អ្នក​នាំ​ពាក្យ​ពន្ធនាគារ​ថា​ លោក​ រ៉ុង​ ឈុន​ មាន​បញ្ហា​ភ្នែក​ធ្ងន់​ធ្ងរ​រង់ចាំ​ការ​វះកាត់

លោក រ៉ុង ឈុន ក្រោយ​ចេញពី​សវនាការ​នៅ​តុលាការ​កំពូល ពាក់ព័ន្ធ​នឹង​បទ​ចោទ «ញុះញង់​ឱ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម» ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២០។ (​ហ្វេសប៊ុក៖ RONG CHHUN​)

អ្នកនាំពាក្យពន្ធនាគារឱ្យដឹងនៅថ្ងៃអង្គារនេះ​ថា​ លោក រ៉ុង ឈុន ដែលបានជាប់ព​ន្ធ​នាគារអស់រយៈ​ពេលជាង១ឆ្នាំ កំពុងមានបញ្ហាភ្នែកធ្ងន់ធ្ងរ រង់ចាំការកំណត់ពេលវេលាដើម្បីធ្វើការវះកាត់ ដោយបញ្ហានេះ គ្រួ​សាររបស់លោ​កកំពុងបារម្ភជាខ្លាំង។

អ្នកនាំពាក្យអគ្គនាយកដ្ឋានពន្ធនាគារ លោក នុត សវនា លើកឡើងថា លោក រ៉ុង ឈុន ត្រូវបានបញ្ជូនទៅពិនិត្យនៅមន្ទីរពេ​ទ្យ​មិត្តភាពកម្ពុជា-សូវៀត ​កាលពីថ្ងៃសៅរ៍ បន្ទាប់ពីមានបញ្ហាស្រវាំង​ភ្នែក​ខាង​ស្តាំ​ខ្លាំង ដែលចាំបាច់ត្រូវធ្វើការវះកាត់ ដើម្បីកុំឱ្យឆ្លងរាលដាលដល់ភ្នែកម្ខាងទៀត។ លោកថា មន្រ្តីពន្ធនាគារកំពុងរង់ចាំពេលវេលាកំណត់របស់គ្រូពេទ្យដើម្បីវះកាត់។

លោក​ប​ន្ថែមថា៖ «យើងរង់ចាំខាងពេទ្យជំនាញគាត់លៃពេល ដើម្បីធ្វើការវះកាត់ជូនគាត់»។

យ៉ាងណា មន្ត្រីអ្នកនាំពាក្យរូបនេះមិនអាចបញ្ជាក់ថាតើការវះកាត់នោះនឹងត្រូវធ្វើយ៉ាងណាទេ ដោយលោកបង្វែរសំណួរនេះទៅគ្រូពេទ្យដែលទទួលបន្ទុក។

វីអូឌី មិនអាចទាក់ទងសុំការអធិប្បាយបន្ថែមពីប្រធានមន្ទីរពេទ្យកម្ពុជា-សូវៀត លោក ងឺ ម៉េង បានទេនៅថ្ងៃនេះ ដោយលោកជាប់រវល់។

ពាក់ព័ន្ធបញ្ហានេះ ក្មួយប្រុសរបស់លោក រ៉ុង ឈុន គឺលោក រ៉ុង វិជ្ជា លើកឡើងថា លោកមានការបារម្ភពីសុខភាពភ្នែកពូរបស់ខ្លួ​នយ៉ាងខ្លាំង។ លោកថា មុនពេលជាប់ពន្ធនាគារ លោក រ៉ុង ឈុន មានបញ្ហាភ្នែកដែលត្រូវការការពិនិត្យ​ព្យា​បាល​ពីគ្រូពេ​ទ្យភ្នែ​កជាទៀងទាត់។

ប្រភពដដែលបន្ថែមថា កន្លងមក លោកបានដឹងពីបញ្ហានេះ នៅពេលលោកត្រូវបានអនុញ្ញាតឱ្យសួរសុខទុក្ខគាត់តាមទូរសព្ទ ប៉ុ​ន្តែចំ​ពោះ​ការដែលគាត់ត្រូវទទួលបានការព្យាបាលដោយវះកាត់បែបណានោះ គឺលោកមិនទាន់ទទួលបានព័ត៌មានណាមួយនៅឡើយ។

លោកចាត់ទុកថា កង្វះការយកចិត្តទុកដាក់ថែទាំសុខភាពឱ្យបានដិតដល់ និងបញ្ហាអនាម័យក្នុងពន្ធនាគារ ជាដើមហេតុដែលនាំឱ្យបញ្ហាភ្នែករបស់លោក រ៉ុង ឈុន វិវត្តកាន់តែធ្ងន់ធ្ងរ។

លោកនិយាយថា៖ «បញ្ហាភ្នែកហ្នឹង ប្រសិននៅតែបន្តមិនទទួលបានការព្យាបាលយកចិត្តទុកដាក់ពីគ្រូពេទ្យ ហើយគាត់នៅតែជាប់ឃុំបន្តទៀត ហើយគិតថាបញ្ហាភ្នែកគាត់នឹងអាចវិវត្តកាន់តែធ្ងន់ធ្ងរ អាចនឹងប៉ះពាល់ទៅដល់ភ្នែកទាំងស​ងខាងផង។ អ៊ីចឹងហើយ គឺយើងបារម្ភ គឺបារម្ភខ្លាំងមែនទែន»។

នាយក​រង​ទទួលបន្ទុកផ្នែក​ឃ្លាំមើលសិទ្ធិមនុស្សនៃ​អង្គការលីកាដូ លោក អំ សំអាត លើកឡើងថា មណ្ឌលសុខភាពនៅតា​ម​ពន្ធនាគារ មិនមានបុគ្គលិកពេទ្យ សម្ភារ និងបរិក្ខារគ្រប់គ្រាន់សម្រាប់ពិនិត្យនិងព្យាបាលអ្នកជាប់ឃុំដែលមានចំនួនច្រើននោះទេ​។ ដូច្នេះ លោកថា មន្រ្តីពន្ធនាគារគួរតែបញ្ជូនលោក រ៉ុង ឈុន ក៏ដូចជាអ្នកជាប់ឃុំណាដែលមានបញ្ហាសុខភាពទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យទៅតាមវេជ្ជបញ្ជា ចៀសវាងការរិះគន់ពីមជ្ឈដ្ឋានផ្សេងៗ។

លោក​មានប្រសាសន៍ថា៖ «បញ្ហាភ្នែកគឺជារឿងសំខាន់ដែរ អ៊ីចឹងហើយបានថានៅពេលដល់ថ្ងៃណាវះកាត់ហ្នឹង​ ខា​ងពន្ធនាគារត្រូវតែបញ្ជូនគាត់ឱ្យបានទាន់ពេលវេលា ក្នុងការពិនិត្យនិងការវះកាត់ភ្នែកគាត់។ ពីព្រោះជាធម្មតាទេ ទោះបីជាអ្ន​កជាប់ឃុំក៏ដោយ សិទ្ធិទទួលបានថែទាំសុខភាព ព្យាបាលផ្នែកសុខភាព គឺដូចជាពលរដ្ឋដទៃទៀតដែរ»។

សមាជិកក្រុមប្រឹក្សាឃ្លាំ​មើលកម្ពុជា និង​ជា​ប្រធានសហភាពសហជីពកម្ពុជា លោក រ៉ុង ឈុន ត្រូវបានសាលាដំបូងរាជធានីភ្នំ​ពេ​ញ កាត់ទោសកាលពីថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២១ ឱ្យជាប់ពន្ធនាគាររយៈពេល២ឆ្នាំ ពីបទ «ញុះញង់ឱ្យមានភាពវឹកវរដល់សន្តិសុខស​​​ង្គម» បន្ទាប់ពីលោកត្រូវបានចាប់បញ្ជូនទៅឃុំខ្លួននៅពន្ធនាគារព្រៃសបានរយៈពេលប្រមាណ១៣ខែ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ