ព្រះសង្ឃ​ខ្មែរ​ក្រោម​ដែល​អាជ្ញាធរ​ខេត្ត​កំពង់ចាម​ចាប់​ផ្សឹក​ បាន​បួស​ជា​សង្ឃ​ឡើង​​វិញ​

ព្រះតេជគុណ ប៉ាង សុដា និមន្តអញ្ជើញក្នុងកម្មវិធីមួយកាលពីថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៥។ (ហ្វេសប៊ុក៖ សមាគមព្រះសង្ឃខ្មែរកម្ពុជាក្រោម)

សមាគមខ្មែរកម្ពុជាក្រោម​ បាននិយាយថា ព្រះសង្ឃខ្មែរកម្ពុជាក្រោមមួយអង្គ ព្រះនាម ប៉ាង សុដា ត្រូវ​បានផ្តល់​ភេទ​ទៅ​ជាព្រះសង្ឃវិញ​ហើយ ក្រោយពី​អាជ្ញាធរខេត្តកំពង់ចាម​ចាប់ឃាត់​​ព្រះកាយកាល​ពី​ថ្ងៃព្រហស្បតិ៍ ក្រោម​កិច្ច​អន្តរា​គ​មន៍​ពីរដ្ឋា​ភិបាល និងមន្ត្រីសង្ឃជាន់ខ្ពស់​។

លេខាធិការដ្ឋានអង្គការសមាគមខ្មែរកម្ពុជាក្រោម លោក ប៊ុន មុនី ប្រាប់ VOD នៅថ្ងៃចន្ទនេះថា ព្រះតេជគុណ ប៉ាង សុដា ជា​ព្រះចៅអធិការវត្ត​ វង្គត់បុរីភ្នំពេញ (ហៅវត្តភ្នំពេញថ្មី) ស្ថិតនៅស្រុកចំការលើ​ ខេត្ត​កំពង់​​​ចាម ត្រូវបានបំពាក់ភេទជាសង្ឃវិ​ញ​ហើយ ក្រោយពីមានការចាប់ព្រះកាយ​និងផ្សឹកព្រះអង្គកាលពីចុងសប្តាហ៍មុន។

តែយ៉ាងណា លោក​ថា ព្រះចៅ​អធិ​ការអង្គ​នេះនៅ​មិនទាន់បានវិលត្រឡប់ទៅវត្តវិ​ញ​នៅឡើយទេ ខណៈចំណុះជើងវត្ត កំពុងមានការព្រួយបារម្ភពីការចាប់ព្រះកាយព្រះអង្គជាថ្មីទៀត។

លោកថា៖ «លោក [ព្រះតេជគុណ ប៉ាង សុដា] កំពុងនៅកន្លែងមានសុវត្ថិភាព​មួយក្នុង​រាជធានីភ្នំពេញ [ព្រះអង្គអត់ទាន់ទៅគង់​នៅ​វិ​​ញទេ?] អត់ទេ នៅទេ»។

លោក ប៊ុន មុនី ​ឱ្យដឹងទៀតថា ព្រះអង្គ ប៉ាង សុដា រងការចោទថា បានរារាំងដល់ការអនុវត្តវិធានទប់ស្កាត់ជំងឺឆ្លងកូវីដ-១៩ ខណៈព្រះអង្គស្រោចទឹ​ក​ឱ្យពុទ្ធបរិស័ទនៅក្នុងវត្ត និងនិមន្តទៅសូត្រមន្ត​តាម​ផ្ទះពុ​ទ្ធ​បរិស័ទ តាមការនិមន្ត​ពីពលរដ្ឋតាមបែបជំនឿសា​សនា។

ព្រះតេជគុណ ប៉ាង សុដា ជា​ព្រះចៅអធិការវត្ត​ វង្គត់បុរីភ្នំពេញ (វត្តភ្នំពេញថ្មី) ស្ថិតនៅស្រុកចំការលើ​ ខេត្ត​កំពង់​​​ចាម មានសង្ឃដីកាប្រាប់ វីអូឌី នៅថ្ងៃនេះដែរថា រឿងរបស់ព្រះតេជគុណនេះពុំទាន់មានការចោទប្រកាន់អីទេ ពោលគឺមិនមានអ្វីទាំងអស់ ព្រោះពុំបានចូលតុលាការ និងមិនមានពាក្យបណ្តឹងពីព្រះរាជអាជ្ញា​ដែរ។ ព្រះតេជគុណមានសង្ឃដីកាបន្តថា រឿងនេះប្រហែលជាមានការវិភាគនិងពិចារណាពីថ្នាក់ដឹកនាំ។

ព្រះអង្គបន្ថែមថា កន្លងមកមានទំព័របណ្តាញសង្គមខ្លះត្រូវបានបង្កើតថ្មី ដើម្បីវាយប្រហារព្រះអង្គតាមរបៀបផ្សេងៗ។ យ៉ាងណា ព្រះតេជគុណថា មកទល់ពេលនេះ ការវាយប្រហារទាំងនោះមានការធ្លាក់ចុះ ហើយជំនួសមកវិញដោយមានអ្នកគាំទ្រលើកទឹកចិត្តព្រះអង្គ។

ព្រះតេជគុណ ប៉ាង សុដា មានសង្ឃដីកាថា៖ «ឥលូវនេះ អ្នកគាំទ្រលោកបង អាចនិយាយបានថាមានពី ៧០[ទៅ]៨០%។ វានៅប្រហែលជា ២០[ទៅ]៣០% ទេ ដែលនៅវាយប្រហារតាមអន្តរបណ្តាញមួយៗ [បណ្តាញសង្គម]»។

ទាក់ទងនឹងការលើកឡើងមួយចំនួននៅលើបណ្តាញសង្គម ដូចជា ការដែលថាព្រះអង្គមានពាក់ព័ន្ធនឹងស្ត្រីជាដើមនោះ ព្រះអង្គបានច្រានចោល និងអះអាងថាជារឿងមិនពិតឡើយ។

ព្រះអង្គថា៖ «បើសិនជារឿងហ្នឹងវាពិតមែន ពួកហ្នឹងវាបះបោរហែកស្បង់ចីវរលោកហើយ ព្រោះលោកសាច់៣ជាន់ផង! ឯកឧត្តមលោកផង! […] ធ្វើម៉េចផ្តួលលោកឱ្យបានអ៊ីចឹង ។ល។ តែមកទល់ថ្ងៃនេះ គឺស្ងាត់ស្ងៀមល្អណាស់»។

លោក សេង សុមុនី្ន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងធម្មការ និង​សាសនា មាន​​ប្រសាសន៍ថា សម្រាប់ព្រះសង្ឃក្នុងព្រះពុទ្ធសាសនា ការសឹកត្រឹមមួយម៉ោងក៏ដាច់និស្ស័យ មិនថាធម៌វិន័យ និងតួនាទីក៏ត្រូវបាត់ដែរ។ លោកបន្ថែមថា បើក្នុងករណីព្រះតេជគុណ ប៉ាង សុដា ធ្វើជាព្រះសង្ឃវិញ គឺត្រូវបួសឱ្យបានត្រឹមត្រូវ។

ពេលសួរថា តើព្រះតេជគុណអាចនឹងធ្វើជាចៅអធិការវិញបានទេក្រោយសឹក? លោក សេង សុមុនី្ន ថាគណៈសង្ឃជាអ្នកចាត់ចែងរឿងនេះ ពោលគឺមិនមែនចេះតែចង់ធ្វើ រួចធ្វើបានវិញនោះទេ។

លោក សេង សុមុនី្ន ថា៖ «តាមច្បាប់ក្នុងព្រះពុទ្ធសាសនា បើគាត់ [ព្រះតេជគុណ ប៉ាង សុដា] សឹកហើយ បួសវិញគឺជាភិក្ខុសង្ឃដ៏សាមញ្ញ។ ទី ១ បើគាត់ធ្វើជាព្រះសង្ឃវិញ ត្រូវបួសឱ្យបានត្រឹមត្រូវ តាមព្រះត្រ័យបិដក។ ត្រូវសុំឧបជ្ឈា សុំច្បាប់រដ្ឋឱ្យបានត្រឹមត្រូវ។ ការធ្វើចៅអធិការ មិនមែនលោកចង់ អាចបានតាមចិត្តទេ […] តែត្រូវមានគណៈសង្ឃស្រុក គណៈសង្ឃខេត្ត ជាអ្នកចាត់តាំងចៅអធិការ មិនមែនចេះតែសុំធ្វើបានទេ។ គេមើលទៅលើគុណធម៌ ថាយើងអាចធ្វើបានឬទេ បើមិនមាន គេមិនព្រមទេ»។

បើតាមសេចក្តីប្រកាសព័ត៌មាន ចុះថ្ងៃទី៣ ខែ​កញ្ញា ឆ្នាំ២០២១ របស់សមាគមនេះ ព្រះតេជគុណ ប៉ាង សុដា ត្រូវ​បាន​នគរបាលស្រុកខេត្ត និងព្រះអនុគណស្រុក ព្រះមេគណខេត្តកំពង់ចាម បានឡោមព័ទ្ធនិងចាប់​ព្រះកាយ​កាលពីថ្ងៃទី២ ខែ​កញ្ញា ឆ្នាំ២០២១ វេលាម៉ោង១២និង៤៥នាទីរសៀល។

សេចក្តីប្រកាសព័ត៌​មានបញ្ជាក់ថា៖ «ការចាប់ព្រះកាយ​ព្រះអង្គនេះ ធ្វើឡើងក្នុងស្ថានភាពយ៉ាងតក់​ក្រហល់ និង​មិនមានដីកា​តាមនីតិវិធីច្បាប់ឡើយ​។ សមត្ថ​កិច្ច​ថ្នាក់​ឃុំ ស្រុក ខេត្ត និងមន្ត្រីសង្ឃខេត្តជាច្រើនអង្គ/នាក់ បាននិមន្តនិងទៅដល់​​ទីតាំងវត្ត ចាប់ព្រះកាយ​ទាំងព្រះអង្គដោយ​​មិនបានដឹងខ្លួនជាមុន និងមិន​បាន​ត្រៀមលក្ខណៈឱ្យបានត្រឹមត្រូវ សូម្បីតែស្បែកជើងក៏គ្មានដែរ»៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ