សហជីព​ថា​ ភាគី​និយោជក​​សុំ​បន្ថយ​ប្រាក់​ឈ្នួល​កម្មករ​ជាង​៨ដុល្លារ​​នៅ​ឆ្នាំ​ក្រោយ

សន្តិសុខប្រចាំរោងចក្រ Y&W មានទីតាំងនៅខណ្ឌដង្កោ រាជធានីភ្នំពេញ ឈរយាមមុខច្រកចូលរោងចក្រដើម្បីត្រួតពិនិត្យមុននឹងកម្មករចូលបំពេញការងារ ថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២១។ (ត្រាន់ តិចសេង)

សហជីពឱ្យដឹងថា ភាគីនិយោជិកបានស្នើសុំបន្ថយប្រាក់ឈ្នួលគោលកម្មករ៨,៦​ដុល្លារ​នៅឆ្នាំក្រោយ ក្រោមហេតុផល​វិបត្តិកូវីដ-១៩ និងបញ្ហាផ្សេងទៀត ខណៈក្រុមសហជីពស្នើសុំដំឡើងជាង២២​ដុល្លារ។

ប្រធានសហភាពការងារកម្ពុជា លោក​ អាត់ ធន់ ប្រាប់ វីអូឌី នៅថ្ងៃពុធនេះថា ក្នុងកិច្ចប្រជុំលើកទី២ អំពីការចរចា​ប្រាក់ឈ្នួល​អប្បបរមា​របស់​​កម្មករ​និយោជិត​​ផ្នែក​​វាយ​នភណ្ឌកាត់ដេរ និង​ស្បែក​ជើង ​​សម្រាប់​ឆ្នាំ២០២២ កាលពីថ្ងៃ​ម្សិលមិញនេះ ភាគីនិយោជកបានស្នើសុំបន្ថយប្រាក់ឈ្នួល​កម្មករ​ពី ១៩២​ដុល្លារ មកនៅត្រឹម ១៨៣,៤ដុល្លារ ពោលគឺ​សុំបន្ថយ ៨,៦ដុល្លារ សម្រាប់​ឆ្នាំ២០២២។

លោក​បន្តថា ការសុំបន្ថយប្រាក់ឈ្នួលគោលកម្មករនេះ ភាគីនិយោជក​បានលើកហេតុផល​ថា បញ្ហា​វិបត្តិជំងឺកូវីដ-១៩ បានធ្វើថៅកែចំណាយច្រើនជាមុន និងមានបញ្ហាជាមួយការបញ្ជាទិញជាដើម។ 

លោក អាត់ ធន់ បានលើកឡើងទៀត​​ថា ប្រសិនបើគ្មានការដំឡើង និង​មានការបន្ថយប្រាក់ឈ្នួល​មែន​នោះ នឹងធ្វើឱ្យកម្មករ​ជួបការលំបាកកាន់តែខ្លាំង ខណៈបច្ចុប្បន្ន កម្មករបាន​និង​កំពុងជួប​ការ​លំបាករួចទៅហើយ ដោយសារវិបត្តិជំងឺកូវីដ-១៩ និងការកាត់បន្ថយអត្ថប្រយោជន៍ជាច្រើនរបស់ពួកគេនាពេលកន្លងមក។

លោកបន្ថែមថា៖ «ក្នុងស្ថានភាពនេះ បើប្រាក់ឈ្នួលកម្មករបានឡើងក្នុងរង្វង់ជាង២០០​ដុល្លារ វាជាប្រការមួយ​ល្អ បើទោះ​និយោជកគេថាមិនសមក៏ដោយ។ បើតិចជាងហ្នឹង មិនដឹងយកម៉េច​កើត​ដែរ! ហើយមួយរយៈចុងក្រោយនេះ គឺថ្ងៃឈប់សម្រាកប្រចាំឆ្នាំ ថ្ងៃសម្រាកបុណ្យជាតិផ្សេងៗ បូកនឹងអត្ថប្រយោជន៍ជិត១០ថ្ងៃ ដែលកម្មករយើង​ត្រូវបានខាតដោយសារ​តែរដ្ឋាភិបាល​បាន​កាត់ ដែលនេះ​ហើយផលចំណេញបានទៅនិយោជក ហើយបើប្រាក់​ឈ្នួលមិន​បានឡើង​ទៀត​ កម្មករមានទុក្ខជាន់លើទុក្ខហើយ»

លោកបន្ថែមថា បើយោងទៅតាមលក្ខណៈ​​វិនិច្ឆយ៧យ៉ាង ដូចជា ស្ថានភាព​​ចំណាយ​របស់​​កម្មករ​​មាន​ការ​កើន​ឡើង ការកើនឡើងទំនិញទីផ្សារ បញ្ហាផលិតភាព​មានការកើន​ឡើង ការ​នាំចេញ​មាន​ភាពល្អប្រសើរជាងឆ្នាំ​មុន និងហេតុផលផ្សេងៗទៀត កម្មករគួរទទួលបានប្រាក់ឈ្នួលក្នុងរង្វង់ជាង២០០ដុល្លារនៅឆ្នាំ២០២២។

វីអូឌី មិនអាចសុំការឆ្លើយតបពីអ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក ហេង សួរ បានទេ ពាក់ព័ន្ធករណីនេះ។ 

​អគ្គលេខាធិការសមាគមរោងចក្រកាត់ដេរនៅកម្ពុជា លោក ខេន លូ មានប្រសាសន៍ថា វិបត្តិជំងឺកូវីដ-១៩បានធ្វើឱ្យថៅកែខាត​បង់ប្រាក់យ៉ាងច្រើន ដែលពិបាកក្នុងការដំឡើងប្រាក់ឈ្នួលជូនកម្មករនៅឆ្នាំក្រោយ។

លោក​បន្តថា ការចំណាយរបស់ថៅកែមានការកើនឡើង ដោយសាររោងចក្រនីមួយៗ​ត្រូវការទិញ​អាល់កុល ម៉ាស់ និងចំណាយផ្សេងៗទៀត ខណៈចំណូលបានពីការបញ្ជាទិញពុំមានការកើនឡើង​នោះ​ឡើយ។

លោកបន្ថែមថា៖ «បើមើលតាមរូបមន្តទាំង៧រូបមន្ត​ ហើយ​យោងតាមស្ថិតិផ្លូវការ យើងឃើញរបាយ​ការណ៍ត្រូវដក ១,៥​ភាគរយ ទោះបីថាប្រាក់ចំណេញក្នុងវិស័យយើង គាត់យល់ឃើញថាប្រាក់​ចំណេញកើនឡើងឆ្នាំហ្នឹង ប៉ុន្តែប្រាក់ចំណូលដែលបានបញ្ជាទិញ អត់មានការកើនឡើងទេ។ ហើយចំណាយពួកយើង អ្នកណាក៏ដឹងថា ចំណាយរបស់ពួកយើងត្រូវកើនឡើងដែរ មកពីត្រូវ​ទិញ​អាល់កុល ត្រូវទិញម៉ាស់ ត្រូវទិញទាំង​កេស។ សួរ​ថានៅពេលចំណាយកើនឡើង ហើយចំណូល​មិនកើនឡើង តើយើងមានលទ្ធភាពណាដំឡើងប្រាក់ឈ្នួលជូនកម្មករ»

លោក ស៊ឹម បុរី ជា​កម្មករផ្នែកត្រួតពិនិត្យ បម្រើការងារនៅរោងចក្រមួយក្នុងរាជធានីភ្នំពេញ មានប្រសាសន៍​ថា ប្រសិនបើនៅឆ្នាំក្រោយ ប្រាក់ឈ្នួលកម្មករមិនត្រូវបាន​ដំឡើងឬត្រូវ​កាត់បន្ថយ​នោះ រូបលោកនិងកម្មករក្នុងចំនួនច្រើនទៀតនឹងជួបការលំបាកលើការចំណាយ ខណៈពួកគាត់ត្រូវការថវិកាច្រើនសម្រាប់បង់ថ្លៃទឹកភ្លើង បន្ទប់ជួល ផ្ញើជូនឪពុកម្តាយនៅស្រុក ការចំណាយខ្លួនឯងប្រចាំថ្ងៃ និងបង់សងធនាគារប្រចាំខែ ជាដើម។

កម្មកររូបនេះបានអំពាវនាវដល់រដ្ឋាភិបាលនិងភាគីពាក់ព័ន្ធធ្វើយ៉ាងណា​ជួយដំឡើងប្រាក់ឈ្នួលជូនកម្មករឱ្យបានសមរម្យនៅឆ្នាំ២០២២ ដើម្បីឱ្យពួកគេមាន​ថវិកាសម្រាប់ដោះស្រាយជីវភាព​បានស្រួល។

លោកបន្ថែមថា៖ «១៩២ដុល្លារ​ ចាយសឹងថាមិនគ្រប់ផង ចុះទម្រាំ​ដក​ជាង​៨ដុល្លារទៀត អាហ្នឹងក​ម្មកររឹតតែវ័ណ្ឌកឡើងហើយ។ ដោយសារបញ្ហាកូវីដនេះ កម្មករជួបការលំបាកមែនទែន ដូច​ជា ផ្ទះជួលមិនចុះថ្លៃ ទឹកភ្លើង ថ្នាំពេទ្យ និងម្ហូបអាហារឡើងថ្លៃ អ៊ីចឹង​កម្មករ​ជួប​បញ្ហាច្រើន។ ហើយ​បច្ចុប្បន្ន កម្មករចូល៨០ទៅ៩០ភាគរយហើយ​ដែលជំពាក់ធនាគារ»

អ្នកគ្រប់គ្រងកម្មវិធីការងារនៅមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស លោក ឃុន ថារ៉ូ មានប្រសាសន៍​ថា យន្តការដំឡើងប្រាក់ឈ្នួលជូនកម្មករនៅកម្ពុជានៅ​ពុំទាន់មានតម្លាភាពនិង​ប្រសិទ្ធភាពនៅឡើយទេ ដោយសារសមាជិក​នៅក្នុងក្រុមប្រឹក្សាជាតិ​ប្រាក់ឈ្នួលអប្បបរមា​​​​ភាគ​ច្រើនជា​សហជីពគាំទ្ររដ្ឋាភិបាល។

លោក ឃុន ថារ៉ូ បន្តថា ការដំឡើងប្រាក់ឈ្នួលកម្មករនៅកម្ពុជា ធ្វើឡើងតាមយន្តការនយោ​បាយ គឺមិនបានកើតចេញពីការសិក្សាស្រាវជ្រាវទៅលើកត្តាសង្គមនិងសេដ្ឋកិច្ចនាពេលបច្ចុប្បន្នឡើយ។ លោកថា បើពិនិត្យមើលលើកត្តាទាំង២នេះ ប្រាក់ឈ្នួលជាង២០០ដុល្លារ មិនទាន់​​ធានា​​ដល់ជីវ​ភាព​រស់​នៅ​សមរម្យសម្រាប់​កម្មករនៅឡើយទេ។

លោកបន្ថែមថា៖ «បើយើងនិយាយពីប្រាក់ឈ្នួលអប្បបរមា គឺជាប្រាក់ឈ្នួល​ដែល​ធានា​ឱ្យមានការ​រស់​នៅស​មរម្យនិងសេចក្តីថ្លៃថ្នូរ​ក្នុងនាមជាកម្មករនិយោជិត។ អ៊ីចឹង​បើពិនិត្យទៅលើសង្គមសេដ្ឋកិច្ចនាពេលបច្ចុប្បន្ននេះ ប្រាក់ឈ្នួលនេះ [ប្រាក់ជាង២០០ដុល្លារ] គឺមិនទាន់ទៅដល់ប្រាក់ឈ្នួលដែលធានាបានការរស់នៅសមរម្យសម្រាប់​កម្មករនៅឡើយទេ។ ខ្ញុំគិតថា ចរន្ត​នៃវិស័យ​វាយ​នភណ្ឌកាត់ដេរនិងផលិតស្បែកជើងនាពេលបច្ចុប្បន្ននេះ វានៅតែមានលទ្ធភាពក្នុងការដំឡើង​ប្រាក់​ឈ្នួលជូនកម្មករនៅឆ្នាំ២០២២»

ក្នុងដំណើរការចរចាប្រាក់​ឈ្នួល​អប្បបរមារបស់​កម្មករនិយោជិត​ផ្នែក​វាយ​នភណ្ឌកាត់ដេរ និងផលិត​ស្បែកជើង​ សម្រាប់ឆ្នាំ២០២២ គឺក្រុមសហជីពបានស្នើសុំដំឡើងជូនកម្មករពី ១៩២ដុល្លារ​ ដល់ ២១៤,២​ដុល្លារ។ យ៉ាងណា ការចរចា​ប្រាក់ឈ្នួលនេះមិនទាន់សម្រេចថាបានប៉ុន្មាននៅឡើយទេ ដោយភាគទីទាំង៣ មាន​តំណាងរដ្ឋាភិបាល តំណាងនិយោជក និង​សហជីព​ដែលជាតំណាងកម្មករ ត្រូវជួបពិភាក្សាគ្នា២ដងទៀតនៅក្នុងខែកញ្ញា ​ឆ្នាំ២០២១នេះ មុននឹងឈានទៅធ្វើការសម្រេចរួមគ្នាចុងក្រោយ។

 រ​បាយការណ៍សិក្សាមួយរបស់សហជីពកម្ពុជា និងយុទ្ធនាការសម្លៀកបំពាក់ស្អាតស្អំ ចេញផ្សាយ​​នៅខែ​កក្កដា ឆ្នាំ២០២១នេះ បានឱ្យដឹងថា កម្មករចំនួន៧៨៤ ០០០នាក់ដែលធ្វើការក្នុងវិស័យកាត់ដេរសម្លៀកបំពាក់ ស្បែកជើង និងឧស្សាហកម្មស្បែក បានបាត់បង់ប្រាក់ឈ្នួលនិងប្រាក់អត្ថប្រយោជន៍ប្រមាណ១០៩លាន​ដុល្លារ ក្នុងអំឡុងពេលនៃ​ការផ្ទុះឡើងនៃជំងឺកូវីដ-១៩ និង​ការអនុវត្តវិធានការបិទខ្ទប់រាជធានីភ្នំពេញ កាល​ពីខែមេសា​ និងខែឧសភា កន្លងទៅ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ