មន្ត្រី​​ថា​សាលា​រៀន​មួយ​ចំនួន​​បាន​រៀបចំ​ថ្នាក់​រៀន​រួច​​​ហើយ​ ដើម្បី​ត្រៀម​បើក​ដំណើរ​ការ​​​​ឡើង​​វិញ

វិទ្យាល័យទួលស្វាយព្រៃ នៅសង្កាត់បឹងកេងកង រាជធានីភ្នំពេញ ថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២១។ (ជន ចាន់រ៉ែន)

សាលារៀនមួយចំនួននៅរាជធានីភ្នំពេញកំពុងរៀបចំជាបណ្តើរៗហើយ ដើម្បីត្រៀមទទួលសិស្ស​ចូលរៀន​ឡើង​វិញនៅថ្ងៃទី​១៥ ខែកញ្ញា​ខាងមុខ។

ការរៀបចំនេះបានធ្វើឡើង​​បន្ទាប់ពីរដ្ឋបាលរាជធានីភ្នំពេញ កាលពីថ្ងៃម្សិលមិញ បានប្រកាស​ឱ្យ​​គ្រឹះស្ថា​នសិក្សា​ចំនួន​ជាង២០០បើកដំណើការបង្រៀនឡើងវិញ​ ចាប់ពីកម្រិតអនុវិទ្យាល័យដល់វិទ្យាល័យ (ថ្នាក់ទី៧ ដល់ទី១២) ដែលមានសិស្សប្រមាណជាង១៣ម៉ឺននាក់។

នាយកវិទ្យាល័យជាស៊ីមបឹងកេងកង លោក នុត ងួនលី ប្រាប់ វីអូឌី នៅថ្ងៃសុក្រនេះថា វិទ្យាល័យនេះ​បានត្រៀមរួចរាល់អស់ហើយសម្រាប់ការបើកដំណើរការសាលារៀនឡើងវិញ ក្នុងនោះ សាលាបាន​បាញ់ថ្នាំសម្លាប់មេរោគ សម្អាតបរិស្ថាន និងរៀបចំថ្នាក់រៀន ជាដើម។

លោកថា​៖ «[ត្រៀមបើកសាលា] ទាន់តើក្មួយ! ទាន់! យើងរៀបរួចអស់ហើយ ព្រោះយើងបានបាញ់ថ្នាំសម្លាប់មេរោគ យើងបានសម្អាតបរិស្ថានអស់ហើយ បន្ទប់រៀនក៏យើងរៀបអស់ហើយ»

លោក នុត ងួនលី បន្ថែមថា សម្រាប់ការរៀបចំឱ្យសិស្សចូលរៀននៅវិទ្យាល័យនេះ​ ក្រុមការ​ងារ​បាន​ចាត់ចែង​មួយ​បន្ទប់​មាន​សិស្ស១៥នាក់ ខណៈសាលានេះមានសិស្សសរុបពីថ្នាក់ពី៧ដល់ទី១២ ចំនួន៧៦៦នាក់។ លោកថា ពីមុន សិស្សទាំងអស់​ត្រូវបានបែងចែកជា២៤ថ្នាក់ តែបច្ចុប្បន្នបំបែកទៅជា៤៨ថ្នាក់។

លោកស្រី ឡុង បូណារ៉េត អភិបាលរង​ខេត្តកំពង់ស្ពឺ មា​ន​ប្រសាសន៍ថា រដ្ឋបាល​ខេត្តត្រៀម​ជាស្រេច​ហើយក្នុង​ការ​បើក​​ដំណើរការ​សាលារៀនឡើងវិញនេះ ដោយ​រង់​ចាំតែ​ថ្ងៃ​ប្រ​កាស​បើក​​បវេសនកាល​ពីក្រសួងអប់រំ​តែប៉ុណ្ណោះ​។

លោកស្រីថា៖ «សម្រាប់ការបើកដំណើរការសាលារៀនឡើងវិញ យើងបានត្រៀមផែនការរួចជាស្រេចពីចម្ងាយហើយ ដោយសារតែគណៈកម្មាធិការខេត្តប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ បានរៀបចំកិច្ចប្រជុំមួយកាលថ្ងៃទី១ ខែកញ្ញានេះ​។ យើងបានសិក្សាទៅលើលទ្ធភាពការបើក ថាតើត្រូវបើកយ៉ាងម៉េចដើម្បីធានាសុវត្ថិភាព ពីព្រោះសាលាទាំងអស់នោះផ្ទុកអ្នកជំងឺ [កូវីដ-១៩] ដូច្នេះ វាអាចមានមេរោគ»

លោកស្រីបញ្ជាក់ថា មន្ត្រីពាក់ព័ន្ធត្រូវសម្អាតបរិស្ថាន ដោយមានអ្នកជំនាញចុះបាញ់ថ្នាំ​សម្លាប់មេរោគ ដើម្បីធានាសុវត្ថិភាពសិស្ស ព្រមទាំងលោកគ្រូ-អ្នកគ្រូផងដែរ។ លោកស្រីបន្តថា ក្នុង​ខេត្ត​នេះ​ សាលារៀននៅសេសសល់មិនទាន់អាចដំណើរការឡើងវិញបាន មាន​តិចតួ​ចប៉ុណ្ណោះ។

លោក រស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា នៅមិនទាន់អាចបូកសរុបបាននៅឡើយទេពីចំនួនសាលារៀននៅតាមបណ្តារាជធានី-ខេត្តដែលត្រូវបើកដំណើរការ​​ឡើង​វិញនេះ។

លោកថា៖ «សម្រាប់ពេលនេះ ខ្ញុំសូមស្នើយោងខ្លឹមសារលិខិតលេខ៤៦ ចុះថ្ងៃ៣១ សីហា ២០២១។ សូមជម្រាបសួរផ្ទាល់ទៅគ្រឹះស្ថានសិក្សា មន្ទីរអប់រំ យុវជន និងកីឡា និងគណៈអភិបាលរាជធានីខេត្តពាក់ព័ន្ធ»

លោក រស់ សុវាចា បន្ថែមថា ដើម្បីអាចបើកសាលារៀនបាន មន្ទីរអប់រំ យុវជន និងកីឡា រាជធានី-ខេត្ត ត្រូវពិភាក្សាជាមួយគណៈអភិបាលរាជធានី-ខេត្ត ដើម្បីជ្រើសរើសសាលាមត្តេយ្យសិក្សា សាលាបឋមសិក្សា អនុវិទ្យាល័យ និងវិទ្យាល័យ ដែលមានលទ្ធភាពបើកដំណើរការឡើងវិញ។ ក្នុងនោះ ត្រូវមានការវាយតម្លៃ និងជ្រើសរើសគ្រឹះស្ថានសិក្សាដែលត្រូវបើកដំណើរ​ការ​ឡើងវិញ ដោយត្រូវរៀបចំការរៀននិងបង្រៀន ត្រូវរៀបចំជាផែនការឱ្យបានច្បាស់​លាស់ ដោយមានការអនុម័តពីអាជ្ញាធររាជធានី-ខេត្ត រួចផ្ញើមកក្រសួង ដើម្បីបូកសរុប។

អ្នកនាំពាក្យរដ្ឋបាលរាជ​ធានីភ្នំពេញ លោក ម៉េត មាសភក្តី បានសរសេរនៅលើទំព័រហ្វេសប៊ុករបស់លោកកាលពីថ្ងៃម្សិលមិញថា គ្រឹះស្ថានសិក្សាទូទាំងរាជធានីភ្នំពេញ​ចំនួន​ជាង២០០ ចាប់​ពីកម្រិត​អនុវិទ្យាល័យដល់វិទ្យាល័យ (ថ្នាក់ទី៧ ដល់ទី១២) នឹងបើកទ្វារឡើងវិញទទួលសិស្សានុសិស្សជាង១៣ម៉ឺននាក់ចូលរៀន នៅថ្ងៃទី១៥ ខែកញ្ញា ខាងមុខនេះ ខណៈសាលារៀននៅតាមបណ្តាខេត្តមួយចំនួននៅមិនទាន់ប្រកាសពីកាលបរិច្ឆេទជាក់លាក់នៅឡើយទេ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ