អតិថិជន​ GoldFX​ គ្រោង​ប្តឹង​ក្រុមហ៊ុន​ទៅ​តុលាការ​​តាម​ការ​ណែនាំ​របស់​​នាយក​រដ្ឋ​មន្រ្តី

អតិថិជនដែលបានដាក់លុយវិនិយោគនៅក្រុមហ៊ុន GoldFX Investment បាននាំគ្នាតវ៉ាទាមទាររកដំណោះស្រាយពីក្រុមហ៊ុនករណីបាត់លុយវិនិយោគនៅក្រុមហ៊ុននេះ ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២១។ (ជន ចាន់រ៉ែន)

អតិថិជន​រងគ្រោះបាត់លុយ​​វិនិយោគ​នៅក្រុមហ៊ុន GoldFX Investment គ្រោងប្តឹងក្រុមហ៊ុនទៅតុលាការតាមការណែនាំពីលោកនាយករដ្ឋមន្រ្តី បើពួកគេនៅតែមិនទទួលបានការសម្របសម្រួលផ្តល់​ប្រាក់​សំណង​សមស្រប​​តាម​ការទាមទារត្រឡប់មកវិញ។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានណែនាំទៅតំណាងអតិថិជនក្រុមហ៊ុន GoldFX ដែលមិនព្រម​ទទួលដំ​ណោះ​ស្រាយប្រាក់សំ​ណង៣០ភាគរយនៃលុយដើម ឱ្យដាក់ពាក្យបណ្តឹងប្តឹងក្រុមហ៊ុនទៅតុលាការ​ បើពួកគេមិនអាចស្វែងរកដំណោះស្រា​យសមស្របបាន។

លោកបានណែនាំក្នុងបណ្តាញសង្គមហ្វេស​ប៊ុក​​​ថា៖ «ដោយសារបងប្អូនបានចូលមកនិយាយ​ប្រាប់ខ្ញុំច្រើនដងហើយ ដែលល្មមដល់ពេលខ្ញុំត្រូវឆ្លើយតបដោយខ្លីថា សូម​បងប្អូន​បន្តសម្រុះ​សម្រួល​គ្នា​ ព្រោះបងប្អូន​ស្ម័គ្រចិត្តរកស៊ីជាមួយគ្នា។ ក្នុងករណី​រកការស្រុះស្រួលមិនបាន សុំដាក់ពាក្យបណ្តឹងទៅកាន់តុលាការ»

ការណែនាំរបស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន នេះ​ ធ្វើឡើងជាការ​​ឆ្លើយតបទៅនឹងសំណើសុំអន្តរាគមន៍​​នៅ​ក្នុង​​ទំព័រ​ Facebook រ​បស់ម្ចាស់គណនីឈ្មោះ លីន​ លីន កាលពីថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២១ ដោយរៀបរាប់ពីទុក្ខលំបាកការដែលក្រុមហ៊ុនមិនព្រ​មចរចាសម្របសម្រួល បន្ទាប់ពីពួកគេទាមទារអស់រយៈពេល៦ខែ។

ប្រភពដដែលលើកឡើងថា៖ «យើងខ្ញុំទាំងអស់ជាជនរងគ្រោះ និងជាប្រជាជនស្លូតត្រង់ ប្រមាណ៥០០នាក់ ដែលបានខិតខំសន្សំប្រាក់ដោយកម្លាំងញើសឈាមយ៉ាងលំបាក ជាពិសេសក្នុងបរិបទនៃការរីករាលដាលនៃជំងឺ​ដ៏កាចសាហាវកូវីដ-១៩ បំប្លែងខ្លួនប្រភេទថ្មី សូមប្រកាសថា យើងទាំងអស់គ្នាមិនព្រមទទួលយកសំណង ៣០% [សាមសិបភាគរយ] នេះជាដាច់ខាត»។ 

តំណាងអតិថិជនក្រុមហ៊ុន GoldFX ម្នាក់ ឈ្មោះ ធូ ពន្លឺ​ លើកឡើងថា ការណែនាំរបស់លោកនាយករដ្ឋមន្រ្តី គឺបញ្ជាក់ថា គាត់បានដឹងឮនិងកំពុងតាមដានបញ្ហានៃការទាមទាររបស់ពួកគេ។ លោករំពឹងថា សារនេះនឹងជំរុញឱ្យក្រុមហ៊ុនយល់ព្រមសម្របសម្រួលផ្តល់សំណង១០០ភាគរយដល់ពួកគេ​ឆាប់ៗខា​ង​មុខ។

ប្រភពដដែលបន្ថែមថា បច្ចុប្បន្នពួកគេកំពុងដំណើរការនីតិវិធីប្តឹងទៅនិយ័​តករមូលបត្រកម្ពុជា។

លោកថា ស្ថាប័នមួយនេះថា កំ​ពុងពិនិត្យនិងដោះស្រាយតាមពាក្យបណ្តឹង ហើយនឹងរៀបចំការចរចាមួយ ប៉ុន្តែលោកមិនដឹងថា ការចរចានោះនឹងកើតឡើ​ងពេ​លណា ហើយមានភាគីណាខ្លះចូ​លរួមនោះទេ​។ 

តំណាងអតិថិជនរងគ្រោះចំនួន១៨៦នាក់រូបនេះ បន្ត​ថា ពួកគេមិនចង់ប្រើផ្លូវតុលាការដើម្បីដោះស្រាយ​បញ្ហាឡើយ ព្រោះវិធីនេះនឹងត្រូវប្រើពេលយូរបន្ថែមទៀត។

លោក ធូ ពន្លក និយាយថា៖ «វាចំណាយពេលយូរមែនហើយ រឿងទៅតុលាការហ្នឹង! ប៉ុន្តែប្រសិនជាដល់ដំណាក់កាលចុងក្រោ​យ ដូចថានិយាយអត់ត្រូវគ្នា គឺពួកយើងនឹង Follow [អនុវត្ត] តាមអនុសាសន៍សម្តេច។ អាចនឹងមានការឡើងតុលាការអីផ្សេងៗអ៊ីចឹង ប៉ុន្តែហ្នឹងវាជាដំណោះស្រាយចុងក្រោយបំផុតហើយ»

តំណាងអតិថិជន GoldFX ដែលរងគ្រោះជាង១០០នាក់​ ដែលស្នើសុំផ្តល់ឈ្មោះថា យ៉ាយ៉ា ថ្លែងថា គាត់បានសម្រេចចិត្តព្រមយកសំ​​ណ​ង៣០ភាគរយពីក្រុមហ៊ុន បន្ទាប់ពីពួកគាត់បានលើកគ្នាទៅស្នើសុំអន្តរាគមន៍នៅមុខគេហដ្ឋានលោកនាយករដ្ឋមន្រ្តីកាលពីពាក់កណ្តាលខែសីហា។

ប្រភពដដែលនិយាយថា៖ «ខ្ញុំចំណាយពេល៥ខែហើយ វាអត់ទៅណាទៀត ហើយខ្ញុំទៅដល់ផ្ទះសម្តេចហើយ យូរដែរហើយ។ អ៊ីចឹងខ្ញុំអត់មានធ្វើការធ្វើអីកើតផង នៅអ្នកដែលគាត់អាចនៅបាន នៅទៅ! វាចំណាយពេលយូរហើយ ៥ខែហើយ»។   

តំណាងក្រុមហ៊ុន GoldFX ​លោក ប៉ាច បញ្ញារិទ្ធ បដិសេធផ្តល់ការអធិប្បាយណាមួយចំពោះការទា​មទាររបស់អតិថិជន ដោយលោកថា លោកមានតួនាទីជាអ្នករៀបចំប្រាក់សំណងដល់អ្នកដែលយ​ល់ព្រមទទួលប៉ុណ្ណោះ។

លោក​ថ្លែងថា៖ «បើខាងខ្ញុំ ទាល់តែ​ដល់ដំណាក់កាលគាត់យល់ព្រមយកសំណង៣០ភាគរយហ្នឹងហើយ បានមកជួបខ្ញុំ ដើម្បីឱ្យខ្ញុំរៀបចំសែកជូន តែប៉ុណ្ណឹងទេ! ប៉ុន្តែចំពោះលក្ខខណ្ឌផ្សេងៗទៀត ទាល់តែបងតេទៅលោក ប៊ុន គីរិរិទ្ធ»។ 

វីអូឌី មិនអាចទាក់ទងសុំការឆ្លើយតបពីតំណាងក្រុមហ៊ុន GoldFX Investment លោក ប៊ុន គីរិរិទ្ធ និងអគ្គនាយកនិយ័តករ​មូលបត្រកម្ពុជា លោក ស៊ូ សុជាតិ បានទេ នៅថ្ងៃ​ទី១៥ ខែកញ្ញានេះ។

យ៉ាងណា និយ័តករមូលបត្រកម្ពុជា បានចេញសេចក្តីប្រកាសនៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២១ ​ថាខ្លួនកំពុងបន្តនីតិវិធីស្នើសុំឱ្យមានការស៊ើបអង្កេតបន្ថែមលើប្រតិបត្តិការសង្ស័យរបស់ក្រុមហ៊ុន និងដោះស្រាយបណ្តឹងដែលប្តឹងទៅក្រុមហ៊ុន GoldFX ជា​មួ​យសំណុំរឿងពាក់ព័ន្ធ ដើម្បីពន្លឿនការដោះស្រាយជូនទៅម្ចាស់បណ្តឹងទាំងអស់។

កាលពីដើមខែមិថុនា ជំនួយការផ្ទាល់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន លោក​ ដួង តារា បានចូលខ្លួនជួយសម្របស​​ម្រួលរកដំ​ណោះស្រាយដល់អតិថិជនក្រុមហ៊ុន GFX ដែលបានបាត់លុយវិនិយោគរបស់​ពួកគេសរុបប្រមាណជាង២០​លានដុល្លារ ដោយបញ្ហានេះត្រូវបានក្រុមហ៊ុនដាក់ការទទួលខុសត្រូវលើគណៈគ្រប់គ្រងជាជនបរទេស៣នាក់ដែលកំពុងរត់គេច​ខ្លួន ហើយយល់ព្រមផ្តល់សំណងដល់អតិថិជនរងគ្រោះចំនួន៣០ភាគរយនៃប្រាក់ដើមដែលបានបាត់៕ 

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ