សកម្មជន​បរិស្ថាន​ស្នើ​តុលាការ​ទម្លាក់​បទ​ចោទ​ប្រកាន់​ «រួម​គំនិត​ក្បត់​ជាតិ​» ដែល​ទើប​បន្ថែម​ថ្មី

កញ្ញា ភួន កែវរស្មី ក្រោយចេញពីសវនាការសាលាដំបូងរាជធានីភ្នំពេញ ថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២១។ (សុខ ចន្ទ្រាវុធ)

សកម្មជនបរិស្ថាន ស្នើចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញទម្លាក់ចោលបទចោទប្រកាន់ «រួមគំនិត​ក្បត់» ដែល​តុលាការ​ទើប​ចោទ​ថ្មីបន្ថែម​ពីលើបទល្មើស «ញុះញង់» ដែលបានកាត់ទោសរួចកាលពីខែឧសភា​កន្លង​ទៅ។

ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃអង្គារនេះ បានកោះហៅ​សកម្មជនបរិស្ថានម្នាក់​ទៀត កញ្ញា ភួន កែវរស្មី មកសាកសួរក្រោមបទចោទប្រកាន់ «រួមគំនិតក្បត់» ពាក់ព័ន្ធនឹងសំណុំរឿងជាមួយសកម្មជនបរិស្ថាន៤​នាក់ទៀត ដែល​សមត្ថកិច្ច​ចាប់ខ្លួនកាលពីខែមិថុនា ឆ្នាំ២០២១ អំឡុងពេលពួកគេចុះ​ថតការបង្ហូរទឹកស្អុយចូលទន្លេនៅម្ដុំមុខព្រះបរមរាជ​វាំង។

មេធាវីការពារក្ដីឱ្យសកម្មជនបរិស្ថានទាំង៣​នាក់ លោក សំ សុគង់ បានប្រាប់ វីអូឌី ថា ចៅក្រមស៊ើបសួរ លោក អ៊ឹម វណ្ណៈ នៅថ្ងៃនេះ បាន​សាកសួរកញ្ញា ភួន កែវរស្មី បន្ទាប់ពីសាកសួរលោក ថុន រដ្ឋា កាល​ពីម្សិលមិញរួច។ លោកបន្តថា អង្គហេតុដែលចៅក្រមបានសួរកញ្ញា រស្មី ក្នុងសំណុំរឿងថ្មី បទ«រួមគំនិតក្បត់» ដែលតុលាការទើបចោទប្រកាន់លើកូនក្តីរបស់ខ្លួននេះ ដូច​នឹង​អង្គហេតុសំណុំរឿងទី១ ពាក់ព័ន្ធនឹង«ញុះញង់»ដែរ។

លោក សំ សុគង់ បន្តថា កូនក្ដីរបស់លោកបានឆ្លើយនឹងសំណួរចៅក្រមស៊ើបសួរ ពាក់ព័ន្ធនឹងសកម្ម​ភាពដែល​កញ្ញាបាន​ធ្វើ​​​ការងារ​នៅ​ចលនា​មាតា​ធម្មជាតិ។

លោកថា៖ «ក្រុមមេធាវីយល់ឃើញថា បើយើងយកគោលការណ៍ច្បាប់និងយោងទៅតាមក្រមនីតិវិធីព្រហ្មទណ្ឌ យើងមិនអាចយកមកចោទប្រកាន់អង្គហេតុមួយ​​ក្នុងបទល្មើសពីរផ្សេងគ្នាបែបនេះទេ​។ នៅពេល​សាក​សួរ​ កូនក្ដី​បានឆ្លើយជាមួយចៅក្រមគ្រប់សំណួរ ប៉ុន្តែ​ចម្លើយរបស់កូនក្ដីនៅពេលជាមួយចៅក្រមនោះភាគច្រើន គឺកូនក្ដី​អត់បានដឹងអង្គហេតុអីផ្សេងៗ​ ដោយសារខ្លួនទើបចូលធ្វើការស្ម័គ្របាន៥​ខែ ដែលបាន​ចាប់​ខ្លួនហ្នឹង​»។

ករណីនេះ លោក សំ សុគង់ ថាកូនក្ដីរបស់លោក​បានស្នើទៅតុលាការឱ្យទម្លាក់ចោលបទចោទប្រកាន់ «រួមគំនិតក្បត់» និងដោះលែងឱ្យកូនក្ដីខ្លួនបានទៅសិក្សាវិញ ដោយសារតែកញ្ញាមិនបានចូលរួមនិងពាក់ព័ន្ធ​បទល្មើសថ្មីដែលតុលាការទើបចោទនោះទេ។ លើសពីនេះ លោកថា កូនក្ដីរបស់លោកក៏បានប្រាប់ទៅចៅក្រមស៊ើបសួរថា ការងាររបស់ពួកគាត់ជាការងាររបស់យុវជនតែប៉ុណ្ណោះ។

កាលពី​ថ្ងៃ​​៥​ ​ខែ​ឧសភា​ ​ឆ្នាំ​២​០​២​១​ ​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​សម្រេច​ផ្ដន្ទាទោស​លោក​ ថុ​ន​ ​រដ្ឋា​ ​ដាក់​ពន្ធ​នាគា​រ​ចំនួន​២​០​​ខែ ខណៈកញ្ញា​ ភួ​ន​ ​កែវ​រស្មី​ ​និង​កញ្ញា​ ​ឡុង​ ​គន្ធា​ ​ត្រូវ​បាន​តុលាការ​ផ្តន្ទាទោសដាក់ពន្ធនាគារ​រយៈពេល​​១​៨​ខែ​ ​និង​ពិន័យ​ជាប្រាក់​៤លាន​រៀល​ដូចគ្នា​ ក្រោមបទចោទប្រកាន់​ «​ញុះញង់​បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម»។ គិតត្រឹមខែកញ្ញា ឆ្នាំ២០២១ ​លោក​ ថុ​ន​ ​រដ្ឋា​, កញ្ញា​ ភួ​ន​ ​កែវ​រស្មី​ ​និង​កញ្ញា​ ​ឡុង​ ​គន្ធា​ ​បានជាប់ពន្ធនាគារ១ឆ្នាំហើយ។

បងរបស់កញ្ញា ភួន កែវរស្មី គឺលោក ភួន ពុទ្ធារិទ្ធិ ចាត់ទុកការចាប់ខ្លួននិងចោទប្រកាន់ប្អូនស្រីរបស់លោក រួមនឹងសកម្មជនបរិស្ថានផ្សេងទៀត ថាជា​រឿងអយុត្តិធម៌ ហើយគ្រួសាររបស់ពួកគាត់ក៏មិនអាចទទួលយកបានដែរ។ លោក​បន្ត​ថា ការងារ​ដែល​ប្អូនរបស់គាត់​បាន​ធ្វើ​នោះ មិនបានបង្កផលប៉ះពាល់ដល់សង្គមជាតិឡើយ ផ្ទុយទៅវិញ វាបានជួយការពារធនធានធម្មជាតិប៉ុណ្ណោះ។

លោកថា៖ «ខ្ញុំគិតថា អត់ចំណេញទេ! ប៉ុន្តែពួកគាត់នៅតែធ្វើ មិនចំណេញដល់ពួកគាត់ទេ! ធ្វើឱ្យជះឥទ្ធិពលកេរ្តិ៍ឈ្មោះអាក្រក់ដល់ប្រទេស ធ្វើឱ្យស្ថាប័នអន្តរជាតិនីមួយៗគេ គេមើលឃើញថា រដ្ឋាភិបាលគាត់រំលោភសិទ្ធិមនុស្ស ចាប់សកម្មជនដែលធ្វើការងារដើម្បីប្រទេស ជារឿងមិនត្រឹមត្រូវទៅវិញ អត់មានចំណេញទេ។ តែបើខ្ញុំមើលតាមទស្សនៈរបស់ខ្ញុំ គឺចំណេញដល់អ្នកធំៗ ឧកញ៉ា អ្នករកស៊ីដែលនៅពីក្រោយការកាប់បំផ្លាញធនធានធម្មជាតិ។ អ៊ីចឹងនៅពេលដែលគេចាប់លើសកម្មជន មិនផ្ដល់ផលប្រយោជន៍ដល់ប្រទេសទេ តែផ្ដល់ប្រយោជន៍ដល់អ្នកមានអំណាចទៅវិញ»។

នាយករងទទួលបន្ទុកផ្នែកឃ្លាំមើលសិទ្ធិមនុស្សនៃអង្គការលីកាដូ លោក ​អំ សំអាត មានប្រសាសន៍ថា បទល្មើស​ថ្មី​ដែល​តុលាការ​ចោទ​ប្រកាន់​បន្ថែម​លើ​សកម្មជនបរិស្ថានថ្មីនេះ ជាបន្ទុកមួយទៀត បើទោះបីជាការ​ងារ​ដែល​ពួក​គេ​ធ្វើកន្លងមក ដើម្បី​ផលប្រយោជន៍សង្គមក៏ដោយ។ ករណីនេះ លោកស្នើ​ដល់​តុលាការ​គួ​រ​តែធ្វើ​ការលើកទឹកចិត្តដល់ពួកគេ ជាជាងចាប់ឃុំខ្លួននិងចោទប្រកាន់ពួកគេបែបនេះ។

លោកថា៖ «ខ្ញុំយល់ថា វាគ្រាន់តែជាការដាក់បន្ទុកបន្ថែមកាន់តែធ្ងន់សម្រាប់សកម្មជនបរិស្ថាន។ មែនទែនទៅ សូម្បីតែបទចោទប្រកាន់ បទញុះញង់​ឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គមហ្នឹង ក៏​គ្មាន​ហេតុផល​ណាមួយចោទប្រកាន់ទៅលើសកម្មជនការពារបរិស្ថាននោះដែរ ដោយសារតែសកម្មភាពរបស់ពួកគាត់កន្លងមក ទាក់ទងនឹងការលុបបឹង ការបង្ហូរលូទឹកស្អុយ ឬសំរាម ជាដើម សកម្មភាពទាំងអស់ហ្នឹងគួរតែត្រូវបានលើកទឹកចិត្ត ជាជាងដែលត្រូវបានចោទប្រកាន់និងធ្វើការឃុំខ្លួន ដែលធ្វើឱ្យមានការរិះគន់លើសេរីភាពការបញ្ចេញមតិ សេរីភាព សេរីភាពជាមូលដ្ឋានរបស់ប្រជាពលរដ្ឋ។ ហើយយើងមើលនៅក្នុងពិភពលោក គេការពារ[បរិស្ថាន] តែងតែទទួលបាលការលើកទឹកចិត្ត»។

យ៉ាងណាក៏ដោយ ក្រុមអង្គការ​សង្គម​ស៊ីវិល​​​​ជាតិនិងអន្តរជាតិបានបង្ហាញការព្រួយបារម្ភដែល​​តុលាការ​​​ផ្ដន្ទាទោស​​សកម្ម​ជន​បរិស្ថាន​​ទាំង៦​នាក់ដែលបានធ្វើសកម្មភាពនិង​​ហ៊ាន​ការ​ពារ​ផល​ប្រយោជន៍​សង្គម​ជាតិ​។ ក្រៅពីបារម្ភ ​​​​​​កាលពីថ្ងៃ​ទី​៦ ខែ​កញ្ញា ឆ្នាំ២០២១ ក្រុម​សង្គម​ស៊ីវិលក៏​នាំ​គ្នា​បន្ត​​ធ្វើ​យុទ្ធនាការ​​ ដោយបង្ហោះ​សារ​​​ទាមទារ​ដោះ​លែង​សកម្មជននិង​អ្នក​ការពារ​សិទ្ធិ​មនុស្ស​ឱ្យមានសេរីភាពវិញផងដែរ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ