ម្ដាយព្រះតេជគុណ កើត សារ៉ាយ សោកស្តាយចំពោះការចាប់ផ្សឹកកូនប្រុសទាំងអយុត្តិធម៌

ម្តាយ លោក កើត សារាយ អង្គុយលើគ្រែកាន់រូបថតរបស់កូន(រូបភាពពីលោក សុត បាន)

«ចាប់តាំងពីគេចាប់កូនមក ខ្ញុំមិនដែលបានជួបមុខកូនទេ ជួបតែតាមទូរសព្ទបាន ៣ ដង ខ្ញុំបានជួបសួរសុខទុក្ខកូននេះ»។

នេះជាការរៀបរាប់របស់ អ្នកស្រី ចាប យ៉ែម ដែលត្រូវជាម្ដាយអតីតព្រះសង្ឃ កើត សារ៉ាយ បន្ទាប់ពីមិនបានជួបមុខកូន ចាប់តាំងពីអាជ្ញាធរបានចាប់ផ្សឹក និងឃុំខ្លួននៅពន្ធនាគារព្រៃសរ ចាប់តាំងពីអំឡុងខែសីហា ឆ្នាំ២០២០មក។

អ្នកស្រី ចាប យ៉ែម វ័យ៧៤ឆ្នាំ បច្ចុប្បន្នរស់នៅភូមិសំរោង ឃុំសំរោង ស្រុកសូត្រនិគម ខេត្តសៀមរាប បានរៀបរាប់ទាំងទឹកមុខក្រៀមក្រំមកកាន់អ្នកសារព័ត៌មានវីអូឌីថា ចាប់​តាំ​ង​ពីសមត្ថ​កិច្ច​ចាប់​ផ្សឹក និង​យក​កូន​គាត់​ ទៅឃុំក្នុងពន្ធនាគារ នៅរាជធានីភ្នំពេញមក អ្នកស្រីមិនដែលបានមកជួបមុខកូនឡើយ ដោយសារបច្ចុប្បន្នគាត់មានជំងឺដើរមិនរួច ហើយវ័យកាន់តែចាស់។

ស្ត្រីមេម៉ាយកូន៦នាក់រូបនេះ បានរៀបរាប់ទាំងក្តុកក្តួលថា៖ «កូនថាមិនអីទេ សុខសប្បាយទេ កុំឱ្យបារម្ភពីលោក ឱ្យខ្ញុំធ្វើចិត្តឱ្យបានទៅ កុំបារម្ភអំពីលោក ឱ្យខ្ញុំថែរក្សា កុំនឹកលោក។ ខ្ញុំស្រណោះកូនណាស់ ពេលលឺពាក្យ ហើយក៏ខ្ញុំសប្បាយចិត្តពេលបានជួបកូន»។

លោក កើត សារ៉ាយ គឺជាកូនពៅក្នុងចំណោមបងប្អូន៦នាក់។ លោកបានបួសរៀន តាំង​ពីវ័យ ​១៣ឆ្នាំមកម្លេះ។ ក្រោយពីបានបួសនៅក្នុងខេត្តសៀមរាប​រួច លោក​ក៏បានទៅបន្តការសិក្សានៅខេត្តបាត់ដំបង រហូតមកដល់ពេលគេចាប់ខ្លួន​ កាលពីខែសីហា ឆ្នាំ២០២០។ បើគិតជារយៈពេលវិញ លោក​ កើត សារ៉ាយ បានបួសអស់រយៈពេល២០ឆ្នាំហើយ។

អ្នកស្រីរៀបរាប់ថា៖ «ខ្ញុំសប្បាយចិត្តដែលកូនបួសបានច្រើន ប៉ុន្តែសោកស្ដាយដែលគេចាប់កូនផ្សឹកទៅ ទាំងដែលកូននៅជាព្រះសង្ឃ(បន្តទៀត)។ ធ្លាប់តែឃើញកូននៅ​​ក្រហម(គ្រងស្បង់ក្រហម) បើនិយាយទៅសោកស្ដាយ ប៉ុណ្ណាមិនដឹងធ្វើម៉េច។ ខ្ញុំមានអារម្មណ៍តូចចិត្ត និងអន់ចិត្ត ដែលគេចាប់កូនគ្មានមូលហេតុអី។ ខ្ញុំសោកស្ដាយពេលគេចាប់ផ្សឹកកូន ព្រោះខ្ញុំនឹកឃើញកូនខ្ញុំមនុស្សដែលមិនបានធ្វើអីខុស​​ ហើយដល់ពេលគេមកចាប់កូនខ្ញុំអ៊ីចឹង ដូចជាអយុត្តិធម៌ហួសពេក។ ខ្ញុំនឹកតើ ពេលខ្លះដេកបង្ហូទឹកភ្នែក…»

លោក កើត សារ៉ាយ ស្ថិតនៅក្នុងចំណោមក្រុមយុវជនខ្មែរថាវរៈ ៥នាក់ ក្នុង​នោះ​មាន​ លោក ថា ឡាវី, កញ្ញា អេង ម៉ាឡៃ ហៅ សូរ មេត្តា, កញ្ញា ឈឿន ដារ៉ាវី និងលោក ហ៊ុន វណ្ណៈ និងសមាជិកសមាគមនិស្សិតបញ្ញវន្តខ្មែរ ២នាក់ទៀត រួមមាន លោក មាន ព្រហ្មមុនី និងលោក មួង សុភ័ក្រ្ត ដែលត្រូវបានអាជ្ញាធរចាប់ខ្លួន កាលពីអំឡុងខែសីហា ឆ្នាំ២០២០ បន្ទាប់ពីពួកគេបានចូលរួមតវ៉ាឱ្យសាលាដំបូងរាជធានីភ្នំពេញ ដោះលែងសមាជិកក្រុមប្រឹក្សាឃ្លាំមើលកម្ពុជាលោក រ៉ុង ឈុន។

ក្រោយពីការ​ចាប់ខ្លួន ពួកគេត្រូវបានតុលាការចោទប្រកាន់ពីបទ «ញុះញង់ឱ្យមានភាពវឹកវរដល់សន្តិសុខសង្គម»។ បច្ចុប្បន្នពួកគេកំពុងជាប់ឃុំនៅពន្ធនាគារព្រៃសរយៈពេលជាង ១ឆ្នាំមកហើយ ខណៈសាលាដំបូង​​រាជធានីភ្នំពេញ គ្រោង​នឹ​ងប្រកាសសាលក្រមសំណុំរឿងពួកគេនៅថ្ងៃទី២៨ ខែកញ្ញា ខាងមុខនេះ។

មេធាវីការពារក្ដីឱ្យយុវជនខ្មែរថាវរៈ និងសមាគមសម្ព័ន្ធនិស្សិតបញ្ញាវន្តខ្មែរ លោក សំ ចំរើន បាន​ប្រាប់វីអូឌីកាលពីថ្ងៃចន្ទថា សម្រាប់រូបលោក និងមេធាវីផ្សេងទៀត មិនទាន់អាចនិយាយអ្វីបាននៅឡើយទេ ចំពោះរឿងក្តីនេះ ដោយត្រូវរង់ចាំមើលសេចក្តីសម្រេចរបស់តុលាការនៅសប្តាហ៍ក្រោយ​​នេះសិន។

លោកមេធាវីបានពន្យល់ថា៖ «យើងក៏មិនទាន់គិតដល់ចំណុចហ្នឹង យើងនឹងរង់ចាំលទ្ធផលហ្នឹងសិន ស្តាប់ហើយយើងនិងទៅពិភាក្សាជាមួយគ្នា ប្រសិនបើគាត់ទទួលយកបានឬយ៉ាងម៉េច! យើងមើលលទ្ធផលនឹងសិន សំខាន់ចេញលទ្ធផលជាក់ស្តែងជាផ្លូវការសិនបានយើងសម្រេចតាមហ្នឹង ថាហ្នឹងត្រូវធ្វើបែបណាតទៀត»។

ពាក់ព័ន្ធនឹងបញ្ហានេះ នាយករងទទួលបន្ទុក​កម្មវិធី​ឃ្លាំមើល​សិទ្ធិមនុស្សនៃអង្គការលីកាដូលោក អំ សំអាត ធ្លាប់បានលើកឡើងថា ការឃុំខ្លួនសកម្មជនការពារសិទ្ធិមនុស្ស និង​បរិស្ថាន​នៅក្នុងរយៈពេល​យូរ នឹងបណ្ដាលឱ្យ​ប៉ះពាល់ដល់សេរីភាព និងសិទ្ធិអ្នកដែលត្រូវបានឃុំខ្លួនជាបណ្ដោះអាសន្ន។

លោកបន្តថា៖ «ការចាប់ខ្លួន និងឃុំខ្លួនសកម្មជនកន្លងមក វាជាការបំពានទៅលើសេរីភាពមូលដ្ឋានរបស់ប្រជាពលរដ្ឋ ជាពិសេសសេរីភាពក្នុងការជួបជុំ ការប្រមូលផ្ដុំ និងការបញ្ចេញមតិ។ ហើយការចាប់ឃុំខ្លួននេះ គេមើលទៅវាជារឿងហេតុផលនយោបាយច្រើនជាងការអនុវត្តច្បាប់»

ប៉ុន្តែអ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក ជិន ម៉ាលីន ធ្លាប់បានប្រាប់សារព័ត៌មានវីអូឌីថា ការឃុំខ្លួនសកម្មជនទាំងអស់ មិនមែនធ្វើខុសពីច្បាប់នោះទេ  ដោយលោកថា រាល់ការឃុំខ្លួនកន្លងមក គឺទៅតាមនីតិវិធីច្បាប់និងទៅតាមប្រភេទបទល្មើស ហើយមានរយៈពេលនៃការបញ្ជា។

ជាមួយគ្នានេះ លោក ជិន ម៉ាលីន បានច្រានចោលចំពោះការលើកឡើងរបស់ក្រុមអង្គការសង្គម​ស៊ីវិល​កន្លងមកដែលថា ការចាប់ខ្លួនយុវជនខ្មែរថាវរៈ និងសមាគមសម្ព័ន្ធនិស្សិត​បញ្ញាវន្តខ្មែរ រួមទាំងសកម្មជនផ្សេងទៀតនាពេលកន្លងមក ថាជារឿងនយោបាយ។

លោកថា៖ «ប្រសិនបើយើងគិតថា សកម្មជនដែលយើងការពារ មិនប្រព្រឹត្តបទល្មើសអីទេ! អាហ្នឹងឱ្យ​រកភស្តុតាំងមូលដ្ឋាន ឬក៏សក្ខីកម្មតាមផ្លូវច្បាប់ហ្នឹងមក ដើម្បីដោះបន្ទុក បើយើងមើលសង្គមស៊ីវិលយើងកន្លងមក ក្រៅតែពីការថ្លែងការណ៍ ពីការធ្វើយុទ្ធនាការ ក្រៅពីការចោទប្រកាន់ អត់មានមូលដ្ឋានច្បាប់អីទាំងអស់ ក្នុងការដោះបន្ទុក ហើយអាទំលាប់ធ្វើការបែបហ្នឹង អាហ្នឹងវាអត់មានឥទ្ធិពលអីឬមួយប្រសិទ្ធភាពផ្នែកច្បាប់ក្នុងការជួយដល់ជនជាប់ចោទទេ វាអាចចំណេញនយោបាយក្នុងការចោទប្រកាន់ រិះគន់រដ្ឋាភិបាល តាមរបៀបវារៈនយោបាយ ប៉ុន្តែជាផ្លូវច្បាប់វាអត់ជួយអីដល់សកម្មជនអស់ហ្នឹងបានទេ»។

ចាប់តាំងពីថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២១មក ក្រុមអង្គការសង្គមស៊ីវិលមួយចំនួននៅកម្ពុជាបានធ្វើយុទ្ធនាការលើកបណ្តាញសង្គមជាបន្តបន្ទាប់ ដើម្បីទាមទារឱ្យមានការដោះលែងយុវជន សកម្មជនបរិស្ថាន យុវជនខ្មែរថាវរៈ ប្រធានសហជីព និងសកម្មជនផ្សេងទៀត ឱ្យមានសេរីភាពវិញ។

ក្រុមអង្គការសង្គមស៊ីវិលទាំងនោះចាត់ទុក​​ការចោទប្រកាន់​ ​និង​ចាប់ដាក់​ពន្ធ​នាគា​រ​ ដែលគ្រាន់ធ្វើការ​​តវ៉ា​ដោយអហិង្សា​នេះថា​ ជា​ការរំលោភ​សេរីភាព​នៃ​ការ​បញ្ចេញមតិ​ ​សេរីភាព​នៃ​ការ​ជួបជុំ​និង​ប្រមូលផ្តុំ​ ​ដែលមានចែងនៅក្នុងរដ្ឋធម្មនុញ្ញកម្ពុជា និងច្បាប់អន្តរជាតិដែលរដ្ឋាភិបាលកម្ពុជា បានផ្ដល់សច្ចាប័នកន្លងមក ខណៈសកម្មភាពដែលពួកគេធ្វើកន្លងមក មិនមែនសម្រាប់ប្រយោជន៍ខ្លួនឯង ប៉ុន្តែពួកគេធ្វើ គឺដើម្បីផលប្រយោជន៍​​របស់​ប្រជាពលរដ្ឋ​ និងប្រទេសជាតិទាំងមូល។

ងាកទៅស្ត្រីមេម៉ាយ វ័យ៧៤ឆ្នាំ ដែលត្រូវជាម្តាយរបស់ លោក​ កើត សារ៉ាយ នៅឯខេត្តសៀម​រាប​ឯណោះ​វិញ អ្នកស្រីចង់ធ្វើដំណើរទៅកាន់រាជធានី​ភ្នំពេញ ដើម្បីជួបមុខកូន។ ប៉ុន្តែមិនអាចទៅបាន ដោយសារគាត់មានជំងឺប្រចាំកាយ ដូច្នេះ​បានត្រឹមតែឱ្យកូនស្រីច្បងទៅជួបសួរសុខទុក្ខ ព្រមទាំងយកឥវ៉ាន់ និងលុយកាក់បន្តិចបន្តួចឱ្យប៉ុណ្ណោះ។ ស្ត្រីមេម៉ាយរូបនេះ បាននិយាយ​ថា កូនប្រុសពៅរបស់គាត់មិនដែលធ្វើឱ្យម្ដាយ និងបងប្អូនពិបាកចិត្តឡើយ​ ទាំងកាលពីមិនទាន់បួស និងបួសរួច។

អ្នកស្រីថ្លែងយ៉ាងដូច្នេះថា៖ «កូនខ្ញុំធ្វើល្អណាស់ មិនដែលធ្វើឱ្យម្ដាយពិបាកចិត្តទេ សូម្បីអត់លុយរៀនក៏អត់អី កូនមិនដែលទារពីម្ដាយ ឱ្យរកលុយរកកាក់ដែរ សុខចិត្តទៅអត់លុយ ហើយមិនដែលធ្វើទុកបុកម្នេញអីទេ មានតែលួងលោមម្ដាយ កុំឱ្យភ័យព្រួយពីរឿងរបស់កូន»

សម្រាប់អ្នកស្រី និង​ក្រុម​គ្រួសារ រួមទាំងមេ​ធាវី រំពឹងថា តុលាការនឹងដោះលែងពួកគេឱ្យមានសេរីភាពឡើងវិញ នៅថ្ងៃប្រកាសសាលក្រម​នៅសប្តាហ៍ក្រោយ​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ