អ្នក​ឃ្លាំ​មើល​គាំទ្រ​ការ​ផ្លាស់​ប្ដូរ​ថ្នាក់​ដឹកនាំ​ខេត្ត​មួយ​ចំនួន ដើម្បី​លុប​បំបាត់​អំពើ​ពុក​រលួយ​និង​គ្រួសារ​និយម

ស្ត្រីពីរនាក់ជិះម៉ូតូតាមដងផ្លូវពីមុខសាលាខេត្តរតនគិរី។

អ្នកឃ្លាំមើលបញ្ហាសង្គម លើកឡើងថា វិធានការផ្លាស់ប្ដូរថ្នាក់ដឹកនាំខេត្តទាំង៧រូបនាពេលថ្មីៗ​នេះ មាន​ភាព​វិជ្ជមាន​មួយ​ដែរ ដើម្បី​លុបបំបាត់អំពើពុករលួយនិងគ្រួសារនិយម បើសិនជាអភិបាលខេត្តទាំងអស់នោះនៅក្នុងខេត្តតែមួយ​យូរ​ពេក។

កាលពីថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១ ព្រះមហាក្សត្របានត្រាស់បង្គាប់ផ្លាស់​ប្ដូរ​អភិបាល​ខេត្តចំនួន៧រូប ខណៈ​អភិបាលខេត្តស្ទឹងត្រែង លោក ម៉ុម សារឿន ត្រូវតែងតាំងជាអនុរដ្ឋលេខា​ធិការ​ក្រសួង​មហា​ផ្ទៃ។

បើតាមព្រះរាជក្រឹត្យចំនួន៧ដាច់ដោយឡែកពីគ្នា ដោយដោះដូរនិងតែងតាំងអភិបាលខេត្តមួយចំនួន​ ដូចជា លោក ងួន រតនៈ អភិបាលខេត្តបាត់ដំបង ត្រូវទៅធ្វើជាអភិបាលខេត្តកំពង់ធំ ជំនួសលោក សុខ លូ ដែលត្រូវមកដឹកនាំខេត្តបាត់ដំបងវិញ ខណៈអភិបាលខេត្តពោធិ៍សាត់ លោក ម៉ៅ ធនិន ត្រូវផ្លាស់មកដឹកនាំខេត្តកំពត ជំនួសលោក ជាវ តាយ ដែលត្រូវទៅធ្វើជាអភិបាលខេត្តពោធិ៍សាត់វិញ។

ចំណែកលោក ញ៉ែម សំអឿន អភិបាលរង ត្រូវបានតែងតាំងជាអភិបាលខេត្តរតនគិរី ជំនួសលោក ថង សាវុន ដែលត្រូវផ្លាស់ទៅធ្វើអភិបាលខេត្តមណ្ឌលគិរី ដោយអភិបាលខេត្តមណ្ឌលគិរី លោក ស្វាយ សំអ៊ាង ត្រូវបានផ្លាស់ឱ្យទៅគ្រប់គ្រងខេត្តស្ទឹងត្រែងវិញ។

នាយកប្រតិបត្តិអង្គការតម្លាភាពកម្ពុជា លោក ប៉ិច ពិសី ចាត់ទុកការដោះដូរ​​​អភិបាលខេត្តពីខេត្តមួយ​ទៅខេត្តមួយផ្សេងទៀតនេះថា​ ជារឿងល្អ ដោយសារអភិបាលខេត្តទាំងនោះ​អាចនាំយក​នូ​វបទពិសោធន៍របស់ខ្លួនកន្លង​​មក ពាក់ព័ន្ធនឹងភាពជោគជ័យនិង​បរាជ័យទៅអភិវឌ្ឍខេត្តថ្មីដែលខ្លួនគ្រប់គ្រង​បាន។

លោកយល់ថា ការផ្លាស់ប្ដូរនេះ ក្រសួងមហាផ្ទៃ និងថ្នាក់ដឹកនាំ ក៏អាចរៀបចំទៅជាការប្រកួតប្រជែងការដឹក​នាំឆ្នើមរបស់ចៅហ្វាយខេត្ត ដើម្បីអាចជាសក្ខីកម្មបង្ហាញទៅជាសាធារណជន រួមទាំងថ្នាក់ដឹកនាំខេត្តមួយចំនួនទៀត ដោយធ្វើការវាយតម្លៃនិងវិនិច្ឆយជាក់លាក់។

លោក ប៉ិច ពិសី ថ្លែងថា​៖ «គាត់អាចនាំយកបទពិសោធន៍អ្វីដែលគាត់ធ្លាប់ធ្វើនៅខេត្តដែលគាត់កំពុងកាន់ហ្នឹង​ទៅកន្លែងថ្មី នៅក្នុងការផ្លាស់ប្ដូរជាសមត្ថ​ភាព​រវាងពីតំបន់មួយទៅតំបន់មួយផង។ ហើយយើងឃើញថា ទោះ​បី​ជាអភិបាលខេត្តខ្លះ​ គាត់ពូកែដោះបញ្ហា ប៉ុន្តែក៏មានអភិបាលខេត្តមួយចំនួនដែលគាត់មិនសូវជាជំនាញក្នុងការដោះបញ្ហាខេត្តរបស់ខ្លួនដែរ។ អ៊ីចឹង​បទពិសោធន៍ដែលចៅហ្វាយខេត្តនីមួយៗនាំមកទៅហើយនាំមកហ្នឹង អាចរួមចំណែកក្នុងការអភិវឌ្ឍខេត្តក្រុង»។

អ្នកនាំពាក្យសមាគមការពារសិទ្ធិមនុស្សអាដហុក លោក ស៊ឹង សែនករុណា យល់ថា ការផ្លាស់នេះ បានធ្វើឱ្យប្រជាពលរដ្ឋនៅក្នុងខេត្តសប្បាយចិត្ត ដោយពួកគាត់សង្ឃឹមថា ថ្នាក់ដឹកនាំខេត្តថ្មីនឹង​សកម្មក្នុងការជួយដោះស្រាយបញ្ហាដែលបានអូសបន្លាយយូរ ក្នុងករណីដែល​ថ្នាក់​ដឹក​នាំ​ខេត្ត​ចាស់មិនអាចដោះស្រាយឱ្យពួកគាត់។

លោកថា៖ «មួយទៀត​ ជាចំណុចវិជ្ជមានដែរ ពីព្រោះការទុករក្សាតួនាទីអភិបាលខេត្តនីមួយៗ​យូរពេក វាអាចកើត​មានគ្រួសារនិយម បក្ខពួកនិយម ​អាហ្នឹងជាបញ្ហាដែរ។ បើសិនជាមានការផ្លាស់ប្ដូរចុះឡើង ទៅតាមអាណត្តិ​​ការ​ងារ​ ខ្ញុំគិតថា មានភាពប្រសើរជាងទុក​នៅក្នុងខេត្តនីមួយៗយូរអ៊ីចឹង»។

ប្រធានគណៈកម្មាធិការកម្ពុជាឯករាជ្យ​ប្រឆាំងអំពើពុករលួយ លោកស្រី ម៉ម ស៊ីថា យល់ថា ការដោះដូរនិង​​​ផ្លាស់ប្ដូរថ្នាក់ដឹកនាំខេត្តទាំង​នេះអាចបណ្តាល​មក​ពី​​​អភិបាលខេត្តចាស់មិនអាច​ទប់​ស្កាត់បទល្មើសព្រៃឈើ បទល្មើសផ្សេងៗបាន​ហើយ ថែមទាំងបង្កើតឱ្យមានគ្រួសារនិង​បក្ខពួក។ ប៉ុន្តែលោកស្រីថា ការផ្លាស់​ប្ដូរនេះមាន​ភាពវិជ្ជមាន​ឬអត់នោះ ត្រូវរង់ចាំមើលនាពេលខាងមុខ។

លោកស្រីថា​​៖ «នៅ​យូរ​ទៅ​ ដូច​ខ្ញុំ​ថាជា​ប្រព័ន្ធ​ទៅ​ ទៅជារបរ​ ទៅ​រកស៊ី​ទៅ​ អញជួយឯង ឯងជួយអញ វាគ្មានអីជាហ្នឹង​ទេ​ វាបង្កើតឱ្យ​បក្ខពួក ពុករលួយតែប៉ុណ្ណឹងទេ​ វា​អត់ប្រសើរទេ​។ យើងឃើញ​កន្លងមក ​មាន​តែ​បញ្ហា​ហិង្សា​រំលោភ​ដី​ធ្លី​ ការ​ដោះ​ស្រាយ​មិន​ទៅ​មុខ​ បក្ខពួកនិយម លម្អៀង មិនស្មើភាព ដោះស្រាយ​វិវាទអីទាំង​ឡាយ​​ហ្នឹង​ វាអត់មាន​អី​ប្រសើរ»។

លោកស្រីបន្ថែមថា​​៖ «យើងមើលទៅគ្រាន់តែបង្ហាញនូវសកម្មភាពធ្វើឱ្យមានការផ្លាស់ប្ដូរ ដើម្បីឱ្យគេមើលឃើញថា វាមិនឱ្យអាក្រក់ដូចកន្លែងចាស់! ដូចជាកន្លែងចាស់ វាមានឈ្មោះអាស្រូវ ផ្លាស់ទៅកន្លែងថ្មី ដោះដូរ ដូចអត់មានអីថាល្អ។ កន្លែងខ្លះល្អទៅ គេឱ្យប្ដូរកន្លែងណាអាក្រក់ ទៅជួយកន្លែងណាអាក្រក់ទៅ មានដែរ វាមិនអត់ទេណា ដូចជា អភិបាលខេត្តពោធិ៍សាត់គាត់មានស្នាដៃអ៊ីចឹង គេចង់ឱ្យគាត់ទៅជួយកន្លែងណាដែលមានបញ្ហាច្រើន»។

ទោះយ៉ាងណា វីអូឌី មិនអាចសុំការបញ្ជាក់ជុំវិញមូលហេតុនៃការដោះដូរនិងផ្លាស់​ប្តូរ​អភិបាល​ខេត្ត​ទាំង​​៧រូប​នេះពីអ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ លោក ខៀវ សុភ័គ និង​ប្រធាន​អង្គ​ភាព​អ្នក​នាំ​ពាក្យ​​រដ្ឋាភិបាល លោក ផៃ ស៊ីផាន​ បានទេ នៅថ្ងៃនេះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ