ក្តី​សង្ឃឹម​នៃ​ការ​បើក​ស្ថានីយ​វិទ្យុ​សហ​គមន៍​នេសាទ​ត្រូវ​ជាប់​គាំង​ ព្រោះ​ការងារ​រដ្ឋបាល​និង​ការ​បង្កើត​ក្រុង​រណប​ថ្មី

អនុប្រធានសហគមន៍នេសាទកែបថ្មី លោក ខៀវ សាវង្ស ជិះម៉ូតូកាត់ពីមុខទីតាំងគម្រោង IGB នៅខេត្តកំពត ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២១។ (Michael Dickison)

អ្នកនេសាទមួយក្រុមនៅខេត្តកំពត បានសាងសង់ខ្ទមធ្វើជាបន្ទប់ស្ទូឌីយោមួយ ដោយបានជ្រើសរើសយុវជនក្នុងស្រុកចំនួន១០នាក់ ដើម្បីសិក្សាការផ្សាយ និងគ្រោងផ្សព្វផ្សាយការព្យាករអាកាសធាតុ ព័ត៌មានសហគមន៍ និងសារនានា ជុំវិញកិច្ចគាំពារបរិស្ថាន។

ប៉ុន្តែសហគមន៍ត្រូវរត់ឯកសារចុះឡើងៗទាំងនៅថ្នាក់មូលដ្ឋាននិងថ្នាក់ជាតិ អស់រយៈពេលជាងមួយឆ្នាំហើយនៅតែមិនទាន់បានការអនុញ្ញាត។ ហើយឥលូវនេះ ជំនួយឥតសំណងរបស់អង្គការក្រៅរដ្ឋាភិបាល ដើម្បីបង្កើតស្ថានីយវិទ្យុរបស់ពួកគេបានផុតកំណត់ទៀត។

អស់រយៈពេលជាច្រើនឆ្នាំមកហើយដែល«សហគមន៍កែបថ្មី»មួយនេះ បានប្រយុទ្ធប្រឆាំងនឹងការអភិវឌ្ឍ ការរឹបអូសទីតាំងពីសំណាក់គម្រោងអភិវឌ្ឍន៍ទីក្រុងរណប ដោយពួកគេនិយាយថា កំពុងបំផ្លិចបំផ្លាញជលផលរបស់សហគមន៍។ ប្រជាសហគមន៍ទាំងនោះក៏បានលើកឡើងដែរថា ស្ថានីយវិទ្យុក្នុងស្រុកដែលមានឈ្មោះថា «ស្ថានីយសហគមន៍នេសាទត្រី» អាចរក្សាសហគមន៍នេះមានភាពរឹងមាំ។

ប៉ុន្តែកាលពីសប្តាហ៍មុន ចៅសង្កាត់បឹងទូក អ្នកស្រី ម៉ៅ សុខុម បានប្រាប់ វីអូឌី ថាអ្នកស្រីមិនអាចអនុម័តគម្រោងនេះបានទេ ដោយសារក្រុមហ៊ុនប្រហែលជាចង់ពង្រីកនៅលើដីដែលជាស្ទូឌីយោរបស់ពួកគេ។

នៅចុងខែសីហា តំបន់នេះមានភក់រញ៉េរញ៉ៃនៅឡើយ ដីមានសំណើមដោយភ្លៀងធ្លាក់ដែលលាតសន្ធឹងដល់សមុទ្រ។

ប្រធានសហគមន៍នេសាទកែបថ្មី លោក អ៊ីវ ឈីន និយាយថា សហគមន៍នេសាទកែបថ្មី ជាសហគមន៍ផ្លូវការដែលបានអនុម័តដោយរដ្ឋបាលជលផលតាំងពីឆ្នាំ២០១៥ និងមានសិទ្ធិនេសាទត្រីក្នុងផ្ទៃសមុទ្រជាង៨០០ហិកតា។ ប៉ុន្តែផ្ទៃដី២០០ហិកតាត្រូវបានធ្វើឯកជនភាវូបនីយកម្មសម្រាប់ការចាក់ដី។

លោក ឈីន បន្តថា កន្លងមក នៅតំបន់នោះមានក្រុមហ៊ុនចំនួន២បានចូលទៅធ្វើការអភិវឌ្ឍជាបន្តបន្ទាប់ ប៉ុន្តែបច្ចុប្បន្ន ក្រុមហ៊ុនទាំងនោះបានដកចេញវិញ ហើយផ្ទេរទៅឱ្យក្រុមហ៊ុន អាយជីប៊ី (IGB) ធ្វើការអភិវឌ្ឍវិញ។ ឯកសាររបស់រដ្ឋាភិបាល ចាប់ពីខែធ្នូ ឆ្នាំ២០២០ បង្ហាញថា ក្រុមហ៊ុន អាយជីប៊ី នឹងទទួលបានផ្ទៃដី៨០ហិកតា ឬ៤០ភាគរយ ដើម្បីអភិវឌ្ឍតាមការចង់បាន ហើយនៅសល់១២០ហិកតាទៀតនឹងត្រូវប្រើសម្រាប់ការអភិវឌ្ឍគម្រោងវិនិយោគ ដើម្បីបម្រើឱ្យវិស័យទេសចរណ៍ស្របតាមគោលការណ៍របស់រាជរដ្ឋាភិបាល។

លោកបានថ្លែងថា៖ «អ្នកស្រុកបានតវ៉ាប្រឆាំងនឹងការអភិវឌ្ឍនេះ ប៉ុន្តែវាគ្មានប្រយោជន៍ទេ។ ក្រុមហ៊ុនមានលុយនិងអំណាចច្រើន យើងមិនអាចឈ្នះទេ សមាជិកសហគមន៍យើងម្នាក់ត្រូវបានចាប់ខ្លួននៅពេលនោះ យើងមិនអាចឈ្នះគេទេ» ។

កន្លែងចាក់ដីនេះមានទំហំធំទូលាយ ហើយបានបង្កផលប៉ះពាល់ដល់ការនេសាទរបស់សហគមន៍នៅជុំវិញទីនោះ។ ការនេសាទនៅក្នុងតំបន់ទឹករាក់ត្រូវបានបាត់បង់ ប្រហែល៥០ទៅ៨០ភាគរយនៃអតីតគ្រួសារនេសាទ ប្រហែល១០០នាក់ នៅក្នុងសហគមន៍បានបោះបង់ការធ្វើនេសាទ ដោយងាកទៅរកការងារសំណង់និងធ្វើការរោងចក្រជំនួសវិញ។

លោក ឈីន និយាយថា៖ «គម្រោងនេះប៉ះពាល់ដល់យើងនិងឆ្នាំងបាយរបស់យើង ពីព្រោះយើងរស់នៅពឹងផ្អែកលើជីវចម្រុះនៅសមុទ្រ» ។

នៅឆ្នាំ២០១៩ សហគមន៍បានចាប់ផ្តើមគម្រោងវិទ្យុរបស់ខ្លួន ដោយសាងសង់ខ្ទមតូចមួយដែលធ្លាប់ជាប់ច្រាំង ប៉ុន្តែឥលូវនេះជាច្រកចូលទៅកន្លែងចាក់ដីរបស់ក្រុមហ៊ុន អាយជីប៊ី ទៅវិញ។ សមាជិកខ្លះបានធ្វើដំណើរទៅខេត្តពោធិ៍សាត់ និងខេត្តផ្សេងទៀត ដើម្បីសិក្សាគម្រោងវិទ្យុក្នុងស្រុកផ្សេងទៀត។

លោក ឈីន បន្តថា៖ «យើងចង់ការពារប្រព័ន្ធអេកូឡូស៊ីនៅជុំវិញទីនេះ ដូចជា ដើមកោងកាង និងក្តាម ជាដើម។ វិទ្យុគឺជាគម្រោងមួយដែលអាចជួយបាន»។

លោកបន្ថែមថា អ្នកភូមិភាគច្រើនគឺជាអ្នកនេសាទ ហើយវិទ្យុនឹងផ្តល់ឱ្យពួកគេនូវព័ត៌មានជុំវិញស្ថានភាពអាកាសធាតុ ដែលនឹងជម្រាបជាដំណឹងដល់ពួកគាត់មុនពេលពួកគាត់ចេញទៅនេសាទ និងព័ត៌មានអំពីព្រឹត្តិការណ៍នានាក្នុងសហគមន៍។

លោក នូ វិសាល ជានិស្សិតផ្នែកវិស្វកម្ម ឆ្នាំទី៣ នៅក្រុងកំពត និយាយថា គាត់គឺជាយុវជនម្នាក់ក្នុងចំណោមយុវជនស្ម័គ្រចិត្ត១០នាក់ ដែលនឹងដំណើរការកម្មវិធីរបស់ស្ថានីយនេះ។ គាត់បានធ្វើដំណើរទៅរាជធានីភ្នំពេញ ដើម្បីសិក្សាដំណើរការផ្នែកផ្សាយនេះ។

លោកលើកឡើងថា៖ «បើសិនបានបើក យុវជនស្ម័គ្រចិត្តទាំងអស់ហ្នឹងបែងចែកកាលវិភាគចូលរួម អ្នកនេះវេនព្រឹក វេនថ្ងៃ វេនរសៀល និងវេនយប់។ សម្រាប់អ្នករៀនកាត់តមាន៤នាក់ ប៉ុន្តែមានអ្នកជួយសរសេរអត្ថបទ និងផ្សេងទៀតមាន១០នាក់»។

កញ្ញា សឿន ស្រីនាថ និស្សិតផ្នែកព័ត៌មានវិទ្យា ឆ្នាំទី២ នៅខេត្តកំពត និយាយថា នាងត្រូវបានគេកំណត់ឱ្យធ្វើជានិពន្ធនាយក។

កញ្ញាថា៖ «ខ្ញុំមានអារម្មណ៍ថា ស្តាយពេលវេលាដែលយើងខិតខំ»។

រដ្ឋាភិបាលមានភាពតឹងរ៉ឹងក្នុងការអនុញ្ញាតឱ្យបង្កើតស្ថានីយវិទ្យុថ្មី។ អតីតគណបក្សសង្គ្រោះជាតិដែលត្រូវបានរំលាយ បានព្យាយាមអស់ជាច្រើនឆ្នាំ ដើម្បីបង្កើតស្ថានីយវិទ្យុមួយ ប៉ុន្តែត្រូវបានរារាំង។ រដ្ឋាភិបាលក៏បានកំណត់និងបំបិទការផ្សាយរបស់វិទ្យុមួយចំនួនផងដែរ ដូចជា វិទ្យុវីអូឌី (VOD) និង វីអូអេ (VOA) ដែលជាផ្នែកមួយនៃការបង្ក្រាបកាលពីឆ្នាំ២០១៧ លើប្រភពព័ត៌មានឯករាជ្យ។

លោក ឈីន ប្រធានសហគមន៍កែបថ្មី និយាយថា សមាជិកសហគមន៍បានព្យាយាមសុំការអនុញ្ញាតបើកដំណើរការស្ថានីយវិទ្យុសហគមន៍នេសាទត្រីនេះ ពីសំណាក់អាជ្ញាធរអស់រយៈពេលជាង១ឆ្នាំមកហើយ ប៉ុន្តែពួកគេមិនអាចរកផ្លូវចេញបានទេ។

លោក ឈីន និយាយថា៖ «មេឃុំបានស្នើសុំយើងដាក់ជូនខេត្តជាមុនសិន។ ប៉ុន្តែនៅពេលខ្ញុំទៅខេត្ត ពួកគេប្រាប់យើងថា ត្រូវសុំការអនុញ្ញាតពីឃុំសិន មុននឹងឈានដល់ថ្នាក់លើ។ មិនប្រាកដថាគេធ្វើការបែបណា»។

នៅសាលាសង្កាត់បឹងទូក ដែលមានចម្ងាយប្រហែល២គីឡូម៉ែត្រពីជុំរុំវិទ្យុ សមាជិកក្រុមប្រឹក្សាសង្កាត់ លោក ឡាយ តូញ មានប្រសាសន៍ថា សហគមន៍មិនមានឯកសារត្រឹមត្រូវ។

លោកថា៖ «ពួកគេត្រូវទៅក្រសួងព័ត៌មានជាមុនសិន ដូច្នេះយើងអាចសម្រេចចិត្តនៅពេលក្រោយ។ ខ្ញុំដឹងថា ការងាររដ្ឋបាល គឺពីក្រោមទៅដល់លើ។ ប៉ុន្តែក្នុងករណីខ្លះ វាមិនដូចគ្នានោះទេ។ ឧទាហរណ៍ ប្រសិនបើគណបក្សមួយចង់ចូលរួមការបោះឆ្នោតឃុំ-សង្កាត់ ពួកគេត្រូវសួរខេត្តជាមុនសិន មិនមែនឃុំទេ។ ស្ថានីយវិទ្យុ គឺដូចនោះ»។

ចៅសង្កាត់បឹងទូក អ្នកស្រី ម៉ៅ សុខុម មានប្រសាសន៍ថា ទីតាំងស្ទូឌីយោវិទ្យុស្ថិតនៅលើព្រំប្រទល់ដែលមិនអាចដោះស្រាយបាន។

ទីតាំងដែលកំណត់ជាស្ទូឌីយោសម្រាប់ដំណើរការស្ថានីយវិទ្យុ «សហគមន៍នេសាទត្រី» ខណៈមិនទាន់ត្រូវបានរដ្ឋបាលអនុញ្ញាតឱ្យដំណើរការនៅឡើយ ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២១។ (Michael Dickison)
ទីតាំងដែលកំណត់ជាស្ទូឌីយោសម្រាប់ដំណើរការស្ថានីយវិទ្យុ «សហគមន៍នេសាទត្រី» ខណៈមិនទាន់ត្រូវបានរដ្ឋបាលអនុញ្ញាតឱ្យដំណើរការនៅឡើយ ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២១។ (Michael Dickison)

អ្នកស្រីថា៖ «យើងមិនទាន់កំណត់អត្តសញ្ញាណថា ផ្នែកណាជារបស់សហគមន៍ និង អាយជីប៊ី! ឃុំមិនអាចសម្រេចបានទេ»។

អ្នកស្រីបន្ថែមថា៖ «យើងកំពុងរង់ចាំអ្វីគ្រប់យ៉ាងដើម្បីរៀបចំ ព្រោះខ្ញុំមិនដឹងថាតើក្រុមហ៊ុនចង់ពង្រីកបន្ថែមទៀតទេ។ ដូច្នេះ សហគមន៍ប្រហែលជាត្រូវផ្លាស់ប្តូរហើយ»។

IGB មិនអាចទាក់ទងបានទេ តាមរយៈទំនាក់ទំនងដែលបានចុះបញ្ជីជាមួយក្រសួងពាណិជ្ជកម្ម។

លោក ម៉េង សួន អ្នកសម្របសម្រួលគម្រោងអង្គការសំឡេងសហគមន៍ និយាយថា គម្រោងរបស់អង្គការក្រៅរដ្ឋាភិបាលជាមួយសហគមន៍បានបញ្ចប់នៅខែធ្នូ។ លោកបន្តទៀតថា អង្គការបានជួយរៀបចំឯកសារផ្សេងៗសម្រាប់ស្ថានីយវិទ្យុតាំងពីឆ្នាំ២០១៨ ប៉ុន្តែមិនអាចទទួលបានហត្ថលេខាពីឃុំឬស្រុកឡើយ។

លោកថា៖ «ឥលូវនេះ សហគមន៍មិនមានអង្គការណាមួយជួយទៀតទេ។ នេះជាការលំបាកសម្រាប់សហគមន៍ នៅពេលដែលពួកគេមិនអាចបន្តគម្រោងនេះដោយគ្មានសកម្មភាពណាមួយ។ ហើយអង្គការរបស់យើងមិនមានគម្រោងណាមួយ ដើម្បីបន្តនៅទីនោះទៀតទេ»។

អនុប្រធានសហគមន៍នេសាទ លោក ខៀវ សាវង្ស មានប្រសាសន៍ថា សហគមន៍រៀបចំឯកសារគ្រប់យ៉ាងត្រឹមត្រូវ ហើយដីនេះជាដីរបស់រដ្ឋ ប៉ុន្តែសហគមន៍គ្រប់គ្រង។

លោកថា៖ «យើងមានអ្វីៗគ្រប់យ៉ាងមុនពេលចុះឈ្មោះ»។

លោកបន្ថែមថា ប្រជាជនមានការលំបាកដោយសារការអភិវឌ្ឍ ក្នុងនោះ ពួកគាត់បាត់បង់កន្លែងដើម្បីចតទូក និងការនេសាទទឹករាក់ ដូចជា សារ៉ាយសមុទ្រ ក្តាម និងបង្គារ ព្រមទាំងជីវចម្រុះត្រូវបានបាត់បង់។

គ្រួសារដែលនេសាទត្រីសម្រាប់ការរស់នៅប្រចាំថ្ងៃដោយស្វែងរកបង្គារ សារ៉ាយសមុទ្រ ក្តាម និងត្រីតូចៗនៅជុំវិញតំបន់សហគមន៍ បានថយចុះពី៥០ទៅ៨០ភាគរយក្នុងមួយគ្រួសារ។

ត្រលប់មកកាន់សហគមន៍នេសាទកែបថ្មីវិញ លោក ឈីន ជាប្រធានសហគមន៍ និយាយថា ស្ថានីយវិទ្យុនេះគ្រាន់តែចង់ផ្សព្វផ្សាយបញ្ហាសហគមន៍នេសាទដែលមានប៉ុណ្ណោះ។

លោកនិយាយថា៖ «យើងមានអ្វីៗស្ទើរតែទាំងអស់ ដើម្បីចាប់ផ្តើមស្ថានីយវិទ្យុ […] សហគមន៍កំពុងសាងសង់ហាង ដើម្បីទាក់ទាញភ្ញៀវទេសចរឱ្យមកទីនេះ នៅជាប់នឹងសមុទ្រ ដូច្នេះភ្ញៀវអាចសម្រាកបាន។ វាគឺជាផ្នែកមួយនៃអត្ថប្រយោជន៍សម្រាប់សហគមន៍របស់យើង។ ប៉ុន្តែថ្មីៗនេះ ការគាំទ្រពីអង្គការក្រៅរដ្ឋាភិបាលបានផ្តាច់គម្រោង។ ឥលូវនេះ សហគមន៍នៅជាប់គាំងក្នុងរឿងបង្កើតវិទ្យុនេះ»៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ