តុលាការបើកការស៊ើបអង្កេតលើមន្ត្រីនគរបាលម្នាក់ពីបទហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស

មន្ត្រីនគរបាលឈ្មោះ ម៉ាត់ ពិសី ដែលបានបង្ករបួសស្នាមដល់ស្ត្រីរងគ្រោះ ក្រោយពីស្ត្រីរូបនោះជិះម៉ូតូគេចពីចំណុចត្រួតពិនិត្យចរាចរណ៍ស្ថិតក្នុងខណ្ឌ៧មករា ដោយហេតុការណ៍នោះកើតឡើងកាលពីយប់ថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២១។ (អគ្គស្នងការដ្ឋាននគរបាលជាតិ)

តំណាង​អយ្យការ​​អម​តុលាការ​ក្រុង​ភ្នំពេញ​បាន​​សម្រេច​បើក​​​ការ​​ស៊ើប​សួរ​​​លើ​​មន្ត្រី​នគរបាល​​អន្តរាគមន៍​ខណ្ឌ៧​មករា​​ម្នាក់​ពី​បទ​ហិង្សាដោយ​ចេតនា​​មាន​​ស្ថាន​ទម្ងន់​ទោស​​លើ​ស្ត្រីម្នាក់​​កាល​ពី​យប់ថ្ងៃទី៨ ខែកញ្ញា ខណៈស្ត្រី​រង​​គ្រោះ​ក៏​​រង​ការ​ចោទ​​ប្រកាន់​​ពី​បទ​ល្មើស​​ច្បាប់​​ចរាចរណ៍​ផង​ដែរ។

អ្នក​នាំពាក្យអយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​លោក ប្លង់  សុផល បាន​ប្រាប់​វីអូឌី​តាម​ប្រព័ន្ធ​តេឡេហ្គ្រាម​នៅយប់​ថ្ងៃទី១០ ខែកញ្ញាថា ករណី​មន្ត្រី​នគរបាល​បង្ក​ហិង្សា​នេះ ត្រូវ​បាន​តំណាង​​អយ្យការ​បើកការ​ស៊ើបសួរ​ពី​បទហិង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់​ទោស។

ចំណែក​ស្ត្រី​រង​គ្រោះ​ដែល​ជិះម៉ូតូល្មើស​ច្បាប់​ចរាចរណ៍​វិញ លោកថា ត្រូវ​បាន​តំណាង​អយ្យការ​​បើក​ការ​ស៊ើបសួរ​ពី​បទបើកបរយានយន្ត​មិន​ព្រម​បញ្ឈប់​តាម​បញ្ជា​របស់​មន្រ្តីនគរបាល​ចរាចរណ៍ តាមបញ្ញត្តិមាត្រា ២២១ នៃក្រមព្រហ្មទណ្ឌ និងមាត្រា ៧៦ នៃច្បាប់ស្តីពីចរាចរណ៍​ផ្លូវគោក។

អាជ្ញាធរ​រាជធានី​​​ភ្នំពេញ​​​កាល​​​ពី​​​ថ្ងៃម្សិលមិញ បាន​បញ្ជូនខ្លួន​មន្ត្រីនគរបាល​ផ្នែក​កង​អន្តរាគមន៍ខណ្ឌ៧មករា​ម្នាក់ឈ្មោះ ម៉ាត់ ពិសី ទៅកាន់​សាលា​ដំបូង​រាជធានីភ្នំពេញ ក្រោយពីសម្របសម្រួល​ជាមួយនារី​រងគ្រោះមិនត្រូវគ្នា។

កញ្ញា ងន ស្រីនិច្ច ដែលត្រូវជា​ជនរង​គ្រោះនៅ​តែ​ទាមទារ​ឱ្យមាន​យុត្តិធម៌​សមរម្យ​សម្រាប់​នាង។ យុត្តិធម៌​ដែល​កញ្ញា ងន ស្រីនិច្ច ប្រាថ្នាចង់​បាន​នោះ គឺចង់ឱ្យមានការផ្តល់សំណងខ្លះសម្រាប់​ព្យាបាលក្បាលដែលរងរបួសធ្ងន់ ព្រោះមិនដឹងថា មាន​ផល​ប៉ះពាល់​អ្វីខ្លះ​ទៅ​ថ្ងៃ​អនាគត ព្រម​ទាំង​សំណងផ្សេងទៀត ដើម្បីឱ្យសមនឹងកិត្តិយសស្ត្រីម្នាក់ ដែលត្រូវបានមន្ត្រីនគរបាល​វាយនៅទីសាធារណៈ។

លោក អំ សំអាត នាយករងទទួលបន្ទុក​កម្មវិធី​ឃ្លាំមើល​នៃ​អង្គការ​លីកាដូ មាន​ប្រសាសន៍​កាល​ពី​ថ្ងៃ​សុក្រ​ម្សិលមិញ​ថា ជា​ធម្មតា​សាម៉ីខ្លួន​តែងតែ​មាន​ការ​ដោះសារ​រៀងៗ​ខ្លួន។ បែប​នេះក្តី លោក​ថា តាម​ផ្លូវ​ច្បាប់​ស្ថាប័ន​មាន​សមត្ថកិច្ចជា​ពិសេស​ទាក់ទង​នឹង​បទល្មើស​ហិង្សា​ដោយចេតនា មន្ត្រីនគរបាល​ជំនាញមានសិទ្ធិក្នុងការស៊ើបអង្កេត ខណៈនៅកន្លែងកើតហេតុមានសាក្សី និង​កាម៉េរា​សុវត្ថិភាព​ច្រើន​ណាស់​ដែល​អាច​ជា​ភស្តុតាង។

លោកបន្តថា៖ «ចឹងបើសិនជានិយាយពីបញ្ហាផ្លូវច្បាប់ បើគាត់ [មន្ត្រីនគរបាល] បង្ករបួសស្នាមដោយគេហៅថាបទហិង្សាដោយចេតនា ឬហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស អាហ្នឹងគាត់ជាប់ទោសពី ២ទៅ ៥ឆ្នាំអីចឹងទៅ។ អាហ្នឹង គឺជារឿងតាមផ្លូវច្បាប់ អាស្រ័យ​ទៅ​លើ​ការ​ស៊ើបអង្កេតឃើញ»។

លោកថា រឿងនេះមានមហាជនច្រើនណាស់កំពុងតាមដានពីលទ្ធផលនៃការអនុវត្តច្បាប់ពីសំណាក់អាជ្ញាធរ និងបង្ហាញសុទិដ្ឋិនិយមថា ស្ថាប័ន​ពាក់ព័ន្ធនឹងមិនអាចឱ្យបុគ្គលមួយរូប ធ្វើឱ្យខូចដល់បុគ្គល ឬសមត្ថកិច្ចដែលធ្វើបានត្រឹមត្រូវនោះទេ។ គួរបញ្ជាក់ជូនថា ការ​បញ្ជូន​ខ្លួន​មន្ត្រី​នគរបាល​ផ្នែកអន្តរាគមន៍នៃអធិការដ្ឋាននគរបាលខណ្ឌ៧មករាឈ្មោះ ម៉ាត់ ពិសី ទៅតុលាការនេះ គឺបន្ទាប់ពី​មាន​បទបញ្ជា​ពី​លោកនាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ ក្រោយពីមានការរិះគន់ពីសកម្មភាពមិនល្អរបស់មន្ត្រី នគរបាលរូបនេះ យកអាយឌី វាយក្បាលស្ត្រីម្នាក់កំពុងជិះម៉ូតូគេចពីគោលដៅត្រួតពិនិត្យច្បាប់ចរាចរណ៍ កាលពីយប់ថ្ងៃទី៨ កញ្ញា៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ