មន្ត្រីគណបក្សហ្វ៊ុនស៊ិនប៉ិចបន្តឈ្លោះដណ្តើមត្រាគ្នាកាន់កាប់ ខណៈអវត្តមានសម្តេចក្រុមព្រះ

សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ បាន​បង្ហាញ​ព្រះភ័ក្ត្រជាលើកដំបូង​ដើម្បី​​បើក​កិច្ចប្រជុំ​ពិសេស​​តាម​ Online ជា​មួយ​​ថ្នាក់​ដឹកនាំ​គណបក្ស​ហ៊្វុនស៊ិនប៉ិច​ពី​ប្រទេស​បារាំង​កាលពី​ល្ងាច​ថ្ងៃទី២៤ ​ខែកញ្ញា ឆ្នាំ២០២១។ (គណបក្សហ្វ៊ុនស៊ិនប៉ិច)

ក្រុមមន្ត្រី​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច​មួយក្រុម​ដឹកនាំ​ដោយ​អនុប្រធាន​គណបក្ស​ចំនួន ៣ រូបគ្រោង​នឹង​ដាក់​ពាក្យ​ប្តឹង​ទៅ​កាន់​ក្រសួង​មហាផ្ទៃ​នៅថ្ងៃចន្ទ​ដើមសប្តាហ៍​ក្រោយ​នេះ ​ដើម្បីទាមទារ​ឱ្យ​ព្រះអង្គម្ចាស់​ក្សត្រីយ៍ នរោត្តម ម៉ារី រណឬទ្ធិ ប្រគល់​ត្រា​គណបក្ស​មកវិញ។

គម្រោង​នៃការ​ដាក់ពាក្យ​ប្តឹង​នេះ គឺ​បន្ទាប់​ពី​ថ្នាក់​ដឹកនាំ​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច​ទាំង​៣​រូប ដែល​រួមមាន លោក សាយ ហាក់ លោក ចាប ញ៉ាលីវុធ និងលោក ហេង ចន្ថា បានសរសេរ​លិខិត​មួយ​ច្បាប់​ស្នើ​សុំ​ឱ្យ​ព្រះអង្គម្ចាស់​ក្សត្រីយ៍ ​នរោត្តម ម៉ារី រណឬទ្ធិ ប្រគល់ត្រាគណបក្ស​បាន​ផុត​កំណត់​ត្រឹមថ្ងៃទី២៣ ខែកញ្ញា។ ពួកគេ​បាន​ចោទ​ប្រកាន់ថា ព្រះអង្គម្ចាស់ក្សត្រីយ៍ នរោត្តម ម៉ារី រណឬទ្ធិ បានប្រើប្រាស់​ត្រា​គណបក្ស​ក្នុងការ​តែងតាំង និង​អនុម័តឯកសារ​នានា ក្នុងរយៈពេល​ប៉ុន្មាន​ខែចុងក្រោយ​នេះដោយ​មិន​មាន​ការ​ឯកភាព​ពីព្រះប្រធាន​គណបក្ស និង​អនុប្រធាន​ទាំង​៤នាក់​ឡើយ។ ពួកគេ​ជឿជាក់​ថា ត្រា​គណបក្សនេះ ​គឺស្ថិត​នៅក្នុងដៃ​របស់​ព្រះអង្គម្ចាស់​ក្សត្រីយ៍ នរោត្តម ម៉ារី រណឬទ្ធិ និង​លោក ហេង ហាក់លីម ជា​ជំនួយ​ការផ្ទាល់​របស់​ព្រះអង្គម្ចាស់​ក្សត្រីយ៍ ម៉ារី ខណៈព្រះអង្គ​ម្ចាស់​នរោត្តម​ រណឬទ្ធិ កំពុង​សម្រាក​ព្យាបាល​ព្រះរោគ​នៅ​ឯប្រទេស​បារាំង។

លោក ផាន់ សិទ្ធី អគ្គលេខាធិការ​រង និង​ជា​អគ្គលេខាធិការ​ប្រតិបត្តិ​ស្តីទី​គណបក្ស​បាន​ថ្លែងថា ពាក្យបណ្តឹងនេះ លោកបាន​ធ្វើរួចរាល់​ហើយ នៅរង់ចាំ​តែយក​ទៅដាក់​នៅ​ឯ​ក្រសួង​មហាផ្ទៃ​តែ​ប៉ុណ្ណោះ។

លោកមាន​ប្រសាសន៍​ថា៖ «យើង​រៀបចំ​រួចហើយ​លិខិត​ស្នាម​នោះ ​តែត្រង់​ថា ការ​ដាក់​ជូនក្រសួង​ ទាល់តែ​ថ្ងៃចន្ទ ថ្ងៃសៅរ៍​គេ​ឈប់ អាទិត្យ​គេឈប់ទៀត​ អញ្ចឹង​ថ្ងៃចន្ទ​យើង​ចាត់​ការ»។

លោក​បន្ត​ថា «យើង​យក​ត្រា ព្រោះដើម្បី​ត្រូវការ​រៀបចំ​គណបក្ស ជាពិសេស​រៀបចំ​ការ​បោះឆ្នោត ឃុំ-សង្កាត់ ហើយ​កាលណា​យើងអត់​មាន​ត្រា ហី​ខាង​ណោះ​គេយក​ត្រា​ទៅ ប្រើ​តាមអំពើ​ចិត្ត អត់មាន​ការ​សម្រេច​ពី​ថ្នាក់ដឹកនាំ អញ្ចឹង​ពិបាក ហើយ​ជា​ពិសេស​មើល​ទៅ​ដូចជាគណបក្ស​ហ្វុន​ស៊ីនប៉ិច​ កំពុង​ប្រេះឆា​ជា​២ ​ជា ៣​អី​អញ្ចឹង​ ការ​ពិត​អត់​មាន​ជា២​ ជា៣ទេ បាទ! គ្រាន់ថា​ មានមេដឹកនាំ​ប៉ុន្មាន​នាក់​ទេ នៅតាម​ដង្ហែ​ព្រះអង្គ​ម្ចាស់​ម៉ារី​ ២ ឬ៣នាក់​នោះទេ ហីផុត​ពីនឹង​ពួកយើង​នៅខាងណេះ​ភាគច្រើន​ អញ្ជឹង​កុំឱ្យ​ថា មហាជន​មាន​ការ​ភាន់ច្រឡំ យើង​សម្រួល​ការងារ​ហ្នឹង ហីយើង​អត់ចង់​ឱ្យមានអី​ក្តុង​ក្តាំង ជា​មួយ​ម្ចាស់ម៉ារី​ដែរ គ្រាន់​តែ​ថា បើ​លោកមិន​ប្រគល់​ យើងមិន​ដឹង​ធ្វើយ៉ាងមិច​ដែរ គ្មានជំរើស​ទេ ​គ្រាន់តែ​សុំឱ្យលោក​ប្រគល់​ត្រា​មក»។

ប៉ុន្តែ​លោក ហេង ហាក់លីម ជំនួយ​ការផ្ទាល់​របស់​ព្រះអង្គ​ម្ចាស់ក្សត្រី​ម៉ារី រណឬទ្ធិ ​បានឆ្លើយ​បដិសេធ​ថា ត្រាមិន​មាន​នៅ​ព្រះអង្គម្ចាស់​ក្សត្រី​ម៉ារី រណឬទ្ធិ នោះ​ទេ។ លោក​បាន​ស្នើឱ្យក្រុម​ថ្នាក់ដឹកនាំ​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច​សរសេរ​លិខិត​ស្នើសុំពី​ព្រះអង្គម្ចាស់ ​នរោត្តម រណឬទ្ធិ ក្នុង​នាមព្រះអង្គ​ជាព្រះប្រធាន​គណបក្ស​ដែល​ទ្រង់នៅ​មាន​ព្រះជន្មនៅ​ឡើយ​នៅឯប្រទេស​បារាំង។

លោក​បាន​ឆ្លើយតប​ចំពោះ​ការ​ចោទ​ប្រកាន់នេះ​ថា៖ «ទាក់ទង​នឹង​រឿង​ហ្នឹង​ពួកខ្ញុំ ​ជាពិសេស​បងស្រី​ព្រះអង្គម្ចាស់​ម៉ារី ​និង ខ្ញុំហ្នឹង​វាអត់ដឹង​ខ្លួន​ទេ ព្រោះវា​មិនជាប់​អី​នឹង​គណបក្ស​ហ្វ៊ុនស៊ីនប៉ិច​ហ្នឹង​ទេ នេះទី១​ជំរាប​ជូន​អញ្ចឹង​ ទី២ ទាក់ទង​នឹង​ត្រា ដែល​គាត់​ប្តឹងទាមទារ​ហ្នឹង ក៏ជារឿង​មិនត្រឹមត្រូវ​ដែរ គាត់គួរ​តែ​ទាមទារ ទៅ​ប្រធាន​គណបក្ស​គេទៅ​ ព្រោះខ្ញុំផ្ទាល់​ជាមួយបងស្រី​ព្រះអង្គម្ចាស់​ម៉ារី មិន​ជាប់ពាក់ព័ន្ធ នឹង​គណបក្ស​នឹង​ និង​ត្រាគណបក្ស​នឹង​ទេ គឺគាត់គួរ​តែ​សរសេរ​សំបុត្រ​ស្នើសុំទៅ​ប្រធាន​ស្ថាប័ន​ ឬ​គណបក្ស​គេ​ទៅ»

កាលពី​ថ្ងៃទី២២ ខែកញ្ញា ថ្នាក់ដឹកនាំ​គណបក្សហ្វ៊ុនស៊ិនប៉ិច​បាន​ធ្វើសន្និសីទ​កាសែត​មួយ​ឯទីស្នាក់ការ​គណបក្ស​ស្ថិត​នៅសង្កាត់​ជ្រោយចង្វារ​ ដោយ​បាន​ចោទ​ប្រកាន់​ព្រះអង្គម្ចាស់ក្សត្រីយ៍ នរោត្តម ម៉ារី រណឬទ្ធិ ប្រើប្រាស់​ត្រា​គណបក្ស​នេះ ដោយ​បាន​ធ្វើសេចក្តី​សម្រេច និង​តែងតាំង​អ្វីៗ ដោយ​មិនមាន​ការ​ពិភាក្សា​ជាមួយ​អនុប្រធាន​គណបក្ស​ទាំង​៤​នាក់​ និងការ​សម្រេច​យល់ព្រម​ពី​សម្តេច​ក្រុមព្រះ នរោត្តម រណឫទ្ធិ នោះ​ទេ។ ការទាមទារត្រា​យកទៅ​គ្រប់គ្រង​នេះ ក៏​ដើម្បី​ដឹកនាំ​គណបក្សនេះ​ទៅរួបរួម​ជាមួយ​គណបក្ស​ខ្មែររួបរួម​ជាតិរបស់​លោក ញឹក ប៊ុនឆៃ តាម​ព្រះរាជ​បំណង​របស់​សម្តេច​ក្រុម​ព្រះ​កន្លង​មក និង​ដើម្បីត្រៀម​ចូលរួម​ការបោះឆ្នោត​ឃុំសង្កាត់​ខាងមុខ​នេះ។

យ៉ាងណាក្តី ញឿន រ៉ាដែន អ្នកនាំពាក្យ​ថ្មី​របស់​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច​បាន​ចាត់​ទុក​ថា ការស្នើសុំត្រា​ទៅគ្រប់គ្រង​នេះ គឺខុស​ពី​លក្ខិន្តិកៈ​គណបក្ស។ លោកបាន​ស្នើឱ្យ​ថ្នាក់​ដឹកនាំ​គណបក្ស​ទាំង​៣រូប សរសេរ​លិខិត​ថ្វាយ​ទៅ​សម្តេច​ក្រុមព្រះ ​នរោត្តម រណឬទ្ធិ ដោយ​ផ្ទាល់ ដែល​ព្រះអង្គ​កំពុង​ស្ថិត​នៅ​ក្នុង​ប្រទេស​បារាំង។

លោកមាន​ប្រសាសន៍​យ៉ាង​ដូច្នេះ​ថា៖ «ទាក់ទង​នឹង​បញ្ហានេះដែរ ក្នុងនាមខ្ញុំ​ជា​អ្នកនាំ​ពាក្យ ​ខ្ញុំស្រាយ​បំភ្លឺ​ថា ការស្នើសុំ​របស់​ឯកឧត្តម​ទាំង​៣ ​វាខុស​ទៅ​នឹង​លក្ខន្តិកៈ បទបញ្ជា​ផ្ទៃក្នុង​របស់​បក្ស  ពីព្រោះ​ការគ្រប់គ្រង​ត្រា​ស្ថាប័ន​មួយ​ក៏ដូចជា​គណបក្ស គឺ​ជា​បុព្វសិទ្ធ​របស់​សម្តេច​ប្រធាន​តែ​ម្នាក់​គត់ ប្រសិន​បើ​ឯកឧត្តម​ទាំង៣​ហ្នឹង​ គាត់ចង់​បានត្រា​ចង់អី​ហ្នឹង​ គួរតែលោក​ស្នើសុំ​ទៅ​សម្តេច​ប្រធាន​ សួរទៅ​សម្តេច​ប្រធាន ​ហើយការ​គ្រប់គ្រង​ត្រា​នោះ​ គឺ​ជាព្រះទ័យ​របស់​ប្រធាន​ គាត់ប្រគល់​ឱ្យអ្នកណា​គ្រប់គ្រង គឺជា​រឿង​របស់​លោក»

សម្តេច​ក្រុមព្រះ ​នរោត្តម រណឬទ្ធិ ព្រះប្រធាន​គណបក្សហ្វ៊ុនស៊ិនប៉ិច ត្រូវបាន​គេ​ដឹង​ថា​ញាត្តិវង្សព្រះអង្គ​យាង​ទៅ​ព្យាបាល​ព្រះរាជ​សុខភាព​នៅ​ឯ​ប្រទេស​បារាំង។ ប៉ុន្តែទោះជា​យ៉ាងនេះក្តី លោក ញឿន រ៉ាដែន បាន​គូសបញ្ជាក់​ថា ព្រះអង្គម្ចាស់ នរោត្តម រណឬទ្ធិ នឹង​យាងមក​កាន់​ប្រទេសកម្ពុជា​វិញនៅ​ពេល​ឆាប់ៗ​ខាង​មុខ ដើម្បីដោះស្រាយ​បញ្ហា​ជម្លោះផ្ទៃក្នុង​គណបក្ស​នៅពេល​នេះ។

គួររំលឹក​ជូន​ថា គណបក្ស​ហ្វ៊ុនស៊ិនប៉ិច​ គឺជា​គណបក្ស​ដែល​ធ្លាប់ឈ្នះការ​បោះឆ្នោត​នៅ​ឆ្នាំ១៩៩៣។ ក៏ប៉ុន្តែ​គណបក្ស​នេះ បានធ្លាក់ចុះ​ប្រជាប្រិយភាព​ជាបន្តបន្ទាប់ និង​បែកបាក់​ផ្ទៃក្នុង​ជាច្រើន​ជម្រៀក​ចាប់តាំង​ពី​ឆ្នាំ១៩៩៨ រហូតមក​ដល់​បច្ចុប្បន្ន​នេះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ