អាជ្ញាធរ​ឃាត់​ខ្លួន​មន្ត្រី​អន្តរា​គមន៍​ខណ្ឌ​៧​មករា​ម្នាក់​ ក្រោយបង្ក​របួស​ស្នាម​ដល់​ស្ត្រី​ម្នាក់

មន្ត្រីនគរបាលឈ្មោះ ម៉ាត់ ពិសី ដែលបានបង្ករបួសស្នាមដល់ស្ត្រីរងគ្រោះ ក្រោយពីស្ត្រីរូបនោះជិះម៉ូតូគេចពីចំណុចត្រួតពិនិត្យចរាចរណ៍ស្ថិតក្នុងខណ្ឌ៧មករា ដោយហេតុការណ៍នោះកើតឡើងកាលពីយប់ថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២១។ (អគ្គស្នងការដ្ឋាននគរបាលជាតិ)

អាជ្ញាធរបានឃាត់ខ្លួនមន្ត្រីនគរបាលផ្នែកកងអន្តរាគមន៍ម្នាក់ដែលបង្កការរងរបួសដល់ស្ត្រីម្នាក់បណ្តាលឱ្យបែកក្បាលធ្ងន់ធ្ងរ កាលពីយប់មិញនេះ។

លោកវរសេនីយ៍ឯក សាន សុខសីហា អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បាន​ប្រាប់ វីអូឌី នៅថ្ងៃព្រហស្បតិ៍នេះ​ថា មន្ត្រីនគរបាលរូបនេះ​មានឈ្មោះ ​ម៉ាត់​ ​ពិសី​ ​ជាមន្ត្រី​អន្តរាគមន៍​នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​៧​មករា​ ​ត្រូវ​បាន​ឃាត់ខ្លួន​ហើយ​ ក្រោយ​រក​ឃើញ​ថា​ ​បាន​យក​អាយ​ឌី (ID)​ ​វាយ​ស្ត្រីម្នាក់ឱ្យ​រង​របួសបែកក្បាលធ្ងន់ធ្ងរ​ ​ហើយ​ត្រូវ​បាន​មហាជន​រិះគន់​យ៉ាងខ្លាំងក្លា​។​

ប្រភពដដែលបន្តថា បើ​ការ​ស្រាវ​ជ្រាវ​រក​ឃើញ​ថា មន្ត្រី​នគរបាល​រូប​នេះមាន​កំហុស​មែននោះ​ មន្ត្រីនគរបាលរូបនេះនឹងត្រូវប្រឈមការអនុវត្តបន្តតាមនីតិវិធីច្បាប់​ និងរងការអនុវត្តវិន័យរបស់កងកម្លាំង​ផងដែរ​។ ដោយឡែក ចំពោះអ្នកបើកបរល្មើសច្បាប់​ បើកបរគេចវេះពីសមត្ថកិច្ចនោះ លោកថា ក៏នឹងត្រូវអនុវត្តតាមច្បាប់ផងដែរ។

គួរបញ្ជាក់ជូនថា ការឃាត់ខ្លួនមន្ត្រីនគរបាលផ្នែកអន្តរាគមន៍​នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​៧​មករា ឈ្មោះ ម៉ាត់ ពិសី រូបនេះ គឺបន្ទាប់ពីមានបទបញ្ជាពីលោកនាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ​ បន្ទាប់ពីមានការរិះគន់ពីសកម្មភាពមិនល្អ​របស់​មន្ត្រីនគរបាលរូបនេះដែល​យកអាយឌីវាយក្បាលស្ត្រីម្នាក់ជិះម៉ូតូគេចពីគោលដៅត្រួតពិនិត្យច្បាប់ចរាចរណ៍ កាលពីយប់មិញនេះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ