អ្នក​វិភាគ​ខ្លះ​ថា​ ការ​ចូល​ប្រជុំ​របស់​លោក ហ៊ុន​ សែន​ ជាមួយ​ក្រុម​អតីត​បក្ស​ប្រឆាំង​ជា​សញ្ញា​វិជ្ជមាន​សម្រាប់​ការ​ចរចា

(រូបឆ្វេង) លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន និង​លោក សម រង្ស៊ី មេដឹកនាំអតីត​បក្សប្រឆាំង​នៅកម្ពុជា (រូបស្តាំ)

អ្នកវិភាគខ្លះថា ការចូលរួមប្រជុំរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជាមួយក្រុមអតីតមន្ត្រីបក្សប្រឆាំងនៅក្រៅប្រទេស គឺជាសញ្ញាវិជ្ជមានសម្រាប់ការចរចានយោបាយ ប៉ុន្តែអ្នកនាំពាក្យរដ្ឋាភិបាលបានបដិសេធពីលទ្ធភាពនៃការចរចា។

អ្នកវិភាគនយោបាយនិងសង្គម លោក​បណ្ឌិត សេង សារី បានថ្លែងដោយ​កត់​សម្គាល់ថា​ នេះគឺ​ជារឿងដ៏កម្រដែល​ប្រមុខ​រដ្ឋាភិបាល​ លោក ហ៊ុន សែន បានជ្រៀតចូលក្នុងកិច្ចប្រជុំផ្ទៃក្នុង​របស់អតីតថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិតាមបណ្តាញទំនាក់ទំនង Zoom។ បើតាមអ្នកវិភាគនយោបាយរូបនេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រាកដជាមាន​បំណងអ្វីមួយ​យ៉ាងពិតប្រាកដក្នុងការចូលរួមក្នុងកិច្ចប្រជុំនេះ។

លោក សេង សារី មានប្រសាសន៍នៅថ្ងៃអង្គារ​​ថា៖ «បើយើងមើលពីមុំចិត្តសាស្ត្រនយោបាយ យើងឃើញ​ថា សម្តេច​តេជោ​ចង់បង្ហាញសញ្ញាណអ្វីម្យ៉ាងទៅគណបក្សសង្គ្រោះជាតិ​ ថាច្រកចេញ​នៃនយោបាយជាប់គាំងរបស់កម្ពុជាបច្ចុប្បន្ននេះអាចនឹងប្រើយន្តការវប្បធម៌​សន្ទនាម្តង​ទៀត។ ហើយវប្បធម៌​សន្ទនានេះ ជាវប្បធម៌មួយដែលមានស្ថាបនិក​២រូប ស្ថាបនិក​ទី១នោះ​ គឺសម្តេចតេជោខ្លួនឯង និងឯកឧត្តម សម រង្ស៊ី។ ហើយខ្ញុំៗមើលឃើញទៅលើអ្វីដែលជាប្រសាសន៍របស់សម្តេចតេជោក្នុងការលួចចូលប្រជុំនេះ គឺជាសញ្ញាណមួយវិជ្ជមាន ដែលជាចេតនារបស់ឬបង្ហាញភ្លើងខៀវនៅក្នុងការឈានទៅដល់ការចរចាសម្រាប់ដោះស្រាយបញ្ហានយោបាយជាប់គាំងនៅកម្ពុជា»។

ប៉ុន្តែទោះបីជាយ៉ាងណានេះក្តី លោកបណ្ឌិត សេង សារី មានប្រសាសន៍ថា ដើម្បីឱ្យការចរចានេះប្រព្រឹត្តទៅបាន ទាំងអតីតគណបក្សសង្គ្រោះជាតិ ទាំងគណបក្សកាន់អំណាច ជាពិសេសឃោសនិកនៃគណបក្សទាំងពីរនេះគួរតែបន្ថយការរិះគន់គ្នាទៅវិញទៅមក។

យោងតាមឃ្លីបវីដេអូដែលគេចែករំលែកតគ្នានៅលើបណ្តាញសង្គមហ្វេសប៊ុក ចាប់តាំងពីថ្ងៃទី១៣ ខែ​កញ្ញាមក បានបង្ហាញប្រមាណជាង១០នាទី ដែលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានស្នើសុំចូលរួមប្រជុំផ្ទៃក្នុងក្រុមការងារអតីតគណបក្សសង្គ្រោះជាតិ ដែល​ដឹកនាំ​ដោយលោក ឡុង រី នៅសហរដ្ឋអាមេរិក។ តាមរយៈកិច្ចប្រជុំនោះ លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន ​បានរម្លឹកឡើងវិញពីអនុស្សាវរីយ៍​នៃ​ការ​បង្កើត​វប្បធម៌​សន្ទនា​ជាមួយលោក សម រង្ស៊ី កាលពីឆ្នាំ២០១៤។ ក៏ប៉ុន្តែក្រៅពីរម្លឹកអនុស្សាវរី​យ៍នេះ ប្រមុខបក្ស​កាន់អំណាច​ក៏បានឆ្លៀតស្តីបន្ទោសលោក សម រង្ស៊ី ថាបានបំផ្លាញវប្បធម៌​សន្ទនា និងនាំដល់ការ​រំលាយ​គណបក្សសង្គ្រោះជាតិថែមទៀត។

លោកនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ក្នុងកិច្ចប្រជុំនោះថា៖ «អើឡុងរី! ឡុងរី! អើយ៉ាងម៉េចហើយវ៉ី? មើលខ្ញុំច្បាស់ទេ? ឡុងរីឯងនៅឯណាឥលូវនេះ? ហើយស្គាល់ខ្ញុំអត់ឥលូវនេះ? អើសម្តេចចូលប្រជុំជាមួយបានហ្អីអត់? អើកម្លាំងនៅភ្នំពេញយ៉ាងម៉េចទៅហើយ? ចង់ចូលសួរយោបល់បន្តិច យេស! ហើយគិតដល់ណាហើយហ្នឹង? ហើយអាអ្នកភូតថាខ្ញុំស្លាប់ហ្នឹងវាដល់ណាហើយឥលូវ?»

ទោះជាយ៉ាងនេះក្តី ប្រធានអង្គភាព​អ្នកនាំពាក្យរដ្ឋាភិបាល លោក ផៃ ស៊ីផាន បានថ្លែងថា ការថ្លែងរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នេះមិនមានអ្វីជាសញ្ញាឈានទៅរកការចរចាណាមួយនោះទេ។ ប៉ុន្តែផ្ទុយទៅវិញ ការជ្រៀតចូលរួមប្រជុំរបស់លោកនាយករដ្ឋមន្ត្រីនៅក្នុងក្រុម Zoom នេះ ចង់បង្ហាញថា ទោះបីជាអ្នកទៅដល់ទីណាឬចង់ធ្វើអ្វី ក៏លោកនាយក​រដ្ឋមន្ត្រីដឹង​ទាំងអស់។

លោក ផៃ ស៊ីផាន មានប្រសាសន៍យ៉ាងដូច្នេះថា៖ «ខ្ញុំមើលមិនឃើញអ៊ីចឹងទេ! វាគ្មានរឿងអីទៅចរចាទេ! រឿងចរចាទាល់តែយើងជួបឧបសគ្គ! ក៏ប៉ុន្តែការវិវត្តជាប្រចាំរបស់កម្ពុជា ដូចជាគ្មានតម្រូវការជាមួយគណបក្សដែលត្រូវបានរំលាយចោលទៅហើយនោះទេ»។

លោក ផៃ ស៊ីផាន បន្តថា៖ «បំណងដែលលោកចូលហ្នឹង ដូចខ្ញុំបាននិយាយអ៊ីចឹង ថាអ្នកធ្វើអ្វីក៏លោកដឹង! គ្រាន់តែលោកមិននិយាយ! អ្នកនៅកន្លែងណា សម្តេចមានលទ្ធភាពចូលទៅដល់កន្លែងហ្នឹង! ដូច្នេះបង្ហាញពីភាពក្លាហាន បង្ហាញពួកទាំងអស់ហ្នឹងថា គ្មានអ្វីអាថ៌កំបាំងជាមួយសម្តេចនោះទេ»។

ចំណែកអ្នកវិភាគនយោយនិងសង្គមម្នាក់ទៀត លោកបណ្ឌិត មាស នី ក៏មើលឃើញដូចលោក ផៃ ស៊ីផាន ផងដែរ។ លោកថា វាជាការបង្ហាញសាច់ដុំរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ទៅវិញទេ​ ថាទោះបីជាអតីតគណបក្សប្រឆាំងធ្វើអ្វី ក៏លោកនាយករដ្ឋមន្ត្រីដឹងទាំងអស់។

លោកមានប្រសាសន៍យ៉ាងដូច្នេះថា៖ «ខ្ញុំមើលទៅករណីនៃការជ្រៀតចូលទៅស្តាប់នេះ ខ្ញុំមើលទៅវាមិនមានអីពាក់ព័ន្ធការព្យាយាមដើម្បីឱ្យមានការសម្របសម្រួលណាមួយទេក្នុងពេលនេះ។ ខ្ញុំគិតថា នេះគឺជារបៀបនៃការបង្ហាញពីចារកម្ម ឧបមាថា ទោះបីជាយើងប្រជុំសម្ងាត់យ៉ាងម៉េច ក៏នៅតែមានគូបដិបក្ខម្ខាងទៀតដឹងអ៊ីចឹង! អានេះបើមែនទែនទៅ គឺចង់បង្ហាញសាច់ដុំអំពីប្រព័ន្ធចារកម្ម ហើយវានឹងអាចឱ្យគណបក្សនេះ នៅពេលជួបប្រជុំគ្នាថ្ងៃក្រោយមានភាពខ្លាចរអា មិនហ៊ានជួបគ្នាទៀតអ៊ីចឹងណា! អានេះខ្ញុំមើលទៅ វាមិនពាក់ព័ន្ធការចរចាអីយ៉ាងម៉េចទេ»។

សារសំឡេងរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែល​​ត្រូវបានគេ​យក​មក​ផ្សព្វផ្សាយ​តាម​បណ្ដាញ​សង្គម​នេះ ​បន្ទាប់​ពីលោក សម រង្ស៊ី បានថ្លែង​ប្រាប់​អ្នកគាំទ្រ​របស់​លោកនៅសហរដ្ឋអាមេរិក​ថា លោក ហ៊ុន សែន បាន​ជ្រៀត​ចូលក្នុង​កិច្ចប្រជុំ ដែល​ដឹកនាំ​ដោយ​លោក ឡុង រី តំណាងរាស្រ្ត​របស់អតីត​គណបក្ស​សង្រ្គោះជាតិ ដែល​កំពុង​តែ​ភៀស​ខ្លួន​នៅ​សហរដ្ឋ​អាមេរិក។

ក្រោយជាប់គាំងនយោបាយអស់រយៈពេល១ឆ្នាំ ក្រោយពីការបោះឆ្នោតនៅឆ្នាំ​២០១៣នោះ ​គណបក្ស​ជាប់ឆ្នោត​ទាំង​ពីរ គឺ​គណបក្ស​សង្រ្គោះជាតិ និងគណបក្ស​ប្រជាជន​កម្ពុជា​ បាន​​ដោះ​ស្រាយ​​វិបត្តិ​នយោបាយ​​នៅ​ឆ្នាំ​២០១៤ តាម​រយៈការ​​បង្កើត​​វប្បធម៌​​សន្ទនា​។ តាម​រយៈ​វប្បធម៌​សន្ទនា​នេះ លោក សម រង្ស៊ី ត្រូវ​បាន​តែងតាំង​ជា​ប្រធាន​ក្រុមភាគ​តិច​នៅ​ក្នុង​រដ្ឋសភា មាន​ឋានៈ​ស្មើ​នាយករដ្ឋមន្រ្តី៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ