នាយករដ្ឋមន្ត្រី ហ៊ុន សែន សម្រេច​ជា​គោលការណ៍​ឲ្យ​ក្រសួង​អប់រំ​បើក​មហាវិទ្យាល័យរដ្ឋ​និង​ឯកជន​ឡើង​វិញ​

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​ឱ្យដឹង​ថា លោកបាន​អនុញ្ញាត​ជា​គោលការណ៍​ឱ្យក្រសួង​អប់រំ យុវជន និងកីឡា បើក​មហា​វិទ្យាល័យ​រដ្ឋ​និង​ឯកជន​ឡើងវិញ​ហើយ កាល​ពីថ្ងៃ​ម្សិលមិញ​នេះ។

បើតាម​ប្រសាសន៍​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​ថ្លែង​នៅ​ថ្ងៃសៅរិ៍​នេះ​ដើម្បីពន្យល់​អំពី​មូលហេតុ​នៃការ​ផ្អាក​ពិធី​បុណ្យកាន់​បិណ្ឌ​និង​ភ្ជុំបិណ្ឌ​នេះ​ថា​ អ្វីដែល​ជា​ការ​ខិតខំរបស់​កម្ពុជា​ពេល​នេះ គឺ​ការទប់ស្កាត់​ការឆ្លង​ជំងឺកូវីដ-១៩ នៅ​តាម​ទីវត្តអារាម​នានា ដែល​មាន​ការ​ប្រមូល​ផ្តុំ​មនុស្ស​ច្រើន និង​ដែល​គេ​មិន​ដឹង​ពី​ប្រភព​មក​ពី​ណា​ច្បាស់​លាស់។ ​លោកបាន​បន្ត​ថា ការណ៍​នេះ នឹង​បង្កឱ្យ​មានការ​ឆ្លងជំងឺកូវីដ-១៩ ពេញ​សហគមន៍​រហូត​ដល់​បង្ខំចិត្ត​ត្រូវ​បិទ​សាលារៀន​តទៅ​ទៀត​ ក្នុងពេល​ដែល​កម្ពុជា​បាន​បើកសាលារៀន​ជា​បន្តបន្ទាប់។

លោកមាន​ប្រសាសន៍​ថា៖​ «នៅ​ពេលខាង​មុខនេះ យើង​នឹង​ឈាន​ទៅ​បើក​កាន់​តែធំ​ ហើយម្សិលមិញ​នេះ ខ្ញុំព្រះករុណាខ្ញុំ​ក៏បាន​អនុញ្ញាត​ឱ្យក្រសួងអប់រំ​ យុវជន និងកីឡា បើក​មហាវិទ្យាល័យ​ទាំងរដ្ឋ​និង​ឯកជន​ឡើងវិញ​ផងដែរ»

កាលពី​ថ្ងៃទី៣១ ខែសីហា លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បានបញ្ជា​ឱ្យ​រដ្ឋមន្ត្រី​ក្រសួង​អប់រំ យុវជន និងកីឡា ពិភាក្សា​ជាមួយ​អាជ្ញាធរ​រាជធានី-ខេត្ត ដើម្បី​សិក្សា​ពី​ការបើក​សាលាឡើង​វិញ នៅតំបន់​គ្មានការ​ឆ្លង​ជំងឺកូវីដ-១៩។ ហើយចាប់​តាំង​ពី​ថ្ងៃទី១៥ ខែកញ្ញា មក សាលារៀន​ភាគច្រើន​ចាប់ពី​កម្រិត​អនុវិទ្យាល័យ និង​វិទ្យាល័យ បាន​បើកទ្វារ​ឡើងវិញ​ តែ​ក៏មាន​ថ្នាក់រៀនខ្លះ​បាន​បិទ​ទ្វារ​ទៅវិញ​ដែរ ក្រោយ​មាន​ឆ្លង​ជំងឺកូវីដ-១៩។ ប្រទេស​កម្ពុជា បាន​បិទ​សាលា​រៀន​គ្រប់​កម្រិត​ ចាប់តាំងពីខែ​កុម្ភៈមក ពោលគឺក្រោយ​ពីមាន​ករណី​​ជំងឺ​កូ​វីដ​-១៩ ​ឆ្លង​ចូល​សហគមន៍​លើក​ទី​៣មក៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ