អ្នក​ឆ្លង​​វីរុស​កូវីដ-១៩​​បំប្លែង​ថ្មី Delta បាន​កើន​ដល់​​ជិត​៤​ពាន់​នាក់​

នាថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២១ ក្រុមគ្រូពេទ្យបានចុះទៅយកសំណាកពីបងប្អូនប្រជាពលរដ្ឋនិងអាជីវករនៅផ្សារលើធំថ្មី តាមរយៈតេស្តសំណាក (តេស្តរហ័ស) បន្ទាប់ពីរកឃើញអ្នកវិជ្ជមានកូវីដ-១៩ជាច្រើននាក់ដែលពាក់ព័ន្ធនឹងព្រឹត្តិការណ៍២០កុម្ភៈ។ (ហ្វេសប៊ុក៖ រដ្ឋបាលខេត្តសៀមរាប/Siem Reap Provincial Hall)

គិត​មកដល់ថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២១នេះ ក្រសួងសុខា​ភិ​បាលបានរកឃើញអ្នកឆ្លង​វីរុសកូវីដ-១៩​បំប្លែងថ្មី ប្រភេទ B.1.617.2 (Delta) ចំនួន៣ ៧៣១នាក់ ក្នុងនោះមានស្រី១ ៩០៤នាក់។

យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាលស្ដីពីបច្ចុប្បន្នភាពវីរុសកូវីដ-១៩​ បំប្លែងថ្មី ដែលតា (Delta) បាន​ឱ្យដឹងថា កម្ពុជាបានរកឃើញអ្នកជំងឺកូវីដ-១៩ បំប្លែងថ្មី ដែលតា (Delta) ជាលើក​ដំបូង នៅថ្ងៃទី៣១ ខែមីនា ដោយការវិភាគរកវីរុសពីវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា ហើយ​បើគិត​មកដល់​ថ្ងៃទី៩ ខែកញ្ញា ករណីឆ្លងបានកើនដល់៣ ៧៣១នាក់។​

ក្រសួងបន្តថា វីរុសបំប្លែងថ្មីនេះបាន​ឆ្លង​ទៅលើអ្នកដំណើរមកពីបរទេសតាមជើងហោះហើរ ពលក​រដែលត្រលប់មកពីប្រទេសថៃនិងប្រទេសវៀតណាម ប្រជាជនអ្នកភូមិក្នុង​សហគមន៍ ក្រុមហ៊ុនឯកជន និង​បុគ្គលិកសុខាភិបាល ជាដើម។

សេចក្ដីប្រកាសព័ត៌មានដដែលបានរកឃើញទៀត​ថា រាជធានី-ខេត្តដែលមានចំនួនអ្នកឆ្លងច្រើនជាងគេ រួមមាន រាជធានីភ្នំពេញ មានចំនួន១ ២៥៦នាក់​ ខេត្តបន្ទាយមានជ័យ មាន៨២៧នាក់ និងខេត្តឧត្តរមានជ័យ មាន២៨៧នាក់ រួមនឹងបណ្តាខេត្តផ្សេងៗទៀតសរុប២៤រាជធានី-ខេត្ត​។ ចំណែកឯខេត្តកែប ក្រសួងថា នៅមិនទាន់រកឃើញករណីវីរុសកូវីដ-១៩​ បំប្លែងថ្មី ដែលតា (Delta) នៅឡើយទេ។

នៅថ្ងៃនេះដែរ ក្រសួងសុខាភិបាលបានចេញសេចក្ដីជូនដំណឹងស្ដីពីការសរុបស្ថានភាពជំងឺកូវីដ-១៩ ដោយរកឃើញថា ករណីឆ្លងសរុបឈានដល់៩៨ ១៨៤នាក់ ករណីឆ្លងថ្មី៦៦០នាក់ ករណីស្លាប់ថ្មី១២នាក់ ដែលធ្វើឱ្យករណីស្លាប់សរុបកើនឡើង២ ០១៩នាក់៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ