អាមេរិកផ្តល់ជំនួយបន្ថែម៥លានដុល្លារ​ដើម្បី​លើក​កម្ពស់​សុខភាព​របស់ជនរងគ្រោះពីរបបខ្មែរក្រហម

ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំនៅកម្ពុជា លោក Patrick Murphy ក្នុងពេលប្រកាសផ្តល់ជំនួយដល់មជ្ឈមណ្ឌលឯកសារកម្ពុជា DC-Cam ​កាល​ពីថ្ងៃទី២៣ ខែកញ្ញា ​ឆ្នាំ២០២១។

ទីភ្នាក់ងារ​ផ្តល់ជំនួយ​អាមេរិក​សម្រាប់​ការអភិវឌ្ឍន៍​អន្តរជាតិ​ (USAID) បាន​ប្រកាស​ផ្តល់ជំនួយជា​ទឹក​ប្រាក់ ៥ លានដុល្លារ​សហរដ្ឋអាមេរិក​បន្ថែម​ដល់​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា ​នៅក្នុង​គម្រោង​ធ្វើឲ្យប្រសើរ​ឡើង​នូវ​ស្ថានភាព​សុខភាព​របស់​អ្នករស់រាន​មាន​ជីវិត​ពី​របបខ្មែរ​ក្រហម។ ការផ្តល់ជំនួយ​បន្ថែម​នេះនឹង​ធ្វើឲ្យទឹក​ប្រាក់​ផ្តល់​ជំនួយ​នៅក្នុង​គម្រោង​មួយនេះ​កើន​ឡើង ៦,៥ លានដុល្លារ​សហរដ្ឋអាមេរិក​ នៅក្នុង​គម្រោង​ដែល​មាន​ឈ្មោះ​ថា​ «ការលើក​កម្ពស់​សិទ្ធិ និង​ការ​ធ្វើឲ្យប្រសើរ​ឡើង​នូវស្ថានភាព​សុខភាព​របស់​អ្នករស់រាន​មាន​ជីវិតពី​របប​ខ្មែរ​ក្រហម»។

ឯកអគ្គរដ្ឋទូត​អាមេរិក​ប្រចាំនៅ​កម្ពុជា លោក Patrick Murphy បាន​ថ្លែង​ថា៖ «យើង​មានមោទនភាព​ ក្នុងការ​គាំទ្រ​ដល់​គម្រោង​នេះ។ រដ្ឋាភិបាល​សហរដ្ឋអាមេរិក​ មាន​សេចក្តី​ប្តេជ្ញា​យូរអង្វែង​ក្នុងការ​លើកកម្ពស់​សន្តិភាព​និង​ការផ្សះផ្សាជាតិ​ តាម​រយៈការ​ចងចាំ​អំពី​ប្រវត្តិសាស្ត្រ​ខ្មែរ​ក្រហម។ ​គម្រោង​នេះ​នឹង​ផ្តល់​ជូន​អ្នករស់​រាន​មាន​ជីវិត​ពី​របប​ខ្មែរក្រហម​នូវ​ការ​ប្រើប្រាស់​សេវា​ថែទាំ​សុខភាព​ និង​ចងក្រង​នូវ​ស្ថានភាព​សុខភាព ​និង​ក្តីព្រួយ​បារម្ភ ​ស្ថានភាព​សង្គម​សេដ្ឋកិច្ច ​និង​បទពិសោធន៍​ពេល​ឆ្លងកាត់​របប​ខ្មែរ​ក្រហម»

ចំណែក​នាយក​ប្រតិបត្តិ​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​លោក​ ឆាំង យុ ​បាន​លើក​ឡើង​ថា៖ «សោកនាដកម្ម​និង​ភាព​អយុត្តិធម៌ ដែល​ប្រជាជន​កម្ពុជា​ទទួល​រង​នៅ​ក្នុង​របប​ខ្មែរ​ក្រហម​ មាន​ទំហំ​មហាសាល​ដែល​គ្មាន​អ្វីអាច​ជំនួស​ឬ​ប៉ះប៉ូវ​ជូនអ្នក​ទាំងអស់​បាន​ទេ។  តែទោះបី​ជាយ៉ាង​ណា​ក៏​ដោយ កិច្ចខិតខំប្រឹងប្រែង​មួយនេះ ​គឺជាជំហាន​ឆ្ពោះ​ទៅ​សម្រេច​បាន​ការ​ថែទាំនិង​គាំពារ​ដល់អ្នករស់រាន​មានជីវិត​ពី​របបប្រល័យ​ពូជសាសន៍​ខ្មែរ​ក្រហម»

តាមរយៈសេចក្តី​ប្រកាសព័ត៌មាន​របស់​ស្ថានទូត​អាមេរិក​ប្រចាំនៅ​កម្ពុជា​ កាលពី​ថ្ងៃទី២៣ ខែកញ្ញា បានឱ្យដឹង​ថា គម្រោងនេះ​នឹង​ធ្វើប្រតិបត្តិការនានា​ដើម្បី​ធ្វើឲ្យ​ប្រសើរ​ឡើង​នូវ​សុខភាព សុខុមាលភាព និងភាពសុខស្រួល របស់អ្នករស់រានមាន​ជីវិត​ពី​របបខ្មែរ​ក្រហម​នៅទូទាំង​ប្រទេស។ តាមរយៈហិរញ្ញប្បទាន​ពិសេស​នេះ នឹង​រួមបញ្ចូល​នូវ​អ្នកស្ម័គ្រចិត្តប្រកប​ដោយ​ភាព​មោះមុត​ចំនួន​ ៥០០ នាក់​ ដែលបំពេញ​ការងារ​នៅ​ទូទាំង​ប្រទេស​ ក្នុងការ​ជួយ​នាំអ្នក​រស់រាន​មាន​ជីវិត​ពី​របបខ្មែរ​ក្រហម​នៅក្នុង​ភូមិឋាន​របស់ខ្លួន​ទៅកាន់​មណ្ឌល​សុខភាព​ក្នុង​សហគមន៍​របស់​ពួកគេ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ