តុលាការ​ផ្តន្ទាទោស​អ្នក​សារព័ត៌មាន​ម្នាក់​នៅ​ខេត្ត​កោះកុង​ឱ្យ​ជាប់​ពន្ធនាគារ​១​ឆ្នាំ​ ពាក់ព័ន្ធ​ការ​រាយការណ៍​ពី​វិវាទ​ដីធ្លី

លោក យួន ឈីវ ជាអ្នកសារព័ត៌មានមួយរូបនៅខេត្តកោះកុង កាលពីពេលកន្លងទៅ។ (ហ្វេសប៊ុកលោក យួន ឈីវ)

សាលាដំបូងខេត្តកោះកុង បាន​ផ្តន្ទាទោស​អ្នក​សារព័ត៌មានប្រចាំខេត្តនេះឱ្យជាប់ពន្ធនាគារ១ឆ្នាំ ពីបទ​«ញុះញង់​​​​បង្ក​​ភាព​​វឹកវរ​​ដល់​​សន្តិសុខ​សង្គម» បន្ទាប់ពីអ្នកសារព័ត៌មាន​រូបនេះត្រូវបានមន្ត្រី​នគរ​បាល​​ ​កោះហៅទៅសាកសួរ​ជុំវិញការ​ផ្សព្វ​ផ្សាយ​ថា អភិបាលរងខេត្តកោះកុង «ឃោរឃៅបំផុត​ធ្វើ​បាបពលរដ្ឋ»

អ្នកសារព័ត៌មាន​ដែលត្រូវបាន​តុលាការ​ផ្តន្ទាទោសរូបនោះមាន​ឈ្មោះ​ យួន ឈីវ ជា​ម្ចាស់ផេកហ្វេស​ប៊ុក​ឈ្មោះ Koh Kong Hot News បានរាយការណ៍អំពីករណីដែលអាជ្ញាធរឈូសឆាយខ្ទម និងដើម​ស្វាយចន្ទីរបស់អ្នកភូមិនៅលើដីរដ្ឋ ក្នុងស្រុកគិរីសាគរ។

ទាក់ទិននឹងករណីនេះ រដ្ឋបាលខេត្តកោះកុង បានចាត់ទុកវីដេអូដែលផ្សាយ​ដោយលោក​ យួន ឈីវ ដែល​ដាក់ចំណងជើងថា «លោក សុខ សុទ្ធី (អភិបាលរងខេត្តកោះកុង) ឃោរឃៅបំផុតធ្វើ​បាបពលរដ្ឋ» ថា​ជាចេតនា​បង្កាច់​​បង្ខូច​កេរ្តិ៍ឈ្មោះលោក សុខ សុទ្ធី ព្រមទាំងធ្វើឱ្យប៉ះពាល់​ដល់កិត្តិ​យស​រដ្ឋបាល​ខេត្ត។

ពាក់ព័ន្ធទៅនឹងករណីបំភ្លៃព័ត៌មានរបស់លោក​ យួន ឈីវ រឿងកាត់ឆ្វៀលដីជូនប្រជាពលរដ្ឋនៅក្នុងខេត្តកោះកុងនេះ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ លោក ទៀ បាញ់ ក៏បានបញ្ជាឱ្យ​មាន​ចំណាត់ការ​​​លើ​​រូបលោកផងដែរ។

អ្នកនាំពាក្យនៃតំណាងអយ្យការអមសាលាដំបូងខេត្តកោះកុង លោក វ៉ៃ ភីរម្យ បានឱ្យដឹងកាល​ពី​ថ្ងៃ​ទី​​៣០ ខែ​កញ្ញា ឆ្នាំ២​០២១ ថាក្រោយពីសមត្ថកិច្ច​បាន​កោះហៅលោក យួន ឈីវ ទៅ​សាក​សួរនៅអធិការ​ស្រុក​ កាលពីថ្ងៃអង្គាររួចមក សមត្ថកិច្ចខេត្តបានបញ្ជូនសំណុំរឿងនេះ​ទៅកាន់​ព្រះរាជអាជ្ញា ដើម្បីពិនិត្យ និងបន្តបញ្ជូនទៅកាន់ចៅក្រម ហើយចៅក្រមក៏បានសម្រេច​ចោទប្រកាន់រូបលោក​ពីបទ ​«ញុះញង់​បង្ក​ភាព​វឹកវរ​ដល់​សន្តិសុខ​សង្គម»។

អ្នកនាំពាក្យរូបនេះបន្តថា៖ «ការជំនុំជម្រះត្រូវបានធ្វើឡើងនៅព្រឹកនេះ [ថ្ងៃព្រហស្បតិ៍]។ តុលាការបាន​សម្រេច​បើក​សវនាការ​ជំនុំជម្រះលើលោក​ យួន ឈីវ និងបានប្រកាសសាលក្រមនៅព្រឹកនេះដោយផ្តន្ទាទោសរូបលោកដាក់ពន្ធនាគារ១ឆ្នាំ និងពិន័យជាប្រាក់ចំនួន២លានរៀល»។

លោកបន្ថែមថា៖ «លោក​ យួន ឈីវ ត្រូវបានចាប់ខ្លួនភ្លាមៗ ហើយសំណុំរឿងនេះត្រូវបានស៊ើបអង្កេតយ៉ាងពេញលេញនិងល្អិតល្អន់»។

លោកថា ដោយហេតុថា លោក​ យួន ឈីវ មិនមែនជាអនីតិជន មានន័យថា «បុគ្គលនោះអាចត្រូវបាន​កាត់ទោសភ្លាមៗ»។

លោក វ៉ៃ ភីរម្យ បន្ថែមថា លោក​ យួន ឈីវ ក៏ត្រូវបានជូនដំណឹងទាក់ទងទៅនឹងសិទ្ធិក្នុងការ​ទទួលបាន​មេធាវីផងដែរ ប៉ុន្តែរូបលោកមិនបានសម្រចជ្រើសរើសមេធាវីណាម្នាក់នោះទេ។

លោកថា៖ «ដូច្នេះហើយ មានន័យថា គាត់មិនត្រូវការមេធាវីនោះទេ»។

លោកបន្តថា លោក​ យួន ឈីវ បច្ចុប្បន្នត្រូវបានបញ្ជូនទៅកាន់ពន្ធនាគារខេត្តហើយ។

អ្នក​សារព័ត៌មានមួយរូប​នៅខេត្តកោះកុង លោក សុខ សុវណ្ណ បានឱ្យដឹងថា លោកមិនបាននិយាយជាមួ​យលោក​ យួន ឈីវ ឬសង្កេតមើលការជំនុំជម្រះនៅតុលាការទេ ខណៈដែលមានតែសមាជិកគ្រួសារប៉ុណ្ណោះដែលត្រូវបានអនុញ្ញាតឱ្យចូលក្នុងបន្ទប់សវនាការ។

លោកថា៖ «ករណីជំនុំជម្រះនេះត្រូវបានធ្វើឡើងដោយសម្ងាត់»។

តែយ៉ាងណា លោកថា អាជ្ញាធរគួរតែប្រើច្បាប់សារព័ត៌មានជាជាងក្រមព្រហ្មទណ្ឌ ឬក៏​អនុញ្ញាតឱ្យលោក​ យួន ឈីវ សុំទោសជាសាធារណៈនិងលុបវីដេអូទាំងនោះចោល។

លោក សុខ​ សុវណ្ណ បន្ថែមថា៖ «ករណីនេះមិនសមស្របនោះទេ។ នៅក្នុងប្រទេសមួយដែលមានប្រជាធិបតេយ្យ នៅពេលដែលអ្នកសារព័ត៌មានចុះផ្សាយព័ត៌មាន ដើម្បីផលប្រយោជន៍សាធារណៈនិងសង្គមជាតិ ពួកគេមិនគួរត្រូវបាន​ផ្តន្ទាទោសឬចាប់ដាក់គុកឡើយ»៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ