិនមានអារម្មណ៍ល្អនោះទេក្នុងការធ្វើការជាមួយនឹងក្លិនមិនល្អរៀងរាល់ថ្ងៃបែបបេះ។

លោកថា៖ «ប៉ុន្តែខ្ញុំត្រូវការការងារជាចាំបាច់។ ខ្ញុំគ្មានកន្លែងណាដែលត្រូវទៅនោះទេ ហើយវាពិបាករកការងារថ្មីស្របពេលដែលមានវិបត្តិនៃជំងឺកូវីដ-១៩»។

យោងតាមឯកសាររបស់ធនាគារអភិវឌ្ឍន៍អាស៊ី បង្ហាញថា ប្រាក់កម្ចីចំនួន៣៣​លានដុល្លារ ត្រូវបានអនុម័ត និងចុះហត្ថលេខានៅឆ្នាំ​២០១៥។ គម្រោងនេះ រួមបញ្ចូលទាំងប្រព័ន្ធប្រព្រឹត្ត​កម្ម​ទឹកកខ្វក់ និងការ​បង្ហូរទឹក​ក្នុងទី​ក្រុង​កំពត ដែល​គ្រោងនឹង​សាងសង់ប្រព័ន្ធរំដោះទឹកមួយចំនួននិងរោងចក្រប្រព្រឹត្តកម្មទឹកកខ្វក់ផងដែរ។

ការធ្វើបច្ចុប្បន្នភាពនៅខែមិថុនា បានឱ្យ​​ដឹងថា កិច្ចសន្យាសម្រាប់​ការងារ​សាង​សង់​ត្រូវបាន​ផ្តល់​ជូន​នៅ​ខែក​ញ្ញា ឆ្នាំ​២០១៩ ហើយក្នុងនោះ ការងាររបស់គម្រោងប្រមាណ​ជា១៥ភាគរយត្រូវបានបញ្ចប់ ខណៈ​បញ្ហា​ជំងឺកូវីដ-១៩ ស្ថានភាពដីមិនល្អ និងឧបសគ្គអាកាសធាតុ​ បានបណ្តាលឱ្យមានការពន្យារពេល។

អភិបាលរងក្រុងកំពត លោក អែត សារិទ្ធ បានលើកឡើងថា ៧០​ភាគរយនៃបណ្តាញលូបង្ហូរទឹកដែលមានតាំងពីសម័យអាណានិគមនិយមបារាំង គិតមកដល់​​បច្ចុប្បន្ននេះ មានលក្ខណៈ​តូច​ចង្អៀត។

លោកបានបន្ថែមថា បច្ចុប្បន្ននេះ ទឹកកខ្វក់ហូរចូលព្រែកនិងសមុទ្រដោយមិនបានឆ្លងកាត់ការធ្វើប្រព្រឹត្តកម្ម ដែលនាំឱ្យប៉ះពាល់ដល់បរិស្ថាននិងប្រព័ន្ធអេកូឡូស៊ី។

លោកថា៖ «ទោះជាយ៉ាងណា បច្ចុប្បន្ននេះ យើងមិនអាចបន្តការងាររបស់យើងបានទេ ដោយសារតែវាជារដូវភ្លៀងធ្លាក់។ នេះគឺជាកិច្ចការងារធំមួយ ដោយសារតែតាមរយៈកិច្ចសហប្រតិបត្តិការជាមួយ ABD យើងបានធ្វើការជួសជុលនិងផ្លាស់ប្តូរសម្ភារជាច្រើន ដូចជា ការស្ថាបនាហេដ្ឋារចនាសម្ពន្ធឡើងវិញ ជាដើម។ យើងដឹងថា វាអាចនឹងមាន​ក្លិនអាក្រក់នៅទីនោះ ប៉ុន្តែយើងនឹងបន្តធ្វើដោយខ្លួនឯង ជាជាងរង់ចាំ ADB ក្នុងការបន្តគម្រោងរបស់ពួកគេ»។

លោកបន្ថែមថា៖ «បើទោះបីជាគម្រោង ADB បានបញ្ចប់ក្នុងរយៈពេលពីរបីខែមុនក៏ដោយ ក៏យើងនៅតែព្យាយាម​ឱ្យ​​អស់ពីសមត្ថភាព ដើម្បីបញ្ចប់ការសាងសង់ ខណៈដែលយើងបាន​រៀបចំបំពង់ និងចាក់បំពេញខ្សាច់នៅតាមមាត់ព្រែករួចហើយ»។

លោក អែត សារិទ្ធ បន្ត​ថា ទីក្រុងកំពុងធ្វើការកែលម្អឧទ្យានមាត់​ព្រែក និងបានពង្រីកឆ្នេរក្បែរស្ពានធំ។

អភិបាលខេត្តកំពត លោក ជាវ តាយ បញ្ជាក់ថា លោកមិនអាចផ្តល់ព័ត៌មានជាក់លាក់អំពីផែនការសម្រាប់គម្រោងទឹកកខ្វក់នេះបានទេ ខណៈដែលគម្រោងបន្តមានការផ្លាស់ប្តូរ។

លោកថា៖ «ក្នុងឆ្នាំ២០១៩ មានការសិក្សាមួយអំពីគម្រោងនេះ ហើយវាបានដំណើរការជាជំហានៗ។ ប៉ុន្តែ ADB ក្រុមហ៊ុនចុះកិច្ចសន្យា និងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ មិនបានសហការគ្នាបានល្អនោះទេ»។

លោកបន្តថា៖ «នៅឆ្នាំ២០២១នេះ យើងនឹងបន្តគម្រោង ប៉ុន្តែខ្ញុំមិនអាចបញ្ជាក់លម្អិតបាននោះទេ ខណៈដែលគម្រោងនេះស្ថិតនៅក្នុងការសម្រេចចិត្តរបស់ ADB នៅឡើយ»។

អភិបាលខេត្តកំពតរូបនេះបន្ថែមថា៖ «យើងដឹងថា ទឹកកខ្វក់មិនល្អសម្រាប់សមុទ្រនិងព្រែកនោះទេ ប្រសិនបើយើងមិនបានចម្រោះវាជាមុន។ យើងមានបញ្ហាមួយចំនួនទាក់ទងទៅនឹងការរៀបចំផែនការ។ ប៉ុន្តែខ្ញុំសង្ឃឹមថា នៅពេលអនាគត គម្រោងនេះនឹងសម្រេចបាន១០០ភាគរយ។ យើងនឹងមិនបន្តទុកឱ្យ​នៅដូច្នេះនោះទេ បើទោះបីជាគ្មាន ADB ក៏ដោយ ខណៈដែល៤០ភាគរយនៃគម្រោងត្រូវបានបញ្ចប់រួចរាល់ហើយ»។

ទោះជាយ៉ាងណា នាយិកាប្រចាំប្រទេសកម្ពុជារបស់ ADB លោកស្រី Sunniya Durrani-Jamal​ បានឱ្យ​ដឹងថា ការផ្តល់មូលនិធិត្រូវបានពង្រីករួចហើយ ដែលគម្រោងនេះកំពុងបានដំណើរការឡើងវិញ។

លោកស្រីថ្លែងថា៖ «គម្រោងអភិឌ្ឍន៍ក្រុងរបៀង២ [Second Greater Mekong Sub-region Corridor Towns Development Project] នៅមិនទាន់បញ្ឈប់សកម្មភាពនោះទេ ខណៈដែលការងារនានាកំពុងតែបន្តជាមួយនឹងការសាងសង់រោងចក្រប្រព្រឹត្តកម្មទឹកកខ្វក់ និងបណ្តាញលូបង្ហូរទឹក»។

លោកស្រីបន្ថែមថា ការធ្វើឱ្យប្រសើរឡើងនៅតាមមាត់ព្រែក កំពុងត្រូវបានធ្វើដោយរដ្ឋាភិបាលកម្ពុជា។

នាយិការូបនេះបន្តថា៖ «ទីតាំងរបស់រោងចក្រប្រព្រឹត្តកម្មទឹកកខ្វក់ មិនស្ថិតនៅតាមបណ្តោយមាត់ព្រែកនោះទេ ហើយ ADB ក៏គ្មានសកម្មភាពហេដ្ឋារចនាសម្ពន្ធណាមួយនៅតាមបណ្តោយមាត់ព្រែកផងដែរ ដែលយើងយល់ថា នេះជាកិច្ចការងារដែលកំពុងត្រូវបានធ្វើឱ្យប្រសើរឡើងដោយរដ្ឋាភិបាល។ គម្រោងអភិឌ្ឍន៍ក្រុងរបៀង២ មិនទាន់បញ្ចប់នោះទេ ហើយហេដ្ឋារចនាសម្ពន្ធដែលបានគ្រោងទុកទាំងអស់នឹងត្រូវផ្តល់ជូន»។

លោកស្រី Sunniya Durrani-Jamal​ បន្ថែមថា ការពង្រីកគម្រោងនេះ ផ្តល់នូវការគាំទ្រហេដ្ឋារចនាសម្ពន្ធបន្ថែមសម្រាប់ខេត្តកំពត រួមទាំងរោងចក្រប្រព្រឹត្តកម្មទឹកកខ្វក់។

មន្រ្តីមន្ទីរសេដ្ឋកិច្ច និង​ហិរញ្ញវត្ថុខេត្តកំពត មិនអាចទាក់ទងដើម្បីសុំការអធិប្បាយបន្ថែមទាក់ទងនឹងករណីនេះនោះទេ។

លោក ហាក់ លី ជាអ្នកលក់នំបុ័ងសាំងវិចមួយរូបនៅតាមមាត់ព្រែក បានលើកឡើងថា លោកទើបតែត្រលប់មកកាន់ខេត្តកំណើតរបស់ខ្លួនវិញ ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ចុងក្រោយនេះ បន្ទាប់ពីធ្វើការនៅរោងចក្រមួយនៅខេត្តព្រះសីហនុ អស់រយៈពេល២ឆ្នាំ ដោយ​សារតែការរស់នៅប្រឈមនឹងការលំបាក។

លោកថា ខេត្តកំពតមានភាពស្ងប់ស្ងាត់ជាមួយនឹងចំនួនភ្ញៀវទេសចរតិចតួច។ ជាគំនិតរបស់លោក ការសម្អាតបរិស្ថាន គឺជាកិច្ចការបន្ទាន់មួយសម្រាប់ទីក្រុងមួយនេះ។

លោក ហាក់ លី ថ្លែងថា៖ «នៅលើឆ្នេរខ្សាច់ មានសំរាមជាច្រើន។ នៅពេលដែលមានភ្លៀងធ្លាក់ខ្លាំង វាបង្កជាក្លិនមិនល្អ ដែលធ្វើឱ្យ​ភ្ញៀវទេសចរមិនចង់មកកម្សាន្តនៅទីនេះនោះទេ»៕


ប្រែសម្រួលពី VOD English ៖ លោក ភុន ច័ន្ទឧសភា

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ