អាជ្ញាធរ​ខេត្ត​ព្រះ​សីហនុ​ ដាក់​ឱសាន​វាទ​១៥​ថ្ងៃ​ឱ្យ​ពលរដ្ឋ​រុះរើ​សំណង់​ខុស​ច្បាប់​លើ​អូរ​ចេញ​ឱ្យ​អស់

ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២១ សកម្មភាពស្តារប្រព័ន្ធអូរប្រឡាយ នៅក្នុងភូមិសាស្ត្រសង្កាត់លេខ៤ ក្រុងព្រះសីហនុ ដើម្បីបញ្ចៀសការជន់លិចដោយជំនន់ទឹកភ្លៀង។ (ហ្វេសប៊ុក៖ រដ្ឋបាលខេត្តព្រះសីហនុ)

រដ្ឋបាលខេត្តព្រះសីហនុ ដាក់ឱសានវាទចំនួន១៥ថ្ងៃ ដើម្បីឱ្យប្រជាពលរដ្ឋជាង៣០គ្រួសាររុះរើសំណង់​លើ​អូរចេញ​ដោយ​ខ្លួនឯងឱ្យ​អស់ បើពុំនោះទេ​ អាជ្ញាធរនឹងចុះអនុវត្តវិធានការរដ្ឋបាល ដោយមិនទទួលខុសត្រូវចំពោះការខូចខាតឬបាត់បង់សម្ភារនោះឡើយ។

ក្នុងលិខិតរបស់រដ្ឋបាលខេត្តព្រះសីហនុ បានឱ្យដឹងកាលពីថ្ងៃទី៦ ខែកញ្ញា ម្សិលមិញ ថាកន្លងមក រដ្ឋបាលខេត្តធ្លាប់បានជូនដំណឹងដល់ប្រជាពលរដ្ឋឱ្យរុះរើផ្ទះ របង និងសំណង់នានាដោយស្ម័គ្រចិត្តចេញពីលើអូរនិងដីចំណីអូរ ដែលមានទីតាំងស្ថិតនៅភូមិ៥ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ដើម្បីទុកលទ្ធភាពឱ្យក្រុមការងារចុះរៀបចំកាយស្តារ​អូរ​ប្រឡាយ ស្របតាមនិយាមកាដែលបានកំណត់ដែរ ប៉ុន្តែ​មកដល់ពេលនេះ ពលរដ្ឋទាំងនោះមិនគោរពតាមការជូនដំណឹងនោះទេ។

ករណីនេះ អភិបាលខេត្តព្រះសីហនុ លោក គួច ចំរើន បានជូនដំណឹងដល់ប្រជាពលរដ្ឋទាំង៣១គ្រួសារ (ឬស្មើនឹង៣២ខ្នងផ្ទះ) ដែលសង់សំណង់រំលោភលើអូរនិងដីចំណីអូរ ស្ថិតនៅភូមិ៥ សារជាថ្មី ឱ្យ​​​រុះរើសំណង់​ដោយខ្លួនឯងចេញ​ឱ្យអស់ក្នុងរយៈពេល១៥ថ្ងៃ ដោយរាប់ចាប់ពីថ្ងៃទី៦ ខែកញ្ញា ដល់ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២១នេះ។

លិខិតដដែលបញ្ជាក់ថា បើសិនជាប្រជាពលរដ្ឋទាំងនោះមិនព្រមរុះរើចេញដោយស្ម័គ្រចិត្តអំឡុងពេល១៥ថ្ងៃនេះ​ទេ ក្រុមការងារនឹងចុះអនុវត្តវិធានការរដ្ឋបាល ដោយមិនទទួលខុសត្រូវចំពោះការខូចខាតឬបាត់បង់សម្ភារនានារបស់​ពលរដ្ឋទាំងនោះឡើយ។

អ្នកនាំពាក្យរដ្ឋបាល​ខេត្តព្រះសីហនុ លោក ឃាង ភារម្យ សុំមិនធ្វើការបកស្រាយបន្ថែមជុំវិញករណីនេះទេ នៅថ្ងៃ​អង្គារ​នេះ។

អុ្នកស្រី ហេង ស្រីមុំ រស់នៅសង្កាត់លេខ៥ និយាយថា ផ្ទះរបស់គាត់នឹងរងផលប៉ះពាល់ប្រហែលជា៤ម៉ែត្រ បើសិនត្រូវ​រុះរើសំណង់ចេញពីលើអូរក្នុងភូមិ៥នោះ។ អ្នកស្រីបន្តថា គាត់មិនជំទាស់នឹងគម្រោងដែលរដ្ឋធ្វើការអភិវឌ្ឍ​នៅតំបន់នោះទេ តែគាត់ស្នើសុំឱ្យរដ្ឋជួយសម្រួលធ្វើលូរំដោះទឹកនិងរបាំងឱ្យមានរចនាសម្ព័ន្ធល្អផងដែរ ដើម្បីកុំឱ្យប៉ះពាល់ដល់ពលរដ្ឋដែលរស់នៅទីនោះនាថ្ងៃអនាគត។

អ្នកស្រីស្នើដូច្នេះថា៖ «ខ្ញុំចង់ឱ្យខាងរដ្ឋាភិបាលចុះមកមើលផលប៉ះពាល់ជាក់ស្តែងដែលពួកខ្ញុំធ្វើរបាំងការពារអូរ ព្រោះអីខាងខ្ញុំបានរៀបចំរចនាសម្ព័ន្ធលូរួចរាល់អស់ហើយ។ ប៉ុន្តែបើសិនជាខាងរដ្ឋត្រូវឱ្យពួកខ្ញុំរុះរើបន្តទៀត ខាងខ្ញុំរុះរើ តែរចនាសម្ព័ន្ធធ្វើឱ្យមកជិតដល់ផ្ទះខ្ញុំសិន ខាងខ្ញុំមិនជំទាស់ទេ ដោយសារខ្ញុំក៏បានរក្សាប្រយោជន៍ឱ្យទៅខាងរដ្ឋាភិបាល ដោយខ្ញុំបានធ្វើរបាំងការពារកុំឱ្យបាក់អូរប្រឡាយតទៅទៀតដែរ»។

មន្ត្រី​សម្របសម្រួល​សមាគមអាដហុកប្រចាំខេត្ត​ព្រះសីហនុ​ លោកស្រី ជៀប សុធារី គាំទ្រចំពោះចំណាត់ការរបស់​អាជ្ញាធរ​ខេត្ត។​​ ប៉ុន្តែអ្នកស្រីក៏ជំរុញ​ឱ្យ​អាជ្ញាធរត្រូវរកវិធីដោះស្រាយសងសំណងសមរម្យជូនពលរដ្ឋក្នុងគ្រាលំបាកនេះដែរ។

លោកស្រីលើកឡើងថា៖ «ខ្ញុំថាឱ្យមានការជជែកគ្នានិងមានការដោះស្រាយបញ្ហាផ្លាស់ប្ដូរទីលំនៅពួកគាត់វិញ ព្រោះ​អី​ក៏ជាការ​ទទួលខុសត្រូវ ដូចដែលខ្ញុំជម្រាបជូនអ៊ីចឹងថា ប្រជាពលរដ្ឋដែលរស់នៅសាងសង់ផ្ទះនៅលើដីចំណីអូរ​ប្រឡាយ​ទាំងអស់​ហ្នឹង ក៏មានការទទួលដឹងឮពីអាជ្ញាធរមូលដ្ឋានដែរ ហើយវាមិនមែនទើបកើតមានទេ ការរស់នៅបែបហ្នឹងមានការរស់នៅយូរហើយ»។

កាលពី​ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២១នេះ នៅក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ​មានភ្លៀងធ្លាក់យ៉ាងខ្លាំង ដោយកម្រិត​ទឹកភ្លៀងកើនឡើងពីចន្លោះ​១២០មម ទៅដល់២៧៩មម បណ្តាលឱ្យទឹកជន់លិចនៅតំបន់ទំនាបមួយចំនួន ក្នុងនោះ​សង្កាត់លេខ៤ ក៏មានករណីជន់លិច​ផងដែរ​។

បើតាមអ្នកនាំពាក្យរដ្ឋបាលខេត្តប្រាប់ វីអូឌី កាលពីថ្ងៃទី២៥ ខែសីហា ថា​កត្តាដែលធ្វើឱ្យ​​មានការជន់លិចខ្លាំងនៅតំបន់​មួយ​ចំនួន គឺមានការរួមផ្សំដោយផ្នែក ក្នុងនោះមាន​ដូចជា​ ភ្លៀងធ្លាក់ច្រើន ផ្ទៃដីរងទឹកភ្លៀងមានការថយចុះបើធៀប​នឹង​ពីមុន និងកត្តាសំរាមស្ទះប្រព័ន្ធបង្ហូរទឹកដែលទាមទារឱ្យ​មានការស្តារជាប្រចាំ ជាដើម។ លោកបន្តថា កន្លង​មក អាជ្ញាធរបានរៀប​ចំអូរ ប្រឡាយ ទៅតាមប្លង់-ប្រព័ន្ធសូរិយោដី និងបានរុះរើសំណង់​ (ផ្ទះ) រាប់រយ​រាប់ពាន់ខ្នង​ដែលសង់រំលោភលើអូរប្រឡាយនោះផងដែរ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ