ក្រសួង​រក​ឃើញ​អ្នក​ឆ្លង​កូវីដ-១៩ ចំនួន​១៤១​អង្គ​និងនាក់តាម​វត្តអារាម​នៅ​រាជធានីភ្នំពេញ

ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២១ ពុទ្ធបរិស័ទនាំយកចង្ហាន់ ទេយ្យវត្ថុ និងថវិកា ទៅប្រគេនព្រះសង្ឃដែលគង់នៅវត្តមួយកន្លែងក្នុងក្រុងភ្នំពេញ នាឱកាសពិធីបុណ្យកាន់បិណ្ឌថ្ងៃទី៣ ដោយដំណើរការប្រព្រឹត្តទៅបានត្រឹមនៅខ្លោងទ្វារវត្ត ដើម្បីរក្សាគម្លាតសុវត្ថិភាព និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩។ (គួយ ឡង់ឌី)

ក្រសួងធម្មការ និងសាសនា បានឱ្យដឹថា យ៉ាងហោចណាស់ក្រសួងរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ នៅតាមវត្តអារាមក្នុងរាជធានីភ្នំពេញ មានចំនួន១៤១អង្គនិងនាក់ នាអំឡុងពេលបុណ្យកាន់បិណ្ឌចំនួន៤ថ្ងៃកន្លងមកនេះ។

រដ្ឋលេខាធិការក្រសួងធម្មការ និងសាសនា លោក សេង សុមុនី ប្រាប់​វីអូឌីនៅថ្ងៃអាទិត្យទី២៦ ខែកញ្ញានេះថា គិតត្រឹមថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២១ ដល់ថ្ងៃ២៥ ខែឆ្នាំដដែលនេះ  ក្រុមគ្រូពេទ្យក្រសួងសុខាភិបាល បានយកសំណាកលើព្រះសង្ឃ គណៈកម្មការអាចារ្យ និងសិស្ស និស្សិត ចំនួន៨ ៩៧៥អង្គនិងនាក់ ដែលស្នាក់នៅក្នុងវត្តចំនួន ១៥០ ក្នុងរាជធានីភ្នំពេញ។ លោកបន្តថា ក្នុងនោះ ​ក្រសួងបានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ មានចំនួន១៤១អង្គនិងនាក់ ហើយព្រះសង្ឃមានចំនួន៩៧អង្គ តាអាចារ្យចំនួន៩នាក់ ដូនជីតាជី ចំនួន១៥នាក់ និងសិស្ស និស្សិតចំនួន ២០នាក់។

លោក សេង សុមុនី បញ្ជាក់ថា នៅរាជធានីភ្នំពេញ មានចំនួន១៥៤វត្ត និងមានព្រះសង្ឃគង់នៅសរុបប្រហែល៨០០០អង្គ​។

កាលពីថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២១ រដ្ឋាភិបាលបានចេញសេចក្តីសម្រេចបន្ទាន់មួយ ដោយសម្រេច​​ផ្អាកការរៀបចំពិធីបុណ្យកាន់បិណ្ឌនិង​ភ្ជុំបិណ្ឌ ចាប់ពីបិណ្ឌទី៤ ដែល​ត្រូវ​នឹង​ថ្ងៃ​ទី២៥ ខែ​កញ្ញា​ ឆ្នាំ២០២១នេះ។

ការ​ផ្អាក​នេះ ធ្វើឡើង​ដើម្បី​ទប់​ស្កាត់​ការ​ឆ្លង​ជំងឺ​កូវីដ-១៩ ខណៈលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ​សង្កេតឃើញ​ថា ក្នុង​រយៈ​ពេល​ពីរថ្ងៃដំបូងនៃការរៀបចំពិធីបុណ្យកាន់បិណ្ឌនេះ មាន​ការ​ជួប​ជុំនិង​ប្រមូល​ផ្តុំមនុស្សជាច្រើននៅតាមបណ្តាវត្តអារាម ដោយ​មិនបានអនុវត្ត​​ត្រឹម​ត្រូវតាមវិធានការ​សុវត្ថិភាព​ផ្នែក​សុខាភិបាល ដែលនាំឱ្យកម្ពុជាប្រឈមហានិភ័យខ្ពស់នៃការឆ្លងរាលដាល​ជំងឺកូវីដ-១៩ ជាទ្រង់ទ្រាយធំនៅទូទាំងប្រទេស ជាពិសេសមេរោគបំប្លែង​ខ្លួន​ថ្មីប្រភេទ​ ដែល​តា (Delta) ដែលមាន​កម្រិតនៃការឆ្លងរាលដាលឆាប់រហ័សផងដែរ។

បើតាមក្រសួងសុខាភិបាល គិតត្រឹមព្រឹកថ្ងៃអាទិត្យនេះ កម្ពុជាបានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩​ សរុបចំនួន១០     ៩ ០៨៧នាក់ ក្នុងនោះ​អ្នកជំងឺព្យាបាលជាសះស្បើយសរុបមា​ន​ចំនួន ១០០ ៦៥៥នាក់ និងអ្នកស្លាប់សរុប ២ ២៤៣នាក់ និងករណីនាំចូលពីក្រៅប្រទេសសរុប ១៨ ៦៤៥នាក់៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ