ក្រសួង​រម្លឹក​ពលរដ្ឋ​​បង្កើន​ការ​ប្រយ័ត្ន​​នឹង​​ជំងឺ​​កូវីដ-១៩​​ ខណៈ​​ការ​​ឆ្លង​​ភាគ​​ច្រើន​​​នៅ​​តាម​​ផ្សារ​​

គណៈគ្រប់គ្រងផ្សារបឹងកេងកង រៀបចំវិធានការរក្សាគម្លាត តម្រូវឱ្យស្កេន QR Code និងអនុវត្តតាមវិធានការសុខាភិបាលមួយចំនួនទៀត សម្រាប់បងប្អូនអាជីវករឬអតិថិជនគោរពតាមមុននឹងចូលក្នុងផ្សារមួយនេះ ក្រោយពីរដ្ឋបាលរាជធានីភ្នំពេញប្រកាសឱ្យដំណើរការអាជីវកម្មផ្សាររដ្ឋឡើងវិញ ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២១។ (ត្រាន់ តិចសេង)

ក្រសួងសុខាភិបាល អំពាវនាវនិងក្រើនរម្លឹក​ដល់​ប្រជាពលរដ្ឋឱ្យ​មាន​ការ​ប្រុង​ប្រយ័ត្ន​បន្ថែម និង​ការ​ពារ​ខ្លួន​ពីការឆ្លង​វីរុសកូវីដ-១៩ បន្ទាប់ពីប៉ុន្មានថ្ងៃនេះ ករណីឆ្លង​បាន​ហក់​ឡើង​បន្តិច​​នៅតាមបណ្ដាខេត្ត​មួយ​ចំនួន ជាពិសេសនៅតាមទីផ្សារ​លក់ដូរ។

យោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាល ចុះថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ​២០២១​ បាន​លើក​ឡើ​ង​ថា ក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ ក្រសួងសង្កេតឃើញ​ចំនួន​ករណីឆ្លងជំងឺកូវីដ-១៩ មានការ​ហក់ឡើ​ងបន្តិចនៅតាម​បណ្តាខេត្តមួយចំនួន ក្នុងនោះ ភាគច្រើន​បានកើតឡើងនៅ​ទីផ្សារ​លក់ដូរដែលមិនមែនជាផ្សារទំនើប គឺផ្សារលក់ដូរនៅតាមបណ្តាខេត្តក្រុង ភូមិ និងទីប្រជុំជន ជាដើម។

ករណីនេះ ក្រសួង​បានអំពាវនាវឱ្យប្រជាពលរដ្ឋទាំងអស់កុំទាន់មានអារម្មណ៍ស្កប់ស្កល់ និង​កុំ​មានការពឹង​ផ្អែកទាំងស្រុងទៅលើវ៉ាក់សាំង។

ក្រសួងក៏បានក្រើនរម្លឹក​ដល់​ប្រជាពលរដ្ឋទាំងអស់ចូលរួមទប់ស្កាត់​ការចម្លងវីរុស​កូវីដ-១៩ ដោយ​បុគ្គល​ គ្រួសារ សហគមន៍ អាជ្ញាធរមូលដ្ឋាន ត្រូវបង្កើនការប្រុងប្រយ័ត្នខ្ពស់និងអនុវត្ត​ឱ្យ​បាន​ខ្ជាប់​ខ្ជួននូវវិធានការ ៣ការពារ (ពាក់ម៉ាស់ លាងដៃឱ្យញឹកញាប់ និងរក្សា​គម្លាត​សុវត្ថិ​ភាព​) និង​៣កុំ (កុំទៅកន្លែងមានមនុស្សច្រើន​ កុំទៅកន្លែងបិទជិតគ្មាន​ខ្យល់​ចេញចូល​ កុំ​ប៉ះពាល់​ កុំចាប់ដៃគ្នា កុំកៀកស្មាគ្នា) ព្រមទាំងយកចិត្តទុកដាក់​តាមដាន​ការ​អនុវត្តវិធានការ​សុខាភិបាល​នៅ​តាម​ទីតាំង​នានា ជាពិសេស​​ទីតាំង​​មាន​ហានិភ័យ​​ខ្ពស់​ ជាដើម។

​ តាមរយៈអង្គការសុខភាពពិភពលោក បានចុះផ្សាយកន្លងមក​​ថា៖ «វ៉ាក់សាំងមានប្រសិទ្ធភាពការពារយើងមិនឱ្យឈឺធ្ងន់ធ្ងរដែលតម្រូវឱ្យសម្រាកពេទ្យ និងកាត់បន្ថយហានិភ័យនៃការស្លាប់ដោយជំងឺកូវីដ-១៩ ដោយបង្ការបុគ្គល​កើត​ជំងឺ​កូវីដ-១៩ធ្ងន់ធ្ងរ និងកាត់បន្ថយហានិភ័យនៃការស្លាប់ដោយជំងឺនេះ»។

បន្ថែមពីនេះ អង្គ​ការសុខភាពពិភពលោកបានចុះផ្សាយទៀតថា៖​ «ទោះបីជាបានចាក់វ៉ាក់សាំងការពារវីរុសកូវីដ-១៩ រួចហើយក៏ដោយ ក៏បុគ្គលគ្រប់រូបត្រូវអនុវត្តវិធានការសុខាភិបាលជាចាំបាច់ ដើម្បីបង្ការការឆ្លងវីរុសកូវីដ-១៩ ចូលក្នុងខ្លួន គ្រួសារ និងសហគមន៍»។

គិត​ចាប់​តាំង​ពី​ដើម​ឆ្នាំ​២០២០ មកដល់ថ្ងៃម្សិលមិញ កម្ពុជាបានរកឃើញអ្នកឆ្លងជំងឺ​កូវីដ-១៩​ សរុបចំនួន១០០ ១៣៣នាក់ ក្នុងនោះ ​អ្នកជំងឺព្យាបាលជាសះស្បើយ​ចំនួន៩៤ ៣២៦នាក់ អ្នកស្លាប់កើនដល់​ចំនួន​២ ០៤៩​នាក់ និងករណីនាំចូលពីក្រៅប្រទេសចំនួន១៧ ០៣៣នាក់​។

ចំណែកឯ​ករណីកូវីដ-១៩ ​នៅលើពិ​ភព​លោក​វិញ កើនដល់ជាង២២០,៥លាន​នាក់ ក្នុងនោះ អ្នកស្លាប់ជាង៤,៥​លាន​នាក់៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ