រដ្ឋា​ភិបាល​កាត់​ដី​៣​ទីតាំង​​ឱ្យ​ពលរដ្ឋ​និង​​បញ្ជា​ការដ្ឋាន​អង្គរក្ស​​​នៃ​​ក្រសួង​​ការពារ​ជាតិ​

ទិដ្ឋភាពនៅតំបន់ពលរដ្ឋរស់នៅ ស្ថិតនៅភូមិពូធឿង ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២០។ (ហ្វេសប៊ុក៖ រដ្ឋបាលខេត្តព្រះសីហនុ)

រដ្ឋាភិបាលសម្រេចកាត់ដី៣​កន្លែង ស្ថិតនៅខេត្តចំនួន​៣​ផ្សេងគ្នាប្រគល់​ទៅ​ឱ្យ​ប្រជាពលរដ្ឋ២២​គ្រួសារ និងបញ្ជាការដ្ឋានអង្គរក្សអគ្គមេបញ្ជាការដ្ឋាននៃកងយោធពលខេមរភូមិន្ទនៃក្រសួងការពារជាតិ ដើម្បីធ្វើជាកម្មសិទ្ធិផ្ទាល់។

បើតាមអនុក្រឹត្យចុះថ្ងៃទី​៣០ ខែមិថុនា ឆ្នាំ២០២១ និងទើបមានការផ្សព្វផ្សាយ​ថ្មីៗនេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានសម្រេច​កាត់ឆ្វៀល​ដីក្នុង​ទំហំ៤ហិកតា ស្ថិតនៅស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ ចេញពីដែនគម្របព្រៃឈើឆ្នាំ២០០២ ដើម្បីធ្វើអនុប្រយោគជាដីឯកជនរបស់រដ្ឋ ប្រគល់ទៅឈ្មោះ ឡៅ អានី ធ្វើជាកម្មសិទ្ធិ។

មេឃុំ​បិត​ត្រាង លោក មាន ចាន់ បានប្រាប់ វីអូឌី នៅថ្ងៃនេះថា រដ្ឋាភិបាលពិតជាបានកាត់ដីប្រគល់ឱ្យអ្នកស្រី ឡៅ អានី មែន។ លោកបន្តថា ដីនៅក្នុងភូមិសាស្រ្ត​​​នោះក៏ធ្លាប់​​មានជម្លោះដី​ធ្លីយូរឆ្នាំណាស់មកហើយដែរ រវាងអ្នកស្រី ឡៅ អានី និងប្រជាពលរដ្ឋ​។

លោកថា៖ «ពាក់ព័ន្ធនឹងភូមិសាស្រ្តតំបន់ខ្ញុំហ្នឹង ឃើញថាមិនទាន់បានចុះច្រើនទេ មួយចំនួន​គាត់មានបណ្ណ​ដាច់​​ដោយ​ដុំ មួយចំនួន​ក៏អ​ត់​បាន​ធ្វើដែរ។ អ៊ីចឹងវានៅចន្លោះប្រហោងច្រើន ដោយសារដីវានៅមានបណ្ណចេះតែមាន​បញ្ហាបន្តបន្ទាប់ អ៊ីចឹងហើយទំនាស់ដី វិវាទមានច្រើន បើនិយាយជាទូទៅ»។​

ចំណែកនៅថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២១ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានសម្រេចផ្ទេរការចុះបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋរបស់រដ្ឋបាលឃុំព្រែករការ នូវដីទំហំជាង១១ហិកតា ស្ថិតនៅភូមិខ្នុរ ឃុំព្រែករការ ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល ដើម្បីប្រគល់ឱ្យបញ្ជាការដ្ឋានអង្គរក្ស អគ្គមេបញ្ជាការដ្ឋាន នៃកងយោធពលខេមរភូមិន្ទនៃក្រសួងការពារជាតិ ធ្វើការគ្រប់គ្រង។

អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការនៃបញ្ជាការដ្ឋានអង្គរក្ស លោក ហ៊ីង ប៊ុនហៀង បានលើកឡើងថា ប្រមុខរដ្ឋាភិបាលបានសម្រេចកាត់ដីទំហំ១១១ ២៨១មែត្រការ៉េ ប្រគល់ឱ្យជាសម្បត្តិរបស់ក្រសួងការពារជាតិ ដែលគ្រប់គ្រងដោយនាយកដ្ឋានអង្គរក្ស។

លោកថា៖ «ពីមុនជាដីរដ្ឋ ឥលូវប្រគល់ឱ្យក្រសួងការពារជាតិ ដែលគ្រប់គ្រងដោយបញ្ជាការដ្ឋានអង្គរក្ស សម្រាប់មធ្យោបាយ​​បណ្ដុះបណ្ដាល»។

នៅថ្ងៃទី​៩ ខែកក្កដា ឆ្នាំ២០២១ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បានចេញអនុក្រឹត្យដាច់ដោយឡែកមួយទៀត បានសម្រេចកាត់ឆ្វៀលដីទំហំ៥៨,៨៤ហិក​តា ចេញ​ពី​តំបន់​​ប្រើប្រាស់​​ដោយ​​ចីរភាព​នៃឧ​ទ្យានជាតិព្រះមុនីវង្ស (បូកគោ) កំណត់ជាតំបន់សហគមន៍ ដោយថា ដើម្បីប្រគល់ទៅប្រជាពលរដ្ឋធ្វើជាកម្មសិទ្ធិ។

បើតាមអនុក្រឹត្យដដែល ប្រជាពលរដ្ឋ​បានដីនោះមានចំនួន២២គ្រួសារ ដោយទទួលក្បាលដី២៤​​ក្បាលដី មានទីតាំងស្ថិតនៅឃុំកោះតូច ស្រុកទឹកឈូ ខេត្តកំពត។

មេឃុំកោះតូច លោក ឈូក ភូ មានប្រសាសន៍ថា តាមរយៈគម្រោងដីដែលរដ្ឋាភិបាលបានកាត់​ឆ្វៀល​នោះ លោកមិនទាន់ដឹងថាមានពលរដ្ឋ​ណាខ្លះត្រូវទទួល​បាន​ដី​នោះ​នៅ​ឡើយ ខណៈ​​​ពលរដ្ឋមួយចំនួនដែលនៅក្រៅឃុំកោះតូចនេះ ក៏មានសិទ្ធិទទួលដែរ។

លោកថា៖ «ការកំណត់ឱ្យប្រជាពលរដ្ឋប៉ុន្មានគ្រួសារ ដែល​បានកាត់ជូនគាត់​ យើងអត់ទាន់ដឹង​ចំនួន អ៊ីចឹងយើង​អត់មានអីថែមលើសពីនេះ​ទេ។ ដល់ពេលសម្ដេចឱ្យឈ្មោះ ឧទាហរណ៍ ​២០​នាក់អ៊ីចឹង ហើយកាត់ឆ្វៀល​ សម្ដេច​ឱ្យជា​​កម្មសិទ្ធិ​១០​នាក់អ៊ីចឹង យើងអាចទាក់ទងគ្នាបាន ហើយពេលខ្ញុំទទួលបានដំណឹងនេះ ខ្ញុំនឹងជម្រាបជូនទៅវិញ»។

នាយិកាប្រតិបត្តិមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា លោកស្រី ចក់ សុភាព មានប្រសាសន៍ថា លោក​ស្រីមិ​នជំទាស់ចំពោះការផ្ដល់ដីជូនប្រជាពលរដ្ឋឡើយ ប៉ុន្តែស្នើ​រដ្ឋាភិបាលបង្ហាញព័ត៌មានដល់ប្រជាពលរដ្ឋ​ឱ្យ​បាន​ដឹងពីហេតុផលឱ្យបានច្បាស់លាស់​។ ជាមួយគ្នានេះដែរ លោកស្រីកត់សម្គាល់ដែរថា កន្លងមក លោកស្រីសង្កេតឃើញថា ដីដែលកាត់នោះ​ភាគច្រើន​ប្រគល់​ឱ្យបុគ្គលមានអំណាចច្រើនជាងពលរដ្ឋ។

លោកស្រី ចក់ សុភាព ថា៖ «ការផ្ដល់កម្មសិទ្ធិណាមួយត្រូវមានបង្ហាញតម្លាភាពដែរ ត្រូវបង្ហាញឱ្យសាធារណជនបានដឹង ថាហេតុអ្វីបានបុគ្គលឬសហគមន៍ណាមួយគាត់ទទួលបានផលប្រយោជន៍ពីការអនុប្រយោគហ្នឹង ព្រោះកន្លងមក យើងឃើញហើយភាគច្រើន គឺបន្ទាប់ពីអនុប្រយោគហើយជាឯកជន និងភាគច្រើនអ្នកមានអំណាចមួយចំនួនច្រើនទទួលបាន។ អ៊ីចឹងអាជ្ញាធរមានកាតព្វកិច្ចក្នុងការបង្ហាញឱ្យសាធារណជនយល់ថា ការបំប្លែងដីសម្បត្តិសាធារណៈ ហើយដីខ្លះជាតំបន់ការពារទៀត ថាតើវាបាត់បង់គុណនៃផលប្រយោជន៍សាធារណៈបែបណា បានជាអាជ្ញាធរលោកត្រូវធ្វើការផ្លាស់ប្ដូរ។ ទី២ បុគ្គលដែលទទួលបានសិទ្ធិជាបន្តបន្ទាប់ហ្នឹង តើគាត់ចូលរួមចំណែកបែបណា ឬមូលហេតុអ្វីបានជាអាជ្ញាធរប្រគល់សិទ្ធិឱ្យពួកគាត់ហ្នឹង កន្លែងហ្នឹងសំខាន់ណាស់»។

កាលពីថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២០ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានសម្រេចកាត់ផ្ទៃដីទំហំ១២ ០១៦ (ដប់ពីរពាន់ ដប់ប្រាំមួយ) ហិកតា ចេញពីតំបន់ប្រើប្រាស់ដោយចីរភាពនៃតំបន់ឧទ្យានជាតិព្រះមុនីវង្ស «បូកគោ» ក្នុងភូមិសាស្រ្តខេត្តកំពត និងខេត្តព្រះសីហនុ ប្រគល់ទៅឱ្យក្រុមហ៊ុន សុខា អូតែល ដើម្បីធ្វើការអភិវឌ្ឍ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ